ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 52
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា

នៅសៀលថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ពិធីនេះប្រារព្ធធ្វើឡើង នៅសាលសន្និសីទវិទ្យាស្ថានបច្ចេកទេសកម្ពុជា។

សូមរំលឹកថា ក្រសួងអប់រំ យុវជន និងកីឡា បានបើកសន្និបាតបូកសរុបការងារ ឆ្នាំ ចាស់ ឆ្នាំ២០២១-២០២២ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២២-២០២៣ កាល ពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។ សន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡានៅឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «បរិវត្តកម្ម នៃវិស័យអប់រំ»។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គសន្និបាតអប់រំ ដែលបានដំណើរការដោយរលូន និងទទួលបានសមិទ្ធផលគួរជាទីមោទនៈលើការងារអប់រំ ការអភិវឌ្ឍយុវជន និងការអប់រំកាយ និងកីឡាដោយបានពិនិត្យឡើងវិញនូវសមិទ្ធផលសម្រេចបាន ក្នុងរយៈពេល១០ឆ្នាំកន្លងមក តាមរយៈការអនុវត្តការកែទម្រង់ជាបន្តបន្ទាប់ ក៏ដូចជាវឌ្ឍនភាពសម្រេចបានក្នុងឆ្នាំសិក្សាកន្លងមក ព្រមទាំងបានដាក់ចេញនូវអាទិភាព ៨ ចំណុច សម្រាប់ទិសដៅការងារនាពេលខាងមុខឱ្យកាន់តែស៊ីជម្រៅ ស្របតាមបរិការណ៍ថ្មីៗនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសក្នុងខណៈដែលកម្ពុជា កំពុងរក្សាបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងបានឆ្លើយតបទៅនឹងចក្ខុ- វិស័យកម្ពុជានៅឆ្នាំ ២០៣០ និងឆ្នាំ២០៥០។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលដែលទទួលបាន ពិតជាបានស្តែងចេញពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងស្អិតរមួតរបស់ថ្នាក់ដឹកនាំបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ មាតាបិតា សហគមន៍ និងឤជ្ញាធរដែនដី ក្នុងការអភិវឌ្ឍវិស័យអប់រំឱ្យមានការរីកចម្រើនទៅមុខ ស្របតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់។
  3. សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា និងបច្ចេកទេស។
  4. សម្តេចតេជោ ហ៊ុន សែន សូមគាំទ្រចំពោះកម្មវិធីកែទម្រង់ វិធានការ និងអាទិភាព ដែលអង្គសន្និបាតបានដាក់ចេញ ដោយឈរលើមូលដ្ឋាននៃ សមិទ្ធផលនាពេលបច្ចុប្បន្ន និងកាលានុវត្តភាពថ្មីៗ និងការកំណត់ទិសដៅការកែទម្រង់ច្បាស់លាស់ ប្រកបដោយភាពជាក់ស្តែងនិយម ជាមួយនឹងគោលដៅជាក់លាក់ ព្រមទាំងមានរចនាសម្ព័ន្ធដឹកនាំ និងមានយន្តការអនុវត្តច្បាស់លាស់ ដើម្បីកសាងមូលធនមនុស្សដែលមានសក្តានុពល ទាំងចំណេះដឹង ជំនាញ និងអាកប្បកិរិយាសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តផ្តល់ឤទិភាពក្នុងការជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន ដើម្បីបំពេញបន្ថែមនូវតម្រូវការគ្រូបង្រៀនប្រកបដោយគុណភាព ការកៀរគរ និង ការផ្តល់ធនធានបន្ថែមទៀត សម្រាប់គាំទ្រដល់ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការអនុវត្តការកែទម្រង់សាលារៀន ការអភិវឌ្ឍ និងការលើកកម្ពស់បំណិនសតវត្សទី ២១ ដល់យុវជនការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការជំរុញការអប់រំឌីជីថលការកែទម្រង់សាលាគរុកោសល្យ ការលើកកម្ពស់សុខភាពសិក្សា និងការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា។
  6. សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ចំនួន៦ចំណុច សម្រាប់អនុវត្តបន្តដល់ក្រសួងអប់រំ។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តល់អនុសាសន៍ឲ្យបន្តពង្រឹង និងអភិវឌ្ឍប្រព័ន្ធអប់រំឱ្យកាន់តែរឹងមាំ មានភាពបុរេសកម្ម ទំនើបកម្ម និងឆ្លើយតបទៅនឹងបរិការណ៍-ជាតិ និងអន្តរជាតិ ។ ជាមួយនេះ ការធានាបាននូវសេវាអប់រំ ដែលមានប្រសិទ្ធភាព និងគុណភាព ប្រកបដោយសមធម៌ បរិយាប័ន្ន ព្រមទាំងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ជាពិសេសត្រូវខិតខំរិះរកវិធានការ ដែលកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សនៅគ្រប់កម្រិត ។
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តល់អនុសាសន៍ឲ្យបន្ត អភិវឌ្ឍសមត្ថភាពស្ថាប័ន និងមន្ត្រីអប់រំឱ្យបានពេញលេញ មានភាពរស់រវើក និងប្រទាក់ក្រឡាគ្នា តាមរយៈធានាភាពស័ក្តិសិទ្ធនៃភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ រួមទាំងការកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ការលើកកម្ពស់ប្រសិទ្ធភាពហិរញ្ញប្បទានសហ-ប្រតិបត្តិការ ការកសាងគោលនយោបាយ និងផែនការអប់រំ និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ សម្រាប់បុគ្គលិកអប់រំ និង គ្រូបង្រៀន។
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តល់អនុសាសន៍ឲ្យ បន្តអភិវឌ្ឍការអប់រំឌីជីថល សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងបរិការណ៍បរិវត្តកម្មសង្គម និង សេដ្ឋកិច្ចឌីជីថល ដោយត្រូវបន្តធ្វើសមាហរណកម្មវិស័យ បច្ចេកវិទ្យាឌីជីថលទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិតនៃប្រព័ន្ធអប់រំ បំពាក់បន្ទប់ពិសោធន៍ឌីជីថល តភ្ជាប់បណ្តាញអគ្គិសនី និងអ៊ីនធើណិតនៅតាមគ្រឹះស្ថានសិក្សា លើកកម្ពស់គុណវុឌ្ឍិ និងសមត្ថភាពឌីជីថលដល់គ្រូបង្រៀន ការបញ្ចូលការប្រើប្រាស់ បច្ចេកវិទ្យាទៅក្នុងការបង្រៀន និងរៀន ការកែលម្អមាតិកាឌីជី-ថល និងការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល និងផ្សព្វផ្សាយវេទិកាឌីជីថលឱ្យកាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ។
  10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តល់អនុសាសន៍ឲ្យ អនុវត្តឱ្យកាន់តែសកម្មលើការងារកាយរឹទ្ធ និង ការអភិវឌ្ឍយុវជន ដើម្បីឱ្យកុមារ និងយុវជនមានស្មារតីទទួលខុសត្រូវ មានជំនឿលើសមត្ថភាពរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម មានសីលធម៌ និងការរស់នៅក្នុងភាពជាពលរដ្ឋល្អ តាមរយៈការបំផុសចលនា “កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ” ។ ជាមួយនេះ ត្រូវជំរុញលើកទឹកចិត្តឱ្យបន្តកម្មវិធីយុវជនស្ម័គ្រចិត្តចុះជួយដល់មូលដ្ឋាននៅតាមសហគមន៍ ព្រមទាំងបន្តបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ដល់ យុវជន សំដៅឆ្លើយតបបានទៅនឹងឱកាសការងារ និងភាពរឹងមាំនៃកោសិកាសង្គម ។
  11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តល់អនុសាសន៍ឲ្យបន្តលើកកម្ពស់វិស័យកីឡាដើម្បីកសាងមនុស្សគ្រប់រូបឱ្យមានសុខភាព និងសុខុមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម មានវិន័យ មានស្មារតីក្រុមគំនិតច្នៃប្រឌិត និងមានការតស៊ូស្វិតស្វាញសំដៅដណ្ដើមបានលទ្ធផលល្អប្រសើរក្នុងការប្រកួតកីឡាលើឆាកអន្តរជាតិ និង មានជីវភាពស្របតាមពាក្យស្លោក “កីឡារស់ប្រកបដោយសុខដុមរមនាក្នុងសង្គមក្រោមម្លប់សន្តិភាព” ព្រមទាំងបន្តជំរុញចលនា “យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត” ។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តល់អនុសាសន៍ឲ្យបន្តលើកកម្ពស់សុខភាពអនាម័យនៅតាមគ្រឹះ-ស្ថានសិក្សា ត្រៀមវិធានការឆ្លើយតប និងចូលរួមទប់ស្កាត់ភ្លាមៗ និងបង្កើនការអប់រំអំពីសុវត្ថិភាពសុខភាពសិក្សា សុវត្ថិភាពចំណីអាហារដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស កែលម្អហេដ្ឋា-រចនាសម្ព័ន្ធសុខភាព ដូចជារៀបចំបន្ទប់សុខភាពស្តង់ដារបរិស្ថាន សាលារៀនបៃតង សាលាស្អាតគ្មានសំរាម លើកកម្ពស់ការ ប្រើប្រាស់ទឹកស្អាត និងអនាម័យផ្តោតលើទឹកទទួលទាន កន្លែង លាងដៃ បង្គន់អនាម័យ លើកកម្ពស់អាហារូបត្ថម្ភ ដោយផ្តោតលើសុវត្ថិភាពចំណីអាហារ និងការផ្តល់អាហារតាមសាលារៀន ការអប់រំអំពីសុខភាពសិក្សា ការហាត់ប្រាណ និងលេងកីទ្បា៕

 

អត្ថបទទាក់ទង