ខ្មែរប៉ុស្ដិ៍ Close

ទូតឥណ្ឌូនេស៊ីស្នើឱ្យក្រុមប្រឹក្សាអភវិឌ្ឍន៍កម្ពុជាចូលរួមក្នុងពិព័រណ៍ផ្នែកសុខាភិបាលនៅខេត្តព្រះសីហនុ និងវេទិកាធុរកិច្ចនានា

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 59

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានជម្រាបជូនឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) អំពីគម្រោងវិនិយោគធំៗ ដែលកម្ពុជា បាននិងកំពុងអនុវត្ត និងសម្រាប់អនុវត្តនាពេលអនាគត ដូចជា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវល្បឿនលឿន ផ្លូវដែក ផ្លូវទឹក គម្រោងព្រែកជីកហ្វូណនតេជោ កំពង់ផែ និងភស្ដុភារកម្មជាដើម ដែលគម្រោងទាំងនេះវិនិយោគគិនឥណ្ឌូនេស៊ីអាចពិនិត្យធ្វើការវិនិយោគបាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់នូវកិច្ចសហការល្អកន្លងមករវាងស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយត្រៀមខ្លួនជាស្រេចក្នុងការធ្វើកិច្ចសហប្រតិបត្តិការជំរុញវិនិយោគរវាងប្រទេសទាំងពីរឱ្យបានកាន់តែប្រសើរមួយកម្រិតថែមទៀត។

ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានយល់ស្របលើការពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការជំរុញវិនិយោគរវាងប្រទេសទាំងពីរ ដោយចាប់ផ្តើមពិភាក្សាធ្វើអនុស្សរណៈនៃការយោគយល់ស្តីពីការជំរុញវិនិយោគរវាងប្រទេសទាំងពីរ។

ឯកឧត្តមឯកអគ្គរដ្ឋទូតឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ក៏បានស្នើឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចូលរួមក្នុងពិព័រណ៍ផ្នែកសុខាភិបាលនៅក្រុងព្រះសីហនុ និងវេទិកាធុរកិច្ចនានា ដែលគ្រោងរៀបចំដោយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជានាពេលខាងមុខ ដើម្បីបង្ហាញសក្ដានុពល ឱកាសវិនិយោគនៅកម្ពុជា និងឥណ្ឌូនេស៊ី៕

អត្ថបទទាក់ទង