ខ្មែរប៉ុស្ដិ៍ Close

នៅក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ប្រទេសភាគច្រើននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ឈរនៅខាងទីក្រុងប៉េកាំង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 37
នៅក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ប្រទេសភាគច្រើននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ឈរនៅខាងទីក្រុងប៉េកាំង នៅក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ប្រទេសភាគច្រើននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ឈរនៅខាងទីក្រុងប៉េកាំង

ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi មកកាន់កោះតៃវ៉ាន់នៅក្នុងខែនេះ បានជំរុញឱ្យប្រទេសចិនធ្វើសមយុទ្ធយោធាដែលគេមិនបានរំពឹងទុក នៅជុំវិញគ្រប់ទិសនៃដែនកោះនេះ ហើយថែមទាំងមានការបាញ់គ្រាប់មីស៊ីលរំលងកោះ និងការចាត់វិធានការបែបកំរោលជាច្រើនទៀតផង។

ភាពតានតឹងកាន់តែក្តៅនៅក្នុងច្រកសមុទ្រតៃវ៉ាន់ខាងលើក៏បានជម្រុញឱ្យបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកចេញមកប្រកាសគាំទ្រយ៉ាងច្រើនលើសលប់ចំពោះ «គោលនយោបាយចិនតែមួយ» របស់ទីក្រុងប៉េកាំង ពោលគឺ «កោះតៃវ៉ាន់គឺជាផ្នែកមួយនៃចិនដីគោក»

ទោះជាបែបនោះក្តី ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi គឺជាការបញ្ជាក់យ៉ាងច្បាស់ៗដូចគ្នាដែរថា ប្រទេសជាសម្ព័ន្ធមិត្តសំខាន់ៗរបស់អាមេរិកនឹងធ្វើការគាំទ្រយ៉ាងមុតមាំដល់បុព្វហេតុរបស់តៃវ៉ាន់ ពិសេសនៅចំពេលដែលកោះនេះកំពុងតែប្រឈមមុខនឹងសង្គ្រាមដ៏ធំ ហើយទីក្រុងប៉េកាំងក៏បានបញ្ចេញអាកប្បកិរិយាដ៏កំរោលដើម្បីកុំឱ្យប្រទេសផ្សេងៗលូកដៃចូលមកខ្វល់ខ្វាយចំពោះរឿងនេះ។

ប្រទេសដែលបានចេញមុខគាំទ្រយ៉ាងពេញទំហឹងចំពោះកោះតៃវ៉ាន់រួមមាន ជប៉ុន និង អូស្ត្រាលី។ ដោយបានរួមគ្នាជាមួយសហរដ្ឋអាមេរិក ប្រទេសទាំងពីរនេះបានចេញសេចក្តីថ្លែងការណ៍រួមមួយនៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីសម្តែងនូវក្តីកង្វល់របស់ពួកគេចំពោះ «សកម្មភាពរបស់ប្រទេសចិននៅពេលថ្មីៗនេះ ដែលបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាពនិងស្ថិរភាពអន្តរជាតិ និងបានជំរុញឱ្យទីក្រុងប៉េកាំងបញ្ឈប់នូវការធ្វើសមយុទ្ធយោធានោះភ្លាមៗ»។

សេចក្តីថ្លែងការណ៍ខាងលើក៏បានធ្វើការកត់សម្គាល់ទៀតថា «អូស្ត្រាលី ជប៉ុន និង សហរដ្ឋអាមេរិក មិនបានផ្លាស់ប្តូរគោលជំហររបស់ពួកគេចំពោះគោលនយោបាយចិនតែមួយនោះទេ» ខណៈដែលគោលនយោបាយនេះ មិនដែលត្រូវបានប្រទេសទាំង ៣ ខាងលើយកចិត្តទុកដាក់នោះឡើយ។

ប្រទេសជាសម្ព័ន្ធមិត្តដ៏សំខាន់មួយទៀតរបស់សហរដ្ឋអាមេរិក គឺកូរ៉េខាងត្បូង បានជ្រើសរើសយកវិធីសាស្ត្រខុសប្លែកពីគេ។ បន្ទាប់ពីធ្វើដំណើរទស្សនកិច្ចទៅកោះតៃវ៉ាន់ លោកស្រី Pelosi ត្រូវបន្តដំណើរទៅចុះសំចតនៅទីក្រុងស៊េអ៊ូល ប៉ុន្តែប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានអះអាងថា លោកកំពុងតែឈប់សម្រាក ហើយបានជ្រើសរើសយកវិធីសាស្ត្រនៃការទាក់ទងតាមទូរសព្ទជាមួយលោកស្រីជំនួសវិញ ដែលសកម្មភាពនេះត្រូវបានមនុស្សមួយចំនួនបកស្រាយថា «ជាការព្រងើយកន្តើយ»

គេមិនបានឃើញប្រទេសកូរ៉េខាងត្បូវចេញនូវសេចក្តីថ្លែងការណ៍ផ្លូវការណាមួយពាក់ព័ន្ធនឹងកោះតៃវ៉ាន់នោះទេ។ នៅពេលសុំការអត្ថាធិប្បាយ មន្ត្រីមកពីវិមានប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូងម្នាក់បានជំរុញឱ្យមាន «ការប្រាស្រ័យទាក់ទងគ្នាជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ» ដោយពុំបានលើកឡើងចំឈ្មោះប្រទេសចិន ឬកោះតៃវ៉ាន់នោះឡើយ។ ការមិនចេញសេចក្តីថ្លែងការណ៍នេះ គឺប្រៀបដូចជាការលម្អៀងទៅខាងទីក្រុងប៉េកាំង និងមិនបានផ្តល់នូវការគាំទ្រដល់កោះតៃវ៉ាន់អញ្ចឹងដែរ។

ដូចគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Park Jin បានធ្វើការកត់សម្គាល់ថា «ជម្លោះភូមិសាស្ត្រនយោបាយកាន់តែធំនៅច្រកសមុទ្រតៃវ៉ាន់ អាចបង្កឱ្យមានការរាំងស្ទះដល់ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចនៅក្នុងតំបន់ និងអាចបង្កឱ្យមានផលប៉ះពាល់កាន់តែច្រើនឡើងៗ និងជាផលអវិជ្ជមានមកលើឧបទ្វីបកូរ៉េ»។ នៅមួយសប្តាហ៍ក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ និងប្រទេសកូរ៉េខាងត្បូង លោក Park Jin បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនជាលើកដំបូង ដែលនេះគឺជាការបង្ហាញថាទីក្រុងស៊េអ៊ូលមិនចង់ធ្វើឱ្យមានភាពរង្គោះរង្គើរនៅក្នុងទំនាក់ទំនងជាមួយទីក្រុងប៉េកាំងនៅមុនពេលការចូលចាប់ដៃគ្នាដ៏សំខាន់នេះទេ។

ដោយសារតែដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកោះតៃវ៉ាន់បានកើតឡើងនៅក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងប្រទេសកម្ពុជា អាស៊ានអាចចេញសេចក្តីថ្លែងការណ៍យ៉ាងលឿន «ដើម្បីបញ្ជាក់អំពីជំហរគាំទ្ររបស់រដ្ឋជាសមាជិកអាស៊ានចំពោះគោលនយោបាយចិនតែមួយ» ខណៈកោះតៃវ៉ាន់មិនត្រូវបានគេលើកយកមកនិយាយទាល់តែសោះ។

រដ្ឋជាសមាជិកអាស៊ានជាច្រើន ក៏បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកៗផងដែរ ដោយគ្មានប្រទេសណាមួយបានផ្តល់ការគាំទ្រដល់ស្ថានការណ៍បង្កហេតុរបស់កោះតៃវ៉ាន់នោះទេ។

ប្រទេសឥណ្ឌូណេស៊ីបានអំពាវនាវឱ្យភាគីទាំងអស់ «ចៀសវាងសកម្មភាពបង្កហេតុ» ដោយបានបន្ថែមថា «ឥណ្ឌូណេស៊ីនៅតែបន្តគោរពចំពោះគោលនយោបាយចិនតែមួយ»។

ប្រទេសសិង្ហបុរីសង្ឃឹមថា «អាមេរិកនិងចិន អាចស្វែងរកកិច្ចព្រមព្រៀងមួយ, រក្សាភាពស្វ័យអត់ធ្មត់ និងចៀសវាងនូវសកម្មភាពណាមួយដែលនឹងបង្កើនភាពតានតឹងបន្ថែមទៀត»។

ប្រទេសវៀតណាមដែលជាប្រទេសដៃគូក្នុងតំបន់ដ៏សំខាន់របស់សហរដ្ឋអាមេរិក បានប្រកាន់ខ្ជាប់ទៅនឹងខ្លឹមសារនៃសេចក្តីថ្លែងការណ៍មុនៗរបស់ខ្លួន ដោយបានកត់សម្គាល់ថា «វៀតណាមនៅតែបន្តអនុវត្តនូវគោលនយោបាយចិនតែមួយ និងសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់នឹងរក្សានូវភាពអត់ធ្មត់ ចៀសវាងធ្វើសកម្មភាពដែលបង្កឱ្យមានការបង្កើនកម្តៅដល់ស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់ ហើយភាគីទាំងអស់គួររួម ចំណែកឱ្យបានសកម្មដល់ការថែរក្សាសន្តិភាព និងស្ថិរភាព»។

ប្រទេសម៉ាឡេស៊ីនិងថៃ បានចេញនូវសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះដែរ ដោយពួកគេបានមិនបានផ្តល់នូវការគាំទ្រចំពោះកោះតៃវ៉ាន់នោះទេ។

មានរដ្ឋជាសមាជិកអាស៊ានមួយដែលបានជ្រើសយកវីធីសាស្ត្រខុសពីគេ នោះគឺប្រទេសហ្វីលីពីនដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាជាមួយសហរដ្ឋអាមេរិក ហើយក៏ជាប្រទេសដែលកំពុងមានជម្លោះជាចំហជាមួយប្រទេសចិនចំពោះការទាមទារដែនសមុទ្រ នៅសមុទ្រចិនខាងត្បូង។

នៅពេលរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ទៅបំពេញទស្សនកិច្ចនៅទីក្រុងម៉ានីលកាលពីដើមខែសីហា ក្រោយចូលរួមក្នុងកិច្ចប្រជុំអាស៊ាន លោកបានជួបជាមួយប្រធានាធិបតីថ្មី Ferdinand Marcos Jr. ។ លោក Marcos បានធ្វើការកត់សម្គាល់ថា «វិបត្តិតៃវ៉ាន់គឺជាឱកាសមួយសម្រាប់បង្ហាញនូវការពិតនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងហ្វីលីពីន។ ខ្ញុំសង្ឃឹមថា យើងនឹងបន្តពង្រីកទំនាក់ទំនងនេះ នៅពេលដែលស្ថានភាពកំពុងតែមានការប្រែប្រួល ដែលយើងកំពុងតែមើលឃើញនៅពេលនេះ»។

ទន្ទឹមនោះដែរ ប្រទេសឥណ្ឌាបានក្លាយជាករណីដ៏គួរឱ្យចាប់អារម្មណ៍ជាខ្លាំង។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S. Jaishankar បាននិយាយថា ទីក្រុងញ៉ូវដេលីនឹងធ្វើការវាយតម្លៃ និងឃ្លាំមើលចំពោះផលប៉ះពាល់ផ្សេងៗដែលអាចកើតមានមកលើប្រទេសឥណ្ឌា ហើយទីក្រុង New Delhi សូមធ្វើការបដិសេធចំពោះប្រយោគ «ចិនតែមួយ» និងជំនួសវិញដោយការលើកឡើងថា «គោលនយោបាយពាក់ព័ន្ធរបស់ប្រទេសឥណ្ឌាត្រូវបានគេស្គាល់ច្បាស់ និងមានលក្ខណៈស៊ីសង្វាក់ ហើយមិនតម្រូវឱ្យមានការបញ្ជាក់ឡើងវិញនោះទេ»។

ការលើកឡើងដ៏សោះកក្រោះរបស់ទីក្រុង New Delhi ខាងលើ អាចប្រហែលមកពីប្រទេសឥណ្ឌាមានជម្លោះផ្ទាល់ខ្លួនជាមួយចិននៅតាមបណ្តោយព្រំដែនគោករបស់ពួកគេ ហើយកាលពីខែឧសភា ឆ្នាំ ២០២០ តំបន់នោះក៏កើតមានការប៉ះទង្គិចគ្នាដ៏ប្រល័យបំផុត ដែលពុំធ្លាប់កើតមាននៅក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះផងដែរ។

លើសពីនេះទៅទៀត នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងមិនផ្លូវការរបស់ប្រទេសឥណ្ឌាជាមួយកោះតៃវ៉ាន់បានរីកលូតលាស់ច្រើន ជាពិសេសនៅក្នុងផ្នែកសេដ្ឋកិច្ច ដែលនេះគឺជាការបង្ហាញថា ទីក្រុង New Delhi កំពុងស្វះស្វែងបង្កើតកាយវិការអរិភាពជាមួយទីក្រុងប៉េកាំងហើយ។

ទោះជាបែបនោះក្តី ប្រទេសឥណ្ឌាក៏បានជ្រើសរើសមិនចូលរួមចុះហត្ថលេខានៅលើសេចក្តីថ្លែងការណ៍ត្រីភាគីរវាងប្រទេសអូស្ត្រាលី ជប៉ុន និងអាមេរិកនោះដែរ បើទោះបីជាប្រទេសទាំង ៤ នេះសុទ្ធតែបានចូលរួមនៅក្នុងក្រុមប្រទេសចតុភាគី (Quad) ដែលគោលបំណងក្រៅផ្លូវការរបស់ពួកគេ គឺដើម្បីទប់ទល់នឹងប្រទេសចិនក៏ពិតមែន។ សកម្មភាពនេះហាក់បានបង្ហាញថា ទីក្រុង New Delhi នៅតែចង់រក្សានូវសុច្ឆន្ទៈខ្លះជាមួយទីក្រុងប៉េកាំង។

នៅទូទាំងតំបន់អាស៊ីខាងត្បូង គេមិនបានប្រទះសញ្ញានៃការគាំទ្រចំពោះកោះតៃវ៉ាន់នោះទេ គឺមានតែការគាំទ្រចំពោះប្រទេសចិនប៉ុណ្ណោះ។

ប្រទេសប៉ាគីស្ថានដែលជាបងប្អូនដែកថែបរបស់ទីក្រុងប៉េកាំង បានលើកឡើងទៅតាមអ្វីដែលជាការយល់ឃើញរបស់ប្រទេសចិន ទៅលើសារៈសំខាន់នៃ «ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសអធិបតេយ្យ» ពោលគឺគួរទុកឱ្យប្រទេសចិនសម្រេចទៅលើផែនការរបស់ខ្លួនចំពោះកោះតៃវ៉ាន់។ ស្រដៀងគ្នានេះដែរ ប្រទេស Bangladesh, Maldives, Nepal, និង Sri Lanka បានគោរពចំពោះសិទ្ធិរបស់ទីក្រុងប៉េកាំងនៅក្នុងវិបត្តិនេះ។

ចំណែកបណ្តាប្រទេសប្រជុំកោះប៉ាស៊ីហ្វិកវិញ បានរក្សានូវភាពស្ងប់ស្ងាត់ចំពោះវិបត្តិនេះ។ មានករណីលើកលែងមួយគឺប្រទេស Vanuatu ដែលបានចេញមកធ្វើការកត់សម្គាល់ថា «ប្រទេស Vanuatu សូមបញ្ជាក់សារជាថ្មីថា កោះតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចបំបែកបាននៃទឹកដីរបស់ប្រទេសចិន»។

អ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺមានប្រទេសដែលជាដៃគូការទូតតែមួយគត់ក្នុងចំណោមប្រទេសជាដៃគូការទូតដែលនៅសេសសល់ចំនួន ៤ នៅក្នុងតំបន់នោះ ដែលបានចេញមកសម្តែងនូវការគាំទ្រចំពោះទីក្រុងតៃប៉ិ នៅពេលកន្លងមកនេះ។

ប្រទេស Marshall Islands បាននិយាយថា ប្រទេសខ្លួននៅតែជាមិត្ត និងជាសម្ព័ន្ធមិត្តដ៏ពិតប្រាកដរបស់កោះតៃវ៉ាន់ ហើយពួកគេបានធ្វើការថ្កោលទោសចំពោះសកម្មភាពយោធានៅពេលថ្មីៗនេះនៅច្រកសមុទ្រតៃវ៉ាន់ ដោយពុំបានបញ្ចេញឈ្មោះប្រទេសចិនចំៗនោះទេ។

ទោះជាបែបនោះក្តី រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បានអះអាងថា ភាពជាដៃគូការទូតដែលនៅសេសសល់ទាំងអស់ចំនួន ១៤ របស់កោះតៃវ៉ាន់ ដែលក្នុងនោះមាន ៤ ប្រទេសដែលស្ថិតនៅក្នុងតំបន់ប៉ាស៊ីហ្វិក កំពុងប្រកាន់ខ្ជាប់ជាមួយកោះតៃវ៉ាន់ច្រើនជាងជាមួយចិន។ កោះតៃវ៉ាន់បានបាត់បង់ការធ្វើទំនាក់ទំនងជាមួយបណ្តារដ្ឋដែនកោះប៉ាស៊ីហ្វិកចំនួន ២ គឺ Solomon Islands និង Kiribati ដោយពួកគេបានងាកទៅរកប្រទេសចិននៅក្នុងឆ្នាំ ២០១៨ ដែលនេះគឺជាបញ្ហាដែលធ្វើឱ្យការងារផ្នែកការទូតកាន់តែមានក្តីកង្វល់បន្ថែមទៀត។

ប្រទេសញូហ្សេលែន ជាដៃគូដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិកនៅតំបន់ប៉ាស៊ីហ្វិក ហើយតែងតែបង្ហាញនូវភាពទន់ភ្លន់ចំពោះប្រទេសចិននោះ ក៏បានចូលរួមបញ្ចេញយោបល់ផងដែរចំពោះវិបត្តិនេះ។ នៅពេលរដ្ឋមន្ត្រីការបរទេសរបស់ញូហ្សេលែន លោកស្រី Nanaia Mahuta បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នៅខាងក្រៅកិច្ចប្រជុំអាស៊ាន លោកស្រីបានគូសបញ្ជាក់នូវ «សារៈសំខាន់នៃការបន្ថយកម្តៅតានតឹង និងសារៈសំខាន់នៃកិច្ចការទូត និងការសន្ទនា» ប៉ុន្តែពុំបានគូសបញ្ជាក់នូវគោលនយោបាយ «ចិនតែមួយ ឬការគាំទ្រចំពោះកោះតៃវ៉ាន់នោះទេ»។

នៅប៉ុន្មានថ្ងៃមុននោះ មុនពេលមានវិបត្តិកើតឡើង នាយករដ្ឋមន្ត្រីញូហ្សេលែន លោកស្រី Jacinda Ardern បានថ្លែងសុន្ទរកថាមួយស្តីអំពីប្រទេសចិន ដោយលោកស្រីបាននិយាយថា «កិច្ចសហប្រតិបត្តិការនឹងបន្តកើតមានជាមួយទីក្រុងប៉េកាំង បើទោះបីជាទីក្រុងប៉េកាំងកាន់តែបង្ហាញពីការឈ្លានពានក្តី»។ ផែនការក្នុងការធ្វើដំណើរនៅពេលខាងមុខរបស់លោកស្រីនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសចិន ប្រហែលជាអាចនឹងក្លាយជាការសុំការអភ័យទោសពីសំណាក់ទីក្រុង Wellington។

ជារួម មានប្រទេសមួយចំនួននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមិនបានចេញសេចក្តីថ្លែងការណ៍ ឬបានបង្កើនការគាំទ្ររបស់ពួកគេចំពោះទីក្រុងប៉េកាំង។

ប្រទេសម៉ុងហ្គូលី មិនទាន់បានធ្វើសេចក្តីថ្លែងការណ៍ណាមួយ ចំពោះការកើនឡើងនៃភាពតានតឹងរវាងអាមេរិកនិងចិនទៅលើកោះតៃវ៉ាន់នៅឡើយទេ បើទោះបីជាទីក្រុងប៉េកាំងបានអះអាងថា ម៉ុងហ្គូលីបានទទួលយក «គោលនយោបាយចិនតែមួយ»ហើយ ក៏ដោយ។ ប្រទេសកូរ៉េខាងជើង និងរបបសឹកនៅមីយ៉ាន់ម៉ា ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ចិនបានសម្តែងនូវការគាំទ្ររបស់ពួកគេចំពោះប្រទេសចិន និងបានធ្វើការស្តីបន្ទោសចំពោះសហរដ្ឋអាមេរិក ដែលបានបង្កឱ្យមានបញ្ហានៅក្នុងតំបន់។

ទោះបីជាប្រទេសចិនកំពុងស្វែងរកការគាំទ្រពីសំណាក់បណ្តាប្រទេសនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ឱ្យបានច្រើនបំផុតដល់បុព្វហេតុរបស់ខ្លួនក៏ដោយ ក៏នៅមានប្រទេសមួយចំនួនដូចជា ជប៉ុន អូស្ត្រាលី និង ឥណ្ឌា កំពុងសម្តែងនូវការគាំទ្រចំពោះកោះតៃវ៉ាន់ដោយផ្ទាល់ ឬដោយប្រយោលដែរ។

ជាធម្មតា ទីក្រុងប៉េកាំងអាចចាត់ទុកក្រុមប្រទេសទាំងនេះថាជាក្រុមប្រទេសប្រឆាំងដ៏តិចតួចនៅក្នុងចំណោមប្រទេសដែលគាំទ្រដ៏ច្រើនលើសលប់។ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺថា ប្រទេសទាំង៣ ខាងលើ រួមជាមួយសហរដ្ឋអាមេរិក គឺមិនត្រឹមតែស្ថិតក្នុងក្រុមប្រទេសចតុភាគី (Quad) នោះទេ ប៉ុន្តែពួកគេក៏ជាមហាអំណាចដ៏សំខាន់នៅក្នុងតំបន់ផងដែរ។

គេមិនអាចមើលរំលងប្រទេសទាំង៣ ខាងលើនោះទេ ហើយទីក្រុងប៉េកាំងក៏កំពុងតែពិចារណាដើម្បីធ្វើការកែសម្រួលយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់ដំណើរឆ្ពោះទៅមុខ។

ប្រសិនបើអាចធ្វើបាន ទីក្រុងប៉េកាំងពិតជាមិនចង់ឱ្យមានការបង្កើតជាសម្ព័ន្ធភាពប្រជាធិបតេយ្យដោយបើកចំហ ដើម្បីគាំទ្រចំពោះកោះតៃវ៉ាន់នោះទេ។ ការធ្វើឱ្យប្រទេសមហាអំណាចមួយចំនួនខាងលើកាត់បន្ថយការគាំទ្រចំពោះកោះតៃវ៉ាន់ នឹងក្លាយជាជ័យជម្នះដ៏ធំមួយ និងជាសញ្ញាដែលបង្ហាញថា មហិច្ឆិតារបស់ចិនចិនចំពោះការបង្រួបបង្រួមប្រទេសឡើងវិញ មិនអាចត្រូវបានគេបដិសេធទៀតនោះទេ៕

Foreign Policy