ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញស្រាវជ្រាវបុរាណវិទ្យា»

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 42
អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញស្រាវជ្រាវបុរាណវិទ្យា» អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញស្រាវជ្រាវបុរាណវិទ្យា»

អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញស្រាវជ្រាវបុរាណវិទ្យា» ក្នុងគោលបំណងពង្រឹងសមត្ថភាពន្ថែមលើជំនាញស្រាវជ្រាវបុរាណវិទ្យាដល់មន្រ្តី-បុគ្គលិក និងកម្មករឱ្យមានជំនាញលើការស្រាវជ្រាវវិធីសាស្រ្តក្នុងការរៀបចំទុកដាក់ភស្តុតាងបានពីកំណាយប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។

មន្រ្តី-បុគ្គលិក និងកម្មករជំនាញដែលចូលរួមវគ្គបណ្តុះបណ្តាលនេះ មានចំនួន៣៧នាក់ ផ្តោតលើមាតិកាសំខាន់ៗដូចជា ទី១.សារសំខាន់បុរាណវិទ្យាចំពោះការស្វែងយល់ពីប្រវត្តិសាស្រ្ត ទី២.វិធីមើលស្រទាប់ដីក្នុងការសិក្សាបុរាណវិទ្យា ទី៣៖ សារសំខាន់ស្រទាប់ដីក្នុងការសិក្សាបុរាណវិទ្យា ទី៤.ចុះសិក្សាផ្ទាល់នៅការដ្ឋានកំណាយសំខាន់ៗនៅក្នុងតំបន់អង្គរ វិធីធ្វើកំណាយ របៀបកត់ត្រាស្រទាប់ដី និងថតរូប និងទី៥.សារសំខាន់នៃកំណាយបុរាណវិទ្យា និងបុរាណវត្ថុដែលប្រទះឃើញ។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ និងតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា អញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលនេះ មានប្រាសាសន៍ថា បើទោះបីវគ្គបណ្តុះបណ្តាលនេះមានរយៈពេលខ្លី តែបានផ្តល់ជាគន្លឹះយ៉ាងសំខាន់បន្ថែមទៀតសម្រាប់មន្រ្តី-បុគ្គលិកផ្នែកបុរាណវិទ្យា និងកម្មករជំនាញដែលធ្វើការផ្ទាល់នៅតាមការដ្ឋាន និងបានសិក្សានូវទ្រឹស្តីបន្ថែមដើម្បីបំពេញការងារកាន់តែមានប្រសិទ្ធភាពត្រឹមត្រូវតាមស្តង់ដារតែមួយ។ ជាពិសេស អ្នកដែលធ្វើការផ្ទាល់នៅតាមប្រាសាទមានស្លាកសញ្ញាព័ត៌មានផ្សេងៗ។ ដូច្នេះ វគ្គបណ្តុះបណ្តាលនាពេលនេះ ប្រៀបបានការបន្ថែមចំណេះដឹងឱ្យបានដឹងពីសញ្ញាណទូទៅនៃបុរាណវិទ្យា និងសញ្ញាណទូទៅនៃប្រវត្តិសាស្រ្ត។

សូមជម្រាបថា អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ចំពោះការបណ្តុះបណ្តាលធនធានមនុស្សជាច្រើនជំនាញដល់មន្ត្រី-បុគ្គលិក ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងចំណេះដឹងក្នុងកិច្ចការអភិរក្ស ជួសជុសបុរាណដ្ឋានក្នុងតំបន់អង្គរឱ្យកាន់តែប្រសើរឡើង ដោយមានទាំងគ្រូជំនាញជាតិ និងអន្តរជាតិមកបង្រៀន។ លើសពីនោះ ក្រៅពីយកចិត្តទុកដាក់លើការអភិរក្ស និងជួសជុល ក៏មានបង្រៀនជំនាញសង្គ្រោះបឋមដល់ភ្នាក់ងារទេសចរណ៍ ដើម្បីជួយសង្គ្រោះដល់ភ្ញៀវទេសចរ ដែលមកទស្សនានៅក្នុងតំបន់អង្គរឱ្យមានភាពកក់ក្តៅ និងសុវត្ថិភាព៕

អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក ភោគ ជា

អត្ថបទទាក់ទង