ខ្មែរប៉ុស្ដិ៍ Close

អ្វីទៅដែលប្រទេសឥណ្ឌូនេស៊ីអាចរៀនសូត្រពីកម្ពុជាទាក់ទងនឹងវិបត្តិនៅមីយ៉ាន់ម៉ា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 126
អ្វីទៅដែលប្រទេសឥណ្ឌូនេស៊ីអាចរៀនសូត្រពីកម្ពុជាទាក់ទងនឹងវិបត្តិនៅមីយ៉ាន់ម៉ា អ្វីទៅដែលប្រទេសឥណ្ឌូនេស៊ីអាចរៀនសូត្រពីកម្ពុជាទាក់ទងនឹងវិបត្តិនៅមីយ៉ាន់ម៉ា

ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ានកាលពីឆ្នាំ ២០២២ ត្រូវបានបង្ខំឱ្យធ្វើការដោះស្រាយនូវបញ្ហាប្រឈមជាច្រើន ដែលរួមមានទាំងជម្ងឺរាតត្បាតកូវីដ-១៩, បញ្ហាសេដ្ឋកិច្ច, វិបត្តិច្រកសមុទ្រតៃវ៉ាន់, សង្គ្រាមដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន និងសង្គ្រាមស៊ីវិលនៅ ប្រទេសមីយ៉ាន់ម៉ា។ ក្នុងចំណោមបញ្ហាដែលបានរៀបរាប់ខាងលើ វិបត្តិក្នុងស្រុករបស់ប្រទេសមីយ៉ាន់ម៉ា គឺជាបញ្ហាប្រឈមដែលបានបង្កផលប៉ះពាល់ដោយផ្ទាល់ចំពោះប្លុកនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ។

ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន កម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដោះស្រាយវិបត្តិមួយនេះ ហើយមន្ត្រីការទូតកំពូលៗរបស់កម្ពុជាក៏បានធ្វើទស្សនកិច្ចជាច្រើនលើកទៅកាន់ប្រទេសមួយនេះផងដែរ។ ទោះបីមានការវិវត្តតិចតួចក្នុងការអនុវត្តតាមផែនការសន្តិភាព ៥ ចំណុចរបស់អាស៊ានក៏ដោយ ក៏វានៅមានមេរៀនមួយចំនួនដែលប្រទេសឥណ្ឌូនេស៊ីដែលជាប្រធានអាស៊ានបច្ចុប្បន្នអាចរៀនសូត្រពីកម្ពុជា។

មេរៀនទី ១ នោះគឺថា «ឥណ្ឌូនេស៊ីមិនគួរដាក់សម្ពាធទៅលើប្រទេសមីយ៉ាន់ម៉ា ឬផ្តាច់ប្រទេសនេះចេញពីអាស៊ាននោះទេ ហើយគួរតែងាកមកធ្វើការជាមួយរបបយោធានៅក្នុងលក្ខណៈបត់បែន និងក្រៅផ្លូវការ»។ ការចូលរួមនេះ មិនមែនសំដៅលើការធ្វើឱ្យរបបយោធាមានភាពស្របច្បាប់ ឬជាការជួយសម្រួលដល់របបយោធានោះទេ ប៉ុន្តែវាគឺជាការស្វែងរកមធ្យោបាយដែលអាចធ្វើទៅបានក្នុងការកសាងទំនុកចិត្តឡើងវិញជាមួយរបបយោធាដើម្បីឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃផែនការសន្តិភាព ៥ ចំណុចដែលទាមទារឱ្យមានការបញ្ចប់ជាបន្ទាន់នូវអំពើហិង្សានៅក្នុងប្រទេស និងបើកឱ្យមានការសន្ទនានយោបាយរវាង «គ្រប់ភាគី» នៅក្នុងជម្លោះ។

ភ្លាមៗបន្ទាប់ពីប្រទេសកម្ពុជាចូលកាន់តំណែងជាប្រធានអាស៊ាន មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាដែលរួមមានទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាដែលនេះគឺជាសញ្ញាដែលបង្ហាញអំពីឆន្ទៈរបស់ទីក្រុងភ្នំពេញក្នុងការជំរុញឱ្យមានការអនុវត្តផែនការសន្តិភាពរបស់អាស៊ាន។

រដ្ឋាភិបាលកម្ពុជាបានសាទរចំពោះការសន្យារបស់ឧត្តមសេនីយ៍ Min Aung Hlaing ក្នុងការបន្តបទឈប់បាញ់ថ្នាក់ជាតិរហូតដល់ដំណាច់ឆ្នាំ ២០២២ និងការទទួលស្វាគមន៍បេសកជនអាស៊ានប្រចាំប្រទេសមីយ៉ាន់ម៉ា។ យ៉ាងណាក៏ដោយ ប្រទេសកម្ពុជាមិនញញើតនឹងការថ្កោលទោសចំពោះរបបយោធានោះទេ ដោយកាលពីខែកក្កដា កម្ពុជាបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរដ្ឋាភិបាលយោធា ដែលបានប្រហារជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យទាំង ៥ នាក់ និងបានចោទប្រកាន់របបយោធាថា ខ្វះឆន្ទៈក្នុងការអនុវត្តតាមចំណុចមូលមតិគ្នា។

ក្នុងនាមជាប្រធានអាស៊ាន ប្រទេសឥណ្ឌូនេស៊ីត្រូវធ្វើការដោយមានភាពបត់បែនជាមួយរដ្ឋាភិបាលដែលដឹកនាំដោយក្រុមយោធារបស់មីយ៉ាន់ម៉ា។ ការដាក់សម្ពាធដែលមិនចាំបាច់ និងការធ្វើឱ្យរបបយោធាឯកោ នឹងកាន់តែធ្វើឱ្យស្ថានការណ៍កាន់តែមានភាពអាក្រក់ហើយវានឹងនាំទៅរកការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។

ទោះបីជាប្រទេសកម្ពុជាមិនអាចបង្កើតបាននូវដំណោះស្រាយនយោបាយចំពោះបញ្ហារបស់ប្រទេសមីយ៉ាន់ម៉ាក៏ដោយ ក៏សំឡេងរបស់កម្ពុជាត្រូវបានរបបយោធាស្តាប់ និងយកមកធ្វើការពិចារណាផងដែរ។ អ្វីដែលជាភស្តុតាងបញ្ជាក់អំពីករណីខាងលើគឺ ការសម្រេចចិត្តដោះលែងអ្នកទោសចំនួន ៥ ៧៧៤ នាក់ ដែលក្នុងនោះមានមនុស្ស ៧១២ នាក់ជាអ្នកទោសនយោបាយ ដែលរួមមានទាំងលោក Sean Turnell ដែលជាអតីតទីប្រឹក្សារបស់លោកស្រី Aung San Suu Kyi និងអតីតឯកអគ្គរដ្ឋទូតអង់គ្លេសលោកស្រី Vicky Bowman ផងដែរ។

វាជារឿងសំខាន់សម្រាប់ប្រទេសឥណ្ឌូនេស៊ីដែលត្រូវបន្តការចូលរួមនេះជាមួយរបបយោធា ដើម្បីរក្សាបណ្តាញទំនាក់ទំនងឱ្យនៅតែបើកជំហរសម្រាប់ប្រធានអាស៊ានក្នុងការធ្វើទំនាក់ទំនងជាមួយប្រទេសមីយ៉ាន់ម៉ា។

«មេរៀនទី២ ដែលឥណ្ឌូនេស៊ីអាចរៀនសូត្រពីកម្ពុជានោះគឺបេសកជនពិសេសរបស់អាស៊ានមិនគួរផ្តោតតែទៅលើការបញ្ចប់សង្គ្រាមស៊ីវិលនោះទេ»។ វាជាការពិតដែលថា គោលដៅចុងក្រោយរបស់អាស៊ានគឺដើម្បីបញ្ចប់ជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែវាមានសញ្ញាតិចតួចណាស់ដែលបានបង្ហាញអំពីការបញ្ចប់សង្គ្រាមនៅក្នុងពេលឆាប់ៗនេះ។

មូលហេតុចំបងសម្រាប់បញ្ហានេះគឺដោយសារតែភាគីទាំងសងខាងមិនបានយល់ព្រមក្នុងការសម្របសម្រួល ហើយក្រុមទាំង ២ សុទ្ធតែមានធនធានគ្រប់គ្រាន់ដើម្បីទ្រទ្រង់ការតស៊ូរបស់ពួកគេ។ សង្គ្រាមស៊ីវិលនឹងមិនអាចបញ្ចប់បានទេ រហូតដល់ភាគីទាំងសងខាងអស់កម្លាំង និងមានឆន្ទៈក្នុងការចូលមកជជែកគ្នា។ នៅក្នុងស្ថានភាពនេះ ការការពារជនស៊ីវិលនិងការថែរក្សាជំនួយមនុស្សធម៌គួរតែជារបៀបវារៈសំខាន់របស់ប្រទេស
ឥណ្ឌូនេស៊ី។

ខាងលើនេះគឺជាអ្វីដែលកម្ពុជាបានខិតខំសម្រេចបានក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ាន។ កាលពីខែឧសភា ប្រទេសកម្ពុជាបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់មួយដើម្បីពិភាក្សាអំពីក្របខណ្ឌ ការងារដើម្បីឆ្លើយ តបនឹងបញ្ហាមនុស្សធម៌របស់អាស៊ាន (ASEAN Humanitarian Response Framework)។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌បានជួបប្រទះ និងត្រួសត្រាយផ្លូវសម្រាប់អាស៊ានក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់គ្រប់ភាគីនៃជម្លោះ។

ការផ្តល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ា គឺពិតជាមានសារៈសំខាន់បំផុត។ បើយោងតាមអង្គការ UNICEF បានឱ្យដឹងថា មានប្រជាជនប្រហែល ១៧,៦ លាននាក់ ដែលជិតស្មើនឹង ១/៣ នៃចំនួនប្រជាជនមីយ៉ាន់ម៉ាកំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។

ទីបំផុត ខណៈពេលដែលប្រទេសឥណ្ឌូនេស៊ីកំពុងព្យាយាមជំរុញរបបយោធាមីយ៉ាន់ម៉ាឱ្យរបបយោធាអនុវត្តចំណុចមូលមតិគ្នាទាំង ៥ ចំណុច ពួកគេក៏គួរតែបញ្ចុះបញ្ចូលតួអង្គខាងក្រៅ ជាពិសេសចិននិងរុស្ស៊ីឱ្យដាក់ សម្ពាធមកលើមីយ៉ាន់ម៉ាដើម្បីឱ្យទទួលយកផែនការសន្តិភាពរបស់អាស៊ាន។

ប្រទេសទាំង២ ខាងលើបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យរបបយោធារស់រៀនមានជីវិតតាមរយៈការផ្តល់នូវជំនួយផ្នែកសេដ្ឋកិច្ច និងយោធាដែលធ្វើឱ្យប្រទេសនេះអាចបន្តអំពើឃោរឃៅរបស់ខ្លួនប្រឆាំងនឹងជនស៊ីវិល និងធ្វើសង្គ្រាមប្រឆាំងនឹងក្រុមជនជាតិភាគតិច ប្រដាប់អាវុធផ្សេងៗទៀត។ ជាឧទាហរណ៍ រដ្ឋមន្ត្រីការបរទេសចិន Wang Yi បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងខែមេសា ឆ្នាំ ២០២២ ហើយបានសន្យាគាំទ្រដល់រដ្ឋាភិបាលយោធាហើយក៏បានធ្វើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយរបបយោធាតាមរយៈច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ា ដែលជាសសរស្តម្ភនៃគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ។

រុស្ស៊ីក៏បានគាំទ្រដល់របបនេះដែរ។ លោក Min Aung Hlaing បានទៅបំពេញទស្សនកិច្ចជាផ្លូវការចំនួន ២ លើកទៅកាន់ប្រទេសរុស្ស៊ីនៅក្នុងឆ្នាំ ២០២២ ខណៈដែលប្រទេសរុស្ស៊ីក៏បានបន្តផ្តល់ជំនួយជាអាវុធដល់របបយោធា។ បើយោងតាមរបាយការណ៍បានឱ្យដឹងថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រើប្រាស់យន្តហោះ Yak-130 ដែលផលិតដោយរុស្ស៊ីដើម្បីបើកការវាយប្រហារមកលើតំបន់ជនស៊ីវិលដែល មានប្រជាជនរស់នៅ។

ការគាំទ្រពីសំណាក់ប្រទេសដ៏មានឥទ្ធិពលទាំង២ នេះ បានធ្វើឲ្យរបបយោធាមើលរំលងចំពោះចំណុចកុងសង់ស៊ីសទាំង ៥ របស់អាស៊ាន។ ដើម្បីទប់ទល់នឹងស្ថានភាពនេះ ឥណ្ឌូណេស៊ីគួរតែជំរុញឱ្យប្រទេសមហាអំណាចទាំង២ អនុវត្តន៍តាមក្របខណ្ឌអាស៊ានក្នុងការជួយសម្រួលដល់ការស្វែងរកសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាពិសេសគឺត្រូវបញ្ឈប់ការផ្តល់ភាពស្របច្បាប់និងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធាដល់របបយោធា។

ឥណ្ឌូនេស៊ីដែលជាប្រទេសដែលមានឥទ្ធិពលនៅក្នុងអាស៊ាន ហើយក៏ជាប្រទេសដែលមានទំនាក់ទំនងល្អទាំងជាមួយចិននិងរុស្ស៊ី អាចមានឥទ្ធិពលខ្លះៗទៅលើការតម្រង់ទិសគោលនយោបាយរបស់ពួកគេ។ ប៉ុន្តែដរាបណាប្រទេសទាំង២ នៅតែបន្តគាំទ្រដល់របបនេះសន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ានឹងមិនអាចសម្រេចបានទេ៕

The Diplomat

អត្ថបទទាក់ទង