ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល​ជាមួយប្រតិភូកីឡាកម្ពុជា មុនចូលរួមប្រកួតស៊ីហ្គេម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 45

នៅល្ងាចថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ដល់គណៈប្រតិភូ​កីឡា​កម្ពុជា ហើយតែងតែជួបសំណេះសំណាល និងផ្តល់អនុសាសន៍ផ្សេងៗមុននឹងពួក​គេ​ចេញប្រកួតស៊ីហ្គេម។ ដូចនឹងបណ្តាការប្រកួតនាពេលកន្លងទៅដែរ នៅឆ្នាំ​២០​២៣​នេះ ទោះបីការប្រកួតត្រូវបានរៀបចំឡើងនៅកម្ពុជាយ៉ាងណាក្តី ក៏សម្តេច​តេជោ ​​ឆ្លៀតជួបសំណេះសំណាលដោយផ្ទាល់ ដើម្បីបានផ្តល់ដំបូន្មាន និង​អនុសាសន៍​ ក៏ដូចជាផ្តល់ការលើកកម្លាំងចិត្តដល់កីឡាករ កីឡាការិនី អត្តពលិក ក៏ដូចជាគណៈប្រតិភូកីឡាទាំងមូល។

ក្នុងឱកាសជួបសំណេះសំណាល​ជាមួយប្រតិភូកីឡាកម្ពុជា មុនចូលរួមប្រកួតស៊ីហ្គេម សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណ១ម៉ោង,​ ខាងក្រោមខ្លឹមសារសំខាន់ៗ៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិមានសន្តិភាព គឺជាកន្លែងសាងសង់ឡើង ដើម្បីជំនួបកម្រិតខ្ពស់ តែថ្ងៃនេះបានទទួលគណៈប្រតិភូជូនដំណើរទៅកាន់ទីលានប្រកួតស៊ីហ្គេម។
  2. សម្តេចតេជោ ហ៊ុន សែន​ បានថ្លែងថា វិមានសន្តិភាពនេះ មិនមែនសាងសង់ឡើង ដើម្បីតែសម្តេចធ្វើការនោះទេ តែនឹងសម្រាប់រាជរដ្ឋាភិបាលគ្រប់ជំនាន់។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ដែលបានយាងប្រទានព្រះអគ្គិជ័យកីឡា នៅខេត្តសៀមរាបនាពេលកន្លងទៅ។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍ដង្ហែព្រះអគ្គីជ័យកីឡា ប្រៀបដូចជាពិធីបុណ្យរបស់ជាតិ។
  5. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិប្រកួតស៊ីហ្គេម ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានខិតខំរៀបចំ​ការប្រកួតបាន​គ្រប់ជ្រុងជ្រោយ។
  6. សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទលេខទូរស័ព្ទមួយចំនួន ដែលរុញព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយទៅសម្តេច ពាក់ព័ន្ធការផ្តល់សំបុត្រសម្រាប់អ្នកទស្សនាបាល់ទាត់។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលដៅរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម មិនមែនដើម្បីលុយនោះទេ។ គោលដៅរបស់កម្ពុជា ទៅវែងឆ្ងាយលើសពីលុយ។
  8. សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពីមុនគេស្គាល់កម្ពុជា ទាល់តែនិយាយពីរបបកាប់ស្លាប់ ប៉ុល ពត។ តែពេលនេះ គេស្គាល់កម្ពុជាតាមរយៈផលិតផល ហើយត្រូវចាប់ឱកាសប្រកួតស៊ីហ្គេម ឱ្យគេស្គាល់កម្ពុជា។
  9. សម្តេចតេជោ ហ៊ុន សែន បង្ហាញការរីករាយ និងពេញចិត្តចំពោះកីឡាករ កីឡាការិនីតំណាងជាតិរបស់ខ្មែរ ដែលកើតនៅបរទេស តែបានចូលរួមប្រកួតតំណាងឱ្យជាតិ។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកសកម្មភាពនេះ បង្ហាញឱ្យឃើញពីការចូលរួមលើកកម្ពស់កិត្តិនាមរបស់ជាតិ។
  10. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យយកចិត្តទុកដាក់ទៅលើម្ហូបហាឡាល់ សម្រាប់កីឡាករ កីឡាការិនីមកពីប្រទេសកាន់សាសនាមូស្លីម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជ្រុលតែចំណាយហើយ ត្រូវគិតគូរឱ្យបានច្បាស់លាស់ ទោះត្រូវចំណាយបន្ថែមក៏ចំណាយដែរ។
  11. សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបទៅព័ត៌មាននៅម៉ាឡេស៊ីថា កុំបារម្ភរឿងស្ទះចរាចរណ៍សម្រាប់ប្រតិភូកីឡា។ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យសារព័ត៌មានបំភ្លឺលើការផ្សាយរបស់ខ្លួន។
  12. សម្តេចតេជោ ហ៊ុន សែន បានស្នើទៅអ្នកដែលទទួលសំបុត្រហើយ កុំបោះបង់ចោលការចូលរួមទស្សនា។
  13. សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋបន្តរក្សាសណ្តាប់ធ្នាប់ មិនត្រូវផ្លោះរបងចូលទស្សនាការប្រកួតនោះទេ។
  14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានសំបុត្រ សូមទៅទស្សនាតាមស្លាយដែលដាក់តាមទីតាំងសាធារណៈនានា។
  15. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនបារម្ភលើបច្ចេកទេសប្រកួតនោះទេ តែអ្វីដែលកីឡាករ កីឡាការិនី ត្រូវគោរពឱ្យបាននោះ គឺក្រមសីលធម៌នៃការប្រកួត។
  16. សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ស្ថានីយទូរទស្សន៍នានា រួមគ្នាផ្សព្វផ្សាយឱ្យបានផុលផុសព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម។
  17. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកួតមិនគោរពតាមក្រិតក្រមវិន័យ និងក្រមសីលធម៌ គឺធ្វើឱ្យយើងចាញ់ផ្ទួន។
  18. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យដល់កីឡាករ កីឡាការិនី ចៀសវាងការប្រើប្រាស់សារធាតុញៀន។
  19. សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើកីឡាករ កីឡាការិនី ពេលប្រកួតត្រូវតែតបត មិនមែនចាំបាច់តែរងនោះទេ។
  20. សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកកីឡាករ កីឡាការិនីថា ទោះចាញ់ ឬឈ្នះ ត្រូវតែកសាងមិត្តជាមួយដៃគូរបស់ខ្លួន។ សម្តេចតេជោរំពឹងថា កីឡាករ កីឡាការិនី កសាងមិត្តភាពឱ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន។
  21. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យលោក ម៉ៃ សុគន្ធ ចេញសារសូមទោសលោក ហុងដា។ សម្តេចតេជោ ហ៊ុន សែន ណែនាំកុំឱ្យមានការប្រតិកម្មចំពោះកីឡាករ ប៊ូខាវ។
  22. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណលោក ស៊ី ជិនពីង ប្រធានាធិបតីចិន ដែលបានជួយសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ តម្លៃប្រមាណ ១៥០លានដុល្លារអាមេរិក។
  23. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាសំណាងល្អ ដែលកម្ពុជាគ្រប់គ្រងជំងឺកូវីដ១៩ ដោយជោគជ័យ ធ្វើឱ្យកម្ពុជាមានលទ្ធភាពរៀបចំការប្រកួតស៊ីហ្គេម។
  24. សម្តេចតេជោ ហ៊ុន សែន មានក្តីរំពឹងថា ប្រទេសដែលរៀបចំស៊ីហ្គេមក្រោយៗ អាចអនុគ្រោះមិនយកលុយពីប្រតិភូកីឡារបស់កម្ពុជាវិញ។ តែសម្តេចមិនទាមទារនោះទេ។
  25. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើកម្ពុជាមានសេដ្ឋកិច្ចរីកចម្រើន សម្តេចនឹងផ្តល់ជំនួយប្រទេសនានាឱ្យបានច្រើន។
  26. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលមិនរៀបចំបុណ្យអ៊ុំទូកគេថារាជរដ្ឋាភិបាលអត់លុយ ពេលកម្ពុជាមិនយកលុយពីគណៈប្រតិភូកីឡាគេក៏រិះគន់ទៀត។
  27. សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភគណៈប្រតិភូកីឡាស៊ីហ្គេមម្នាក់ៗ ៥០០ដុល្លារ៕

Fresh News

អត្ថបទទាក់ទង