ប្តីប្រចណ្ឌរឹតកសម្លាប់ រួចអូសសពប្រពន្ធកប់ចោលក្រោយចម្ការ
កំពង់ធំ៖ ឃាតកម្មប្តីប្រចណ្ឌរឹតកសម្លាប់ប្រពន្ធ រួចអូសសពយកទៅកប់ចោលក្នុងព្រៃ បានកើតឡើងនៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅតំបន់អូរកូត ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ជនងគ្រោះជាប្រពន្ធមានឈ្មោះ ធា ភេទស្រី អាយុ 38ឆ្នាំ ដែលត្រូវជាប្រពន្ធទី2 ចំណែកជនសង្ស័យជាប្តី មានឈ្មោះអន លឹក ភេទប្រុស អាយុ 53ឆ្នាំ ប្តីប្រពន្ធទាំង២នាក់នេះរស់នៅក្នុងចម្ការចំការស្វាយចន្ទី តំបន់អូរកូត។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមិថុនា មានប្រជាពលរដ្ឋបានមករាយការណ៍ប្រាប់សមត្ថកិច្ច ថាមានករណីបាត់ខ្លួនស្ត្រីម្នាក់ ភ្លាមៗនោះ សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ហើយបានបើកការស្រាវជ្រាវជាបន្ទាន់ ដោយមានការសម្របសម្រួលពីលោក អិុត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងគ្រូពេទ្យជំនាញ បានគាស់ផ្នូរដែលទើបនឹងកប់សពបានរយៈពេល03ថ្ងៃ ដើម្បីធ្វើកោសល្យវិច័យ ជាលទ្ធផលសមត្ថកិច្ចបានរកឃើញសាកសពជនរងគ្រោះ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅលើខ្លួនសាកសពមានស្នាមដាច់រលាត់កែងជើងទាំង2 ដែលជាស្លាកស្នាមកកិត និងនៅត្រង់កមានស្នាមជាំឈាមសខ្មៅ ដែលជាស្លាកស្នាមចងរឹតក សាកសពមានសភាពហើមធុំក្លិនស្អុយ។
ក្រោយធ្វើកោសល្យវិច័យរួចរាល់ សមត្ថកិច្ចបានកំណត់មុខសញ្ញា រួចបានចាប់បុរសជាប្តីភ្លាមៗផងដែរ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា មូលហេតុដែលសម្លាប់ប្រពន្ធ ព្រោះតែជនសង្ស័យកើតក្តីប្រចណ្ឌ ក៏ឈ្លោះទាស់ទែងជាមួយជនរងគ្រោះជាប្រពន្ធ ហើយទប់កំហឹងមិនបានក៏យកខ្សែអង្រឹងករឹតកសម្លាប់ ពេលឃើញប្រពន្ធស្លាប់ហើយ ក៏អូសយកសពទៅកប់ចោលនៅក្រោយចម្ការចម្ងាយប្រមាណជាង៥០ម៉ែត្រ។
បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីចាត់ការតាមនីតិវិធី៕
ប្រភព៖ នគរធំ