ខ្មែរប៉ុស្ដិ៍ Close

ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ៖ ប្រជាធិបតេយ្យនៅកម្ពុជាបន្តចាក់ឬសកាន់តែរឹងមាំ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២ ព័ត៌មានទូទៅ 74
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ៖ ប្រជាធិបតេយ្យនៅកម្ពុជាបន្តចាក់ឬសកាន់តែរឹងមាំ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ៖ ប្រជាធិបតេយ្យនៅកម្ពុជាបន្តចាក់ឬសកាន់តែរឹងមាំ

ខណៈពេលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ខិតជិតចូលមកដល់ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ លេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតហៅកាត់ថា (គ.ស.អ) និងអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានសហការផលិតនូវវីដេអូមួយ ដើម្បីផ្សព្វផ្សាយជូនសាធារណជនអំពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដោយបញ្ជាក់ថា «ប្រជាធិបតេយ្យនៅកម្ពុជាបន្តចាក់ឬសកាន់តែរឹងមាំ»។ វីដេអូនេះ មានរយៈពេលប្រមាណ ១៥នាទី ហើយដែលបានបញ្ចេញផ្សាយយ៉ាងទូលំទូលាយនៅថ្ងៃនេះ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់អាណត្តិទី៥ នឹងប្រព្រឹត្តធ្វើនៅថ្ងៃទី៥ ខែមិថុនាឆ្នាំ ២០២២ ខាងមុខនេះហើយ ហើយយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយដែលមានរយៈពេល ១៤ថ្ងៃ នឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែឧសភាឆ្នាំ២០២២ ខាងមុខនេះ នេះបើយោងតាមប្រតិទិនប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ការបោះឆ្នោតរៀបចំឡើងស្របតាមកាលកំណត់របស់ច្បាប់ស្តីពីការបោះឆ្នោត និងដើម្បីរក្សាប្រក្រតីភាពនៃយន្តការប្រជាធិបតេយ្យនៅកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាដែលបានប្រកាន់យករបប នយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស តែងរៀបចំការបោះឆ្នោតជាទៀងទាត់រៀងរាល់ ៥ឆ្នាំម្តង ទាំងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ហើយដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២ ខាងមុខនេះ ពិតជាគោរពបាននូវគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្សយ៉ាងត្រឹមត្រូវពិតប្រាកដ។

ក្នុងន័យនេះ ការបោះឆ្នោតគឺជាយន្តការសំខាន់ចាំបាច់មិនអាចខ្វះបានឡើយពីព្រោះតាមរយៈការបោះឆ្នោតនេះហើយដែលប្រជាពលរដ្ឋអាចបង្ហាញនូវឆន្ទៈពិតប្រាកដ របស់ខ្លួនដើម្បីជ្រើសរើសមេដឹកនាំទាំងថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន។ គោលការណ៍គ្រឹះនៃប្រជាធិបតេយ្យមួយនេះត្រូវបានគោរពយ៉ាងខ្ជាប់ខ្ជួននៅរៀងរាល់ការបោះឆ្នោត មិនថាថ្នាក់ជាតិ ឬថ្នាក់មូលដ្ឋានឡើយ។

វីដេអូដែលបានសហការផលិតដោយលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត និងអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានបង្ហាញនូវចំណុចគោលការណ៍គ្រឹះទាំង៣ ដូចបានរៀបរាប់ខាងលើ គឺជាភស្តុតាងដែលបញ្ជាក់ថា ការបោះឆ្នោតនៅកម្ពុជាពិតជាឆ្លុះបញ្ចាំងពីគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស យ៉ាងពិតប្រាកដដោយគ្មាននរណាអាចប្រកែកបានឡើយ។

ពីមួយឆ្នាំទៅមួយឆ្នាំ ដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជាក៍កាន់តែមានភាពចាស់ទុំនិងរឹងមាំជាលំដាប់។ ជាក់ស្តែង ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តកាលពីឆ្នាំ ២០១៨ កន្លងទៅ មានពលរដ្ឋជាង ៨៣% បានចូលរួមដែលជាអត្រាដ៏ខ្ពស់បំផុតមួយក្នុងប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា ពោលគឺខ្ពស់ជាងបណ្តាប្រទេសប្រជាធិបតេយ្យជឿនលឿនមួយចំនួនទៀតផង។ លើសពីនេះ ប្រជាពលរដ្ឋខ្មែរក៏ សប្បាយរីករាយនឹងសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាន ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមាន ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ក៏ដូចជាការស្តារនិងអភិវឌ្ឍន៍ប្រទេស ឲ្យរីកចម្រើនគ្រប់វិស័យដែលមិនធ្លាប់កើតមានក្នុងប្រវត្តិសាស្ត្រកម្ពុជា។

ទាំងនេះគឺជាលទ្ធផលនៃការអភិវឌ្ឍប្រទេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតផ្តល់ក្តីទុកចិត្តពីប្រជាពលរដ្ឋ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។ ការផ្តល់នូវទំនុកចិត្តលើរាជរដ្ឋាភិបាលកាន់តែខ្លាំង ជាពិសេសជំនឿជឿជាក់នៅទូទាំងប្រទេសចំពោះជោគជ័យនៃនយោបាយវ៉ាក់សាំងរបស់តេជោសែន ដែលជាមូលដ្ធានគ្រិះដ៍សំខាន់បំផុត និងមិនអាចខ្វះបាន ដែលធានានិងរក្សាបាននូវសិទ្ធរស់រានមានជីវិតរបស់ប្រជាពលរដ្ធជាម្ចាស់ឆ្នោត ហើយដែលអនុញ្ញាតអោយកម្ពុជាអាចបន្តដំណើរការបាននូវប្រជាធិបតេយ្យនីយកម្ម។ ប្រជាពលរដ្ឋខ្មែរ ដែលគ្រប់អាយុត្រូវបោះឆ្នោតពិតជានឹងនាំគ្នាទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះឲ្យបានច្រើនកុះករជាមិនខាន ដោយបន្តប្រកាន់ខ្ជាប់នូវវិធានការការពារសុខភាពសាធារណៈ ជាពិសេសវិធានការ៣ការពារនិង៣កុំ។

ការបោះឆ្នោតថ្នាក់មូលដ្ឋាននេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការជ្រើសរើសតំណាងដោយផ្ទាល់របស់ខ្លួន ដើម្បីដឹកនាំ និងអភិវឌ្ឍភូមិ ឃុំ សង្កាត់របស់ខ្លួនឲ្យបានស្គាល់ការរីកចម្រើនទៅមុខបន្ថែមទៀត ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ក្នុងបរិយាកាសយ៉ាងល្អប្រសើរ ដោយសុខសន្តិភាព សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សាដែលប្រការនេះ គឺផ្ទុយស្រឡះពីមជ្ឈដ្ឋានខ្លះដែល មានបំណងចង់បំផ្លាញ និងបង្ខូចកិត្យានុភាពនៃការបោះឆ្នោតនេះយ៉ាងណាក៏ដោយសារតែការបាត់បង់សិទ្ធក្នុងការចូលរួមប្រកួតប្រជែង។

ការបោះឆ្នោតនេះផងដែរក៏ជាភស្តុតាងបញ្ជាក់ថា ដំណើរការប្រជាធិបតេយ្យបាននិងកំពុងបន្តចាក់ឬសកាន់តែរឹងមាំនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕

សូមទស្សនាវីដេអូដូចខាងក្រោម៖

អត្ថបទទាក់ទង