បុរសម្នាក់ជិះបញ្ច្រាស់ទិស បុកជាមួយរថយន្តដឹកអ្នកដំណើរបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងហេតុ
ព្រះសីហនុ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយ ម៉ូតូ និងរថយន្ត បញ្ច្រាសទិសគ្នាបុកគ្នា
ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១១និង២៥នាទី នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៦៣-១៦៤ ចំណុចស្ពានតានៃ ក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនរងគ្រោះមានឈ្មោះ ញឹម សារុំ ភេទប្រុស អាយុ៣៨ឆ្នាំ មានស្រុកកំណើត ឃុំពាមអង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ តែបច្ចុប្បន្នរស់នៅភូមិទឹកល្អក់ ឃុំជីខ ស្រុកថ្មបាំង ខេត្តកោះកុង អត្តសញ្ញាណនេះ បានរកឃើញមានអត្តសញ្ញាណប័ណ្ណ នៅជាប់ខ្លួនជនរងគ្រោះ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូបញ្ច្រាសទិស ក៏ស្រាប់តែមកដល់ចំណុចកើតហេតុក៏បានប៉ះទំគេចគ្នាជាមួយរថយន្តហើយបានបណ្តាលឲ្យបុរសអ្នកជិះម៉ូតូដួលបោកក្បាលបាក់កស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង។ រថយន្តប្រភទដឹកអ្នកដំណើរ កំពតកោះកុង ពាក់ស្លាលេខ ភ្នំពេញ 3C 8972 ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ចុះមកវាស់វែង ព្រមទាំងយករថយន្តនិងម៉ូតូមករក្សាទុកនៅកន្លែងប៉ូលិស ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់បន្ត៕