ខ្មែរប៉ុស្ដិ៍ Close

ឡៅ ម៉ុងហៃ៖ សម រង្ស៊ី គួរប្រកាន់សម្តីជាកូនប្រុសវិលចូលស្រុកតាមការសន្យា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 35
ឡៅ ម៉ុងហៃ៖ សម រង្ស៊ី គួរប្រកាន់សម្តីជាកូនប្រុសវិលចូលស្រុកតាមការសន្យា ឡៅ ម៉ុងហៃ៖ សម រង្ស៊ី គួរប្រកាន់សម្តីជាកូនប្រុសវិលចូលស្រុកតាមការសន្យា

អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានជម្រុញឲ្យលោក សម រង្ស៊ី ដែលកំពុងរត់គេចខ្លួនទៅរស់នៅក្រៅប្រទេសជាច្រើនឆ្នាំមកនោះ គួរហ៊ានវិលចូលស្រុកវិញទៅតាមការសន្យារបស់ខ្លួន។ ការជម្រុញរបស់លោក ឡៅ ម៉ុងហៃ បែបនេះ គឺបន្ទាប់ពីលោក សម រង្ស៊ី បានប្រកាសដាក់ជីវិតថា នឹងវិលចូលមកក្នុងប្រទេសកម្ពុជាវិញនៅឆ្នាំ២០១៩នេះ ប៉ុន្តែមិនបានកំណត់កាលបរិច្ឆេទឲ្យបានច្បាស់លាស់នោះឡើយ។

លោក ឡៅ ម៉ុងហៃ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា «លោក សម រង្ស៊ី គួរប្រកាន់សម្តីគាត់ក្នុងនាមជាកូនប្រុស ហើយវិលត្រឡប់មកវិញដូចអ្វីដែលគាត់បានសន្យា។ គាត់គួរតែធ្វើតាមគំរូរបស់លោក Nawaz Sharif ដែលជាអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន»។ ទោះជាយ៉ាងណា លោក ម៉ុងហៃ មិនរំពឹងថា អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ នឹងវិលត្រឡប់មកវិញនោះទេ ដោយសារតែគាត់បានសន្យាចោលជាច្រើនដងរួចមកហើយ។ លោកបានចំអកថា៖ «លោក សម រង្ស៊ី គាត់បាននិយាយ ប៉ុន្តែមិនបានមកទេ នាពេលកន្លងមក ពីព្រោះនៅពេលគាត់មកអាចប្រឈមនឹងការចាប់ខ្លួនដាក់ពន្ធនាគារ»។

អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានបន្ថែមតាមទំព័រហ្វេសប៊ុករបស់លោកថា មាន ៣ចំណុច ដែលអាចនឹងកើតឡើងចំពោះលោក សម រង្ស៊ី ក្នុងករណីប្រសិនបើប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិរូបនេះ ហ៊ានវិលត្រឡប់មកកម្ពុជាវិញនៅក្នុងឆ្នាំ២០១៩ នេះមែននោះ។ លោកថា ចំណុចទី១ លោក សម រង្ស៊ី អាចនឹងត្រូវចាប់ខ្លួនដាក់ពន្ធនាគារដូចសហស្ថាបនិកអតីតគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដែរ ពីបទក្បត់ជាតិ។ ចំណុចទី២ គឺថា លោក សម រង្ស៊ី នឹងត្រូវគេវាយបែកក្បាលដូចអតីតមេដឹកនាំខ្មែរក្រហមលោក ខៀវ សំផន នៅពេលដែលគាត់វិលត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញនៅឆ្នាំ១៩៩១។ ចំណែកចំណុចទី៣ ត្រូវលោក ម៉ុងហៃ បញ្ជាក់ថា «(សម រង្ស៊ី) ត្រូវបានសម្លាប់ ដូចសមាជិកព្រឹទ្ធសភាហ្វីលីពីនឈ្មោះ អាគីណូ Aquino» ដែលជាគូប្រជែងនយោបាយរបស់ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos។ ជាមួយគ្នានេះ លោក ម៉ុងហៃ ក៏បានប្រៀបធៀបផែនការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី ទៅនឹងអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Nawaz Sharif ដែលត្រូវបានចាប់ខ្លួនកាលពីខែកក្កដាឆ្នាំមុនផងដែរ។

គួរបញ្ជាក់ផងដែរថា ទណ្ឌិត សម រង្ស៊ី កំពុងស្ថិតនៅក្រោមសាលដីកាស្ថាពរបង្គាប់ឱ្យចាប់ខ្លួនដែលជាប់ទោសពីបទបរិហាកេរ្តិ៍ និងបទញុះញង់ឱ្យមានបទឧក្រិដ្ឋ និងការរើសអើងជាតិសាសន៍ ហើយក្នុងពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានលើកឡើងថា លោកចាំតែអនុវត្តច្បាប់តាមសាលដីកាតែប៉ុណ្ណោះក្នុងករណីលោកសម រង្ស៊ី វិលត្រឡប់ចូលកម្ពុជាវិញ៕