ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «ឯណាទៅសុច្ចរិតភាព របស់អង្គការសង្គមស៊ីវិល?»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 30
លិខិតមិត្តអ្នកអាន៖  «ឯណាទៅសុច្ចរិតភាព របស់អង្គការសង្គមស៊ីវិល?» លិខិតមិត្តអ្នកអាន៖ «ឯណាទៅសុច្ចរិតភាព របស់អង្គការសង្គមស៊ីវិល?»

ប៉ុន្មានថ្ងៃនេះ ខ្ញុំបានតាមដានការឆ្លើយឆ្លងគ្នារវាងអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាជាមួយអង្គការសង្គមស៊ីវិលមួយចំនួនជាពិសេសគឺ អង្គការលីកាដូអង្គការធាងត្នោត និងអង្គការតម្លាភាពកម្ពុជារបស់លោកព្រាប កុល។ ហើយអ្វីដែលជាចំណុចគួរឲ្យកត់សម្គាល់នៅត្រង់ថា មេរបស់អង្គការសង្គមស៊ីវិលទាំងនោះបានបដិសេធមិនចូលរួមកិច្ចពិភាក្សាជាមួយតំណាងរដ្ឋាភិបាលដើម្បីជជែកអំពីបញ្ហាចម្រូងចម្រាស់ដែល ភាគីទាំង ពីរយល់មិនស្របគ្នា។

តាមពិត កិច្ចពិភាក្សាគ្នាត្រង់ទៅត្រង់មកដើម្បីស្វែងរកភាពជាដៃគូពិតប្រាកដរវាងអង្គការសង្គម ស៊ីវិលនិងអាជ្ញាធររដ្ឋាភិបាលគឺជារឿងល្អណាស់ ហើយជាកិច្ចការដែលត្រូវធ្វើជាប្រចាំ។ កន្លងទៅ គេតែងបានលឺអង្គការសង្គមស៊ីវិលនិយាយថា ពួកគេគឺជាដៃគូរបស់ររដ្ឋាភិបាល ហើយប្រាថ្នាចង់បានកិច្ចសហការណ៍ របស់រដ្ឋាភិបាលឲ្យបានច្រើន តាមដែលដែលអាចធ្វើបាន។ គេក៏តែងតែបានលឺអង្គការសង្គមស៊ីវិលទន្ទិញរត់មាត់អំពីការចង់បានតម្លាភាព សុច្ចរិតភាព និងគណនេយ្យភាព។

ប៉ុន្តែ អ្វីដែលបានកើតឡើងចុងក្រោយនេះហាក់មិនបានឆ្លុះ បញ្ចាំងពីពាក្យសម្តីដែលពួកគេតែងតែនិយាយចេញមកទាល់តែសោះ។

នៅពេលដែលក្រសួងមហាផ្ទៃបានធ្វើកិច្ចការជាច្រើនដើម្បី បង្កើនភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលក៏បាន បង្ហាញចេតនាចង់កសាងភាពជាដៃគូជាមួយសង្គមស៊ីវិលដែរ។ នៅក្នុងន័យនេះ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលក៏បានកោះអញ្ជើញតំណាងអង្គការសង្គម ស៊ីវិលចំនួន ៣ មានអង្គការលីកាដូ – អង្គការធាងត្នោត និងអង្គការតម្លាភាពកម្ពុជា ដើម្បីប្រជុំពិភាក្សាចង្អៀតជាមួយគ្នានៅថ្ងៃទី ១១ កញ្ញានេះ។ គោលបំណង នៃកិច្ចប្រជុំនេះគឺដើម្បីជជែកគ្នាត្រង់ទៅត្រង់មកអំពីបញ្ហាមិនចុះសម្រុងគ្នាជំវិញការយល់ឃើញ របស់អង្គការសង្គមស៊ីវិលទាំង នោះជាមួយរដ្ឋាភិបាល។

ខ្ញុំយល់ថា កិច្ចប្រជុំបែបនេះមានសារសំខាន់ណាស់ដើម្បីអនុញ្ញាតឲ្យភាគីទាំងពីរយល់ពីគ្នាកាន់តែច្បាស់ដែលអាចកាត់ បន្ថយបាននូវភាពប្រទាំងប្រទើសដែលកើតចេញពីការ យល់មិនស្របគ្នាអំពីបញ្ហាអ្វី មួយ។ ប៉ុន្តែគួរឲ្យសោកស្តាយ តំណាងអង្គការសង្គមស៊ីវិលទាំងបីបាន បដិសេធមិនព្រមចូលរួមប្រជុំឡើយ ដោយអ្នកខ្លះនិយាយថា គ្មានអ្វីត្រូវបកស្រាយទៀតទេ, អ្នកខ្លះថា នាំឲ្យខាតពេល និងអ្នកខ្លះទៀតថា ជាប់បេសកកម្មនៅក្រៅប្រទេស។ ស្តាប់ៗទៅ ទឡ្ហីករណ៍របស់តំណាងសង្គមស៊ីវិលទាំងនោះគឺអាចឍគ្រាន់តែជាការដោះសារដោយមិនសម ហេតុ ផលទាល់តែសោះ។ ហេតុអ្វីបានជាខ្ញុំថាមិនសមហេតុផល? ពីព្រោះការនិយាយថា គ្មានអ្វីត្រូវបកស្រាយទៀតទេពីព្រោះបានបកស្រាយរួចហើយគឺជាការនិយាយដែលមិនផ្តល់តម្លៃដល់ការជជែកពិភាក្សាគ្នាទាល់តែសោះ។ ជាធម្មតា កិច្ចការអ្វីក៏ដោយមិនអាចនិយាយតែមួយដងហើយអាចដោះស្រាយបាននោះទេពោលគឺត្រូវការកិច្ចសហការណ៍ ជជែកដេញដោល និងបង្ហាញទឡ្ហីករណ៍ទៅវិញទៅមកច្រើនដងទើបអាចយល់គ្នាបាន។ ដូច្នេះ បើទើបតែជួបគ្នាមួយដងហើយថាគ្មានអ្វីត្រូវបកស្រាយទៀតទេគឺជាសម្តីដែលមិនផ្តល់តម្លៃទាល់តែសោះដល់កិច្ចសន្ទនា។

ចំពោះការនិយាយថា កិច្ចប្រជុំនោះនាំឲ្យខាតពេល វារិតតែជា សម្តីដែលគួរឲ្យហួសចិត្តថែម ទៀត។ តើពេលវេលារបស់តំណាងអង្គការសង្គមស៊ីវិលទាំងនោះអីក៏មានតម្លៃខ្លាំងម៉្លេះរហូតដល់សូម្បីតែចំណាយពីរបីម៉ោងដើម្បីជជែករឿងសំខាន់ជាមួយតំណាងរដ្ឋាភិបាលក៏ធ្វើមិនបានដែរ? ចំណែកមេអង្គការដែលអះអាងថា កំពុងជាប់បេសកកម្មនៅក្រៅប្រទេសហើយយកលេសមិនចូលរួមកិច្ចប្រជុំនោះ យើងអាចចោទសួរថា តើអង្គការមួយទាំងមូលមានមនុស្សតែម្នាក់ទេឬ? ហេតុអ្វីមិនព្រមចាត់តំណាងឲ្យទៅចូលរួមប្រជុំ? ឬមួយក្រៅពីមេម្នាក់គ្មានអ្នកណាមានសិទ្ធិធ្វើអ្វីសោះ? ចំណុចទាំងអស់ដូចបានលើក ឡើងខាងលើពិតជាអាចបញ្ជាក់ បានថា អង្គការសង្គមស៊ីវិលទាំងនោះគ្រាន់តែដោះសារដើម្បីគេចវេសពីការចូលរួមប្រជុំជា មួយតំណាងរដ្ឋាភិបាលតែប៉ុណ្ណោះ។

ពិតហើយ ខ្ញុំបានសង្កេតឃើញថា កន្លងទៅនេះ មានចំណុចជា ច្រើនដែលសង្គមស៊ីវិល មួយ ចំនួននិងរដ្ឋាភិបាលយល់មិនស្របគ្នា ជាពិសេសនៅពេលដែលសង្គមស៊ីវិលចេញរបាយការណ៍អ្វីមួយ តំណាងរដ្ឋាភិបាលតែងបដិសេធថារបាយការណ៍ មិនឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជាឡើយ។ ចំណែកឯសង្គមស៊ីវិល មួយចំនួននោះវិញក៏ដូចគ្នាដែរក៍ចាំតែងតែបដិសេធការលើក ឡើងរបស់រដ្ឋាភិបាលថាមិនបានឆ្លុះបញ្ចាំងការពិត។ នេះហើយជាសារៈសំខាន់នៃការជួបពិភាក្សារវាងសង្គមស៊ីវិល និងតំណាងរដ្ឋាភិបាលដើម្បីបង្ហាញថា ហេតុអ្វីបានជាពួកគេយល់មិនស្របគ្នាលើបញ្ហាតែមួយ? មានតែការជួបគ្នាពិភាក្សាត្រង់ទៅត្រង់មកទេដែលជា មធ្យោបាយមានប្រសិទ្ធភាព និងមានលក្ខណៈប្រជាធិបតេយ្យបំផុតដើម្បីដោះស្រាយបញ្ហាជាជាងការឆ្លងឆ្លើយគ្នាតាមសារព័ត៌មាន ឬតាមហ្វេសប៊ុក។ ដូច្នេះ តើហេតុអ្វីបានជាសង្គមស៊ីវិលទាំងបីបែរជាបដិសេធមិនទទួលយកមធ្យោបាយនេះទៅវិញ? ពេលនេះ យើងយល់ បានកាន់តែច្បាស់ហើយថា តើអ្នកណាដែលមិនចង់សហការណ៍ ហើយថាតើអ្នកណាដែលមិនចង់បានភាពជាដៃគូ?

តាមពិតទៅ នេះមិនមែនជាលើក ទី១ទេដែលអង្គការសង្គមស៊ីវិល មួយចំនួនធ្វើខុសពីពាក្យនិយាយបែបនេះ។ កន្លងទៅ មានបញ្ហាជាច្រើនធ្លាប់បានកើតមានរួច ទៅហើយ។

ជាក់ស្តែង ក្នុងទំនាស់ដីធ្លីជាដើម ជាទូទៅ អង្គការសង្គមស៊ីវិលចូលចិត្តធ្វើការក្នុងទីងងឹតពោលគឺ ឈរពីក្រោយភាគីណាមួយនៃអ្នកមានបញ្ហាហើយនិយាយកាន់ជើងភាគីម្ខាងដោយមិនខ្វល់ពី ភាគីម្ខាងទៀត ឬមិនខ្វល់ពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការដោះស្រាយបញ្ហាឡើយ។ នៅពេលគេអញ្ជើញឲ្យចូលរួមក្នុងគណៈកម្មការ ឬក្នុងក្រុមការងារដើម្បីដោះស្រាយបញ្ហានៅលើតុ សង្គមស៊ីវិលទាំងនោះតែងតែគេចវេសក្រោមលេស នេះ ឬលេសនោះតែរហូត។ បញ្ហានៅត្រង់ថា បើចូលក្នុងក្រុមការងារ ពួកគេនឹងឃើញសខ្មៅច្បាស់ៗដែលមិនអាចប្រកែកបានហើយពេលនោះពួកគេនឹងអស់ពាក្យនិយាយពីព្រោះសារជាតិ របស់ពួកគេគឺចូលចិត្តនិយាយអ្វីដែលមិនច្បាស់ ធ្វើឲ្យមហាជន យល់ច្រឡំ។ ម្យ៉ាងវីញទៀត សង្គមស៊ីវិលទាំងនោះមានជំហរ លម្អៀង! ដូច្នេះ អ្វីដែលមាន ប្រយោជន៍ដល់រដ្ឋាភិបាល ពួកគេមិនហ៊ានទទួលស្គាល់ការពិតឡើយ។ និយាយឲ្យចំគឺអង្គការទាំងនោះធ្វើការដោយមាន របៀបវារៈនយោបាយនៅពី ក្រោយខ្នង។

ងាកមកនិយាយពីអង្គការលីកាដូ និងអង្គការធាងត្នោតវិញ ពួកគេធ្វើរបាយការណ៍អំពីកម្ចីមីក្រូហិរញ្ញវត្ថុដោយលើកយកតែករណីពលរដ្ឋ ២៨ នាក់មកនិយាយក្នុងចំណោមពលរដ្ឋជាងមួយលាននាក់ដែលប្រើ ប្រាស់កម្ចីមីក្រូហិរញ្ញវត្ថុ ហើយ សន្និដ្ឋានថា កម្ចីមីក្រូហិរញ្ញវត្ថុបង្កើតឲ្យមានការរំលោភសិទ្ធិមនុស្ស និងជាកម្ចីអសីលធម៌ទៀតផង។ របាយការណ៍នេះត្រូវបានក្រុមប្រឆាំងយកទៅប្រើប្រាស់ដើម្បីវាយប្រហារលើរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ធមន្ត្រីហ៊ុន សែន យ៉ាងធ្ងន់ធ្ងរ។ សួរថា តើរបាយការណ៍បែបនេះមានវិជ្ជាជីវៈឬទេ? មានតុល្យភាពឬទេ? ចុះអ្នកទទួលបានប្រយោជន៍ពីមីក្រូហិរញ្ញវត្ថុរាប់លាននាក់ទៀតម្តេចក៏មិនលើកមកនិយាយផង? នេះជាចំណុចដែលបញ្ចាក់ច្បាស់ពី ចេតនាមិនស្មោះត្រង់របស់អង្គការសង្គមស៊ីវិលទាំងនោះ ហើយរបាយការណ៍បែបនេះមិនមែនជាការចូលរួមស្ថាបនាអ្វីទេ តែអាចជារបាយការណ៍ដើម្បីដុតបញ្ឆេះបញ្ហាតាមរបៀប ដុតអោយខ្លោច រោចអោយឆៅ។​ ចំណែកឯលោក ព្រាប កុល ដែលនិយាយថា ពលរដ្ឋខ្មែរ មិនទទួលបានផលពីកំណើនសេដ្ឋកិច្ចទាល់តែសោះនោះក៏មិនឆ្លុះបញ្ចាំងការពិតដែរ។

លោកព្រាប កុល ម្តេចមិនមើលផងថា ប្រជាពលរដ្ឋនៅគ្រប់ទិសទី រាប់ទាំងអ្នកនៅជនបទផងមានការប្រែប្រួលជីវភាពយ៉ាងណាខ្លះ? គ្រួសារមួយមានទូរស័ព្ទដៃប៉ុន្មានគ្រឿង? មានម៉ូតូ មានទូរទស្សន៍ មានផ្ទះថ្មី….តើទាំងអស់នេះ មិនមែនបានមកពីកត្តា សន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចទេឬ?

និយាយជារួម មានអង្គការសង្គម ស៊ីវិលច្រើនណាស់ដែលធ្វើការជាដៃគូពិតប្រាកដជាមួយរដ្ឋាភិបាល និងបានផ្តល់ប្រយោជន៍ច្រើនដល់សង្គម។ ប៉ុន្តែ ខ្ញុំក៏កត់ សំគាល់សង្កេតឃើញផងដែរថា មានអង្គការសង្គមស៊ីវិលមួយ ចំនួននៅតែបន្តធ្វើខ្លួនជាគូបដិបក្ខជាមួយរដ្ឋាភិបាលដោយមិនព្រមបង្កើតភាពជាដៃគូពិតប្រាកដជាមួយគ្នានោះទេហើយទង្វើនិងទស្សនះរបស់ពួកគេបែបនេះគឺពិតជាមិនអាចក្លាយជាដៃគូ និងក្លាយជាតួអង្គបំពេញចន្លោះប្រហោងដូចការអះអាងរបស់ខ្លួនឡើយ។ ដូច្នេះ តើឯណាទៅតម្លាភាពនិងសុច្ចរិតភាពរបស់ សង្គមស៊ីវិលទាំងនោះ?

ដោយ: អតីតបុគ្គលិកអង្គការ មិនមែនរដ្ធាភិបាល ខេត្តបន្ទាយមានជ័យ

អត្ថបទទាក់ទង