គ្រោះថ្នាក់៦ចំណុច ពេលក្មេងតូចៗលេងទូរស័ព្ទ
បច្ចេកវិជ្ជា កាន់តែទំនើប និងការមមាញឹកការងារពេក ជាហេតុផល១ ធ្វើឲ្យឪពុកម្ដាយភាគច្រើន មិនសូវមានចំណាយពេលជាមួយកូនតូច។ ជំនួសឲ្យ ភាពរវល់វក់វីទាំងនេះ ឪពុកម្ដាយសម័យនេះ បានជ្រើសរើស ការហុចទូរស័ព្ទទំនើប ឬ គ្រឿងអេឡិចត្រូនិកនានា ដើម្បីឲ្យកូនលេង បាត់យំ និងមិនមករំខានជាដើម។
តាមរយៈកិច្ចសម្ភាសជាមួយ Sabay លោក ហឿ សេថុល អ្នកចិត្តសាស្ត្រ ជំនាញខាងពិគ្រោះយោបល់ផ្លូវចិត្ត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបរិញ្ញាបត្រជាន់ខ្ពស់ ពីប្រទេសហ្វីលីពីន បានមានប្រសាសន៍ថា កុមារអាយុក្រោម ២ឆ្នាំ មិនគួរបណ្ដោយឲ្យលេងទូរស័ព្ទ ឬ គ្រឿងអេឡិចត្រូនិកហួសហេតុ និងគ្មានកំណត់ជាប្រចាំថ្ងៃនោះទេ។
(លោក ហឿ សេថុល អ្នកចិត្តសាស្ត្រ ជំនាញខាងពិគ្រោះយោបល់ផ្លូវចិត្ត)
៦ចំណុចនេះហើយ ជាគ្រោះថ្នាក់ដែលអាចប៉ះពាល់ដល់អនាគតកុមារ ដែលយើងនឹកស្មានមិនដល់៖
១. ចាប់ផ្ដើមផ្ដាច់ខ្លួនពីសង្គម
កុមារដែលតែងតែជក់នឹងការលេងទូរស័ព្ទ គឺមានបញ្ហាពេលចូលរួមក្នុងសកម្មភាពនានានៅសាលា នៅផ្ទះ ឬមិនសូវចូលចិត្តលេងជាមួយក្រុមកុមារដទៃ។ ដោយហេតុផលនេះ កុមារទាំងនោះពិបាកចុះចូល ឬអាចហៅថា ចូលចំណោមគេមិនចុះ។ គេសង្កេតឃើញថា៖ ពួកគេចូលចិត្តលាក់ខ្លួននៅម្នាក់ឯង និងមិនសូវហ៊ាននិយាយស្ដី។
២. ទំនាក់ទំនងមានបញ្ហា
ដោយសារមិនសូវហ៊ានចូលរួមសកម្មភាពជាមួយគេ កុមារអាចក្លាយទៅជាមនុស្សបាក់ស្បាត ងាយចាញ់ច្រាបគេ លែងសូវក្លាហាន ដែលខ្មែរយើងច្រើនហៅថា រុយទុំមិនបក់ អសកម្មភាព គ្មានទំនុកចិត្តខ្លួនឯង។
៣. ងាយរងគ្រោះពីជំងឺបាក់ទឹកចិត្ត
ជាចំណុចសំខាន់១ ដែលអាចឲ្យកុមារងាយធ្លាក់ចូលក្នុងក្រុម នៃជំងឺកាចសហាវលាក់មុខ១នេះ។ កុមារមានភាពបត់បែនខ្សោយ ដោយមិនអាចបែងចែក រឿងហេតុនានាបានល្អទេ។ ជួនកាលគេនិយាយញោះលេងសោះ តែកុមារទៅជាគិតតូចចិត្ត តូចថ្លើម ស្រមើស្រមៃខុសរឿង ងាយយំ ឆេវឆាវ ខឹងគេង ដាច់ក្បាលដាច់កន្ទុយ ជាដើម។
៤. មិនអាចភ្ជាប់ខ្លួនជាមួយមនុស្សពិត
មានន័យថា កុមារចាប់ផ្ដើមប្រើប្រាស់តែភាសាដែលមាននៅក្នុងរឿងតុក្កតាល្បីដែលពួកគេបានមើលដដែលៗ។ កុមារអាចមិនចូលចិត្តនិយាយលេងសើច ដោយប្រើភាសាធម្មតាជាមួយក្រុមគ្រួសារ ឬមនុស្សនៅជុំវិញទេ។
៥. អាកប្បកិរិយាខុសប្រក្រតី
ពេលខ្លះអាណាព្យាបាល ប្រហែលជាឆ្ងល់ថា ហេតុអ្វីកូនខ្លួនពិបាកគ្រប់គ្រង? រឹងឌឺដងម្ល៉េះ? ជាការពិត ក្មេងតូចប្រៀបដូចក្រដាស សអីចឹង។ កុមារឃើញអ្វីៗ នឹងថតទុកភ្លាម ដោយកែវភ្នែក ដ៏បរិសុទ្ធរបស់គេ និងបង្ហាញចេញមកវិញដោយកាយវិការទាំងដុល គ្មានការបែងចែក។ ឧទាហរណ៍៖ បើគេមើលចំរឿងវីដេអូមិនល្អ ហិង្សា វៃ ទាត់ ធាក់ ប្រាកដណាស់ គេនឹងយកមកប្រើភ្លាមៗ ដោយមិនដឹងថាវាទង្វើល្អ ឬមិនល្អនោះទេ។
(រូបតំណាង)
៦. ការីកលូតលាស់ខួរក្បាលមានបញ្ហា
កុមារខ្លះ ផ្ដោតមើលទូរស័ព្ទយូរពេក រហូតដល់ ៣ ឬ៤ម៉ោង សឹងតែ ភ្លេចបាយ ភ្លេចទឹក ដេកពួន។ បើចំឪពុកម្ដាយខ្លះ រវល់ដកដៃ ដកជើងមិនរួច ឬ មិនបានរំលឹកកូនទៀត គឺចប់។ កុមារតូចអាយុក្រោមពី២ឆ្នាំទៅ ជាវ័យត្រូវការអាហារបំប៉នច្រើនមុខ ដើម្បីទៅចិញ្ចឹមរាងកាយ និងខួរក្បាល។ កាលបើញ៉ាំអាហារមិនគ្រប់ជីវជាតិ នោះគឺអាចនាំអំពល់ដល់បញ្ហាសុខភាពកុមារខ្លាំងបំផុត៕
ប្រភព៖ Sabay