ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ដឹកនាំកិច្ចប្រជុំណែនាំអំពីការរៀបចំរបាយការណ៍បូកសរុបនិងវាយតម្លៃសកម្មភាពលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានរាជធានី-ខេត្ត
ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ដឹកនាំកិច្ចប្រជុំណែនាំអំពីការរៀបចំរបាយការណ៍បូកសរុបនិងវាយតម្លៃសកម្មភាពលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានរាជធានី-ខេត្ត
នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសាល A អគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន ក.រ.ម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ដើម្បីណែនាំអំពីការរៀបចំរបាយការណ៍បូកសរុបនិងវាយតម្លៃសកម្មភាពនិងលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងទិសដៅការងារបន្តឆ្នាំ២០២៧ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីឯកឧត្តម លោកជំទាវ អភិបាលរងរាជធានី ខេត្ត ទទួលបន្ទុកការងារចុះមូលដ្ឋាន និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សរុបប្រមាណ១ ២០០នាក់។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីណែនាំអំពីការត្រៀមរៀបចំរបាយការណ៍បូកសរុបនិងវាយតម្លៃសកម្មភាពនិងលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សម្រាប់បម្រើឱ្យសន្និបាតប្រចាំឆ្នាំ២០២៦ ដែលគ្រោងរៀបចំនៅអំឡុងខែធ្នូ ឆ្នាំ២០២៦ ខាងមុខ។
ក្នុងកិច្ចប្រជុំ ឯកឧត្តម យូ ម៉ានិត ប្រធានអង្គភាពតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ នៃលេខាធិការដ្ឋាន ក.រ.ម បានធ្វើបទបង្ហាញអំពីទម្រង់របាយការណ៍ និងឧបសម្ព័ន្ធដែលបានកែសម្រួល របៀបសំយោគនិងរំលេចខ្លឹមសារ ព្រមទាំងការប្រមូល និងផ្ទៀងផ្ទាត់ទិន្នន័យសម្រាប់ការវិភាគ និងវាយតម្លៃលទ្ធផលការងារចុះមូលដ្ឋាន។
បន្ទាប់ពីបទបង្ហាញ អង្គប្រជុំបានគាំទ្រចំពោះការណែនាំរបស់លេខាធិការដ្ឋាន ក.រ.ម អំពីការរៀបចំខ្លឹមសាររបាយការណ៍ចុះមូលដ្ឋានរបស់រាជធានី ខេត្ត។ អង្គប្រជុំក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្នុងការគាំទ្រ តាមដាន និងជំរុញរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្វែងយល់អំពីស្ថានភាព និងដោះស្រាយឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ អង្គប្រជុំបានចែករំលែកបទពិសោធន៍ល្អ និងលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនក្នុងការរៀបចំរបាយការណ៍កន្លងមក ហើយបានស្នើឱ្យមានសិក្ខាសាលាចែករំលែកបទពិសោធន៍ វិធីសាស្ត្រ និងការអនុវត្តល្អក្នុងការរៀបចំរបាយការណ៍រវាងលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់គុណភាពរបាយការណ៍ឱ្យកាន់តែប្រសើរ។
ជាលទ្ធផល បន្ទាប់ពីការចូលរួមមតិយោបល់របស់អង្គប្រជុំ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបូកសរុប និងកំណត់ឱ្យរាជធានី ខេត្ត ផ្ញើរបាយការណ៍មកទីស្តីការគណៈរដ្ឋមន្ត្រីយ៉ាងយូរត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ និងបានណែនាំឱ្យលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ខិតខំប្រមូល សំយោគ និងរំលេចសកម្មភាពសំខាន់ៗរបស់ក្រុមការងារនៅក្នុងរបាយការណ៍របស់ខ្លួន។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានណែនាំឱ្យលេខាធិការដ្ឋាន ក.រ.ម បន្តពិនិត្យមតិយោបល់ និងសំណើរបស់រាជធានី ខេត្ត ដើម្បីកែលម្អទម្រង់របាយការណ៍ដែលនឹងអនុវត្តក្នុងឆ្នាំ២០២៧ ឱ្យកាន់តែមានប្រសិទ្ធភាព និងងាយស្រួលអនុវត្ត ព្រមទាំងបូកសរុបបញ្ហាប្រឈមរបស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យ និងផ្តល់ការណែនាំដោះស្រាយបន្ត។



