ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ មានភ្លើងទើបមានផ្សែងក្រុមយុវជនជ្រុលនិយមប្រព្រឹត្តខុសច្បាប់ មិនអាចបណ្តោយតាមអំពើចិត្តនោះទេ

ដោយ៖ Sreyleak ​​ | ថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានទូទៅ ទស្សនៈ - នយោបាយ 61
ទស្សនៈមិត្តអ្នកអាន៖ មានភ្លើងទើបមានផ្សែងក្រុមយុវជនជ្រុលនិយមប្រព្រឹត្តខុសច្បាប់ មិនអាចបណ្តោយតាមអំពើចិត្តនោះទេ ទស្សនៈមិត្តអ្នកអាន៖ មានភ្លើងទើបមានផ្សែងក្រុមយុវជនជ្រុលនិយមប្រព្រឹត្តខុសច្បាប់ មិនអាចបណ្តោយតាមអំពើចិត្តនោះទេ

អ្នកដែលស្រលាញ់និងការពារបរិស្ថានមានច្រើនណាស់ ដែលគេធ្វើការពិតប្រាកដគឺមិនមានបញ្ហាអ្វីចំពោះពួកគេនោះទេ ប៉ុន្តែសម្រាប់ក្រុមដែលយករឿងបរិស្ថានមកបិទបាំងផែនការខ្មៅកង្វក់ ចង់បំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា បង្កចលាចលខុសច្បាប់ អុកឡុក ក្នុងចេតនាអាក្រក់ណាមួយ ដើម្បីបម្រើមហិច្ឆតាជ្រុលនិយមរបស់ពួកបរទេសបំផ្លាញប្រទេសកម្ពុជា គឺមិនអាចបណ្តោយឱ្យធ្វើអ្វីស្រេចតែនឹងចិត្តនោះទេ បើមិនដូច្នេះប្រទេសជាតិនឹងធ្លាក់ក្នុងមហន្តរាយ ដោយសារឧបាយកលខ្មៅកង្វក់របស់ពួកគេជាក់ជាមិនខាន។ ជាក់ស្តែងសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២កក្កដា ឆ្នាំ២០២៤ បានប្រកាសសាលក្រមផ្តន្ទាទោសមេក្លោង និងសកម្មជនចលនាខុសច្បាប់ចំនួន១០នាក់ ពាក់ព័ន្ធនឹងបទល្មើសប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់ គឺជាប់ពន្ធនាគារពី៦ឆ្នាំ ទៅដល់៨ឆ្នាំ។ ការប្រកាសសាលក្រមនេះ បានធ្វើឡើងបន្ទាប់ពីតុលាការបានបើកសវនាការជំនុំជម្រះចំនួន៥លើកកន្លងមកហើយ ដោយមានអង្គហេតុអង្គច្បាប់ និងភស្តុតាង ដែលបញ្ជាក់ពីទោសកំហុសរបស់ពួកគេច្បាស់លាស់។

គួររំលឹកថា តាមសាវតានៃរឿងដែលនាំឈានទៅដល់ការចាប់ខ្លួន និងមានការដាក់ទោសទណ្ឌដូចខាងលើនេះបានកើតឡើង ដោយសារតែក្រុមយុវជនដែលមានគំនិតជ្រុលនិយមមួយក្តាប់តូច ធ្វើការងារបម្រើឱ្យនយោបាយបរទេស និងបានឃុបឃិតជាមួយជនជាតិអេស្បាញ ឈ្មោះ អាឡិចហាន់ដ្រូ ហ្គង់ហ្សាឡេស ដេវីដសាន់ ដែលជាមេក្លោងអូសទាញយុវជនកម្ពុជា ឱ្យបង្កើតជាចលនាបដិវត្តពណ៌ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោត ដោយយកសកម្មភាពការពារព្រៃឈើ និងបរិស្ថាន ជាលេស ដើម្បីបិទបាំងការប្រមូលផ្តុំកម្លាំងយុវជនក្នុងការចេញតវ៉ាប្រឆាំងនឹងរដ្ឋអំណាច។ ជនបរទេសដែលជាមេក្លោងនេះ បានប្រើប្រាស់បណ្តាញធំនៅឯបរទេសជាប្រភពផ្គត់ផ្គង់ថវិកា មកឱ្យក្រុមយុវជនជ្រុលនិយមនៅកម្ពុជា ដើម្បីចេញធ្វើសកម្មភាពដោយខុសច្បាប់ ដោយប្រើឈ្មោះអង្គការមាតាធម្មជាតិ ទាំងដែលពួកគេបានដឹងហើយថា អង្គការនេះត្រូវបានរំលោយចោលតាំងពីឆ្នាំ២០១៧ មកម្លេះ តាមសំណើរបស់ប្រធានអង្គការផ្ទាល់តែម្តង ដោយស្នើទៅក្រសួងមហាផ្ទៃឱ្យលុបឈ្មោះអង្គការមាតាធម្មជាតិ ចេញពីបញ្ជីអង្គការក្រៅរដ្ឋាភិបាលនៅក្រសួងមហាផ្ទៃ។ ការស្នើសុំរំលាយអង្គការមានតាធម្មជាតិ គឺមានឈ្មោះព្រះតេជគុណ ព្រហ្ម ធម្មជាតិ ជាប្រធានអង្គការជាអ្នកស្នើសុំ ដោយហេតុផលព្រោះជនបរទេសឈ្មោះ អាឡិចហាន់ដ្រូ ដែលជាអនុប្រធានអង្គការ បានយកត្រា និងឈ្មោះអង្គការមាតាធម្មជាតិ ទៅប្រើប្រាស់ខុសពីលក្ខន្តិកៈរបស់អង្គការ និងបានបង្កបញ្ហាស្មុគស្មាញជាច្រើន រហូតត្រូវបានរដ្ឋាភិបាលបណ្តេញចេញពីប្រទេសកម្ពុជា។ ក្រោយត្រូវបណ្តេញចេញពីកម្ពុជាបុគ្គល អាឡិចហាន់ដ្រូ មិនបានបញ្ឈប់សកម្មភាពទុច្ចរិតរបស់ខ្លួននោះទេ ដោយបានបន្តប្រើប្រាស់យុវជនមួយក្រុម ដែលគេធ្លាប់អូសទាញបានឱ្យបន្តធ្វើជាកូនឡុករបស់ខ្លួន ដើម្បីបង្កើតព្រឹត្តិការណ៍នានា ដោយតាំងខ្លួនជាបណ្តាញរបស់អង្គការមាតាធម្មជាតិ ធ្វើការវាយប្រហារមកលើរាជរដ្ឋាភិបាលនិងបង្កចលាចលម្តងហើយម្តងទៀត។

គេនៅចាំបានថា ក្រោយពីតុលាការបានរកឃើញនូវភស្តុតាងនៃបទល្មើសរបស់ពួកគេ និងបានសម្រេចបណ្តេញជនជាតិបរទេសឈ្មោះ អាឡិច នោះ ចេញពីកម្ពុជា តុលាការក៏បានឃុំខ្លួនក្រុមយុវជនជ្រុលនិយមមួយក្តាប់តូចនោះ មួយរយ:ពេលខ្លីម្តងរួចមកហើយ តែបានដោះលែងឱ្យនៅក្រៅឃុំវិញ ដោយទុកឱ្យស្ថិតនៅក្រោមការតាមដានរបស់តុលាការ ក្នុងន័យទុកពេលឱ្យពួកគេកែខ្លួន និងឈប់ចាញ់បោកការអូសទាញរបស់ជនបរទេស ដែលបានពង្វក់នូវមនោគមន៍វិជ្ជាបដិវត្តពណ៌ និងអាចឱ្យពួកគេរស់នៅក្នុងសង្គមជាតិជាថ្មីវិញ។ ក្រោយបានស្ថិតនៅក្រៅឃុំ ក្រុមយវជនជ្រុលនិយមមួយក្តាប់តូចដដែលនេះ បែរជាមិនព្រមកែខ្លួននិងរឹតតែផ្គើនដោយបានបន្តធ្វើសកម្មភាពផ្សារភ្ជាប់ខ្លួនជាមួយជនបរទេសឈ្មោះ អាឡិច ដដែល ហើយបន្តធ្វើសកម្មភាពញុះញង់ បំពុលសង្គមយ៉ាងគគ្លើន ដោយមិនខ្លាចរអារនឹងច្បាប់បន្តិចណាសោះ។ សកម្មភាពរបស់ក្រុមយុវជនជ្រុលនិយមទាំងនេះស្តែងឡើងតាមរយៈ ការវាយប្រហារលើកិច្ចខិតខំប្រឹងប្រែង អភិវឌ្ឍរបស់រាជរដ្ឋាភិបាល ការស្រែកទាមទាររឿងដីធ្លីតាមតំបន់ផ្សេងៗស្ទើរគ្រប់ទីកន្លែង ហើយបានបង្ហាញជាសញ្ញា ជាពណ៌ ជាឯកសណ្ឋានផ្សេងៗរបស់ពួកគេ មានទាំងសកម្មភាពដើរជាក្រុម ជិះកង់ជាក្រុម ដោយមានទង់សម្គាល់ប្លែកៗ និងឧបករណ៍បំពងសម្លេង ដាក់ជាប់តាមខ្លួន ព្រមទាំងការធ្វើសកម្មភាព រុញឱ្យមានការប៉ះទង្គិចជាមួយអាជ្ញាធរ ហើយមានអ្នកចាំថតសកម្មភាពរបស់ពួកគេដើម្បីយកទៅផ្សព្វផ្សាយ។ ដោយសារតែសកម្មភាពបង្កចលាចលសង្គម ផ្គើននឹងច្បាប់ម្តងហើយម្តងទៀតមិនរាងចាលបែបនេះ និងដើម្បីរក្សាសុខសន្តិភាព ស្ថេរភាពសង្គម ធានាដល់ការអភិវឌ្ឍន៍ជាតិប្រកបដោយភាពសុខសាន្តជូនប្រជាពលរដ្ឋទូទៅ ជាពិសេសបរិយាកាសវិនិយោគឱ្យមានភាពល្អប្រសើររាជរដ្ឋាភិបាលមានភាពចាំបាច់ដើម្បីបោសសម្អាត និងទប់ស្កាត់ក្រុមយុវជនអាណាធិបតេយ្យទាំងនេះ ដោយមិនអាចអត់ឱនតទៅទៀតបានឡើយ។
ការផ្តន្ទាទោស ក្រុមយុវជនជ្រុលនិយមទាំងនោះគឺជារឿងត្រឹមត្រូវ ព្រោះកម្ពុជាមិនអាចបណ្តោយឱ្យក្រុមជ្រុលនិយមណាមួយ ដែលធ្វើសកម្មភាពនយោបាយ ដោយជ្រកក្រោមស្លាកបរិស្ថាន ឬក្រោមស្លាកណាមួយក្នុងគោលដៅ បង្កើតនូវចលនាបដិវត្តន៍ពណ៌ ដើម្បីមកបំផ្លិចបំផ្លាញសុខសន្តិភាពនៅកម្ពុជានោះឡើយ។ ការធានានូវសេចក្តីសុខសាន្តជូនប្រជាជនកម្ពុជាជាង១៧លាននាក់នៅទូទាំងប្រទេស គឺមានសារៈសំខាន់មិនអាចកាត់ថ្លៃបាន ជាពិសេសគឺសុខសន្តិភាពដែលរកមកបានដោយលំបាក យើងត្រូវការពារឱ្យបាន បើទោះបីជាត្រូវចំណាយក្នុងតម្លៃណាក៏ដោយ៕

ដោយ៖ ឌី វីរៈ (អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា)