ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើប្រតិភូធុរជនថៃ ពិចារណាវិនិយោគនៅកម្ពុជា ធ្វើជាមូលដ្ឋានផលិតកម្ម ដើម្បីនាំចេញទៅកាន់ប្រទេសទីបី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 24
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើប្រតិភូធុរជនថៃ ពិចារណាវិនិយោគនៅកម្ពុជា ធ្វើជាមូលដ្ឋានផលិតកម្ម ដើម្បីនាំចេញទៅកាន់ប្រទេសទីបី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើប្រតិភូធុរជនថៃ ពិចារណាវិនិយោគនៅកម្ពុជា ធ្វើជាមូលដ្ឋានផលិតកម្ម ដើម្បីនាំចេញទៅកាន់ប្រទេសទីបី

បាងកក៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បានស្នើទៅកាន់ប្រតិភូធុរជនថៃ ធ្វើការពិចារណាវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើជាមូលដ្ឋានផលិតកម្ម សម្រាប់ជំរុញការនាំចេញទៅកាន់ប្រទេសទីបី ដោយសារកម្ពុជា សម្បូរដោយកម្លាំងពលកម្មវ័យក្មេង និងទទួលបានភាពអនុគ្រោះពន្ធពីទីផ្សារធំៗលើពិភពលោក។

លោករដ្ឋមន្ត្រី បានលើកសំណើនេះឡើង នៅក្នុងឱកាសជួបពិភាក្សាជាមួយប្រតិភូធុរជនថៃ ដឹកនាំដោយលោក ចានីត ចាន់ចៃណារុង (Chanitr Charnchainarong) ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ក្នុងគ្រាដែលលោក អមដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ និងកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩ នៅទីក្រុងបាងកក ប្រទេសថៃ។

ក្រៅពីស្នើទៅកាន់ភាគីថៃ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់ធុរជនថៃ ដែលចាប់អារម្មណ៍ពង្រីកការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានសន្យាផ្តល់ការគាំទ្រ និងជួយសម្របសម្រួលធុរជនថៃ ក្នុងការធ្វើធុរកិច្ច-ពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា ព្រមទាំងធានាដោះស្រាយនូវរាល់បញ្ហាផ្សេងៗ បើសិនពួកគេជួបប្រទះ។

ជាការឆ្លើយតប លោក ចានីត ចាន់ចៃណារុង បានកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការដោះស្រាយបញ្ហាជូនវិនិយោគិន និងធុរជនថៃ ដែលធ្វើឲ្យទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានការកើនឡើងជាលំដាប់។ លោកចានីត ក៏បានជម្រាបជូន លោករដ្ឋមន្រ្តី អំពីចំណាប់អារម្មណ៍អំពីការបង្កើនវិនិយោគបន្ថែមទៀតក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តបន្ទាយមានជ័យ ព្រមទាំងស្នើឲ្យកម្ពុជា ជួយជំរុញកិច្ចសហប្រតិបត្តិការឲ្យបានល្អបន្ថែមទៀត ក្នុងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ជាពិសេសច្រកព្រំដែន នៅក្នុងខេត្តប៉ៃលិន។

សូមបញ្ជាក់ថា គោលបំណងសំខាន់នៃជំនួបលើកនេះ គឺដើម្បីពិភាក្សាស្វែងរកលទ្ធភាពជំរុញសក្តានុពលពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗ ដូចជា កសិកម្ម កម្មន្តសាល និងកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែន សំដៅពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ជាពិសេសបង្កើនឱកាសការងារ និងពង្រឹងការអភិវឌ្ឍខ្សែសង្វាក់ផលិតកម្ម ក្នុងបរិបទនៃយុទ្ធសាស្ត្រថៃបូកមួយ (Thailand-Plus-One Strategy)៕

អត្ថបទទាក់ទង