ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈកូនខ្មែរ៖ លោក សាម អ៊ីន ថា «ដេកផ្ទះ ឈ្នះឯង» ជាកំហុសនយោបាយធ្ងន់ធ្ងររបស់ សម រង្ស៊ី!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១ ខែមិថុនា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 54
ទស្សនៈកូនខ្មែរ៖ លោក សាម អ៊ីន ថា «ដេកផ្ទះ ឈ្នះឯង» ជាកំហុសនយោបាយធ្ងន់ធ្ងររបស់ សម រង្ស៊ី! ទស្សនៈកូនខ្មែរ៖ លោក សាម អ៊ីន ថា «ដេកផ្ទះ ឈ្នះឯង» ជាកំហុសនយោបាយធ្ងន់ធ្ងររបស់ សម រង្ស៊ី!

ភ្នំពេញ៖ ម្តងហើយម្តងទៀត លោក សម រង្ស៊ី បានប្រព្រឹត្តកំហុសនយោបាយ ធ្ងន់ធ្ងរនៅចំពោះមុខប្រវត្តិសាស្ត្រប្រទេសកម្ពុជា ក៏ដូចជាចំពោះនយោបាយការបរទេស នៅលើឆាកអន្តរជាតិ។

ក្រោយពីសាងកំហុស ជាបន្តបន្ទាប់រហូតផុងខ្លួន ជាប់បណ្តឹងផ្លូវច្បាប់រើខ្លួនមិនរួច និងរហូតដល់រុញឲ្យបក្សរបស់ខ្លួន ឲ្យរលាយបាត់ពីឆាកនយោបាយហើយនោះ លោក សម រង្ស៊ី នៅតែបង្ហាញនយោបាយមិនដឹងទិសខ្យល់ បក់របស់គាត់ដដែល។

នយោបាយដ៏អាក្រក់បំផុតរបស់លោក សម រង្ស៊ី នៅដំណាក់កាលចុងក្រោយនេះមាន២ បន្ទាប់ពីគាត់បានទទួលបរាជ័យ យ៉ាងអាម៉ាសជាបន្តបន្ទាប់ នៅលើឆាកអន្តរជាតិ។ កំហុស ធ្ងន់ទី១ គឺការកៀគរ អ្នកគាំទ្រដ៏តិចតួចទៅតវ៉ា ឲ្យប្រទេសជប៉ុនញ្ឈប់ការផ្តល់ជំនួយ ផ្នែកបោះឆ្នោតដល់កម្ពុជា។ កំហុសធ្ងន់ទី២ គឺការអំពាវនាវកុំឲ្យពលរដ្ឋចេញ ទៅបោះឆ្នោតដោយ ប្រើពាក្យថា «ដេកផ្ទះ ឈ្នះឯង»

ហេតុអ្វីបានជាខ្ញុំចាត់ទុក សកម្មភាពរបស់លោក សម រង្ស៊ី ទាំងពីរនេះ ថាជាកំហុសនយោបាយធ្ងន់ធ្ងរ? ចម្លើយ គឺជប៉ុន គឺជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំមួយនៅអាស៊ី និងមានភាពចាស់ទុំ ខាងនយោបាយខ្លាំងណាស់។ ភាពរឹងមាំខាងសេដ្ឋកិច្ច និងភាពចាស់ទុំខាងនយោបាយរបស់ជប៉ុន ត្រូវបានទទួលស្គាល់ពេញពិភពលោក។ ដូច្នេះ ការសម្រេចចិត្តរបស់រដ្ឋាភិបាលទីក្រុងតូក្យូ ពិតជាមិនមែនជាការសម្រេចចិត្ត បែបកូនក្មេងបៀមដៃនោះឡើយ។ ក្នុងន័យនេះ ប្រទេសជប៉ុនមិនចាំតែ ធ្វើតាមការតវ៉ាគ្មាន មូលដ្ឋានរបស់លោក សម រង្ស៊ី នោះឡើយ។ ផ្ទុយទៅវិញ ក្រុមលោក សម រង្ស៊ី កំពុងបង្ហាញពីភាពកម្សោយរបស់ខ្លួន និងភាពកំសាកឥតបានការ នៅចំពោះមុខពលរដ្ឋខ្មែរ ក៏ដូចជាចំពោះមុខសហគមន៍អន្តរជាតិ។

ចំណែកឯការអំពាវនាវ កុំឲ្យពលរដ្ឋចេញទៅបោះឆ្នោត ក៏ជាកំហុសឆ្គងដ៏ធំធេងមួយទៀត របស់លោក សម រង្ស៊ី ដែរ។ ក្នុងនាមកូនខ្មែរម្នាក់ ដែលបានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះការវិវឌ្ឍន៍ស្ថានការណ៍ នយោបាយចុងក្រោយនៅកម្ពុជា ខ្ញុំពិតជាយល់ស្របទាំងស្រុង ជាមួយលោកបណ្ឌិត សាម អ៊ីន មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានត្រង់ថា ការអំពាវនាវរបស់លោក សម រង្ស៊ី បែបនេះ ជាការយល់ខុសទាំងស្រុង គឺខុសទាំងក្នុងបរិបទប្រជាធិបតេយ្យ ក្នុងប្រទេសកម្ពុជា និងទាំងបរិបទនយោបាយការបរទេស។

សម្រាប់ប្រទេសកម្ពុជា ដែលប្រកាន់យករបបប្រជាធិបតេយ្យ សេរី ពហុបក្ស ការបោះឆ្នោត គឺជាយន្តការសំខាន់តែមួយគត់ ដើម្បីជ្រើសរើសមេដឹកនាំ។ ប្រសិនបើការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដាខាងមុខ មានតែគណបក្សប្រជាជនម្នាក់ឯង ប្រហែលជាការអំពាវនាវរបស់លោក សម រង្ស៊ី មានតម្លៃ ប៉ុន្តែសូមកុំភ្លេចថា មានគណបក្សនយោបាយដល់ទៅ២០ ចូលរួមប្រកួតប្រជែង។ ដូច្នេះ ប្រជាពលរដ្ឋអ្នកបោះឆ្នោត មានជម្រើសយ៉ាងទូលំទូលាយ ក្នុងការជ្រើសរើសគណបក្សណាមួយ ដែលខ្លួនពេញចិត្ត។ ប៉ុន្តែ លោក សម រង្ស៊ី ខ្លួនឯងទេតើ ដែលបានយកប្រជាធិបតេយ្យ នៅកម្ពុជាទៅធ្វើជាចំណាប់ខ្មាំង ចងភ្ជាប់ជាមួយខ្លួនដោយចាត់ទុកប្រជាធិបតេយ្យ ជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួន។ គឺ វាមិនខុសអ្វីពីគណបក្ស ហ៊្វុនស៊ិនប៉ិច ដែលចាត់ទុករបបរាជានិយមថា ជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួននោះឡើយ។ នេះមកពីបក្សនេះ ភ្លេចមើលរដ្ឋធម្មនុញ្ញដែលចែងថា កម្ពុជាប្រកាន់យករបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ មានន័យថា ទោះបីជាបក្សណាឈ្នះកាន់អំណាច ក៏ត្រូវប្រកាន់យករបបរាជានិយមដែរ។ ដូច្នេះ ការទាញយករបបរាជានិយមថា ជារបស់ខ្លួនម្នាក់ឯង ជារឿងខុសឆ្គង និងឥតន័យ។

យ៉ាងណាមិញ ការអំពាវនាវរបស់លោក សម រង្ស៊ី មិនឲ្យពលរដ្ឋទៅបោះឆ្នោត ដោយយករបបប្រជាធិបតេយ្យ សេរី ពហុបក្ស ធ្វើជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួន ក៏ជាកំហុសឆ្គងធំធេងរបស់លោក សម រង្ស៊ី និងក៍គ្មានន័យសម្រាប់ពលរដ្ឋខ្មែរ ក៏ដូចជាសម្រាប់សហគមន៍អន្តរជាតិឡើយ។ សម្រាប់ពលរដ្ឋខ្មែរ ដែលបានទទួលផ្លែផ្កាពីរបបប្រជាធិបតេយ្យ សេរី ពហុបក្ស យ៉ាងច្រើនក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ពួកគេមិនអាចបោះបង់ផ្លូវបោះឆ្នោត ហើយបែរទៅប្រកាន់យកចលនាបដិវត្តន៍ពណ៌ ដែលលោក សម រង្ស៊ី និងក្រុមរបស់គាត់ បានសាបព្រួសនោះឡើយ។

ពលរដ្ឋខ្មែរមានពិសោធន៍គ្រប់គ្រាន់ និងបានទទួលមេរៀនជីវិតឆ្អែតឆ្អន់ហើយ ពីការផ្តួលរំលំគ្នាដោយប្រើកម្លាំង ដែលមិនមែនតាមផ្លូវប្រជាធិបតេយ្យ។ ទីបំផុតគឺឈាម និងទឹកភ្នែក ពុះជ្រែកដោយវិប្បដិសារីអស់មួយជីវិត។ ដូច្នេះ មានតែផ្លូវបោះឆ្នោតតែមួយគត់ ដែលអាចរក្សាស្ថានភាព និងលំនឹងរបស់ប្រទេសជាតិ ក៏ដូចជាលំនឹងនៃជីវភាព និងការអភិវឌ្ឍប្រទេសបាន។

ការអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត វាគ្រាន់តែជាការចង់កេងចំណេញ ពីអត្រាអ្នកមិនចេញទៅបោះឆ្នោត ដើម្បីបិទបាំងអវត្តមានរបស់ខ្លួន ដែលមិនបានចូលរួមបោះឆ្នោត ជាមួយគេតែប៉ុណ្ណោះ ត្រង់ប្រទេសជាតិទៅជាអ្វីក៏មិនខ្វល់។