ទស្សនៈមិត្តអ្នកអាន៖ ខ្មោចងាប់ហើយ គ្មាននរណាទៅ តាមទេ!
ពីអ្នកស្នេហាជាតិ ក្លាយទៅជាពួកក្បត់ជាតិ ពួកលក់ខ្លួន លក់ក្បាល ពួកអាយ៉ង ពួកសំរាម។ល។ គឺជាពាក្យពេញ និយមបំផុតរបស់ក្រុមប្រឆាំងផ្កាប់មុខ ប្រើសម្រាប់លាបពណ៌ទៅលើមនុស្សដែលអស់ជំនឿលើការដឹកនាំរបស់ខ្លួនហើយនាំគ្នាចាកចេញពីខ្មោចបក្សប្រឆាំងដែលរលាយក្លាយជាខ្យល់លែងមានរូបរាងហើយនោះ។
អតីតសកម្មជន និងមន្ត្រីជាន់ខ្ពស់ខ្មោចបក្សប្រឆាំងមួយ ចំនួនធំដែលអស់ជំនឿ បានដើរចេញពីខ្មោចបក្សនេះទៅបង្កើតបក្សថ្មី ឬក៏ចូលរួមក្នុងជីវភាពនយោបាយជាមួយបក្សផ្សេង ពិតជាបទពិសោធន៍ឈឺចុកចាប់ដោយសារតែការជេរតិះដៀលពីសំណាក់អតីតសហការីរបស់ខ្លួនក្នុងបក្សតែមួយ។
ជាក់ស្តែង លោក គង់ គាំ មនុស្សជំនិតរបស់ សម រង្ស៊ី និងជាអតីតទីប្រឹក្សាជាន់ខ្ពស់ខ្មោចបក្សប្រឆាំង បានដើរចេញពីបក្សប្រឆាំងទៅបង្កើតគណបក្សឆន្ទៈខ្មែរ, លោក រៀល ខេមរិន្ទ្រ ទៅបង្កើតគណបក្សខ្មែរអភិរក្សនិ យម និងក្រុមអតីតមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតរបស់ខ្មោចបក្សប្រឆាំងដឹកនាំដោយលោក ជីវ កត្តា និងលោក កង គឹមហាក់ បាននាំគ្នាចាកចេញ ហើយគ្រោងនឹងបង្កើតគណបក្សថ្មីមួយ ត្រូវបានក្រុមប្រឆាំងផ្កាប់មុខលាបពណ៌ និងចោទថា ជាជនក្បត់ ឬជាជនឆ្លៀតឱកាសដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ការលាបពណ៌អ្នកឈប់ជឿឱបាយកលបោកប្រាស់របស់ពួកជ្រុលនិយម គឺជាការបំបិទសិទ្ធិសេរីភាពនៅក្នុងការធ្វើនយោបាយរបស់ពលរដ្ឋទូទៅ ដែលមានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើនយោបាយ។ ម្យ៉ាងទៀត ការបង្កើតគណបក្សថ្មី ក៏ដោយសារតែគេមានហេតុផលផ្សេងផ្ទុយពីក្រុមជ្រុលនិយមនេះ។
ករណីចុងក្រោយនេះ ក្រុមអតីតតំណាងរាស្ត្រ និងអតីត មន្ត្រីជាន់ខ្ពស់មួយចំនួននៃខ្មោចបក្សប្រឆាំង រួមមាន លោក កង គឹមហាក់ លោក ជីវ កត្តា អតីតតំណាងរាស្ត្រ និងលោក ស៊ឹម សុវណ្ណនី អតីតសមាជិកគណៈកម្មាធិការនាយក បានប្រកាសផ្តាច់ខ្លួនចេញពីក្រុមខ្មោចបក្សប្រឆាំ ង និងត្រៀមរៀបចំបង្កើតបក្សថ្មីមួយដែលអាចជាបក្សបន្តវេនពីខ្មោចបក្សប្រឆាំងមុនៗ។ ការគ្រោងបង្កើតបក្សថ្មីនេះ ដោយសារមើលឃើញស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន មានការធ្លាក់ចុះសំឡេងដែលមាននិន្នាការប្រឆាំ ងនឹងបក្សកាន់អំណាច និងការបែកបាក់យ៉ាងខ្លាំងរវាងក្រុមដែលតាំងខ្លួនឯងថាជាអ្នកប្រកាន់លទ្ធិប្រជាធិបតេ យ្យនោះ។
ជាមួយគ្នានេះ ក្រុមអតីតតំណាងរាស្ត្រខ្មោចបក្សប្រឆាំងដឹកនាំដោយលោក ជីវ កត្តា និងលោក កង គឹមហាក់ ក៏បានអំពាវនាវឱ្យអ្នកស្នេហាជាតិទាំងអស់ចូលមករួបរួមកម្លាំងគ្នាក្នុងបុព្វហេតុនៃការបង្កើតបក្សថ្មីនេះ ឲ្យក្លាយជាបក្សប្រឆាំងដែលរឹងមាំ ដើម្បីការពារ និងបម្រើនូវផល ប្រយោជន៍ជាតិ និងផលប្រយោជន៍ពិតប្រាកដរបស់អ្នកដែលគាំទ្រកន្លងមក។ បក្សប្រឆាំងថ្មីនេះ ជាយន្តការន យោបាយមួយសម្រាប់ចរចាជាមួយបក្សកាន់អំណាចដើម្បីទាមទារសិទ្ធិសេរីភាពឱ្យលោក កឹម សុខា ការពារផលប្រយោជន៍របស់បងប្អូនកម្មករ-កម្មការិនី រាប់លាននាក់ និងដោះស្រាយបញ្ហាធំៗពាក់ព័ន្ធនឹងប្រទេសជាតិទាំង មូល។
ហេតុអ្វីបានជាគេទៅបង្កើតបក្សថ្មី? ពីព្រោះតែពួកគេឆ្អែត ឆ្អន់ អស់ជំនឿ និងយល់ថា ខ្មោចបក្សប្រឆាំង គឺជាអតីតបក្សដែលពោរពេញដោយការភូតកុហក ប្រជាភិថុតិ និងធ្វើនយោបាយបោកប្រាស់រាស្ត្រដែលគេមិនអាចបន្តរស់ នៅជាមួយបក្សដែលរលាយបានតទៅទៀត ទើបជ្រើសរើសផ្លូវដើររៀងខ្លួន។
ពួកគេបញ្ជាក់ថា អតីតបក្សសង្គ្រោះជាតិបានស្លាប់ ក្លាយ ជាខ្មោចបាត់ទៅហើយ មិនអាចរស់ឡើងវិញបានឡើយ។ខ្មោចងាប់ហើយ គ្មាននរណាទៅតាមទេ! ដូច្នេះ ជម្រើសដ៏ល្អក្នុងការធ្វើនយោបាយឡើងវិញបាន គឺមានតែបង្កើតបក្សថ្មី។ ហើយអ្នកដែលប្រឆាំងនឹងការបង្កើតបក្សថ្មី បានបង្ហាញឲ្យឃើញពីភាពផ្តាច់ការ ព្រោះឲ្យតែអ្នកណាមិនគាំទ្រខ្លួន ចោទគេក្បត់ លក់ក្បាលជាដើម។ តាមពិតពួកអ្នកចោទគេហ្នឹង គឺជាអ្នកដែលងប់ងល់ ហើយលក់ក្បាលដាច់ថ្លៃបម្រើឲ្យមេឧទ្ទាម សម រង្ស៊ី ដែលបានក្លាយជាជនចោលម្សៀតបាត់ទៅហើយនោះ៕
ដោយ៖ សុខ សុវណ្ណ