ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នក​អាន៖ ​លោក ព្រាប កុល ទាយកាល​ពី​ជាង ១០ខែមុន​ គឺជាការពិត!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 38
ទស្សនៈមិត្តអ្នក​អាន៖ ​លោក ព្រាប កុល ទាយកាល​ពី​ជាង ១០ខែមុន​ គឺជាការពិត! ទស្សនៈមិត្តអ្នក​អាន៖ ​លោក ព្រាប កុល ទាយកាល​ពី​ជាង ១០ខែមុន​ គឺជាការពិត!

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ម្នាក់​បាន​រំលឹក​ពីការ​ទស្សន៍ទាយ​របស់​ខ្លួនកាល​ពី​ជាង ១០ខែមុន​​ថា លោក កឹម សុខា អាចនឹងត្រូវតុលាការកាត់ក្តី ហើយអាចនឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញ ដោយការប្រោសព្រះរាជ​​ទានទោសដោយព្រះមហាក្សត្រ។

ការទស្សន៍​ទាយបែប​នេះ ​ដូច​ជា​គាប់​ជួន​ ឬហាក់​បី​ដូច​ជាដឹង​​មុន​ថា ​ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី នឹងសម្រេចបញ្ជូនសំណុំរឿងលោក កឹម សុខា ពី​បទ “សន្ទិដ្ឋិភាពជាមួយបរ​ទេស”​ ទៅជំនុំជម្រះ បន្ទាប់ពីបានបិទ​ការស៊ើបសួរកាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ​២០១៩កន្លង​ទៅ​នេះ ដូច្នោះ​ដែរ​។
លោក ព្រាប កុល មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល អះអាង​ទៀត​ថា ក្រោយការដោះលែង លោក កឹម សុខា នឹងមានចរន្តនយោបាយនៅកម្ពុជា និងនៅក្រៅប្រទេស ដែលដឹកនាំដោយលោក កឹម សុខា និងមន្ត្រីបក្សដែលស្ម័គ្រស្មោះជាមួយគាត់ ដើម្បីស្វែងរកការរៀបចំដំណើរការនយោបាយឡើងវិញ។ ទន្ទឹមគ្នា​នេះ ​លោក សម រង្សី អាចនឹងត្រូវបានគេរារាំង និងបិទផ្លូវមិនឲ្យវិលចូលមកកម្ពុជាវិញបាន និងមិនមានតួនាទីជាផ្លូវការអ្វីក្នុងបក្ស​ដែលដឹកនាំដោយ លោក កឹម សុខា នោះទេ។

លោក ព្រាប កុល បន្ថែមថា លោក កឹម សុខា នឹងព្យាយាមនៅឆ្ងាយពីលោក សម រង្សី ប៉ុន្តែមិនប្រកាសចែកផ្លូវគ្នាទេ ព្រោះត្រូវរង់ចាំមើលសន្ទុះនៃការគាំទ្រពីមហាជន និងសហគមន៍អន្តរជាតិសិន។ ប្រសិនបើមានការគាំទ្រគ្រប់គ្រាន់ លោក កឹម សុខា អាចនឹងត្រូវបានគេជំរុញឲ្យពិចារណាផាត់ លោក សម រង្សី ចេញពីសង្វៀននយោបាយរបស់បក្សតែម្តង។​
ជាអ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​ម្នាក់ ខ្ញុំ​មើល​ឃើញ​ថា ការ​ទស្សន៍ទាយ​របស់​លោក ព្រាប កុល កាល​​ពី​ ១០ខែមុន វា​ជាការ​ពិត​ ពីព្រោះ​ថា រាល់​ផែនការ​ដែល​ដាក់​ចេញ​ដោយ​លោក សម រង្ស៊ី ត្រូវ​បាន​លោក កឹម សុខា គេចចេញឆ្ងាយ​ធ្វើ​មិន​ដឹងមិន​លឺ​ ឬចូល​រួមសោះ​ឡើយ ដូច​ជា យុទ្ធ​នាការ​ដេក​ផ្ទះ​ ឈ្នះឯង, យុទ្ធនាការ​ម្រាម​ដៃស្អាត ហើយ​ចុងក្រោយ​យុទ្ធនាការ​មាតុភូមិនិវត្តន៍​៩វិច្ឆិកា ដែល​រង​ការ​អាម៉ាស់​ជាទីបំផុត​របស់​ជន​ចោល​ម្សៀត​ សម រង្ស៊ី​។

ការទស្សន៍ទាយ​របស់​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដូច្នេះ​ វា​ស្រប​គ្នា​ទៅនឹង​ការ​បិទ​បញ្ចប់​នយោបាយ​របស់​ជន​​ចោល​ម្សៀត សម រង្ស៊ី ផងដែរ។ សមដូច​ពាក្យស្លោក​មួយ​​លើក​ឡើង​ថា “នយោបាយ​ គ្មាន​មិត្ត គ្មាន​សត្រូវ គឺ​មាន​តែ​ផល​ប្រយោជន៍​” ពោល​​គឺគ្មាន​សត្រូវ​ពិត ហើយ​ក៏​​គ្មាន​មិត្ត​ភាពពិតប្រាកដ​រហូត​នោះ​ទេ ដូចគ្នា​នេះ​ដែរ គ្មាន​ កឹម សុខា និង​ សម រង្ស៊ី ជាមនុស្ស​តែមួយ​ទៀត​ដែរ។ ពាក្យ​ស្លោក​​ សម រង្ស៊ី និង​ កឹម សុខា ជាមនុស្ស​តែ​មួយ ត្រូវ​បាន​ សម រង្ស៊ី ​​ប្តូរ​ទៅ​ជា​ ខ្ញុំ​ សម រង្ស៊ី វិញ​បាត់​ទៅហើយ ដោយ​ផាត់​ចោលលោក កឹម សុខា។ ដូច្នេះ វា​គ្មាន​ហេតុផល​អ្វី​ដែល​លោក កឹម សុខា ត្រូវ​យក​ខ្លួន​បៀត​ជន​ចោល​ម្សៀត ​ដែល​មាន​ទោស​រាប់​មិន​អស់​ ហើយ​ដែល​ត្រូវបាន​គេ​បំភ្លេច​ចោល​លែង​ទទួល​ស្គាល់​ជា​មេដឹកនាំ​ក្រុម​ប្រឆាំង​ទៀត​នោះ​​ឡើយ។

​សករាជរបស់​ជន​ចោល​ម្សៀត សម រង្ស៊ី ​បាន​បិទបញ្ចប់​ហើយ បច្ចុប្បន្ន​ជា​យុគមាស​របស់​លោក កឹម សុខា​ វិញ​ម្តង។ ជាក់​ស្តែង​លោក កឹម សុខា ក្រោយ​ត្រូវ​បាន​តុលាការ​បន្ធូរ​បន្ថយ​លក្ខខណ្ឌត្រួត​ពិនិត្យ​ គេ​ឃើញ​មាន​បណ្តា​អង្គទូត​នានាតម្រង់​កន្ទុយ​គ្នា​​សុំ​ចូល​ជួប​មិន​សូវ​លោះ​ពេល ដែលផ្ទុយ​ស្រឡះ​ទៅនឹង​ជន​ចោល​ម្សៀត​ ដើរអង្វរ​សុំ​ជួប​បរទេស​សឹង​តែ​គេ​មិន​ឲ្យ​ចូល​ជួប។
គេ​អាច​និយាយ​បាន​ថា ពេល​នេះ​ទឹក​មាត់​លោក កឹម សុខា ប្រៃ​ល្មម​អាច​និយាយ​ និង​ចរចា​រឿង​នយោបាយ​ជាមួយនឹង​រដ្ឋាភិបាលភ្នំពេញ​ ក្នុង​ការ​បង្កើត​បក្ស​ថ្មី​មួយ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ខាងមុខ​នេះ​ ដោយ​ផាត់ជន​ចោល​ម្សៀត ​ទុក​មួយ​អន្លើ​។

ដល់​ពេល​ហើយសម្រាប់​ក្រុម​ឧទ្ទាម​នៅ​ក្រៅ​ប្រទេស CNRM និង​មនុស្ស​ក្នុង​កញ្ចប់ ១១៨នាក់ ត្រូវ​ពិចា​រ​ណា​​ឡើង​វិញ​សម្រាប់​ឱកាសក្នុង​ការ​ធ្វើ​នយោបាយ​​​ដោយ​ស្រប​ច្បាប់ជាមួយ​នឹង​លោក កឹម សុខា​។

​ជារួម​ ខ្ញុំ​គ្រាន់​តែ​កត់​សម្គាល់​ថា លោក ព្រាប​ កុល ដែល​ជា​មន្ត្រី​អង្គការក្រៅ​រដ្ឋាភិបាល​មួយ​រូប​ស្និទ្ធ​នឹង​បក្ស​ប្រឆាំង ហាក់​បី​ដូច​ជា​ដឹង​រឿង​​ជា​មុន​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​ ឬមួយ​ក៏​លោក ព្រាប កុល ជាមនុស្ស​ខ្លួន​មួយ ​ក្បាល​ពីរ? សូម​បងប្អូន​ប្រិយមិត្ត​ពិចារណា​តាម​ការ​គួរ​ចុះ!

អត្ថបទទាក់ទង