ខ្មែរប៉ុស្ដិ៍ Close

រថយន្តដឹកឈើក្រញូងបើកលឿនពេកបានបុកម៉ូតូអូស៣០០ម៉ែត្រធ្វើអោយ…..

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 52

ខេត្តកំពង់ធំ៖ រថយន្ដដឹកឈើគ្រញូងមួយគ្រឿង បានបើកបោះពួយយ៉ាងលឿន ជ្រុលចង្កូតទៅបុកម៉ូតូ​អូសប្រហែល៣០០ម៉ែត្រ បណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់យ៉ាងអណោចអធ័មមួយរំពេច និងអ្នករួមដំណើរម្នាក់រង​របួសធ្ងន់ កាលពីវេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០១៨ ​នៅតាម​ផ្លូវ​អាស៊ានវាង​ក្រុង ស្ថិតក្នុង​សង្កាត់​ព្រៃតា​ហ៊ូ ក្រុង​ស្ទឹងសែន។
លោក ​អ៊ិត សុធា ព្រះរាជអាជ្ញាអម​សាលាដំបូងខេត្ត​កំពង់ធំ បានឲ្យដឹងថា ក្រោយពេលទទួលបាន​ព័ត៌​មានថា​ មាន​ករណី​រថយន្ត​ដឹកឈើ​គ្រញូង​​ខុសច្បាប់ បើក​បុក​ម៉ូតូ​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់នោះមក លោក​​បាន​ចុះ​ទៅកាន់កន្លែងកើតហេតុ​ភ្លាមៗ រួមជាមួយ​លោក ឧត្តមសេនីយ៍ត្រី អ៊ុក កុសល់ ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ ដើម្បី​ពិនិត្យអត្តសញ្ញាណ នៅក្នុង​រថយន្ត និងរកវត្ថុតាង។

លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ បានបញ្ជាក់​ថា នៅពេលនោះ លោកឃើញរថយន្ត​​បង្ក ​ម៉ាក​ឡិច​ស៊ី​ស៤៧០ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ 2I- 0730 ដឹកឈើ​គ្រញូង​ពេញ​ក្នុង​រថយន្ត។ រីឯអ្នកបើកបរបានរត់គេចខ្លួនបាត់ មុនពេលសមត្ថកិច្ចចុះទៅដល់ ហើយអ្នកបើកបរទំនងជា​មាន​ការពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន គឺ​បើក​បណ្តើរប្រើប្រាស់​គ្រឿងញៀន​បណ្តើរ ពីព្រោះ​មាន​វត្ថុតាង​នៅក្នុង​រថយន្ត​។

​លោក​ អ៊ិត សុធា​ បាន​បញ្ជាក់ទៀត​ថា រថយន្ត​ដឹកឈើ​គ្រញូង​នេះបានបើក​បុក​ម៉ូតូអូស​ចម្ងាយប្រហែល៣០០ម៉ែត្រ ​រហូតគល់ពី​បើកទៅមុខ​លែង​រួច ទើប​អ្នកបើកររថយន្តបាន​ចុះ​រត់ ហើយ​មានរថយន្ត​មក​ដឹក​បណ្តោះយកអ្នកបើកបរចេញ​ទៅ​បាត់​។​ រីឯជនរងគ្រោះ​ដែល​រងរបួសធ្ងន់ ត្រូវបានគេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់។ ចំណែកសាកសព​ត្រូវបានប្រគល់ជូនសាច់ញាតិ​​ដឹកយក​ទៅ​ធ្វើបុណ្យតាម​ប្រពៃណី។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយក​រថយន្ត រួម​ទាំង​ឈើ​គ្រញូង​ទៅ​រក្សាទុក នៅក្នុង​មានកន្លែង​សុ​វត្ថិភាព ដើម្បីទុកឲ្យ​រដ្ឋបាល​ព្រៃឈើ វាស់វែងឈើ និងស្វែងរកអ្នកបើកបរបង្ក នាំមកចាត់ការតាមច្បាប់៕

ប្រភព៖ ព័ត៌មាន

អត្ថបទទាក់ទង