ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីពិធីកាត់ប្ញសសីមា ព្រះវិហារ ព្រះពុទ្ធបដិមា និងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី
នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា បានអញ្ជើញជាអធិបតីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ព្រះវិហារ និងសមិទ្ធផលទាំងឡាយនៅក្នុងវត្តព្រះបារមីវង្គតបុរី គឺជាកេរមរតកដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា និងមាតាបង្កើតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
- សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ និងកោតសរសើរអភិបាលរាជធានី ក៏ដូចជាព្រះចៅអធិការ និងគណៈកម្មការវត្ត ដែលបានខិតខំរួមគ្នាកសាងវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំងឡើងវិញ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាសនានៅកម្ពុជាមិនមានសាសនាណាបង ឬប្អូននោះទេ ព្រោះសាសនាទាំងអស់ត្រូវបានរស់ឡើងវិញដំណាលគ្នាក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា របបខ្មែរក្រហមអាចលុបបំបាត់ហេដ្ឋរចនាសម្ព័ន្ធផ្នែកសាសនា តែមិនអាចលុបជំនឿក្នុងចិត្តរបស់ប្រជាពលរដ្ឋបាននោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តវង្កតបុរី ក្លាយទៅជាទីអារាមសម្រាប់ត្រកូល «ហ៊ុន» និងត្រកូល «ឌី» ព្រោះបិតា មាតា ព្រមទាំងបងស្រីសាច់ថ្លៃរបស់សម្តេចតេជោ ត្រូវបានបញ្ចុះ និងបូជានៅទីនេះ។
- សម្តេចតេជោ ហ៊ុន សែន រំពឹងថា កូនចៅត្រកូល «ហ៊ុន» និងត្រកូល «ឌី» នឹងមិនបោះបង់វត្តព្រះបារមីវង្កតបុរីនោះទេ ហើយបន្តជួយជ្រោមជ្រែងគាំទ្រដល់វត្តនេះរហូតទៅ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំនេះជាខួប ២៥ឆ្នាំ នៃមរណភាពមាតាសម្តេច, ខួប ១០ឆ្នាំនៃមរណភាពបិតា និងជាខួប ១០០ឆ្នាំថ្ងៃកំណើតរបស់បិតាសម្តេចផងដែរ។
- សម្តេចតេជោ ហ៊ុន សែន បានសម្រេចជ្រើសយកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ ជាថ្ងៃបុណ្យខួបនៃមរណភាពបិតារបស់សម្តេច។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីថ្ងៃទី១២ ខែកក្កដា ចំពេលដំណើរការបោះឆ្នោតនៅកម្ពុជាយ៉ាងណាក្តី តែសម្តេចមិនអាចបោះបង់ពិធីបុណ្យសម្រាប់បិតា និងមាតានោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងភ្ញាក់ផ្អើល និងមិននឹកស្មានថា ល្ខោនទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋក្នុងទីក្រុង។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកសាងវត្តព្រះបារមីវង្កតបុរី មិនសម្រាប់តែត្រកូល «ហ៊ុន» និងត្រកូល «ឌី» ប៉ុណ្ណោះទេ តែសម្រាប់ប្រជាពលរដ្ឋទូទៅផងដែរ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មាននិស្សិតខ្មែរ-ឥស្លាម ៦នាក់ កំពុងស្នាក់នៅក្នុងប្រទេសស៊ូដង់ខាងត្បូង ដែលកំពុងជួបវិបត្តិនយោបាយ និងសង្គ្រាម។ សម្តេចតេជោ ហ៊ុន សែន កំពុងតាមដាន និងពិចារណាជម្លៀសពួកគេចេញពីស៊ូដង់ខាងត្បូង។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាអាចប្រារព្ធពិធីបុណ្យទាន និងបុណ្យចូលឆ្នាំយ៉ាងសប្បាយរីករាយ ដោយសារតែប្រទេសមានសុខសន្តិភាព គ្មានភ្លើងសង្គ្រាម។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ ទីអារាមក៏មានការរីកចម្រើនផងដែរ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពុទ្ធចក្រក៏បានផ្តល់នូវការអប់រំផ្នែកសីលធម៌ និងគុណធម៌ដល់ប្រជាពលរដ្ឋឱ្យប្រព្រឹត្តនូវសេចក្តីល្អ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាណាចក្រ និងពុទ្ធចក្រ ជាចំណងទាក់ទងគ្នាមិនអាចកាត់ផ្តាច់គ្នាបាននោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន សម្រេចប្រគេនបច្ច័យបានពីពិធីបុណ្យជាង ៨០លានរៀល ទៅព្រះចៅអធិការវត្តព្រះបារមីវង្កតបុរី ដើម្បីកសាងសមិទ្ធផលដទៃទៀត។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកខ្លះស្រមៃចង់ធ្វើនាយករដ្ឋមន្ត្រីស្ទើរស្លាប់ តែមិនបានធ្វើ។ ដោយឡែកសម្តេច មិនដែលចង់ធ្វើនាយករដ្ឋមន្ត្រី តែបានក្លាយជានាយករដ្ឋមន្ត្រីដែលយូរជាងគេលើពិភពលោក។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេរីភាពរបស់សម្តេចជាច្រើន ត្រូវបានបង់ ព្រោះកម្លាំងការពារ ពេលអញ្ជើញទៅកម្មវិធីផ្សេងៗ។
- សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្រុមហ៊ុនប៊ូយ៉ុងថោន នឹងសាងសង់សាកលវិទ្យាល័យមួយនៅក្បែរវត្តទួលក្រសាំង។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋចំណាយប្រមាណ ៧លានដុល្លារបន្ថែម សម្រាប់ការស្នាក់នៅ និងហូបចុករបស់គណៈប្រតិភូកីឡាស៊ីហ្គេម៕
Fresh News