សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោយបាយ និងកញ្ចប់លើកទឹកចិត្តការវិនិយោគនៅតំបន់ព្រំដែន
- (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា នៅឆ្នាំ២០២៥ខាងមុខនេះ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយ និងកញ្ចប់លើកទឹកចិត្តសម្រាប់ការវិនិយោគនៅតាមតំបន់ព្រំដែន។
សម្តេចមហាបវរធិបតី បានថ្លែងបញ្ជាក់បែបនេះ នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននាព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។
ក្នុងជំនួបនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ដែលបានចូលរួមបរិច្ចាគថវិកាក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលេីការកសាងផ្លូវក្រវាត់ព្រំដែននាពេលកន្លងមក។ សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ថា ការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ពិសេសផ្លូវក្រវាត់ព្រំដែននេះ គឺជាប្រវត្តិសាស្ត្រមួយដែលមិនត្រឹមតែជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប៉ុណ្ណោះទេ ថែមទាំងជាខឿនការពារជាតិ, អធិបតេយ្យភាព, បូរណភាពទឹកដី, ជំរុញការអភិវឌ្ឍតំបន់ភូមិភាគឦសាន, និងអនុញ្ញាតឱ្យកូនខ្មែរគ្រប់ជំនាន់បានធ្វើដំណើរដល់ព្រំដែនដែលមិនធ្លាប់បានធ្វើដំណើរទៅដល់ពីមុន។
សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានបន្ថែមទៀតថា រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិមិនឱ្យបាត់បង់ សម្រាប់កូនចៅគ្រប់ជំនាន់ទៅថ្ងៃអនាគត និងបានដាក់ទិសដៅប្រែក្លាយ និងអភិវឌ្ឍន៍តំបន់ព្រំដែននៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសនិយាយជារួម និងតំបន់ព្រំដែនភូមិភាគឦសាននិយាយដោយឡែក ទៅជាព្រំដែនដែលមានសក្ដានុពលសេដ្ឋកិច្ច ដោយផ្តោតលេីវិស័យកសិ-ឧស្សាហកម្ម។
សម្ដេចមហាបវរធិបតី បានជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគក្នុងស្រុក ស្វែងរកឱកាស និងលទ្ធភាពបណ្ដាក់ទុនឱ្យបានច្រេីនបន្ថែមទៀតនៅតំបន់ទាំងនោះ។ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រ បានសង្កត់ធ្ងន់ថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោយបាយ និងកញ្ចប់លើកទឹកចិត្តដល់ការវិនិយោគនៅតំបន់ព្រំដែន ជាពិសេសការវិនិយោគលេីវិស័យកសិ-ឧស្សាហកម្ម។
សម្ដេចបវរធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារកសាង និងអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធតាមក្រវាត់ព្រំដែនដែលបានពុះពាររាល់ឧបសគ្គ និងការលំបាកនានា ជាមួយការប្តេជ្ញាចិត្ត ក្នុងការសម្រេចឱ្យបានតាមផែនការដែលបានគ្រោងទុក។
សូមបញ្ជាក់ថា តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើផ្លូវក្រវាត់ព្រំដែននោះ ទទួលបានការចូលរួមដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់ស្រទាប់វណ្ណៈ។ ក្នុងរយៈពេលប្រមាណ ៦៦ថ្ងៃ មូលនិធិនេះទទួលបានការចូលរួមយ៉ាងផុលផុសពីប្រជាពលរដ្ឋសរុបជាង ៧២ម៉ឺនអង្គ/នាក់ និងទទួលបានថវិកាសរុបជិត ២៧លានដុល្លារអាមេរិក។
ថវិកាមូលនិធិនេះ ត្រូវបានយកទៅប្រើប្រាស់សម្រាប់ការកសាងផ្លូវក្រវាត់ព្រំដែនប្រវែងសរុបប្រមាណ ២៥០គីឡូម៉ែត្រ ស្មើនឹង ១៨.៤ភាគរយនៃផ្លូវខ្សែក្រវាត់ព្រំដែនដែលនៅសល់ប្រមាណ ៥១.៩០ភាគរយ។ ក្នុងនោះ នៅខេត្តមណ្ឌលគិរី មានប្រវែងសរុប ១៤៧,៥២គីឡូម៉ែត្រ និងខេត្តរតនគិរី ប្រវែងសរុប ១០២,៤៨គីឡូម៉ែត្រ។
ក្នុងភូមិសាស្ត្រដែលត្រូវសាង់សង់ផ្លូវក្រវាត់ព្រំដែននេះ ជាតំបន់ដែលបន្សល់មីន និងយុទ្ធ ភណ្ឌ មិន ទាន់ផ្ទុះពីសម័យសង្គ្រាមរាយប៉ាយលើផ្ទៃដីជាច្រើនផងដែរ។ លើតម្រាយផ្លូវប្រមាណ ២៥០គីឡូម៉ែត្រ ក៏នឹងត្រូវបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីទំហំប្រមាណជាង ៦លានម៉ែត្រក្រឡាផងដែរ។ លើតម្រាយផ្លូវប្រវែង ២៥០គីឡូម៉ែត្រនេះ នឹងសាងសង់សិល្បការ្យ ដូចជាស្ពាន និងប្រព័ន្ធលូជាដើមនោះ សរុប ៥៦៦កន្លែង។
ការសាងសង់ផ្លូវក្រវាត់ព្រំដែនប្រវែង ២៥០គីឡូម៉ែត្រនេះ បានចាប់ផ្តើមការដ្ឋានជាផ្លូវការនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយគ្រោង បញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៧ ដោយប្រើពេលវេលា៣០ខែ៕