ខ្មែរប៉ុស្ដិ៍ Close

ល្បិចកល សម រង្ស៊ី យក កឹម សុខា ដើម្បីស្តារជីវិតនយោបាយខ្លួនឡើងវិញ ទទួលបរាជ័យទាំងស្រុង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 61
ល្បិចកល សម រង្ស៊ី យក កឹម សុខា ដើម្បីស្តារជីវិតនយោបាយខ្លួនឡើងវិញ ទទួលបរាជ័យទាំងស្រុង ល្បិចកល សម រង្ស៊ី យក កឹម សុខា ដើម្បីស្តារជីវិតនយោបាយខ្លួនឡើងវិញ ទទួលបរាជ័យទាំងស្រុង

យុទ្ធសាស្ត្រ និងសេណារីយ៉ូដែល សម រង្ស៊ី និងបក្ខពួករួមមាន អេង ឆៃអ៊ាង និង មូរ សុខហួរ ហូរ វ៉ាន់ សមគំនិតគ្នារៀបចំឡើងដើម្បីស្តារតម្លៃ និងស្វែងរកទីតាំងឈរជើងនយោបាយឱ្យ សម រង្ស៊ី ដែលរួមមានការចាត់ទុកខ្លួនថា ជាសំប៉ានសង្គ្រោះកប៉ាល់ខ្មោចបក្សសង្គ្រោះជាតិដែលគឿងនៅកណ្តាលមហាសមុទ្រ ផង សេណារីយ៉ូតាំងខ្លួនធ្វើ ជាមេទ័ពជួយមកជួយសង្គ្រោះ មេបក្ស កឹម សុខា ពីគុក ផង បានទទួលបរាជ័យយ៉ាងអាម៉ាសមិនអាចជួយសង្គ្រោះជីវិតនយោបាយ សម រង្ស៊ី បានឡើយ។ ប៉ុន្តែយុទ្ធសាស្ត្រ និងសេណារីយ៉ូដែលបានរៀបចំឡើងនេះបានទាញទម្លាក់តម្លៃ សម រង្ស៊ី ឱ្យធ្លាក់បាត់សូន្យក្នុងឆាកនយោបាយខ្មែរដោយសារតែការបន្តប្រើនយោបាយបោកប្រាស់ភូតកុហកឥតឈប់ឈរ។

ពាក្យចាស់បានពោលថា «ភូតច្រើន ច្រើនចាញ់អាត្មា» ហើយ សម រង្ស៊ី និងបក្ខពួកនៅពេលនេះកំពុងតែចាញ់ខ្លួនឯងយ៉ាងអាម៉ាស់ជាទីបំផុត ព្រោះក្រុម កឹម សុខា បានដឹងពីល្បិចកលដ៏ខ្មៅកខ្វក់របស់ សម រង្ស៊ី តាមរយៈការបង្កើតចលនាឧទ្ទាមខុសច្បាប់ និងធ្វើបក្សប្រហារ គឺមិនដែលដើម្បីជួយសង្គ្រោះ កឹម សុខា ឡើយ គឺគោលដៅធំដើម្បីដណ្តើមការគ្រប់គ្រងខ្មោចបក្សសង្គ្រោះជាតិ និងកសាងឥទ្ធិពលនយោបាយនៅក្នុងក្រុមអ្នកប្រឆាំងឡើងវិញ។ ការចាញ់ចុងក្រោយរបស់ សម រង្ស៊ី គឺការយកជីវិត និងសេរីភាពរបស់ កឹម សុខា មកភ្នាល់ជាល្បែងលេង និងមិនគោរពសន្យាវិលចូលស្រុកវិញប្រសិនបើភ្នាល់ចាញ់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ពេលនេះគឺតម្លៃ សម រង្ស៊ី បានបាត់បង់អស់រលីងទៅហើយ ជាប់ឈ្មោះថាជាមេបោកប្រាស់ និងជាអ្នកធ្វើនយោបាយបែបប្រជោបាយនិយម និង ប្រជាភិថុតិនិយមតែប៉ុណ្ណោះ។

តម្លៃរបស់ សម រង្ស៊ី គ្មានទៀតឡើយ គឺគ្រាន់តែជាទណ្ឌិតដែលច្បាប់តាមរកមុខ និងជាមនុស្សដែលក្រុមប្រឆាំងបាត់បង់ជំនឿទុកចិត្តនិងបាត់បង់ការគាំទ្រទាំងស្រុង។ ការណ៍នេះបានធ្វើឱ្យអ្វីដែល សម រង្ស៊ី និងបក្ខពួកបានធ្វើ ត្រូវបាត់បង់ ហើយល្បិចកលយក កឹម សុខា មកភ្ជាប់ខ្លួនដំឡើងតម្លៃខ្លួនឯង ដើម្បីអាចស្ថិតក្នុងកញ្ចប់នៃការដាក់សម្ពាធរបស់បរទេសមកលើកម្ពុជា ឬការចរចានយោបាយ ក៏បានបរាជ័យរួចទៅហើយដែរ ព្រោះចៅហ្វាយនាយបរទេសក្រុមប្រឆាំងមិនបាននឹកនាសូម្បីតែសំណេរក៏គ្មានឈ្មោះ សម រង្ស៊ី ដែរ គឺមានតែឈ្មោះ កឹម សុខា ប៉ុណ្ណោះ។

ការធ្វើបក្សប្រហារដណ្តើមការគ្រប់គ្រងខ្មោចបក្សសង្គ្រោះជាតិក៏ត្រូវបានក្រុម កឹម សុខា ដឹងពីគោលដៅពិត និងបានបរិហាររិះគន់ដោយលើកឡើងថា មនុស្សក្រៅបក្សមកដណ្តើមបក្សពីគេគ្រប់គ្រង។ នយោបាយគ្មានគុណធម៌របស់ សម រង្ស៊ី គឺបានយកជីវិតរបស់ កឹម សុខា មកភ្នាល់ជាល្បែងក៏បានធ្វើឱ្យ សម រង្ស៊ី អស់តម្លៃ និងជាអ្នកនយោបាយអត្តទត្ថបុគ្គល គិតពីផលប្រយោជន៍ខ្លួនឯង ទោះបីជានរណាស្លាប់ ឬជាប់គុកក៏មិនខ្វល់ឡើយ ធ្វើយ៉ាងណាឱ្យសម្រេចមហិច្ឆតាខ្លួនេងសិន។ សម រង្ស៊ី គ្មានការគោរពក្នុងចំណោមអតីតសកម្មជនរបស់ខ្លួន ក៏ព្រោះតែ សម រង្ស៊ី បានប្រមាថនូវសពបណ្ឌិត កែម ឡី ថាស្លាប់ឥប្រយោជន៍ និងប្រមាថការជាប់គុករបស់ កឹម សុខា និងអ្នកនយោបាយមានទោសផ្សេងទៀតថា ជាប់គុកគ្មានប្រយោជន៍ មិនអាចស្រោចស្រង់ប្រទេសជាតិបានឡើយ គឺគួរតែស្ថិតនៅក្រៅប្រទេស ដូចខ្លួនបានអាចធ្វើសកម្មភាពតស៊ូសព្វបែបយ៉ាងបាន រាប់ទាំងបោកលុយអ្នកគាំទ្រខ្លួនផងដែរ។

ពេលនេះ សម រង្ស៊ី យីអ៊ុនក៏ដាក់ អារក្ខក៏ជាន់! គិតអ្វីក៏មិនត្រូវ ធ្វើអ្វីក៏ខុស! រៀបចំសេណារីយ៉ូចង់សង្គ្រោះខ្លួនក៏ត្រូវបរាជ័យដែរ! អ្វីដែល សម រង្ស៊ី នៅសេសសល់គឺមានតែការអង្គុយធ្វើគ្រូទាយនយោបាយតែប៉ុណ្ណោះ ព្រោះមានតែរបរទស្សន៍ទាយនេះទេ ដែលអាចឱ្យ សម រង្ស៊ី បន្តល្បិចបោកប្រាក់រៃអង្គាសថវិកា សម្រាប់ខ្លួនឯង និងបក្ខពួកខ្លួនបានបន្តទៀត។ ប៉ុន្តែ ពលរដ្ឋខ្មែរមួយចំនួនដែលបានចាញ់បោក សម រង្ស៊ី និងបក្ខពួកកំពុងសើរើសួររកមូលនិធិទូរទស្សន៍ព្រះអាទិត្យថវិកាជិត ១លានដុល្លារ តើទៅដល់ណាហើយ? ចុងក្រោយនេះ អេង ឆៃអ៊ាង ដែលជាគ្រូបាអាចារ្យធំរបស់ សម រង្ស៊ី បន្ទាប់ពី ជូឡុង សូមួរ៉ា បានប្រកាសថា ត្រូវការថវិកាចំនួន ៣០ម៉ឺនដុល្លារ ដើម្បីរៀបចំឱ្យ សម រង្ស៊ី ចូលស្រុក ប៉ុន្តែមិនទាន់ទាំងបានប៉ុន្មានផង សម រង្ស៊ី ប្រកាសមិនចូលស្រុក ចុះថវិកាដែលប្រមូលបាននេះ តើត្រូវធ្វើយ៉ាងណា ព្រោះបងប្អូនខ្លះខំប្រវេប្រវ៉ារកប្រាក់មកចូលរួមជាមួយក្រុម សម រង្ស៊ី ទាំងខ្លួនខណៈខ្លួនមានការជួបការលំបាកក្នុងជីវភាពរបស់ខ្លួនផង?

សូម្បីតែលោក គង់ គាំ ដែលបានចំណាយពេល ២០ឆ្នាំ ធ្វើការជាមួយ សម រង្ស៊ី ក៏បានវាយប្រហារលើទណ្ឌិតរូបនេះថា គ្មានយុទ្ធសាស្ត្រច្បាស់លាស់ និងបានត្រឹមតែបោកប្រាស់អ្នកគាំទ្រខ្លួន។ លោក គង់ គាំ បានវាយប្រហារចំៗទៅលើ អេង ឆៃអ៊ាង ផងដែរ ដែលជាសេនាដៃស្តាំរបស់ សម រង្ស៊ី ដោយសរសេរនៅលើហ្វេសប៊ុកខ្លួនថា៖ «ប្រធានស្តីទី CNRP (បក្សប្រហារ CNRP រលាយ) និងក្រុមក្រៅច្បាប់មួយក្តាប់ ក្នុងនោះមានម្នាក់ (អេង ឆៃអ៊ាង) ពេលលោក កឹម សុខា មានបញ្ហា និងពេល CNRP ត្រូវរំលាយ គេណែនាំថាសូមនៅស្ងប់ស្ងៀម។ ឥឡូវមនុស្សដដែលថា (សំដៅដាក់កំហុសឱ្យថ្នាក់ដឹកនាំ CNRP ក្នុងប្រទេស) ពិតជាបានធ្វើកំហុសយុទ្ធសាស្ត្រ គឺមិនព្រមក្រោកតវ៉ាពេលអំណាច ហ៊ុន សែន ចាប់ កឹម សុខា ដាក់គុកនៅត្រពាំងផ្លុង ហើយពេលតុលាការកំពូលកម្ពុជារំលាយ CNRP ក៏មិនព្រមងើបឈរដែរ។ ប៉ុន្តែពេលនេះ មនុស្សដដែលនោះ (ដើម្បី សម រង្ស៊ី ប្រធានស្តីទី) គេបានប្រកូកប្រកាសសូមបងប្អូនទាំងក្រៅទាំងក្នុងប្រទេសងើបឡើងជូន និងទទួលការវិលចូលកម្ពុជារបស់ប្រធានស្តីទីដ៏មហិមារបស់យើង។ បងប្អូននៅក្រៅដែលមិនអាចជូនដំណើរបាន សូមជួយប្រាក់ចុះ យើងត្រូវការសាមសិបម៉ឺនដុល្លារ – កុំគិតអាប្រាក់វិទ្យុ ទូរទស្សន៍ព្រះអាទិត្យ វាមិនបាត់ទៅណាទេ គឺយើងបូជាកុំស្តាយស្រណោះឱ្យសោះ។ ប្រធានយើង (វៃឆ្លាតណាស់-ឈ្នះជានិច្ច)។ ចាញ់រត់ចេញ ឈ្នះរត់ចូល មិនចាញ់បោកគេទេ មានតែគាត់ទេដែលចេះបោកគេ។ ប្រធានស្តីទី (រស់តែពាក្យ ត្រគាកងាប់ស្តូក) មួយម៉ាត់ (មុន) គាត់ថាសុខចិត្តបូជាជីវិត មួយម៉ាត់ (ក្រោយ) គាត់ថាមេដឹកនាំដែល “បូជាជីវិត” ឬ “សុខចិត្តជាប់គុក” គឺឥតប្រយោជន៍។ សម រង្ស៊ី ខ្ញុំគឺ (ក្របីស៊ីស្រូវបងមិនសូវហ៊ានដេញ ក្របីដើរចេញបងដេញអោយស្រីមើល ក្រពើនៅរស់បងមិនសូវហ៊ានចាប់ ក្រពើងាប់ស្រាប់បងចាប់អោយស្រីមើល)។ លោក គង់ គាំ បានបន្ថែមទៀតថា៖ «ខ្ញុំ គង់ គាំ ប្រធានកិត្តិយសគណបក្ស ឆន្ទៈខ្មែរ យល់ថាគំនិត សម រង្ស៊ី រាក់កំផែល ភូតត្លុក ភូតត្រពាំង បោកប្រាសលើគោក។ …អំណាច ហ៊ុន សែន និងប្រជាពលរដ្ឋកម្ពុជាដែលធ្លាប់ឆ្លងកាត់ភាពឯកោពីបស្ទឹមប្រទេសយ៉ាងយូរកាលពីមុន ពេលនេះពិតជាមានសមត្ថភាព លទ្ធភាពជម្នះការលំបាកចំពោះមុខ ហើយសម្រេចជោគជ័យដូចបណ្តាប្រទេសដែលគ្មានការអនុគ្រោះពន្ធពីអឺរ៉ុបដទៃទៀតដែរ»

សម រង្ស៊ី ពេលនេះពិតជាអស់លក្ខណ៍ និងគ្មានឱកាសទៀតឡើយ ព្រោះ សម រង្ស៊ី ខ្លួនឯងបានបំផ្លាញខ្លួនឯង និងបានបំផ្លាញអ្នកដទៃថែមទៀតផង។ អ្វីដែល សម រង្ស៊ី នឹងទទួលបានសម្រាប់ជីវិតនយោបាយចុងក្រោយរបស់ខ្លួន គឺជាចង្វាក់ដំរីដែលមានខ្នោះ និងគុករង់ចាំតែប៉ុណ្ណោះ ប្រសិនបើថ្ងៃណាមួយប្រែចិត្តវិលចូលស្រុកវិញ ហើយបើបន្តធ្វើជាអ្នកក្កាហានគង់ហ៊ាន កំសាកបន្តទៀត គឺត្រូវចោលឆ្អឹងនៅលើទឹកដីប្រទេសបារាំង ជាប្រទេសកំណើតទី២ របស់ខ្លួនដូចឪពុកខ្លួនដែរ៕

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩

អត្ថបទទាក់ទង