លោកបណ្ឌិត យ៉ង សាំង កុមារ បង្ហាញលទ្ធផលការងាររយៈពេល៦ខែ និងអះអាងថា ការចូលរួមបម្រើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ
លោកបណ្ឌិត យ៉ង សាំង កុមារ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញលទ្ធផល និងសកម្មភាពការងាររយៈពេល៦ខែ គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីចូលរួមបម្រើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។
លោកបានលើកឡើងថា ក្នុងរយៈពេលកន្លងមកនេះ លោករួមជាមួយ លោក ឡឹក សុធារ និងលោក ខាត់ សុធី ជាសហការី ទទួលបានការផ្តល់តម្លៃទំនុកចិត្ត និងការទទួលខុសត្រូវសំខាន់ៗលើវិស័យកសិកម្ម ដូចជាការកសាងប្រព័ន្ធពូជសុទ្ធនិងការកសាងខ្សែច្រវាក់ផលិតកម្មស្រូវអង្ករ ការរៀបចំកិច្ចសន្យាកសិកម្ម សម្រាប់ដំណាំស្រូវ ការ រៀបចំពង្រាយអ្នកសម្របសម្រួលកសិកម្មឃុំសាកល្បងចំនួន ១០ ឃុំ នៅស្រុកជើងព្រៃ និងការដឹកនាំ អភិវឌ្ឍនិងតម្រង់ទិសវិស័យកសិកម្មខេត្តព្រះវិហារ។
លោកបានបន្តថា ការទទួលខុសត្រូវដ៏ធំធេងលើការដឹកនាំការងារសំខាន់ៗ ទាំងនេះ គឺវាលើសពីការរំពឹងទុករបស់លោក ហើយវាក៏ខុសពីការគិតរបស់អ្នករិះគន់ចំនួន ដែលគិតថា ការចូល រួមជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺគ្រាន់តែដើម្បីលាភសក្ការៈ និង យសសក្តិតែប៉ុណ្ណោះ ហើយថាលោកនឹងត្រូវបានទុកចោល ដោយមិនមានការងារទទួលខុសត្រូវច្បាស់លាស់។
ឆ្លងកាត់បទពិសោធន៍ ៦ខែនេះ អាចឲ្យ លោកបណ្ឌិត យ៉ង សាំងកុមារ សន្និដ្ឋានបានថា ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ពីព្រោះលោកមានឱកាស និងលទ្ធភាពគ្រប់គ្រាន់ ស្របតាមសមត្ថភាព ចំណង់ចំណូលចិត្ត និងទស្សនវិស័យរបស់លោក។ លោកពិតជាមានមោទនភាព ដែលអាច ក្លាយជាចំណែកមួយ នៃការជួយដោះស្រាយនូវបញ្ហាជាតិ បញ្ហារបស់ប្រជាកសិករ ដើម្បីធានាការអភិវឌ្ឍ ប្រទេសប្រកបដោយនិរន្តរភាព និងថែរក្សាសន្តិភាព។
លោកបានបន្ថែមទៀតថា ភាពជោគជ័យនេះអាចកើតមានឡើង ក៏ដោយសារមានការគាំទ្រ និងការផ្តល់តម្លៃពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និង លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។
សម្រាប់ពេលវេលាទៅមុខ លោកបណ្ឌិតនឹងបន្តដឹកនាំ និងអនុវត្តកម្មវិធីនយោបាយជាយុទ្ធសាស្ត្រសំខាន់ៗ ដោយផ្តោតលើ៖
- ការកសាងប្រព័ន្ធពូជ និងខ្សែច្រវាក់ផលិតកម្មស្រូវអង្ករ ដើម្បីលើកស្ទួយជីវភាពកសិករ សន្តិសុខស្បៀង និងសមត្ថភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា។
- ការដាក់ពង្រាយអ្នកសម្របសម្រួលកសិកម្មឃុំ នៅទូទាំងប្រទេស ដោយចាប់ផ្តើមពីឃុំដែលមាន សក្តានុពលផលិតស្រូវ នៅឆ្នាំទី១។
- ការជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅខេត្តព្រះវិហារ ដោយធ្វើឲ្យខេត្តនេះ ក្លាយជាខេត្តឈានមុខគ ខាងកសិកម្មសរីរាង្គ ដោយផ្សារភ្ជាប់ជាមួយកសិទេសចរណ៍វប្បធម៌និងធម្មជាតិ។
- ការចូលរួមពង្រឹងនិងពង្រីកប្រព័ន្ធស្រោចស្រពដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលមិនត្រឹមតែកាត់ បន្ថយថ្លៃដើមផលិតប៉ុណ្ណោះទេ ប៉ុន្តែនឹងជំរុញនិរន្តរភាព និងបង្កើនទំនុកចិត្តនិងភាពប្រកដនិយម ក្នុង ផលិតកម្មស្រូវ និងដំណាំសាកវប្បកម្ម ព្រមទាំងធ្វើឲ្យវិស័យនេះមានសក្ដានុពលប្រកួតប្រជែងកាន់ត ខ្លាំង។
ជារួមតាមឆ្លងតាមបទពិសោធន៍ការងារក្នុងរយៈពេល៦ខែនេះ លោកនឹងបន្តបេសកកម្មដ៏មានតម្លៃនេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ លោកប្តេជ្ញាចិត្តយ៉ាងមុតមាំ ខិតខំបំពេញការងារឲ្យទទួលបានលទ្ធផលជាក់ ស្តែងកាន់តែច្រើនថែមទៀត ជាពិសេសការដឹកនាំមន្ត្រីសម្របសម្រួលកសិកម្មឃុំ ក្នុងការជួយដោះស្រាយ បញ្ហាទឹក ទុន ទីផ្សា និងបច្ចេកទេសជូនកសិករ និងគាំទ្រដល់កសិករឲ្យក្លាយជាកម្លាំងចលករ ក្នុងការ អភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ៕
Fresh News