ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ
នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
កិច្ចសំណេះសំណាលនេះ បានធ្វើឡើងនៅភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណជាង២ម៉ោង, ខាងក្រោមជាប្រសាសន៍សំខាន់ៗ៖
- សម្តេចតេជោ ហ៊ុន សែន អរគុណប្រជាពលរដ្ឋ ដែលព្រមរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងអរគុណលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សម្រាប់ការដឹកនាំការងាររុះរើសំណង់
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការងាររៀបចំសណ្តាប់ធ្នាប់នៅអង្គរ មិនអាចអង្គុយបក់ផ្សែងទៀតទេ ដែលអាចនាំឱ្យបាត់បង់ប្រយោជន៍ធំសម្រាប់ជាតិ និងប្រជាជន។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តើសម្តេចឈឺក្បាលធ្វើអ្វីក្នុងការរៀបចំសណ្តាប់ធ្នាប់នៅតំបន់រមណីយដ្ឋាន បើមិនមានភាពចាំបាច់ទេនោះ?
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានយកព្រះទ័យទុកដាក់ខ្លាំងណាស់លើតំបន់រមណីយដ្ឋានអង្គរ។
- សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ព្រះបរមរតនកោដ្ឋ បានផ្តួចផ្តើមព្រះបញ្ញាញាណដោយផ្ទាល់ក្នុងការស្នើដាក់តំបន់រមណីយដ្ឋានអង្គរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ហើយសម្តេចបានបង្ហាញការគាំទ្រទាំងស្រុង។
- សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅពេលនោះ លោក សឺន សាន បានឆ្លៀតឱកាសកេងចំណេញនយោបាយសឹក ដោយស្នើឱ្យដកកងទ័ពទាំងអស់ចេញពីតំបន់អង្គរ។ ប៉ុន្តែសម្តេចបានចង្អុលមុខ និងបដិសេធភ្លាមចំពោះគំនិតរបស់លោក សឺន សាន។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់រមណីយដ្ឋានអង្គរពេលដាក់ចូលបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ហើយនោះ ត្រូវតែអនុវត្តន៍តាមលក្ខន្តិកៈទាំងឡាយកំណត់ដោយអង្គការយូណេស្កូ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានសម្បត្តិបេតកិភណ្ឌពិភពលោកច្រើនណាស់ រួមទាំងនៅប្រទេសអាល្លឺម៉ង់ផង ត្រូវបានដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែបាត់បង់លក្ខណៈសម្បត្តិកំណត់ដោយអង្គការយូណេស្កូ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយជឿជាក់ថា ទោះបីអត់ពីសម្តេច គ្មានគណបក្សនយោបាយណាដឹកនាំប្រទេសក្រៅពីគណបក្សប្រជាជនកម្ពុជានោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើលោក ហ៊ុន ម៉ាណែត មិនមែនជាកូនសម្តេច ក៏សម្តេចនៅតែគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រី ព្រោះលោកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
- សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យត្រៀមដីជាគោលនយោបាយ ដើម្បីចែកឱ្យកូនៗពលរដ្ឋព្រមរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅពេលបែកគ្រួសារ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យុទ្ធនាការនាពេលនេះ បានធ្វើឱ្យតំបន់រមណីយដ្ឋានអង្គរនៅតែបន្តរក្សាបានក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាប្រយោជន៍ដ៏ធំរបស់ជាតិ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ប្រជាពលរដ្ឋ បានប្រែពីមានលំនៅឋានមិនស្របច្បាប់ មកជាមានលំនៅឋានស្របច្បាប់។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តសៀមរាប បញ្ចប់ការការវាយគ្នានៅឆ្នាំ១៩៩៣។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំតំបន់រមណីយដ្ឋានអង្គរ ជាកិច្ចការចាំបាច់សម្រាប់ការរក្សាសម្បត្តិវប្បធម៌របស់ដូនតា។
- សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យកងទ័ពឱ្យជួយដឹកជញ្ជូនសម្ភារៈប្រជាពលរដ្ឋរុះរើពីតំបន់រមណីយដ្ឋានអង្គរ មកកាន់ភូមិធម្មជាតិរុនតាឯក។
- សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភដល់ប្រជាពលរដ្ឋព្រមរុះរើសំណង់ទាំង ១,១១៧គ្រួ រួមមានអង្ករ ៥០គីឡូក្រាម មី ៦កេសតូច ត្រីខ ១កេសធំ ថវិកា ២០ម៉ឺនរៀល និងឧបត្ថម្ភថវិកាសម្រាប់ការរុះរើផ្ទះ ១លានរៀល។ សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភស័ង្កសីជូនពលរដ្ឋមួយគ្រួសារ ៣០សន្លឹក។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់បណ្ណក្រីក្រ និងស្ត្រីមានផ្ទៃពោះ ជូនដល់ពលរដ្ឋទាំងអស់ ដែលយល់ព្រមផ្លាស់ប្តូរលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកកាន់ភូមិធម្មជាតិរុនតាឯក។ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យរដ្ឋមន្ត្រីសង្គមកិច្ច ចាត់ចែងរៀបចំបណ្ណក្រីក្រ និងបណ្ណស្ត្រីមានផ្ទៃពោះ ជូនពលរដ្ឋទាំងអស់ ដែលយល់ព្រមផ្លាស់ប្តូរលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកកាន់ភូមិធម្មជាតិរុនតាឯក។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់សុពលភាព ១០ឆ្នាំ សម្រាប់បណ្ណក្រីក្រ និងបណ្ណស្ត្រីមានផ្ទៃពោះ សម្រាប់ពលរដ្ឋយល់ព្រមផ្លាស់ប្តូរលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកកាន់ភូមិធម្មជាតិរុនតាឯក។
- សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យចាក់កៅស៊ូផ្លូវចូលមកកាន់ភូមិធម្មជាតិរុនតាឯក។ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងភូមិធម្មជាតិរុនតាឯក ដែលមានប្រវែងសរុប ១៤០គីឡូម៉ែត្រ។ បច្ចុប្បន្នសាងសង់បាន ១៨គីឡូម៉ែត្រហើយ។
- សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ តប្រព័ន្ធទឹកស្អាតជូនពលរដ្ឋភូមិធម្មជាតិរុនតាឯក ចំណាយប្រមាណ ៣លានដុល្លារអាមេរិក។ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអគ្គិសនីកម្ពុជារៀបចំតបណ្តាញអគ្គិសនីចូលភូមិធម្មជាតិរុនតាឯក។
- សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអគ្គិសនីកម្ពុជារៀបចំតបណ្តាញអគ្គិសនីចូលភូមិធម្មជាតិរុនតាឯក។
- សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យបង្កើតសាលារៀនពីកម្រិតបឋម ដល់វិទ្យាល័យ នៅភូមិធម្មជាតិរុនតាឯក។
- សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់អគារសម្រាប់គ្រូស្នាក់នៅ ១ខ្នង ២ជាន់ ២០បន្ទប់ នៅភូមិធម្មជាតិរុនតាឯក។
- សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យសាងសង់ផ្សារនៅភូមិធម្មជាតិរុនតាឯក។
- សម្តេចតេជោ ហ៊ុន សែន ស្នើដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្តល់ប្រាក់កម្ចីជាមួយអត្រាការប្រាក់ទាបជូនពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក។
- សម្តេចតេជោ ហ៊ុន សែន ស្នើដល់បក្សនយោបាយកុំប្រើរឿងដោះស្រាយបញ្ហានៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីកេងចំណេញផ្នែកនយោបាយ ព្រោះជាតម្រូវការរបស់ជាតិ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាត់ចែងរបស់សម្តេចនាពេលនេះ គឺជាការដោះស្រាយបញ្ហារបស់ជាតិ មិនមែនដើម្បីនយោបាយនោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន ហាមបក្សនយោបាយយករឿងដោះស្រាយលំនៅឋានតំបន់រមណីយដ្ឋានអង្គរ ធ្វើជាអាវុធវាយប្រហារបក្សប្រជាជនកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ថវិកា ២០ម៉ឺនរៀលក្នុងមួយគ្រួសារ សម្រាប់សាងសង់បង្គន់អនាម័យតាមផ្ទះរបស់ប្រជាពលរដ្ឋ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះសម្តេចលាឈប់ពីនាយករដ្ឋមន្ត្រី តែសម្តេចនៅតែជាប្រធានបក្ស ហើយអាចពិនិត្យសកម្មភាពការងាររបស់នាយករដ្ឋមន្ត្រី។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណុចខ្លាំងមួយរបស់សម្តេច ក្នុងចំណោមចំណុចខ្លាំងៗនោះ គឺការវាយតម្លៃមិនត្រូវពីការដឹកនាំ និងរបៀបរបបការងាររបស់សម្តេច។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋយល់ច្បាស់ហើយរឿងសម្តេចហាមប្រារព្ធពិធីបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌពេលកូវីដ-១៩រីករាតត្បាត គឺដើម្បីការពារអាយុជីវិត។ គ្មានសិទ្ធិណា ធំជាងសិទ្ធិរស់រានមានជីវិតនោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជោគជ័យលើនយោបាយចាក់វ៉ាក់សាំង ធ្វើឱ្យកម្ពុជាយកឈ្នះលើជំងឺកូវីដ-១៩។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនធ្វើឱ្យប្រជាពលរដ្ឋបោះឆ្នោតជូនសម្តេច និងគណបក្សប្រជាជនកម្ពុជា ខកចិត្តនោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនធ្វើឱ្យព្រះមហាក្សត្រខកព្រះទ័យ ក្នុងការចាត់តាំងសម្តេចធ្វើជានាយករដ្ឋមន្ត្រីនោះឡើយ។ សម្តេច នឹងប្រឹងប្រែងរក្សាការពារឱ្យបាននូវសុខសន្តិភាព។
- សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅថ្ងៃម្សិលមិញ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៦ករណី។
- សម្តេចតេជោ ហ៊ុន សែន ស្នើលោក ខឹម វាសនា ឆ្លើយតបរឿងគេចោទថា សម្តេចនៅពីក្រោយខ្នងឲ្យរៀបចំព្រឹត្តិការណ៍នៅភ្នំគូលែន។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលប្រឆាំងនឹងអង្គរក្សការពារនាយករដ្ឋមន្ត្រី គឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង ១០៖២០នាទីនាព្រឹកថ្ងៃដដែល៕
Fresh News