ខ្មែរប៉ុស្ដិ៍ Close

លោក ព្រាប កុល៖ ខ្ញុំមានសិទ្ធិធ្វើការងារសង្គមស៊ីវិល ឬចូលរួមជាមួយរាជរដ្ឋាភិបាល ជាការសម្រេចចិត្តផ្ទាល់របស់ខ្ញុំ សុំកុំលាបពណ៌ខ្ញុំ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 24
លោក ព្រាប កុល៖ ខ្ញុំមានសិទ្ធិធ្វើការងារសង្គមស៊ីវិល ឬចូលរួមជាមួយរាជរដ្ឋាភិបាល ជាការសម្រេចចិត្តផ្ទាល់របស់ខ្ញុំ សុំកុំលាបពណ៌ខ្ញុំ លោក ព្រាប កុល៖ ខ្ញុំមានសិទ្ធិធ្វើការងារសង្គមស៊ីវិល ឬចូលរួមជាមួយរាជរដ្ឋាភិបាល ជាការសម្រេចចិត្តផ្ទាល់របស់ខ្ញុំ សុំកុំលាបពណ៌ខ្ញុំ

នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅសណ្ឋាគារ Raffles រាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ លោក ព្រាប កុល អតីតនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា (TI Cambodia) ស្នើដល់អ្នកធ្លាប់ស្គាល់កន្លងមក ផ្តល់សេរីភាពក្នុងការជ្រើសរើសសម្រាប់លោក ដោយមិនគួររិះគន់ ឬលាបពណ៌លោកក្រោយពេលលោកចូលរួមជាមួយរាជរដ្ឋាភិបាលឡើយ។

លោក ព្រាប កុល បានគូរសបញ្ជាក់ថា ៖ សិទ្ធិសេរីភានៃការជ្រើសរើសរបស់គេ អ្នកណាចង់ធ្វើការឱ្យសង្គមស៊ីវិលក្តី ធ្វើការឱ្យគណបក្សនយោបាយណាក្តី ឬធ្វើការឱ្យរដ្ឋាភិបាលក្តី គឺសង្គមប្រជាធិបតេយ្យយើងមិនត្រូវមានការរិះគន់ វាយប្រហារទៅលើគាត់ទេ ត្រូវបើកចិត្តឱ្យទូលាយ កុំលាបពណ៌ ទំលាប់អាក្រក់នេះ គួរត្រូវបានលុបបំបាត់ចោល។ លោក ព្រាប កុល បានបន្តថា ៖ ឧត្តមគតិរបស់ខ្ញុំ គឺបម្រើជាតិ ទោះខ្ញុំដូរទីតាំងទៅទីណាក៏ដោយ។ ខ្ញុំអត់ទៅរំជើបរំជួលជាមួយងារជាឯកឧត្តមអីទេ ខ្ញុំក៏មិនលោភលន់ដែរ ដូច្នេះសុំអ្នកដែលស្រលាញ់ខ្ញុំ គួរតែស្រលាញ់ខ្ញុំ ក្នុងនាមជាខ្ញុំ កុំស្រលាញខ្ញុំព្រោះខ្ញុំនៅបក្សនេះ បក្សនោះ ឬធ្វើការឱ្យខាងនេះខាងនោះអី កុំស្រលាញ់ខ្ញុំដោយដាក់លក្ខខណ្ឌអី។

គួររំលឹកថា លោក ព្រាប កុល ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជទានព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីរូបលោកសម្រេចចិត្តមកចូលរួមធ្វើការងារជាមួយរាជរដ្ឋាភិបាល ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ។ ការចូលរួមជាមួយរាជរដ្ឋាភិបាលនេះ គឺលោកមានបំណងបម្រើប្រទេសជាតិ ដោយលោកលើកឡើងថា លោកស្តាយចំណេះដឹងដែលខ្លួនមាន ហើយចង់ជួយក្នុងកំណែទម្រង់រដ្ឋ អភិបាលកិច្ចល្អ និងជួយកៀងគរការវិនិយោគពីបរទេស ដើម្បីកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារឱ្យប្រជាជនកម្ពុជាធ្វើ។

លោក ព្រាប កុល បានបញ្ជាក់ថា ៖ ជំនាញរបស់ខ្ញុំគឺប្រើសម្រាប់ការងាររដ្ឋាភិបាលគឺត្រូវណាស់ ព្រោះបក្សនៅក្រៅរដ្ឋាភិបាលគាត់មិនអាចប្រើជំនាញដូចជាខ្ញុំធ្វើអ្វីបានទេ ព្រោះគាត់មិនមែនជាអ្នកគ្រប់គ្រងប្រទេសជាតិ។ ខ្ញុំបានអង្គុយមើលយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិទី១ ដល់ទី៦ គឺមានចំណុចល្អច្រើនណាស់ ខ្ញុំសរសើរចំពោះគំនិតនិងការសរសេរគោលនយោបាយបានល្អមែនទែន ជាពិសេសគឺរយៈពេលក្រោយៗនេះ ការធ្វើកំណែទម្រង់ស្ទើរគ្រប់វិស័យរបស់រាជរដ្ឋាភិបាល គឺពិតជាទទួលបានលទ្ធផលល្អ។ ឧទា ៖ ការប្រមូលពន្ធ គឺមានការកើនឡើងទ្វេដង ការធ្វើវិមជ្ឈការ និងវិសហមជ្ឈការក៏ល្អប្រសើរ ហើយខ្ញុំសង្ឃឹមថានឹងអាចប្រើជំនាញរបស់ខ្ញុំជួយប្រទេសជាតិ និងសង្គមបានថែមទៀត។

លោក ព្រាប កុល បានលើកឡើងថា៖ ក្រោយជំនួប៤ម៉ោង ជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី ខ្ញុំមានសង្ឃឹមថាសម្តេចគាំទ្រខ្ញុំ ឱ្យមានឱកាសធ្វើការងារនេះ។ ឥឡូវនេះខ្ញុំអត់ទាន់មានតួនាទីពេញសិទ្ធអ្វីមួយក្នុងរដ្ឋាភិបាលនោះទេ។ ចាំក្រោយការបោះឆ្នោតជាតិរួច ទើបច្បាស់ថាខ្ញុំនឹងត្រូវកាន់ការងារអ្វីឱ្យប្រាកដ។ ខ្ញុំចង់ចូលរួមរៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋ ព្រោះថាវាមានសំខាន់ណាស់ បើទោះបីជាការដឹកនាំប្រទេសជាតិមានការផ្លាស់ប្តូរយ៉ាងណាក៏ដោយ ក៏ប្រព័ន្ធគ្រប់គ្រងរដ្ឋនៅតែត្រូវបានថែរក្សា និងបន្តពី១ជំនាន់ទៅ១ជំនាន់៕

 

អត្ថបទទាក់ទង