ខ្មែរប៉ុស្ដិ៍ Close

UNGA81៖ បញ្ហាព្រំដែនកម្ពុជា-ថៃ ត្រូវបានលើកឡើងជាថ្មីលើឆាកអន្តរជាតិ

ដោយ៖សូ សែនឬទ្ធា | ម្សិលមិញ ម៉ោង 10:42 am ទស្សនៈ - នយោបាយ 175
UNGA81៖ បញ្ហាព្រំដែនកម្ពុជា-ថៃ ត្រូវបានលើកឡើងជាថ្មីលើឆាកអន្តរជាតិ UNGA81៖ បញ្ហាព្រំដែនកម្ពុជា-ថៃ ត្រូវបានលើកឡើងជាថ្មីលើឆាកអន្តរជាតិ

បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃដែលបានចាប់ផ្ដើមកាលពីឆ្នាំ២០២៥ កន្លងទៅមិនទាន់បញ្ចប់នៅឡើយទេហើយបញ្ហានេះត្រូវបានគេមើលឃើញថាលែងជាបញ្ហាទ្វេភាគីទៀតហើយ ពោលគឺជម្លោះនេះត្រូវបានបន្តលាតត្រដាងនៅលើឆាកអន្តរជាតិ។

ថ្លែងក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA81) នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ភាពតានតឹងនិងជម្លោះនាពេលថ្មីៗនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំនឿទុកចិត្តរវាងកម្ពុជានិងថៃ។ ការកសាងទំនុកចិត្តឡើងវិញ មិនមែនគ្រាន់តែជារឿងដែលយើងចង់បានប៉ុណ្ណោះទេ ប៉ុន្តែវាជាកត្តាចាំបាច់សម្រាប់អនាគតនៃទំនាក់ទំនងទ្វេភាគីនិងសម្រាប់សន្តិភាពយូរអង្វែងនិងទំនាក់ទំនងជាប្រទេសជិតខាងល្អនឹងគ្នា។ នេះគឺជាសារដែលប្រកប ដោយអត្ថន័យរបស់ប្រមុខការទូតកម្ពុជាដែលបានបញ្ចេញវោហាសាស្ត្រប្រកបដោយភាពឈ្លាសវៃដែលបង្ហាញពីតម្រូវការចាំបាច់ក្នុងការកសាងទំនុកចិត្តឡើងវិញ។

ដើម្បីស្តារទំនុកចិត្តឡើងវិញពិតប្រាកដ ត្រូវតែឆ្លុះបញ្ចាំងតាមរយៈការប្រែក្លាយកិច្ចព្រមព្រៀងនានាដែលមាននៅលើក្រដាសឱ្យក្លាយទៅជាសកម្មភាពជាក់ស្តែង។ ផ្អែកលើមូលហេតុនេះដែរភាគីថៃចាំបាច់ត្រូវតែអនុវត្តប្រកបដោយប្រសិទ្ធភាព ដោយពេញលេញនិងដោយសុឆន្ទៈចំពោះរាល់ការព្រមព្រៀងគ្នាក្នុងនោះរួម មាន សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ កុងសង់ស៊ីសហ្វ៊ូសៀន (Fuxian Consensus) និងជាពិសេសសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានប្តេជ្ញាចិត្តមិនប្រើការគំរាមកំហែងឬការប្រើកម្លាំងនិងការគោរពខណ្ឌសីមាព្រំដែនអន្តរជាតិ ក៏ដូចជាការអនុវត្តវិធានការជាក់ស្តែងដើម្បីកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តឡើងវិញនិងជំរុញប្រក្រតីភាពនៃទំនាក់ទំនងទ្វេភាគី។

បន្ថែមពីលើនោះ ការចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការ ងារវាស់វែងនិងខណ្ឌសីមាព្រំដែនរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) គឺជារឿងចាំបាច់ដោយមិនត្រូវបង្អែរបង្អង់តទៅទៀតដើម្បីឈានទៅដល់ការដោះស្រាយបញ្ហានានាដែលនៅសេសសល់ពាក់ព័ន្ធនឹងព្រំដែននិងការបង្កើតខ្សែព្រំដែនមួយដ៏ច្បាស់លាស់ដែលភាគីទាំងពីរទទួលស្គាល់ទៅវិញទៅមកដោយអនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

ក្រៅពីការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន ប្រមុខការទូតកម្ពុជាក៏បានលើកឡើងពីបញ្ហាមនុស្សធម៌ដែលមិនអាចមើលរំលងបាន គឺប្រជាពលរដ្ឋកម្ពុជាប្រមាណ ២០,០០០ នាក់ នៅតែមិនអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនបាន ដោយសារការបន្តកាន់កាប់ និងការរារាំងពីសំណាក់កម្លាំងយោធាថៃ។បញ្ហានេះដែរក៏ត្រូវបានអ្នករាយការណ៍ពិសេស UN បានលើកឡើងនៅពេលចុះទៅពិនិត្យតំបន់ព្រំដែនកាលពីខែកក្កដាកន្លងទៅថា«ពួកគេត្រូវការនិងស័ក្តិសមទទួលបានការអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ»។

ចំណុចសំខាន់មួយទៀតដែលត្រូវបានលើកឡើងនៅក្នុងវេទិកា UNGA81 នេះដែរ គឺការទាមទារឲ្យភាគីថៃបញ្ឈប់សកម្មភាពទាំងឡាយនៅក្នុងទឹកដីកម្ពុជាដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ដែលអាចបង្កើតឬពង្រឹងស្ថានភាពនៅលើដីជាក់ស្តែង (fait accompli)។ នេះគឺជាចំណុចសំខាន់ព្រោះថាសកម្មភាពរបស់យោធាថៃបែបនេះគឺមិនស្របទៅនឹងច្បាប់អន្តរជាតិឡើយ ហើយកម្ពុជាក៏តែងតែប្រកាសគោលជំហររបស់ខ្លួនយ៉ាងម៉ឺងម៉ាត់នៅគ្រប់វេទិកាអន្តរជាតិទាំងអស់ គឺការមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនដោយការប្រើប្រាស់កម្លាំងជាដាច់ខាត។ចំណុចនេះមានសារៈសំខាន់ខ្លាំង ព្រោះប្រសិនបើច្បាប់អន្តរជាតិមិនអាចការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសតូចៗបានទេ នោះគោលការណ៍នៃសណ្តាប់ធ្នាប់អន្តរជាតិនឹងប្រឈមនឹងបញ្ហា ហើយប្រទេសដែលទន់ខ្សោយនឹងកាន់តែងាយរងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងពីសំណាក់ប្រទេសដែលមានអំណាចខ្លាំងជាង។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនសមុទ្រវិញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះដំណោះស្រាយដោយសន្តិវិធីចំពោះវិវាទលើដែនសមុទ្រកម្ពុជា-ថៃដោយប្រើប្រាស់យន្តការ UNCLOS។ ការសម្រេចបែបនេះក៏ដោយសារតែកាលពីខែឧសភាកន្លងទៅ ប្រទេសថៃបានសម្រេចបញ្ចប់ជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ដែលជាក្របខ័ណ្ឌច្បាប់តែមួយគត់សម្រាប់ប្រទេសទាំងពីរធ្វើជាមូលដ្ឋានដោះស្រាយវិវាទដែនសមុទ្រ បើទោះបីជាកម្ពុជាបានអំពាវនាវកុំឱ្យថៃធ្វើបែបនេះក៏ដោយ។ ហេតុនេះ កម្ពុជាបានសម្រេចងាកទៅរកយន្តការអន្តរជាតិ ដោយផ្តួចផ្តើមនីតិវិធីផ្សះផ្សាជាកាតព្វកិច្ចក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងធានាការការពារអធិបតេយ្យភាព និងសិទ្ធិស្របច្បាប់របស់កម្ពុជាលើដែនសមុទ្រ ស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ។
សរុបជារួម ការលើកយកបញ្ហាព្រំដែនកម្ពុជា-ថៃទៅកាន់វេទិកាអន្តរជាតិ មិនមែនគ្រាន់តែជាការបង្ហាញស្ថានការណ៍នៅតាមព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃការទូតសកម្មរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ព្រមទាំងជំរុញមានការដោះស្រាយតាមច្បាប់អន្តរជាតិ និងយន្តការសន្តិវិធី។

ជាមួយគ្នានេះ ការគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ និងគោលការណ៍មិនប្រើប្រាស់កម្លាំង គឺជាមូលដ្ឋានសំខាន់សម្រាប់ការកាត់បន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងឈានទៅរកសន្តិភាព ស្ថិរភាព និងទំនាក់ទំនងជាអ្នកជិតខាងល្អរវាងកម្ពុជា និងថៃ៕

ដោយ៖ មាន មេត្តា