ខ្មែរប៉ុស្ដិ៍ Close

    ទស្សនៈវិភាគស៊ីជម្រៅរបស់ចៅចាក់ស្មុក៖ សំប៉ានឡើងជាន់បែកសំពៅ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 1567
    ទស្សនៈវិភាគស៊ីជម្រៅរបស់ចៅចាក់ស្មុក៖ សំប៉ានឡើងជាន់បែកសំពៅទស្សនៈវិភាគស៊ីជម្រៅរបស់ចៅចាក់ស្មុក៖ សំប៉ានឡើងជាន់បែកសំពៅ

    គេនៅចាំច្បាស់ណាស់ថា ថ្នាក់ដឹកនាំមួយចំនួននៃអតីតគណបក្សសង្រ្គោះជាតិ បានរួមគ្នាបង្កើតចលនាមួយ ដោយដាក់ឈ្មោះថា «ចលនាសង្រ្គោះជាតិ» ហើយបានលើក សម រង្ស៊ី ឱ្យធ្វើប្រធានដឹកនាំចលនានេះ។ ចលនានេះត្រូវបានរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ជាចលនាឧទ្ទាមខុសច្បាប់ដោយសារតែចលនានេះ មានគោលដៅតស៊ូដោយកម្លាំងតាមរយៈការញុះញង់ប្រជាជន និងកងកម្លាំងប្រដាប់អាវុធឱ្យងើបឡើងបះបោរប្រឆាំងនឹងរដ្ឋអំណាច។ សម្រាប់ សម រង្ស៊ី និង អេង ឆៃអ៊ាង វិញ បាននាំគ្នាពន្យល់ផ្ទៃក្នុងនៃអតីតគណបក្សសង្រ្គោះជាតិថា ចលនាសង្រ្គោះជាតិនេះ គឺដូចជាសំប៉ានដូច្នេះឯង គឺចេញទៅរកជំនួយពីខាងក្រៅ ដើម្បីមកជួយ «សំពៅគណបក្សសង្រ្គោះជាតិ» ដែលកំពុងជាប់គឿងនៅកណ្តាលមហាសាគរ។ អ្នកនៅខាងចលនាសង្រ្គោះជាតិ បានពន្យល់ថា សំពៅ និងសំប៉ាន គឺតែមួយទេ ពោលគឺ សង្រ្គោះជាតិតែមួយ គ្រាន់តែយន្តការពីរខុសគ្នាតែប៉ុណ្ណោះ។ ស្តាប់ឮហើយគ្រប់គ្នាក៏អស់ឆ្ងល់ ហើយរង់ចាំមើល តើសំពៅធ្វើការអ្វីខ្លះ? ហើយសំប៉ានវិញរកបានជំនួយជួយសំពៅឱ្យចេញពីការជាប់គឿងយ៉ាងដូម្តេច?

    ឥឡូវនេះចម្លើយបានដឹងគ្រប់គ្នាហើយ គឺសំប៉ានត្រឡប់មករកសំពៅ ហើយឡើងជិះពីលើសំពៅវិញ ដោយមិនខ្លាចថា សំពៅដែលជាប់គឿងយូរ អាចលិចលង់ក្នុងមហាសាគរ ដោយសារសំប៉ានឡើងជិះពីលើនោះទេ។ ឥឡូវ សំប៉ាន បាននិយាយប្រាប់គ្រប់គ្នាទៀតហើយថា សំពៅ និងសំប៉ាន គឺតែមួយទេ ហើយដើម្បីជួយសំពៅកុំឱ្យុជាប់គាំង គឺត្រូវឡើងជិះលើសំពៅវិញ។ ស្តាប់ចុះស្តាប់ឡើង ទើបដឹងរឿងថា តាមពិត សំប៉ានឆ្លេឆ្លារកកន្លែងចតសោះ ដល់ពេលរកលែងបាន មានតែឡើងចតលើសំពៅតែម្តង! គិតៗទៅ សម រង្ស៊ី ជាអ្នកនយោបាយឆ្លាតខាងឱកាសនិយម និងមុខមាត់និយមមែន! សម រង្ស៊ី ពេលដែលលាលែងពីប្រធានគណបក្សសង្រ្គោះជាតិ ថែមទាំងលាលែងទាំងសមាជិកបក្សទៀត ដើម្បីធ្វើចិត្តឱ្យវាសឿង ហើយឱ្យគេហៅថា អ្នកក្លាហានបក្ស ឬវិរៈបុរស ដោយសារហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីបក្ស ដោយមិនស្តាយស្រណោះ។ តាមពិត សម រង្ស៊ី មហាសែនស្តាយស្រណោះ ព្រោះក្រោយការលាលែង គេឥតបានចាត់ទុកជាវីរៈបុរសបក្សឯណា ប៉ុន្តែគេទុកនៅលើហឹង ហើយឈប់រវីរវល់ បោះចោលក្រៅឆាក។ ដូច្នេះ ដើម្បីកុំឱ្យខ្លួនឯងត្រូវបានគេបោះបង់ចោលក្រៅឆាក សម រង្ស៊ី ដោយមានអាមាត្យ អេង ឆៃអ៊ាង ជាជំនួយការបានរៀបចំសេណារីយ៉ូ «រកសំប៉ានឱ្យជួយសំពៅដែលជាប់គាំង» តាមរយៈការបង្កើតចលនាសង្រ្គោះជាតិ។

    តាមពិតនេះគ្រាន់តែជាវិធីបង្កើតតំណែងឱ្យ សម រង្ស៉ី ដើម្បីអង្គុយមានមុខមានមាត់ ស្រួលឆ្លើយនៅពេលជួបគេ ហើយគេសួរថា «ល្បងមកពីណាដែរ? ហើយមកមានការអីដែរ? » គេនៅចាំថា បើគ្មានតំណែងជាប្រធានចលនាសង្រ្គោះជាតិ សម រង្ស៉ី គ្រាន់តែជាមនុស្សអត់បក្សតែប៉ុណ្ណោះ ព្រោះបានលាលែងអស់ហើយ។ ប៉ុន្តែដល់ពេលតំណែងជាប្រធានចលនាសង្រ្គោះជាតិដ៏មហិមានេះ មិនសូវជាមានមុខមានមាត់ ដូចអតីតគណបក្សសង្រ្គោះជាតិ ក៏តាំងរិះរកវិធីចូលដណ្តើមយកតំណែងប្រធានខ្មោចគណបក្សសង្រ្គោះជាតិម្តង ទាន់មានឱកាសល្អដែល កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិកំពុងដាក់ឃុំខ្លួនដោយខ្លួនឯងនៅក្នុងផ្ទះ។ ដោយមានអាមាត្យ អេង ឆៃអ៊ាង ជាជំនួយ សម រង្ស៉ី បានរកឃើញវិធីថ្មី ដើម្បីប្លន់យកតំណែងប្រធានខ្មោចគណបក្ស ទាំងខ្លួនលែងជាសមាជិក តាមរយៈការរៀបចំរបស់អ្វីមួយដែលគេហៅថា «សន្និសីទពិភពលោកនៃគណបក្សសង្រ្គោះជាតិ»។

    លើកនេះអាមាត្យ អេង ឆៃអ៊ាង ចាប់ផ្តើមនិទាន រឿងព្រេងថ្មីជំនួសរឿងសំពៅសំប៉ាន គឺរឿងមេទ័ពចេញទៅច្បាំង ហើយមេទ័ពនេះ ត្រូវបានគេចាប់បាន ដូច្នេះត្រូវរកមេទ័ពថ្មីមកជំនួស ដើម្បីបញ្ជាទ័ព។ បើនិយាយចឹង ម៉េចក៏មិននិយាយឱ្យឡូស៊ិក និងមានលក្ខណៈយុទ្ធសាស្រ្តបែបរឿងព្រេងបន្តិចទៅ។ គួរនិទានរឿងថា មេទ័ព កឹម សុខា ត្រូវបានចាប់ខ្លួន ហើយទ័ពក្រោមការដឹកនាំរបស់មេទ័ពរង កំពុងជាប់ច្បាំងយ៉ាងស្វិតស្វាញនៅសមរភូមិ (កូនស្រីមេទ័ពកំពុងដើរជួបបរទេសគ្រប់កន្លែង) ដូចនេះ សម រង្ស៉ី គួរដឹកនាំចលនាសង្រ្គោះជាតិ ជាទ័ពជំនួយដើម្បីជួយទ័ពនៅសមរភូមិ ចាំបាច់អីត្រូវទៅប្លន់យកតំណែងមេទ័ពរងរបស់ កឹម សុខា ដែលកំពុងកាន់ផ្លាកបញ្ជាទ័ពនៅសមរភូមិ ទៅរំដោះមេទ័ពដែលត្រូវបានចាប់ខ្លួនធ្វើឱ្យកូនទ័ពនៅសមរភូមិវង្វេងលែងដឹងថា អ្នកណាជាអ្នកបញ្ជាទ័ព!

    គិតឱ្យគ្រប់ជ្រុងជ្រោយ ចង់បន្ទោស សម រង្ស៉ី ក៏មិនបានដែរ ព្រោះគាត់ធ្លាប់ជាកំពូលមនុស្សនៅក្នុងបក្សប្រឆាំង ហើយធ្លាប់កាន់ភាគហ៊ុន ២៦ ហ៊ុន ចំណែកឯ កឹម សុខា ទើបមកថ្មី បានល្បីដោយសារមានហ៊ុនត្រឹម ៣ហ៊ុន ធ្វើដើមទុនចូលហ៊ុនជាមួយ សម រង្ស៉ី។ ដល់ពេលឥឡូវ ទើបដឹងថា អ្នកណាខ្លាំងនៅក្នុងបក្ស។ កឹម សុខា មានឈ្មោះជាប្រធានបក្ស ប៉ុន្តែកម្លាំងនយោបាយ គឺនៅលើ សម រង្ស៉ី ហើយសម រង្ស៉ី ចង់ផ្តួលពេលណាក៏បានដែរ។ ខាង កឹម សុខា រួមមាន កូនស្រី កឹម សុខា យ៉ែម ប៉ុញ្ញាឬទ្ធិ និង ម៉ៅ មុនីវណ្ណ មុត ចន្ថា បានហៅការត្រឡប់មកវិញរបស់ សម រង្ស៉ី បានឡើងធ្វើជាមេដឹកនាំខ្មោចគណបក្សសង្រ្គោះជាតិវិញតាមរយៈសន្និសីទពិភពលោកនៃគណបក្សសង្រ្គោះជាតិ ថាជាទង្វើធ្វើបក្សប្រហារ ហើយជាបក្សប្រហារបានសម្រេចទៀត ព្រោះខាង កឹម សុខា គ្មានកម្លាំងអ្វីទប់ស្កាត់ការធ្វើបក្សប្រហារនេះបានឡើយ។
    ពិបាកបន្ទោស សម រង្ស៉ី ណាស់ ព្រោះថានេះជាឱកាសមាសដើម្បីត្រឡប់ចូលមកក្នុងខ្មោចគណបក្សសង្រ្គោះជាតិវិញ កុំនៅឯកាដូចមុនទាន់ កឹម សុខា កំពុងជាប់ក្នុងនីតិវិធីតុលាការ។ ឱកាសនេះ អាចឱ្យ សម រង្ស៉ី បាញ់មួយព្រួញបានសត្វដល់ទៅបី គឺ៖
    ទី១- បានឡើងធ្វើជាមេដឹកនាំបក្សស្តីទីវិញ,
    ទី២- បានយកការជាប់ឃុំកឹម សុខា ធ្វើជាចំណាប់ថ្នូរនយោបាយ ចឹងហើយបានជា សម រង្ស៉ី ធ្វើល្បែងភ្នាល់មួយជាមួយសម្តេច ហ៊ុន សែន ដើម្បីកុំឱ្យមានដោះលែងកឹម សុខា និង
    ទី៣- បានខ្លួនចូលក្នុងកញ្ចប់នៃការទាមទាររកដំណោះស្រាយព្រោះកន្លងមកក្នុងការទាមទាររកដំណោះស្រាយរបស់ក្រុមប្រឆាំង គេមិនដែលនិយាយពី សម រង្ស៉ី ឡើយ ពោល គឺគេធីបចោល តាំងពីគាត់លាលែងចេញពីបក្សមកម្ល៉េះ។

    ដូច្នេះសំប៉ានដែលមានសម រង្ស៊ី ដឹកនាំថា ទៅរកជំនួយជួយសំពៅសង្គ្រោះជាតិ និងរំដោះមេទ័ព កឹម សុខា នោះទីបំផុតគ្រាន់តែជាល្បិចកលរបស់ សម រង្ស៊ី និងបក្ខពួកប៉ុណ្ណោះដោយយកលេសថាទៅរកជំនួយមកជួយសំពៅគឿងនៅកណ្តាលមហាសមុទ្រ ប៉ុន្តែតាមពិតគឺទៅរកជំនួយជួយសង្គ្រោះខ្លួនប៉ុណ្ណោះ ហើយពេលសំប៉ានវិលត្រឡប់មករកសំពៅវិញ ពោរពេញដោយល្បិចកលនយោបាយពាលស៊ីពាល។ ចុងក្រោយសំប៉ានឡើងជាន់លើសំពៅធ្វើឱ្យសំពៅបែកបាក់ជាពីរជាបីបំណែកបាត់ទៅហើយ! គិតៗទៅរឿង សម រង្ស៊ី បង្កើតចលនាសង្គ្រោះជាតិ និងឡើងធ្វើជាប្រធានស្តីទីខ្មោចគណបក្សសង្គ្រោះជាតិ ពិតជារឿងកំប្លុកកំប្លែងនយោបាយយ៉ាងពិតប្រាកដ!

    ដោយ៖ ចៅចាក់ស្មុក
    រាជធានីភ្នំពេញ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨

    អត្ថបទទាក់ទង