តើស្រ្តីគួរគេង បែបណាទើបមិនធ្វើអោយប៉ះពាល់ដល់កូនក្នុងផ្ទៃ?
ឥរិយាបទនៃការគេងរបស់ទារកពិតជាមានសារៈសំខាន់ ព្រោះវាអាចមានប្រយោជន៍ដល់កូនក្នុងផ្ទៃ ហើយក៏អាចគ្រោះថ្នាក់ដល់កូនវិញផងដែរ។ អ្នកដឹងទេ! ការគេងឧស្សាហ៍ងើប ឬធ្វើសកម្មភាពប្រែខ្លួនខ្លាំងៗ អាចរំខានដល់ដំណេករបស់ទារក និងមានផលអវិជ្ជមានមួយចំនួនទៀត។ ហេតុនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ និងធ្វើឲ្យទារកមានសុខភាពល្អ អ្នកគួរតែអនុវត្តតាមវិធីសាស្ត្រមួយចំនួន។
ហាមគេងផ្ងារពោះ
ការគេងបែបនេះស្បួន និងឆ្អឹងខ្នងរបស់អ្នក ច្បាស់ជាត្រូវរងនូវបន្ទុកធ្ងន់ ដោយសារតែទម្ងន់របស់ទារក ជាពិសេសនៅពេលដែលទារកកាន់តែធំជិតគ្រប់ខែ។ ប្រសិនបើអ្នកមានទម្លាប់បែបនេះ អាចនាំឲ្យកើតមានបញ្ហាឈឺចាប់សាច់ដុំ រមួលក្ពើ សម្ពាធឈាមចុះខ្សោយ ហើយទារកមិនអាចទទួលបានឈាមគ្រប់គ្រាន់តាមតម្រូវការឡើយ។
ត្រូវគេងបែរចំហៀង
គេងបែរទៅចំហៀង ជាឥរិយាបទដ៏ល្អប្រសើរខ្លាំងបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះទាំងឡាយ ដោយសារតែវាអាចជួយឲ្យទាំងម្តាយ និងកូនមានផាសុខភាពពេញទំហឹង។ ជាពិសេសការគេងបាននេះធ្វើឲ្យថ្លើម តម្រងនោម និងឆ្អឹងខ្នងរបស់អ្នកម្តាយលែងទទួលនូវបន្ទុកធ្ងន់ ហើយចរាចរឈាមរបស់ទារក៏ដំណើរការបានល្អដែរ។
ប្រើខ្នើយសម្រាប់ស្ត្រីមានផ្ទៃពោះ
ក្រៅពីគេងចំហៀង អ្នកអាចប្រើខ្នើយសម្រាប់ស្ត្រីមានផ្ទៃពោះ ដើម្បីជួយសម្រាលបន្ទុកឆ្អឹងខ្នង និងពោះរបស់អ្នក។ ខ្នើយនេះ មិនត្រឹមតែជួយឲ្យខ្នងអ្នកម្តាយត្រង់នោះទេ ថែមទាំងមានកន្លែងកល់នៅចន្លោះភ្លៅមិនឲ្យមានសម្ពាធមកលើពោះទៀតផង។ ដូច្នេះ អ្នកម្តាយក៏គេងលក់ស្រួល ចំណែកឯងកូនមានសុខភាពល្អ៕