ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍអស់រយៈពេល ២០ឆ្នាំ គឺជាប្រវត្តិសាស្ត្ររបស់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 50
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍអស់រយៈពេល ២០ឆ្នាំ គឺជាប្រវត្តិសាស្ត្ររបស់កម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍអស់រយៈពេល ២០ឆ្នាំ គឺជាប្រវត្តិសាស្ត្ររបស់កម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ បានអនុញ្ញាតឱ្យលោក ហ្គោ ស៊ី ហ៊ូ (Goh Si Hou) មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

លោក អៀង សុផល្លែត ជំនួយការលោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា៖ លោក ហ្គោ ស៊ីហ៊ូ បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីថា៖ លោកធ្លាប់មកកាន់ព្រះរាជាណាចក្រកម្ពុជា ហើយដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកនៅពេលនេះ លោកមានអារម្មណ៍ថា ប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ ហើយការអភិវឌ្ឍនោះទៀតសោត គឺជាការអភិវឌ្ឍរយៈពេល២០ឆ្នាំ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា។ លោក ហ្គោ ស៊ីហ៊ូ បានមានប្រសាសន៍បន្ដថា៖ សន្តិភាពដែលកម្ពុជាទទួលបានមកនេះ គឺបានមកដោយលំបាក ហើយសន្តិភាពនេះ គឺនឹងស្ថិតនៅជាកត្តាដ៏សំខាន់ របស់កម្ពុជាសម្រាប់រយៈពេលវែងថែមទៀត។

លោក ក៏បានគោរពជម្រាបជូនលោកនាយករដ្ឋមន្រ្ដីផងដែរថា៖ លោកពិតជាមានកិត្តិយសណាស់ ដែលបានមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ហើយក៏បានជួបពិភាក្សាជាមួយ លោក ហ៊ុន ម៉ាណែត ផងដែរ ដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាព រវាងកងទ័ពទាំងពីរ។ លោក មានប្រសាសន៍ដែរថា៖ លោករួមជាមួយ និងលោក ហ៊ុន ម៉ាណែត នឹងបន្តធ្វើការជាមួយគ្នា ដើម្បីធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ដើម្បីផលប្រយោជន៍ នៃប្រទេសនីមួយៗផង និងផលប្រយោជន៍សម្រាប់អាស៊ានផងដែរ។ ជាងនេះទៀតលោក ក៏បានគោរពជម្រាបជូនលោកនាយករដ្ឋមន្រ្ដីផងដែរថា កងទ័ពទាំងពីរកន្លងមក មានកិច្ចសហប្រតិបត្ដិការគ្នាយ៉ាងល្អ ហើយលោក និងលោក ហ៊ុន ម៉ាណែត នឹងបន្តនូវកិច្ចសហប្រតិបត្តិការល្អនេះបន្តទៀត។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្ដី បានស្វាគមន៍នូវកិច្ចពិភាក្សារវាង លោក ហ្គោ ស៊ីហ៊ូ និងលោក ហ៊ុន ម៉ាណែត ហើយលោកនាយករដ្ឋមន្រ្ដី ក៏បានមានប្រសាសន៍ផងដែរថា៖ ជាការពិតណាស់កងទ័ពទាំងពីរ ចាំបាច់ត្រូវចែករំលែកនូវបទពិសោធន៍ រវាងគ្នាទៅវិញទៅមក, ចែករំលែកព័ត៌មានគ្នានឹងគ្នាទៅវិញទៅមក ក៏ដូចជាការហ្វឹកហ្វឺនរួមគ្នាផងដែរ។ លោកបន្តថា៖ នៅពេលនេះពិភពលោក គឺមានការរត់ប្រណាំងសព្វាវុធកាន់តែខ្លាំងឡើង បើប្រៀបធៀបទៅនឹងជំនាន់សង្គ្រាមត្រជាក់។ ក្នុងន័យនេះកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ គឺពិតជាមានសារៈសំខាន់ណាស់។

លោកនាយករដ្ឋមន្រ្ដី ក៏បានជម្រាបជូនលោក ហ្គោ ស៊ីហ៊ូ អំពីនយោបាយរបស់កម្ពុជា ដែលនោះគឺប្រជាជន ជាខឿនការពារជាតិកម្ពុជា, កងទ័ពមានតួនាទីសំខាន់ក្នុងការពាជាតិដែរ ប៉ុន្តែកងទ័ពកម្ពុជាក៏មានតួនាទីក្នុងការចូលរួមបង្កបង្កើនផល, ការចូលរួមសង្គ្រោះប្រជាជននៅពេលមានគ្រោះមហន្តរាយ និងការចូលរួមនូវការថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ លោកនាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា៖ លោកពុំមានការជឿជាក់ថា ការប្រើកម្លាំងអាចដោះស្រាយបញ្ហានោះទេ, ផ្ទុយទៅវិញការចរចា កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទេ ដែលដោះស្រាយរាល់បញ្ហាទាំងឡាយ។ ក្នុងន័យនេះ លោកបានមានប្រសាសន៍ថា៖ កម្ពុជាកំពុងតែប្រឹងប្រែងធ្វើយ៉ាងណាកែប្រែព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ឱ្យក្លាយទៅជាព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយនឹងប្រែក្លាយតំបន់ដែលធ្លាប់ជាសមរភូមិ ឲ្យទៅជាតំបន់ទីផ្សារ៕

អត្ថបទទាក់ទង