ខ្មែរប៉ុស្ដិ៍ Close

កំណាយស្រាវជ្រាវក្នុងកំពែងប្រាសាទអង្គរវត្ត ទិសនិរតី សិក្សាទីតាំងមនុស្សរស់នៅសម័យអង្គរ និងការផ្លាស់ប្ដូរសាសនាពីព្រហ្មញ្ញមកជាពុទ្ធសាសនាថេរវាទ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 96
កំណាយស្រាវជ្រាវក្នុងកំពែងប្រាសាទអង្គរវត្ត ទិសនិរតី សិក្សាទីតាំងមនុស្សរស់នៅសម័យអង្គរ និងការផ្លាស់ប្ដូរសាសនាពីព្រហ្មញ្ញមកជាពុទ្ធសាសនាថេរវាទ កំណាយស្រាវជ្រាវក្នុងកំពែងប្រាសាទអង្គរវត្ត ទិសនិរតី សិក្សាទីតាំងមនុស្សរស់នៅសម័យអង្គរ និងការផ្លាស់ប្ដូរសាសនាពីព្រហ្មញ្ញមកជាពុទ្ធសាសនាថេរវាទ

អាជ្ញាធរជាតិអប្សរា សាកលវិទ្យាល័យហាវ៉ៃ រួមនិងសាកលវិទ្យាល័យកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិក បានសហការធ្វើកំណាយបុរាណវិទ្យាស្រាវជ្រាវរួមគ្នាមួយនៅទីទួលវិហារបុរាណស្ថិតនៅទិសនិរតីមិនឆ្ងាយប៉ុន្មានពីប្រាង្គប្រាសាទអង្គរវត្ត។ ការស្រាវជ្រាវនេះ ធ្វើឡើងដើម្បីសិក្សាអំពីទួលមនុស្សរស់នៅក្នុងទីក្រុងអង្គរផង ព្រមទាំងចង់ដឹងថា តើមានការផ្លាស់ប្ដូរអ្វីខ្លះនៅក្នុងសហគមន៍ទីក្រុងនៅពេលមានការផ្លាស់ប្ដូរសាសនា និងការប្តូរទីក្រុងពីតំបន់អង្គរទៅភាគខាងត្បូងផង។

លោកបណ្ឌិត ហេង ពិភាល់ បុរាណវិទូនៃសាកលវិទ្យាល័យហាវ៉ៃ និងជាប្រធានគម្រោងស្រាវជ្រាវបានឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវពេលនេះ គឺធ្វើឡើងនៅលើរចនាសម្ពន្ធនៃខឿនព្រះវិហារបុរាណ។ រចនាបថសន្លឹកសីមាអាចឱ្យយេីងកំណត់អាយុកាលទួលវិហារនេះទៅអំឡុងសតវត្សរ៍ទី១៤ ដល់ទី១៦ ដូច្នេះ ព្រះវិហារពុទ្ធសាសនាថេរវាទបុរាណនេះ គេកសាងនៅក្នុងបរិវេណប្រាសាទដែលឧទ្ទិសទៅដល់អាទិទេពធំនៃព្រហ្មញ្ញសានា គឺព្រះវិស្ណុ ឬព្រះនារាយណ៍។ បណ្ឌិតរូបនេះបញ្ជាក់ទៀតថា តាមការស្រាវជ្រាវពីមុនបង្ហាញថា នៅក្នុងបរិវេណប្រាសាទអង្គរវត្ត គឺជាកូនក្រុងមួយរបស់រាជធានីអង្គរ ដូច្នេះហើយទើបខ្មែរយើងអ្នកសៀមរាបហៅថា «អង្គរតូច»។ កូនក្រុងនេះ មានប្រព័ន្ធទួល ស្រះ និងផ្លូវខ្វាត់ខ្វែងជាក្រឡាចត្រង្គនៅក្នុងបរិវេណប្រាសាទអង្គរវត្ត។ ប្រសិនជាមើលតាមស្នាមក្រឡាចត្រង្គរបស់ក្រុងនេះ យើងឃើញថា ទួលព្រះវិហារធ្វើនៅលើទួលដែលធ្លាប់ជាទួលផ្ទះមានមនុស្សរស់នៅតាំងពីសតវត្សរ៍ទី១២មកម៉្លេះ។ ដូច្នេះហើយ អ្នកស្រាវជ្រាវចម្រុះស្ថាប័នចង់ដឹងថា តើទីតាំងមនុស្សរស់នៅកន្លែងនេះ អាចបន្សល់នូវភស្តុតាងអ្វីខ្លះទាក់ទងជាមួយនិងការផ្លាស់ប្តូរសាសនាពីព្រហ្មញ្ញ និងពុទ្ធសាសនាមហាយានទៅជាពុទ្ធសាសនាថេរវាទនៅចុងសម័យអង្គរ ដែលស្រុកខ្មែរកំពុងតែប្រតិបត្តិរហូតមកដល់សព្វថ្ងៃនេះ?

គេដឹងថា ជាយូរមកហើយអ្នកភូមិ អ្នកក្រុងអង្គរ ធ្លាប់គោរពបូជាលទ្ធិព្រហ្មញ្ញសាសនា ដូច្នេះ សំណួរពីក្រុមអ្នកស្រាវជ្រាវគឺថា តើខឿនព្រះវិហារព្រះពុទ្ធសាសនានៅក្នុងបរិវេណប្រាសាទអង្គរវត្តនេះ គេធ្វើឡើងដើម្បីអ្វី? សម្រាប់អ្នកណា? ឬមួយក៏នៅអំឡុងសតវត្សរ៍ទី១៣-១៤ ទីក្រុងអង្គរបានដូរពីការគោរពព្រហ្មញ្ញសាសនាមកកាន់ពុទ្ធសាសនាថេរវាទនៅក្នុងពេលដែលទីក្រុងអង្គរនៅមានប្រជាជនរស់នៅច្រើននៅឡើយនោះ? ឬព្រះវិហារនេះគេកសាងនៅសម័យក្រោយនាសតវត្សរ៍ទី១៦ នៅពេលដែលព្រះអង្គច័ន្ទយាងមកក្រុងអង្គរវិញ?

លោកបណ្ឌិត ហេង ពិភាល ឱ្យដឹងទៀតថា តាមការស្រាវជ្រាវព្រះវិហារបុរាណនៃពុទ្ធសាសនាថេរវាទដែលនៅជិតប្រាង្គប្រាសាទអង្គរវត្តនេះ ត្រូវគេទុកចោលយូរធ្វើឱ្យមានខូចខាតនូវរចនាសម្ពន្ធអស់ ព្រមទាំងមានដីចាក់បង្គរដែលលប់ពីលើវិហារនេះស្ទើរទាំងស្រុងទើបយើងពុំដឹងថា តើព្រះវិហារនោះគេសាងសង់ពីអ្វីខ្លះ? រូបរាងយ៉ាងម៉េច? តើមានកម្រាលថ្មឬអត់? តើធ្លាប់មានអ្វីខ្លះនៅទីតាំងនេះ? ក្រុមអ្នកស្រាវជ្រាវមានគោលបំណងធំ គឺប្រមូលយកសំណាកធ្យូង និងសំណាកអរហ្គានិកផ្សេងៗនៅបាតរណ្តៅកំណាយយកទៅវិភាគកំណត់អាយុកាលទៅតាមកាបូន១៤។ កាលណាគេរកឃើញធ្យូងឬឆ្អឹងសត្វយកទៅវិភាគនោះ គេនឹងអាចដឹងថា តើព្រះវិហារបុរាណនៃពុទ្ធសាសនាថេរវាទដែលសាងសង់នៅលើទួលបុរាណនោះ កើតមានតាំងពីជំនាន់ណា?

ក្រុមអ្នកស្រាវជ្រាវ ឱ្យដឹងថានៅបរិវេណនៃប្រាសាទអង្គរវត្ត គេឃើញមានស្លាកស្នាមខឿនព្រះវិហារនៃពុទ្ធសាសនាថេរវាទសម័យបុរាណចំនួន២ គឺទី១នៅទិសនិរតី និងមួយទៀតនៅទិសពាយ័ព្យ ដែលបច្ចុប្បន្ននៅមានសំណង់បុស្បុកតម្កល់ព្រះពុទ្ធមួយអង្គ៕

អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក ហ៊ាប់ គឹមអាន

អត្ថបទទាក់ទង