ខ្មែរប៉ុស្ដិ៍ Close

តើអាស៊ាននឹងទៅជាយ៉ាងណានៅឆ្នាំ ២០៤៥?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 57
តើអាស៊ាននឹងទៅជាយ៉ាងណានៅឆ្នាំ ២០៤៥? តើអាស៊ាននឹងទៅជាយ៉ាងណានៅឆ្នាំ ២០៤៥?

ចក្ខុវិស័យក្រោយឆ្នាំ ២០២៥ របស់សហគមន៍អាស៊ាន នឹងត្រូវបានពង្រីកសម្រាប់រយៈពេល ១០ ឆ្នាំទៀត ដោយគិតចាប់ពីឆ្នាំ ២០៣៥ ដល់ឆ្នាំ ២០៤៥។ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានបង្ហាញអំពីចក្ខុវិស័យរយៈពេល ២០ ឆ្នាំនៅទីក្រុងបាងកកកាលពីសប្តាហ៍មុន ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងចំណោមអ្នកការទូត និងសាធារណជនក្នុងស្រុក។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី៧ របស់ក្រុមការងារកម្រិតខ្ពស់ស្តីអំពីចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ «High-Level Task Force on the Asean Community’s Post-2025 Vision» (HLTF-ACV) កាលពីថ្ងៃទី ១៩-២០ ខែមីនា នៅទីក្រុង Belitung ប្រទេសឥណ្ឌូណេស៊ី។

ព្រឹត្តិការណ៍រយៈពេល ២ ថ្ងៃ ដែលត្រូវបានរៀបចំឡើងដោយប្រទេសឥណ្ឌូណេស៊ីនិងម៉ាឡេស៊ី បាននាំមកនូវការវិវឌ្ឍគួរឱ្យកត់សម្គាល់លើធាតុស្នូលរបស់អនាគតនៃសហគមន៍អាស៊ាននៅក្រោយឆ្នាំ ២០២៥ សម្រាប់រយៈពេល ១០ ឆ្នាំខាងមុខ។ ក្រុមការងារបានយល់ស្របថា «ចក្ខុវិស័យសម្រាប់រយៈពេល ២០ ឆ្នាំគឺពិតជាមានសារៈសំខាន់ណាស់ ជាមួយនឹងការត្រួតពិនិត្យឡើងវិញនៅពាក់កណ្តាលអាណត្តិគឺនៅឆ្នាំ ២០៣៥»។

នេះគឺជាលើកដំបូងហើយដែលស្ថាប័នមានអាយុកាល ៥៦ ឆ្នាំមួយនេះ បានបង្កើតឡើងនូវចក្ខុវិស័យរយៈពេលវែងខុសពីធម្មតា នៅក្នុងពេលវេលាដ៏សំខាន់ ខណៈពេលដែលភូមិសាស្ត្រនយោបាយពិភពលោក និងភូមិសាស្ត្រសេដ្ឋកិច្ចកំពុងមានភាពប្រែប្រួលខ្លាំង។ ការកោតសរសើរគួរតែត្រូវបានផ្តល់ជូនដល់ប្រធានអាស៊ានបច្ចុប្បន្ន ដែលបានទទូចតាំងពីដើមដំបូងថា «ឆ្នាំ ២០៤៥ គួរតែជាពេលវេលាថ្មីក្នុងការស្វែងរកវិធីដើម្បីធ្វើឱ្យអាស៊ានកាន់តែមានសារៈសំខាន់និងមានភាពរឹងមាំ»។

ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៥ ក្រុមការងារនឹងប្រឈមមុខនឹងសំណួរពាក់ព័ន្ធនឹងបញ្ហាប្រឈមដ៏សំខាន់បំផុតរបស់អាស៊ាន ដែលនោះគឺ «របៀបបង្កើតចក្ខុវិស័យដែលនឹងមិនត្រឹមតែដើម្បីធានានូវសារៈសំខាន់ របស់អាស៊ាននៅក្នុងស្ថានភាពភូមិសាស្ត្រនយោបាយរយៈពេល ២០ ឆ្នាំ ដោយរាប់ចាប់ពីពេលនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីធានាបាននូវភាពរឹងមាំទាំងក្នុងស្រុកនិងជាអន្តរជាតិ នៅពេលដែលអាស៊ានអាចក្លាយជាមហាអំណាចសេដ្ឋកិច្ចទី៤ របស់ពិភពលោក បន្ទាប់ពីចិន, អាមេរិក និងជប៉ុន/ឥណ្ឌា»។

ប៉ុន្តែសម្រាប់ពេលនេះ គ្មាននរណាម្នាក់អាចនិយាយទុកជាមុនបាននោះទេថា «តើអាស៊ានឆ្នាំ ២០៤៥ នឹងក្លាយទៅជាយ៉ាងណា»។ នៅពេលដែលក្រុមការងារត្រូវបានបង្កើតឡើងកាលពីឆ្នាំមុននៅក្នុងទីក្រុងភ្នំពេញ សមាជិកចំនួន ២០ នាក់ (២ នាក់មកពីប្រទេសសមាជិកនីមួយៗ) បានទទួលយកនូវការទទួលខុសត្រូវជាក់លាក់រៀងៗខ្លួន ក្នុងការរៀបចំចក្ខុវិស័យសហគមន៍អាស៊ាននៅក្រោយឆ្នាំ ២០២៥។

ក្រុមនេះត្រូវបានចែកចេញជា ២ ដោយក្រុមទី១ រួមមានបុគ្គលល្បីៗក្នុងតំបន់ដែលត្រូវតែជាអតីតរដ្ឋមន្ត្រី ឬជាអតីតអគ្គលេខាធិការ ដូចជាលោក Ong Keng Yong ដែលជាអ្នកការទូតសិង្ហបុរី និងលោក Le Luong Minh ដែលជាអ្នកនយោបាយ និងជាអ្នកការទូតវៀតណាម។ មនុស្សផ្សេងទៀតត្រូវតែជាអតីតអនុរដ្ឋមន្ត្រី ឬមានតំណែងប្រហាក់ប្រហែលនេះ។

ក្រុមទី២ រួមមានអ្នកតំណាងជាន់ខ្ពស់ (HLR) ដែលមានចំណេះដឹង និងបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងកិច្ចការងារ និងដំណើរការរបស់អាស៊ាន។ ពួកគេអាចជាមន្ត្រីជាន់ខ្ពស់បច្ចុប្បន្ន ឬជាអតីតមន្ត្រីជាន់ខ្ពស់ដែលត្រូវបានតែងតាំងដោយប្រទេសជាសមាជិកអាស៊ាន។ នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ក្រុមការងារបានរៀបចំការពិគ្រោះយោបល់ជាមួយទីភ្នាក់ងារពាក់ព័ន្ធរបស់អាស៊ានដែលរួមមានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR), មជ្ឈមណ្ឌលអាស៊ានសម្រាប់ជីវចម្រុះ (ACB) និងទីប្រឹក្សាធុរកិច្ចអាស៊ាន (Abac) ។

លើសពីនេះ ក្រុមការងារ HLTF-ACV ក៏បានជួបជាមួយអ្នកជំនាញមកពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (Eria) ផងដែរ ដែលជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច ដែលមានមូលដ្ឋាននៅទីក្រុងហ្សាកាតា ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាពាក់ព័ន្ធ។

ក្នុងដំណាក់កាលនេះ ក្រៅពីអង្គការវិជ្ជាជីវៈនិងវិស័យឯកជន សមាជិកអាស៊ានមួយចំនួនដូចជាហ្វីលីពីននិងឥណ្ឌូណេស៊ី ក៏ចង់បានផងដែរនូវធាតុចូលបន្ថែមទៀតពីស្ថាប័ននៅថ្នាក់មូលដ្ឋាន ក៏ដូចជាពីអង្គការសង្គមស៊ីវិល ដើម្បីធានាថា «អាស៊ាននៅក្នុងឆ្នាំ ២០៤៥ នឹងអាចក្លាយជាសហគមន៍ដែលផ្តោតលើប្រជាជនយ៉ាងពិតប្រាកដ ដោយក្នុងនោះគ្មាននរណាម្នាក់នឹងត្រូវបានគេទុកចោលឡើយ ហើយមនុស្សគ្រប់គ្នានឹងទទួលបានផលប្រយោជន៍»។

ជាក់ស្តែង គេសង្ឃឹមថា «អាស៊ាននៅឆ្នាំ ២០៤៥ នឹងទទួលបានធាតុចូលកាន់តែច្រើនពីដំណើរការដែលធ្វើឡើងពីថ្នាក់ក្រោមឡើងមកថ្នាក់លើ (Bottom-up process) ដោយក្នុងនោះរាល់គ្រប់សំឡេងទាំងអស់នឹងត្រូវបានគេទទួលស្តាប់»។ ជាឧទាហរណ៍ : នៅពេលនេះឯកសារអាស៊ានបានប្រើប្រាស់ឃ្លាចំនួន ២ គឺ «សហគមន៍ដែលតម្រង់ទិសទៅរកប្រជាពលរដ្ឋ (People-oriented) និងសហគមន៍ដែលផ្តោតលើប្រជាជន (People-centered)»។

ក្នុងទស្សវត្សរ៍ខាងមុខ អាស៊ានត្រូវតែស្វែងរកមធ្យោបាយដើម្បីច្របាច់បញ្ចូលគ្នានូវគំនិតទាំង ២ នេះ ដើម្បីបម្រើផលប្រយោជន៍របស់ពលរដ្ឋអាស៊ាន។ ជាឧទាហរណ៍ : សូមយកស្ថានការណ៍សិទ្ធិមនុស្សនៅអាស៊ានធ្វើជាករណីសិក្សា ដោយក្នុងនោះបណ្តឹងជុំវិញការរំលោភសិទ្ធិមនុស្សបានកើតមានយ៉ាងច្រើន និងនៅមិនទាន់អាចត្រូវបានដោះស្រាយទាំងអស់នៅឡើយទេ។

ប៉ុន្តែសំឡេងរបស់ជនរងគ្រោះ និងក្រុមប្រឆាំងបានទទួលនូវការយកចិត្តទុកដាក់ និងត្រូវបានត្រួតពិនិត្យ។ អាស៊ានគឺជាសហគមន៍ដែលពោរពេញទៅដោយការយកចិត្តទុកដាក់និងការចែករំលែក ហើយគេមានក្តីសង្ឃឹមថា «យន្តការដែលដឹកនាំដោយអាស៊ានស្តីពីបញ្ហាសិទ្ធិមនុស្ស នឹងត្រូវបានបង្កើតឡើងនៅពេលអនាគតដើម្បីដោះស្រាយបញ្ហាសិទ្ធិ បូករួមទាំងសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយ»។

នៅក្នុងចំណោមក្រុមការងារ ការពិភាក្សាស្តីអំពីសិទ្ធិមនុស្សអាស៊ានមានភាពតានតឹងខ្លាំង ដោយសារការមានទស្សនៈខុសៗគ្នា។ គន្លងនៃនិន្នាការសិទ្ធិមនុស្សរបស់អាស៊ាននឹងអាស្រ័យលើការប្តេជ្ញាចិត្តរបស់ប្រធានអាស៊ាននៅពេលអនាគត រហូតដល់ឆ្នាំ ២០៤៥ ថា «តើពួកគេនឹងបន្តអនុវត្តនូវអ្វីដែលបានព្រមព្រៀងគ្នាដែរឬទេ»។

គេដឹងយ៉ាងច្បាស់ថា «ចាប់តាំងពីការបង្កើតគណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) ក្នុងឆ្នាំ ២០០៩ មក អាស៊ានបានផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់ ជាជាងការការពារសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន ហើយវាក៏ដូចគ្នាផងដែរសម្រាប់គោលការណ៍លទ្ធិប្រជាធិបតេយ្យ, នីតិរដ្ឋ និងអភិបាលកិច្ចល្អ»។

ប្រធានអាស៊ានបច្ចុប្បន្នកំពុងស្នើឱ្យមានការបង្កើតកិច្ចសន្ទនាសិទ្ធិមនុស្សអាស៊ាន ដែលអាចនឹងក្លាយជាវេទិកាថ្មីមួយសម្រាប់ប្រទេសជាសមាជិក ដើម្បីពិភាក្សាអំពីស្ថានភាពសិទ្ធិមនុស្សដូចអ្វីដែលពួកគេបានធ្វើនៅឯអង្គការសហប្រជាជាតិ នៅក្រោមប្រព័ន្ធត្រួតពិនិត្យសម័យកាលជាសកល (UPR)។

ទាក់ទងនឹងផែនការអនាគតនៃចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០៤៥ កិច្ចប្រជុំនៅ Belitung បានកំណត់រួចហើយនូវនិន្នាការក្នុងតំបន់ និងពិភពលោកសំខាន់ៗដែលអាចនឹងជះឥទ្ធិពលលើសហគមន៍អាស៊ាន និងដែលតម្រូវឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីធានាឱ្យបាននូវឱកាសសម្រាប់ប្រជាពលរដ្ឋទាំងអស់របស់ខ្លួន។

អាស៊ានអាចមានចំនួនប្រជាជនច្រើនជាងគេលំដាប់ទី៣ នៅក្នុងពិភពលោក បន្ទាប់ពីចិននិងឥណ្ឌានៅក្នុងរយៈពេល ២០ ឆ្នាំខាងមុខ។ ប្រការនេះអាចបង្កឱ្យមានបញ្ហាធំៗមួយចំនួន ដូចជាឥទ្ធិពលបន្តបន្ទាប់គ្នាដែលបង្កឡើងដោយការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ, វិបត្តិថាមពល និងសន្តិសុខស្បៀង។

បន្ទាប់មក វាអាចនឹងមានបញ្ហាបច្ចេកវិទ្យាទាក់ទងនឹងបញ្ញាសិប្បនិម្មិត, បរិវត្តកម្មឌីជីថល និងសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត។ ក្រៅពីនិន្នាការទាំងនេះ ពិភពលោកអាចនឹងបន្តប្រឈមមុខនឹងបញ្ហាដែលបង្កឡើងដោយវីរុសរាតត្បាត និងគ្រោះមហន្តរាយធម្មជាតិ។

ខុសពីចក្ខុវិស័យក្រោយឆ្នាំ ២០២៥ របស់អាស៊ាន ដែលផ្តោតលើសសរស្តម្ភទាំង៣ គឺនយោបាយ/សន្តិសុខ, សេដ្ឋកិច្ច, សង្គម និងវប្បធម៌, ចក្ខុវិស័យឆ្នាំ ២០៤៥ ថ្មី អាចរួមបញ្ចូលនូវបញ្ហាប្រឈមអន្តរជំនាន់ថ្មីៗដែលមនុស្សនៅជំនាន់ខុសៗគ្នានឹងត្រូវបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហារួមគ្នា។

ដើម្បីបន្តរក្សាសារៈសំខាន់នៅក្នុងពិភពលោកនៅពេលអនាគត អាស៊ានត្រូវតែធ្វើសកម្មភាពរួមគ្នា និងត្រូវពង្រឹងមជ្ឈភាពរបស់ខ្លួន ដើម្បីអាចឱ្យអាស៊ាននៅតែជាតួអង្គដ៏សំខាន់នៅក្នុងពិភពលោក។ អាស៊ានចាំបាច់ត្រូវបង្កើនកិច្ចសន្ទនា ការចូលរួមនិងការពិគ្រោះយោបល់បន្ថែមទៀត តាមរយៈយន្តការដែលដឹកនាំដោយអាស៊ានដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗ។

លោក កៅ គឹមហួន បានរំឮកឡើងវិញថា «អាស៊ានចង់ពង្រឹងការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ និងការកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់ដោយផ្តោតលើការទប់ស្កាត់ជម្លោះ»។ អាស៊ានមានបំណងបង្កើតផែនការ យុទ្ធសាស្រ្តដើម្បីទប់ស្កាត់មហាអំណាចណាមួយពីការត្រួតត្រាលើតំបន់អាស៊ីអាគ្នេយ៍។

ដើម្បីអាចសម្រេចរឿងនេះបាន ក្រុមការងារត្រូវមានចក្ខុវិស័យដ៏រឹងមាំ និងដែលអាចសម្រេចទៅបាន។ ប្រាកដណាស់ រចនាសម្ព័ន្ធសំខាន់ៗរបស់អាស៊ានអាចនឹងមិនមានការផ្លាស់ប្តូរច្រើនទេនៅក្នុងរយៈពេល ២ ទសវត្សរ៍ខាងមុខ ជាពិសេសគឺគោលការណ៍ឯកភាពគ្នា, ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង ក៏ដូចជាការមិនប្រើប្រាស់កម្លាំង។

អាស៊ាននៅឆ្នាំ ២០៤៥ នឹងមានសមាជិកកាន់តែច្រើនដែលនឹងរួមមាន ទីម័រឡេស្ត ហើយនៅឆ្នាំខាងមុខ អាចរួមមានទាំងប៉ាពួញរហ្គីណេ ដែលជាប្រទេសអ្នកសង្កេតការណ៍យូរបំផុតរបស់អាស៊ានចាប់តាំងពីឆ្នាំ ១៩៨៦ មក។ អាស៊ានក៏អាចមានសមាជិកថ្មីផ្សេងទៀតមកពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។ នៅពេលនោះ អាស៊ាននឹងត្រូវការបង្កើនថវិការបស់ខ្លួននៅឯលេខាធិការដ្ឋានដែលមានមូលដ្ឋាននៅទីក្រុងហ្សាកាតា។

បច្ចុប្បន្ននេះ សមាជិកម្នាក់ៗត្រូវតម្រូវឱ្យបង់ថ្លៃសមាជិកភាពស្មើៗគ្នាក្នុងចំនួនប្រហែល ២ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ ច្បាស់ណាស់ អាស៊ាននឹងមិនអនុវត្តការចូលរួមចំណែកខុសៗគ្នាដូចសហភាពអឺរ៉ុបនោះទេ ដែលជាហេតុធ្វើឱ្យអំណាចនៃការបោះឆ្នោតមានលក្ខណៈខុសៗគ្នាទៅតាមនោះដែរ។ សមាជិកអាស៊ានចង់បន្តប្រព័ន្ធបង់ប្រាក់ស្មើៗគ្នាដើម្បីអាចមានសំឡេងឆ្នោតស្មើៗភាពគ្នា។

វានៅមានរឿងរាប់លានទៀតដែលនៅមិនទាន់ត្រូវបានលើកយកមកពិភាក្សាពាក់ព័ន្ធនឹងអ្វីដែលអាស៊ានត្រូវធ្វើនៅក្នុងរយៈពេល ២ ទសវត្សរ៍ក្រោយឆ្នាំ ២០២៥។ ទោះបីជាមានបញ្ហាប្រឈមបែបណាក៏ដោយ ក៏អាស៊ានត្រូវតែបន្តបង្ហាញទៅកាន់សហគមន៍ពិភពលោក ជាពិសេសដៃគូសន្ទនាដ៏មានឥទ្ធិពលរបស់ខ្លួនថា «អាស៊ានមានការប្តេជ្ញាចិត្ត និងបានត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយបញ្ហារួមគ្នា»។ វាគឺជារឿងសំខាន់ដែលប្រជាជនអាស៊ានត្រូវតែជឿជាក់ទាំងស្រុងលើសមត្ថភាពរបស់ប្លុកនេះក្នុងការមើលថែរក្សាពួកគេ៕

Kavi Chongkittavorn/Bangkok Post

អត្ថបទទាក់ទង