ខ្មែរប៉ុស្ដិ៍ Close

មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង រៀបចំវេទិកាការងារក្រោមប្រធានបទ «ឱកាសការងារ និងកម្មសិក្សាការងារ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨ មុខរបរ 56
មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង រៀបចំវេទិកាការងារក្រោមប្រធានបទ «ឱកាសការងារ និងកម្មសិក្សាការងារ» មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង រៀបចំវេទិកាការងារក្រោមប្រធានបទ «ឱកាសការងារ និងកម្មសិក្សាការងារ»

ស្វាយរៀង៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង សហការជាមួយសាកលវិទ្យាល័យស្វាយរៀង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានរៀបចំវេទិកាការងារស្តីពី «ឱកាសការងារ និងកម្មសិក្សាការងារ» ក្រោមអធិបតីភាពលោក ហ៊ូ វតន: អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី វិទ្យាស្ថាន CGTI គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC មីក្រូហិរញ្ញវត្ថុប្រាសាក់ មីក្រូហិរញ្ញវត្ថុអម្រឹត ធនាគារស្ថាបនា រោងចក្រសានហ្វេង រោងចក្រថបស្ព័ត និងកាស៊ីណូឡឺម៉ាកាវ ព្រមទាំងអង្គភាពជំនាញពាក់ព័ន្ធនានាជុំវិញខេត្តសរុបចំនួនប្រមាណ៦០០នាក់។

មានប្រសាសន៍ទៅកាន់វេទិកាការងារ លោក ហ៊ូ រតនៈ អភិបាលរងខេត្តស្វាយរៀង បានសម្តែងនូវការកោតសសើ និងបានបញ្ជាក់ថា វេទិការនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការនាំមកនូវឱកាសការងារក្នុងខេត្ត ជាពិសេសការជួបផ្ទាល់រវាងនិយោជក និងអ្នកស្វែងរកការងារធ្វើ និងការស្វែងយល់ពីព័ត៌មានការងារនានា។ វេទិកានេះក៏បានសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ក្នុងការអនុវត្តនូវតួនាទីរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ ដល់វិស័យការងារ ហើយក៏ជាសក្ខីភាពមួយបង្ហាញនូវការយកចិត្តទុកដាក់របស់យើងគ្រប់គ្នា ចំពោះបុព្វហេតុនៃការចូលរួមអភិវឌ្ឍន៍វិស័យការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោកបន្តថា កម្ពុជាគឺជាប្រទេសដែលមានប្រជាជនវ័យយក្មេងច្រើន ហើយឈានដល់អាយុចូលធ្វើការក្នុងចំនួន ប្រមាណ ៣ សែននាក់ក្នុងមួយឆ្នាំៗ និន្នាការបែបនេះនឹងបន្តក្នុង រយៈពេលវែងទៅមុខទៀត។ ទោះបីជាកត្តាប្រជាសាស្រ្តបែបនេះ បានផ្តល់នូវផលលាភដល់កម្ពុជា ប៉ុន្តែក្នុងពេលទន្ទឹមគ្នា វាក៏ជាសម្ពាធដ៏ធ្ងន់ធ្ងរមួយក្នុងការបង្កើតការងារថ្មីបានច្រើនគ្រប់គ្រាន់សម្រាប់ ប្រជាពលរដ្ឋទាំងអស់នេះផងដែរ។ ដូចយើងទាំងអស់គ្នា បានដឹងស្រាប់ហើយថាសម្រាប់ប្រជាពលរដ្ឋភាគច្រើន កម្លាំងពលកម្មគឺជាទ្រព្យដែលបង្កើតចំណូល ដ៏ចម្បងបំផុតរបស់ខ្លួន។

លោកអភិបាលរងខេត្តបានបន្តទៀតថា មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង ពិតជាបានរួមចំណែកយ៉ាងច្រើនក្នុងការបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ត ឲ្យទទួលបានការងារធ្វើ ទទួលបានប្រាក់បៀវត្សន៍ទ្រទ្រង់គ្រួសាររបស់ពួកគេ ពិសេសបានជួយកាត់បន្ថយអត្រាអត់ការងារធ្វើរបស់ប្រជាពលរដ្ឋ ដែលនេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការធានាធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានការងារធ្វើ និងមានចំណូលសមរម្យ។

លោក ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង បានលើកឡើងថា យុវជនគប្បីពង្រឹងសមត្ថភាពរបស់ខ្លួន ក៏ដូចជាព្យាយាមស្វែងរកព័ត៌មាននានាអោយស្រមតាមភាពរីកចម្រើននាពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីទទួលបានឱកាសការងារសមរម្យ។

ក្នុងឱកាសនោះដែរ លោក ហែម ពុទ្ធិ ប្រធានមជ្ឈមណ្ឌលការងារខេត្តស្វាយរៀង បានបន្ថែមថា សកម្មភាពសំខាន់ៗដែលមជ្ឈមណ្ឌលការងារខេត្ត បានអនុវត្តកន្លងមកមានដូចជា ចុះឈ្មោះអ្នកស្វែងរកការងារធ្វើ បានចំនួន ជាង១ម៉ឺននាក់, ផ្គូរផ្គងអ្នកស្វែងរកាងារធ្វើទៅអោយនិយោជក ចំនួនប្រមាណ៩ពាន់នាក់ អ្នកទទួលបានការងារធ្វើចំនួន ជាង២ពាន់នាក់, រៀបចំសិក្ខាសាលាស្ដីពីការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់និស្សិត, រៀបចំសិក្ខាសាលាស្ដីពីការរៀបចំផែនការអាជីព និងជ្រើសរើសជំនាញសិក្សាសម្រាប់សិស្សវិទ្យាល័យ, ទំនាក់ទំនង និងទទួលជួបជាមួយនិយោជក ក្រុមហ៊ុន សហគ្រាស, ផ្សព្វផ្សាយព័ត៌មានជ្រើសរើសបុគ្គលិក, ផ្សព្វផ្សាយព័ត៌មានអប់រំបណ្តុះបណ្តាល និងអាហារូបករណ៍, សិក្ខាសាលាផ្សព្វផ្សាយ និងប្រមូលអ្នកស្វែងរកការងារធ្វើនៅតាមមូលដ្ឋាន, រៀបចំវេទិកាការងារ និងរៀបចំពិព័រណ៍ចល័តជាដើម។

ប្រធានមជ្ឈមណ្ឌលការងារខេត្តស្វាយរៀងរូបនេះ បានសំណូមពរដល់ប្អូនៗនិស្សិតត្រូវប្រឹងប្រែងស្វែងរកការងារធ្វើ តាមរយៈជាការងារស្ម័គ្រចិត្ត ឬការងារពេញម៉ោង ដើម្បីទទួលបាននូវបទពិសោធន៍ ក៏ដូចជាការពង្រឹងនូវជំនាញរបស់ខ្លួន ក្នុងការឈានទៅរកការងារល្អប្រាក់បៀវត្សន៍ខ្ពស់ទៅថ្ងៃអនាគត៕

អត្ថបទទាក់ទង