សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីចូលជួបសម្តែងការគួរសម
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យ លោក សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានបេ្តជ្ញាចិត្តថា នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន ០៣គឺ៖ ១.វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម។ ២.ការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ៣.ការគាំពារប្រជាជនឥណ្ឌូណេស៊ីរស់នៅប្រទេសកម្ពុជា។ ក្រៅនេះ ឯកឧត្តមនឹងខិតខំបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរផងដែរ។
ក្នុងនាមព្រឹទ្ធសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា។
សម្តេចប្រធានព្រឹទ្ធសភាមានជំនឿជឿជាក់ថា ក្នុងអាណតិ្តបេសសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនៅកម្ពុជា លោកនឹងបន្តថែរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ព្រមទាំងនឹងខិតខំជំរុញបន្ថែមទៀត នូវទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរជាងនេះទៀត ដើម្បីនាំមកនូវគុណប្រយោជន៍ដល់ប្រជាជនទាំងពីរទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។
ក្នុងនាមខ្លួនសម្តេចផ្ទាល់ ក៏ដូចជាព្រឹទ្ធសភា បានត្រៀមលក្ខណៈបន្តកិច្ចសហប្រតិបត្តិ ការដ៏ជិតស្និតនេះជាមួយ លោកឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕
Credit: Fresh News