ខ្មែរប៉ុស្ដិ៍ Close

អ៊ុយក្រែនគឺជាឱកាសក្នុងការធ្វើតេស្តលើទស្សនៈវិស័យយុទ្ធសាស្ត្ររបស់ចិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 40
អ៊ុយក្រែនគឺជាឱកាសក្នុងការធ្វើតេស្តលើទស្សនៈវិស័យយុទ្ធសាស្ត្ររបស់ចិន អ៊ុយក្រែនគឺជាឱកាសក្នុងការធ្វើតេស្តលើទស្សនៈវិស័យយុទ្ធសាស្ត្ររបស់ចិន

សេចក្តីសម្រេចចិត្តរបស់អាមេរិកនិងចិន ដែលនឹងធ្វើឡើងនៅប៉ុន្មានខែខាងមុខទៀត អាចនឹងជះឥទ្ធិពលយ៉ាងខ្លាំងក្លាលើទិដ្ឋភាពនៃទំនាក់ទំនងរវាងអាមេរិកនិងចិន ក៏ដូចជាលើប្រព័ន្ធអន្តរជាតិទាំងមូលសម្រាប់រយៈពេលជាច្រើនទសវត្សរ៍ខាងមុខ។

ប្រសិនបើប្រទេសចិននៅតែបន្តងាកទៅរករុស្ស៊ីកាន់តែខ្លាំង នៅក្រោយការឈ្លានពានរបស់ប្រធានាធិបតី Vladimir Putin លើប្រទេសអ៊ុយក្រែន នោះប្រទេសចិន និងរុស្ស៊ី នឹងកាន់តែត្រូវបានគេចាត់ទុកជាសត្រូវរួមតែមួយដែលមានបំណងចង់ប្រើអំណាចដើម្បីអាចធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេចង់ធ្វើនៅក្នុងពិភពលោក។

កាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងឱកាសប្រារព្ធកីឡាអូឡាំពិកនៅទីក្រុងប៉េកាំង ប្រធានាធិបតី Xi Jinping បានសម្រេចចិត្តចេញសេចក្តីថ្លែងការណ៍រួមជាមួយលោក Putin ស្តីអំពីការរៀបចំសណ្តាប់ធ្នាប់អន្តរជាតិឡើងវិញ ហើយមេដឹកនាំទាំងពីរបានបញ្ជាក់យ៉ាងច្បាស់ថា «ទំនាក់ទំនងរវាងចិន និងរុស្ស៊ី គឺគ្មានដែនកំណត់នោះទេ»។

អ្នកវិភាគអាមេរិកជាច្រើនបានសន្និដ្ឋានថា «លោកPutin បានប្រើជំនួបនោះ ដើម្បីធានានូវការគាំទ្រពីលោក Xi ចំពោះផែនការរបស់លោកនៅអ៊ុយក្រែន» ហើយចិននិងរុស្ស៊ីប្រាកដជាត្រូវបានគេចាត់ទុកជា «សត្រូវរួមនៅក្នុងការប្រកួតប្រជែងមនោគមវិជ្ជារវាងលទ្ធិប្រជាធិបតេយ្យនិងផ្តាច់ការ»។

ការទទួលយកដោយងងឹតងងល់នូវភាពអសមត្ថភាពរបស់អាមេរិក ឬបណ្តាប្រទេសជាដៃគូក្នុងការជះឥទ្ធិពលលើផលប្រយោជន៍របស់ចិន បានបង្ហាញអំពីការបរាជ័យក្នុងការវិភាគ និងការមិនអើពើលើកិច្ចការការទូត។ ផែនការដ៏ជោគជ័យនឹងតម្រូវឱ្យមានការបើកចំហផ្លូវឱ្យមានការដោះស្រាយបញ្ហា ដែលមិនមែនជាការបិទទ្វារដំណោះស្រាយនោះទេ។

ក្រុមអ្នកធ្វើគោលនយោបាយនៅទីក្រុងវ៉ាស៊ីនតោន បានបន្តអំពាវនាវឱ្យមានការគូសបញ្ជាក់អំពីភាពស្អិតរមួតនៃភាពជាដៃគូរវាងចិននិងរុស្ស៊ី ដើម្បីឱ្យប្រទេសចិនទទួលរងនូវការខូចឈ្មោះ ដោយសារការបន្តផ្តល់ការគាំទ្រដល់ទីក្រុងម៉ូស្គូ។

វិធីសាស្ត្រនេះត្រូវបានលើកឡើងដោយផ្អែកលើការសន្និដ្ឋានចំនួន ២។

ទី១ គឺ «ចិនអាចនឹងរងនូវការអាម៉ាស់មុខ ក្នុងការផ្តាច់ខ្លួនចេញពីរុស្ស៊ី» ហើយចិនអាចនឹងងាកមកឆ្លើយ តបទៅនឹងការរិះគន់លើការរំលោភសិទ្ធិមនុស្សនៅតំបន់ Xinjiang ហើយក៏អាចនឹងកែតម្រូវសកម្មភាពរបស់ខ្លួន នៅសមុទ្រចិនខាងត្បូងផងដែរ។

ការសន្និដ្ឋានទី២ គឺ «គ្មានអ្វីអាចផ្លាស់ប្តូរការគិតរបស់ចិនចំពោះរុស្ស៊ីបានទេ»។ ហេតុដូច្នេះហើយ គោលដៅចម្បងបំផុតគឺ «ការធ្វើឱ្យចិនបាក់មុខកាន់តែខ្លាំង តាមដែលអាចធ្វើទៅបាន»។

វាដល់ពេលហើយ ដែលអ្នកការទូតអាមេរិកត្រូវធ្វើតេស្តសាកល្បងដើម្បីត្រួតពិនិត្យមើលថា «តើវិធីសាស្ត្ររបស់ចិនចំពោះរុស្ស៊ីមានភាពរឹងមាំខ្លាំងកម្រិតណា»។ ហើយវាក៏ដល់ពេលដែរក្នុងការពិនិត្យមើលថា «តើទីក្រុងប៉េកាំងពិតជាយល់ថា ផលប្រយោជន៍របស់ខ្លួននឹងត្រូវបង្កើនតាមរយៈការរុញច្រានពិភពលោកឱ្យបាក់បែកទៅជាប្លុកប្រកួតប្រជែង ២ ដោយក្នុងនោះចិននឹងដើរស្របជាមួយរុស្ស៊ី ខណៈដែលអាមេរិកនឹងបន្តពង្រឹងភាពជាដៃគូរបស់ខ្លួនជាមួយបណ្តាប្រទេសអភិវឌ្ឍផ្សេងៗទៀត»។

គោលបំណងនៃការទាញចិនឱ្យចូលមកក្នុងកិច្ចពិភាក្សាអំពីទិសដៅយុទ្ធសាស្ត្រ នៅថ្ងៃអនាគតនឹងជួយជំរុញឱ្យចិនអាចចាត់វិធានការបានមុតមាំជាងមុនដើម្បីបង្ហាញឱ្យឃើញអំពីភាពខុសគ្នារវាងសកម្មភាពឈ្លានពានរបស់រុស្ស៊ី និងផលប្រយោជន៍របស់ចិន។

ប្រទេសចិនត្រូវតែប្រឈមមុខនឹងការពិតដែលថា «ខ្លួនកំពុងបាត់បង់ឱកាសក្នុងការបង្ហាញទៅកាន់គ្រប់គ្នាថា ខ្លួនបានបន្តផ្តោតលើផលប្រយោជន៍របស់ខ្លួនជាគោល ហើយខ្លួនមិនមែនជាកូនជឹងរបស់រុស្ស៊ីនោះទេ»។

សម្ព័ន្ធភាពរបស់ចិនជាមួយរុស្ស៊ីនឹងត្រូវបានធ្វើតេស្តសាកល្បងនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀត។ ក៏ប៉ុន្តែវាអាចនឹងជួបប្រទះនឹងការលំបាក ក្នុងការធ្វើការសម្រេចចិត្តដោយឯករាជ្យលើ បញ្ហាទាំងនេះ ដោយ សារតែការគាំទ្ររបស់លោក Xi ចំពោះលោក Putin នៅក្នុងពេលថ្មីៗនេះ។ ដូច្នេះវាអាចជាពេលវេលាដ៏សមស្របមួយ ក្នុងអនុវត្តការទូតស្ងៀមស្ងាត់ (Quiet Diplomacy)។

នាយកនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក (CIA) លោក Bill Burns អាចជាបេក្ខជនដ៏សក្តិសមបំផុតក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែងនេះ។ ដោយសារលោកមានការយល់ដឹងស៊ីជម្រៅលើករណីរុស្ស៊ី និងការផ្តល់តម្លៃខ្ពស់ដល់រូបលោកពីសំណាក់ប្រទេសចិន ទស្សនៈយល់ឃើញរបស់លោកអាចនឹងត្រូវបានភាគីចិនលើកយកទៅពិចារណាយ៉ាងម៉ត់ចត់។

ព្រឹទ្ធសមាជិក Chris Coons ក៏អាចដើរតួនាទីនៅ ក្នុងការត្រួតពិនិត្យអំពីការគិតគូរផ្នែកយុទ្ធសាស្ត្ររបស់ចិនផងដែរ ដោយសារតែលោកមានជំនាញផ្នែកគោលនយោបាយការបរទេស និងមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Joe Biden ហើយលោក Coons អាចជ្រើសយកប្រធានសភាប្រជាជនចិន លោកLi Zhanshu មកធ្វើជា សមភាគីរបស់លោក។

លោក Li ស្ថិតក្នុងចំណោមមនុស្សមួយក្តាប់តូចនៅក្នុងប្រទេសចិនដែល ស្ថិតនៅកៀកនឹងលោក Xi Jinping និងដែលមានចំណេះដឹងជ្រៅជ្រះអំពីទំនាក់ទំនងចិន-រុស្ស៊ី ដោយសារតែលោកធ្លាប់មានបទពិសោធន៍ធ្វើជាប្រេសិតពិសេសរបស់លោក Xi ទទួល បន្ទុកលើទីក្រុងម៉ូស្គូកាលពីពេលមុន។

មន្ត្រីនៃក្រសួងការបរទេសអាមេរិកអាចធ្វើតេស្តលើទស្សនៈយល់ឃើញរបស់ចិន ដោយមិនចាំបាច់ទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់បណ្តាញសារព័ត៌មានឡើយ។ ក្រោយពីកិច្ចពិភាក្សាបានបញ្ចប់ វាគឺជារឿងដ៏សំខាន់ដែលលោក Biden ត្រូវជួបនិយាយដោយផ្ទាល់ជាមួយលោក Xi ដើម្បីឱ្យមានការចាត់វិធានការលើទិសដៅអនាគតរបស់ចិន។

ទោះជាយ៉ាងណាក៏ដោយ ការខិតខំពន្យល់ចិនអំពីផលវិបាករយៈពេលវែង ដែលអាចបង្កឡើងដោយសារការសម្រេចចិត្តរបស់ខ្លួន អាចនឹងក្លាយជារឿងដែលគ្មានប្រយោជន៍។ ប្រទេសចិនអាចនឹងសម្រេចចិត្តហើយថា «ខ្លួននឹងទប់ទល់ប្រឆាំងនឹងលោកខាងលិចដែលតែងតែព្យាយាមបិទខ្ទប់ការកើនឡើងរបស់ខ្លួន ហើយផ្លូវឆ្ពោះទៅមុខតែមួយគត់របស់ចិន គឺការបន្តស្ថិតនៅរឹងមាំជាមួយរុស្ស៊ី»។

ប្រសិនបើវាពិតជាយ៉ាងដូច្នេះមែន នោះផលវិបាកនឹងមានសភាពធ្ងន់ធ្ងរណាស់ ហើយនេះក៏ អាចជាសេណារីយ៉ូ ដែលទំនងជាងគេផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិន និងរុស្ស៊ីមិនមានផលប្រយោជន៍រួមគ្នាច្រើនទេ ហើយប្រទេសចិន នឹងរងនូវការខាតបង់ច្រើនជាងរុស្ស៊ី។

លោក Putin គឺជាអ្នកដុតបំផ្លាញប្រព័ន្ធអន្តរជាតិ ខណៈ ដែលលោក Xi បានចាត់ទុកខ្លួនលោកជាអ្នកកែលម្អប្រព័ន្ធអន្តរជាតិ ដើម្បីឱ្យវាមានលក្ខណៈកាន់តែស្របតាមចក្ខុវិស័យ និងគុណតម្លៃរបស់ចិន។ ប្រទេសចិនបានចាត់ទុកខ្លួនឯងជាប្រទេសមួយដែលកំពុងរះត្រដែតឡើង ហើយផលប្រយោជន៍របស់ចិននឹងមិនអាចសម្រេចបានច្រើនទេ ប្រសិនបើអាមេរិកនិងសហភាពអឺរ៉ុបចាត់ទុក ចិននិងរុស្ស៊ីជាសត្រូវរួមតែមួយ។

សម្រាប់ប្រទេសចិន ការងាកចេញបន្តិចម្តងៗពីរុស្ស៊ី មិនមានន័យស្មើនឹងការងាកចូលកាន់តែជិតទៅរកលោកខាងលិចនោះទេ ក៏ប៉ុន្តែវានឹងមានន័យថា «ប្រទេសចិននៅតែបន្តផ្តោតលើផលប្រយោជន៍ផ្ទាល់ខ្លួនជាគោល»។

ការធ្វើបែបនេះនឹងមិនអាចជួយបន្ធូរបន្ថយកង្វល់របស់អាមេរិកជុំវិញឥរិយាបថរបស់ចិននៅក្នុងស្រុក និងភាពឈ្លានពានរបស់ចិននៅបរទេសនោះទេ។ ក៏ប៉ុន្តែបនៅក្នុងពិភពការទូត សកម្មភាពរបស់ចិនក្នុងការងាក ខ្លួនចេញជាបណ្តើរៗពីរុស្ស៊ី នឹងត្រូវបានគេចាត់ទុកជាវឌ្ឍនភាពមួយ៕