ខ្មែរប៉ុស្ដិ៍ Close

ផលប្រយោជន៍របស់អាមេរិកក្នុងការបញ្ចប់វិបត្តិនៅអ៊ុយក្រែន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 147
ផលប្រយោជន៍របស់អាមេរិកក្នុងការបញ្ចប់វិបត្តិនៅអ៊ុយក្រែន ផលប្រយោជន៍របស់អាមេរិកក្នុងការបញ្ចប់វិបត្តិនៅអ៊ុយក្រែន

ជំនួបផ្ទាល់រវាងរដ្ឋមន្រ្តីការបរទេសអាមេរិក Antony Blinken និងសមភាគីរុស្ស៊ី Sergey Lavrov នៅឯទីក្រុង New Delhi អាចបង្ហាញឱ្យឃើញថា នឹងលែងមានពាក្យសម្តីអាក្រក់ៗនៅក្នុងវិស័យការទូតទៀតហើយ។

កិច្ចប្រជុំរយៈពេល ១០ នាទី នៅក្រៅកិច្ចប្រជុំ G20 ត្រូវបានធ្វើឡើងក្រោយពេលដែលទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan បានជម្រុញឱ្យប្រទេសអ៊ុយក្រែនបង្ហាញប្រាប់ប្រទេសរុស្ស៊ីថា ពួកគេពិតជាបើក ចំហរដើម្បីចូលរួមក្នុងការចរចាដើម្បីបញ្ចប់សង្រ្គាម។ ការវិវឌ្ឍនៅពេលថ្មីៗនេះ គឺពិតជាបានបង្ហាញថា ក្តីសង្ឃឹមក្នុងការបង្កើតបទឈប់បាញ់ពិតជាអាចទៅរួច។

សង្រ្គាមនៅអ៊ុយក្រែនដែលបានបំផ្លិចបំផ្លាញដល់មូលដ្ឋាននៃសណ្តាប់ធ្នាប់ដែលផ្អែកទៅលើច្បាប់ ត្រូវបានគេចាត់ទុកថាជាសង្រ្គាមកូនជឹងរវាងមហាអំណាចធំ២ ដែលក្នុងនោះប្រទេសរុស្ស៊ីទទួលបានគាំទ្រពីសំណាក់ប្រទេសចិន ហើយអ៊ុយក្រែនទទួលបានការគាំទ្រពីសំណាក់អាមេរិក។ សង្រ្គាមនេះបានបង្កឱ្យមានវិបត្តិថាមពលនិងចំណីអាហារ, ធ្វើឱ្យមានការកើនឡើងនូវអត្រាអតិផរណា និងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះ ហើយវាក៏បានបង្កើនហានិភ័យនៃការបង្កជម្លោះដោយផ្ទាល់រវាងរុស្ស៊ីជាមួយនឹងអង្គការ NATO ផងដែរ។

ក្រោយការប្រយុទ្ធគ្នាអស់រយៈពេលជាង ១ ឆ្នាំកន្លងមក គេបានមើលឃើញយ៉ាងច្បាស់ថា វាគឺជាសង្រ្គាមមួយដែលគ្មានថ្ងៃបញ្ចប់ ខណៈដែលភាគីទាំងសងខាងខិតខំដើម្បីយកឈ្នះនៅលើសមរភូមិ។ បទឈប់បាញ់គឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់ភាពជាប់គាំងផ្នែកយោធា ក៏ប៉ុន្តែការចរចាអាចនឹងត្រូវប្រើប្រាស់ពេលវេលាយូរបន្តិច។ មិនខុសពីសង្គ្រាមកូរ៉េកាលពីចន្លោះឆ្នាំ ១៩៥០-១៩៥៣ នោះទេ វាត្រូវការរយៈពេលដល់ទៅ ២ឆ្នាំ មុនពេលកិច្ចព្រមព្រៀងបទឈប់បាញ់អាចសម្រេចបាន។

លោក Putin ជឿជាក់ថា ការអូសបន្លាយពេលវេលានៃការធ្វើសង្រ្គាមនេះ គឺនឹងផ្តល់ផលប្រយោជន៍ដល់ភាគីខាងរូបលោក ហើយវាអាចធ្វើឱ្យគាត់អាចបំផ្លាញប្រទេសអ៊ុយក្រែន និងអាចតេស្តមើលអំពីសមត្ថភាពរបស់លោកខាងលិចថែមទៀតផង។

ដើម្បីយកឈ្នះទៅលើឧបករណ៍ការពារដែនអាកាសរបស់អ៊ុយក្រែន រុស្ស៊ីបានបាញ់កាំជ្រួចជាច្រើនក្នុងពេលដំណាលគ្នា ដែលរួមមានទាំងអាវុធដែលមានល្បឿនលឿនជាងសំឡេង Kinzhal របស់ខ្លួន ដែលជាគ្រាប់ដែលគេមិនអាចបាញ់ទម្លាក់បាន។ បើទោះបីជាលោកខាងលិចបានផ្តល់សព្វាវុធជាច្រើនដល់អ៊ុយក្រែនក៏ដោយ ក៏អ៊ុយក្រែនមិនអាចធ្វើការរារាំងការវាយលុកតាមដែនអាកាសកាន់តែខ្លាំងឡើងរបស់រុស្ស៊ីបាននោះដែរ។

ប៉ុន្តែគេក៏បានមើលឃើញផងដែរថា រុស្ស៊ីនឹងមិនអាចសម្រេចគោលដៅជាយុទ្ធសាស្រ្តរបស់ខ្លួននៅអ៊ុយក្រែនបាននោះឡើយ។ រុស្ស៊ីប្រហែលជាបានកាន់កាប់ទៅលើទឹកដីអ៊ុយក្រែនជាង ១/៥ ប៉ុន្តែពួកគេក៏បានបង្កើតឱ្យមានភាពប្រទូសសារាយជាមួយប្រទេសជិតខាង ហើយប្រៀបដូចជាការជួយពង្រឹងអង្គការ NATO ដែលបច្ចុប្បន្ននេះ ពួកគេកំពុងតែរៀបចំដើម្បីទទួលយកប្រទេស Finland និង Sweden ឱ្យចូលជាសមាជិកបន្ថែមផងដែរ។

ជាងនេះទៅទៀត ការដាក់ទណ្ឌកម្មដ៏ច្រើនដែលមិនធ្លាប់មានពីមុនមកដែលលោកខាងលិចបានដាក់មកលើរុស្ស៊ី ទំនងជានឹងធ្វើឱ្យរុស្ស៊ីត្រូវទទួលរងទុក្ខយូរអង្វែង និងធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចរុស្ស៊ីរយៈពេលវែងដូចគ្នា។

ទន្ទឹមគ្នានេះផងដែរ យុទ្ធសាស្រ្ត «សង្រ្គាមកូនកាត់» របស់ប្រធានាធីបតីអាមេរិក Joe Biden ដែលមានគោលបំណងប្រើប្រាស់យុទ្ធសាស្ត្រអំណាចទន់ ដើម្បីធ្វើឱ្យរុស្ស៊ីជាប់គាំង និងការប្រើប្រាស់ហិញ្ញវត្ថុពិភពលោកជាអាវុធនោះ វាវពិតជាបានទទួលបរាជ័យក្នុងការធ្វើឱ្យរបបលោក Putin ឬប្រាក់ Ruble ដួលរលំ ដូចអ្វីដែលលោក Biden បានអះអាងកាលពីពេលចាប់ផ្តើមធ្វើសង្គ្រាមដំបូង។ ការដាក់ទណ្ឌកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិកបានបង្អាក់ដល់សមត្ថភាពក្នុងការប្រមូលផ្តុំកងកម្លាំងរបស់រុស្ស៊ីបន្ថែម តែវាក៏មិនអាចបង្អាក់ដល់ម៉ាស៊ីនសង្រ្គាមរបស់វិមានក្រឹមឡាំងនោះឡើយ។

ខណៈដែលការដាក់ទណ្ឌកម្មបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ផលប្រយោជន៍នៃការនាំចេញថាមពលរបស់រុស្ស៊ីក៏ដោយ រុស្ស៊ីក៏បានងាកទៅរកប្រទេសក្រៅពីលោកខាងលិចវិញ ដើម្បីលក់ប្រេង និងឧស្ម័នធម្មជាតិរបស់ខ្លួន។

ការធ្លាក់ចុះនៃទឹកចិត្តបានធ្វើឱ្យទាហានរុស្ស៊ីចុះចាញ់ តែបើតាមប្រវត្តិរបស់ទាហានរុស្ស៊ី វាមិនទំនងទេថា អ៊ុយក្រែនអាចនឹងបង្ខំឱ្យរុស្ស៊ីដកទ័ពទាំងស្រុងចេញពីទឹកដីដែលរុស្ស៊ីបានកាន់កាប់នោះឡើយ។

ចិនគឺជាប្រទេសតែមួយគត់ដែលទទួលបានផលប្រយោជន៍ច្រើនចេញពីការធ្វើសង្រ្គាមនៅអ៊ុយក្រែននេះ។ តាមរបាយការណ៍របស់មូលនិធិ Free Russia Foundation ដែលមានមូលដ្ឋាននៅទីក្រុង Washington DC នៅពេលថ្មីៗនេះបានឱ្យដឹងថា «ចិនគឺជាអ្នកឈ្នះដ៏ធំបំផុតនៅក្នុងការដាក់ទណ្ឌកម្មរបស់លោកខាងលិចមកលើប្រទេសរុស្ស៊ី»

ចិនបានក្លាយជាធនាគារ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់រុស្ស៊ី ដោយពួកគេបានប្រើប្រាស់សង្រ្គាមនេះដើម្បីរៀបចំសំណាញ់សុវត្ថិភាពថាមពល តាមរយៈការប្រមូលប្រេងនិងឧស្ម័នរបស់រុស្ស៊ីបានយ៉ាងច្រើន ហើយវានឹងមិនអាចមានការខ្វះខាតនោះទេ បើទោះបីជាប្រទេសចិនសម្រេចចិត្តឈ្លានពានកោះតៃវ៉ាន់ក៏ដោយ។

ការទាញអាមេរិកចូលកាន់តែជ្រៅនៅក្នុងសង្រ្គាមនៅអ៊ុយក្រែន វាក៏ជាឱកាសកាន់តែច្រើនសម្រាប់ចិនក្នុងការឈ្លានពានកោះតៃវ៉ាន់ ហើយ «យុទ្ធសាស្ត្រ រុស្ស៊ី-ចិន» Sino-Russian គឺពិតជាសុបិន្តដ៏អាក្រក់បំផុតសម្រាប់សហរដ្ឋអាមរិក។ សហរដ្ឋអាមេរិកអាចនឹងនៅតែជាមហាអំណាចយោធាកំពូលរបស់ពិភពលោកនៅក្នុងពេលនេះ ប៉ុន្តែការទប់ទល់នឹងកម្លាំងរួមគ្នារបស់ចិននិងរុស្ស៊ីគឺពិតជាកិច្ចការដ៏ធំមួយ។

សង្រ្គាមនៅអ៊ុយក្រែនបានលាតត្រដាងរួចហើយនូវកង្វះខាតផ្នែកយោធារបស់បស្ចិមប្រទេស ក៏ដូចជាការធ្លាក់ចុះនៃការផ្គត់ផ្គង់គ្រាប់រំសេវ, ការធ្លាក់ចុះនៃកំណើនផលិតអាវុធរបស់អាមេរិក និងការចុះខ្សោយនៃការមូលមតិគ្នារវាងអាមេរិក-អឺរ៉ុប ចំពោះបញ្ហានៅអ៊ុយក្រែន។ ប្រធានាធិបតីចិន Xi Jinping អាចនឹងស្វែងយល់អំពីប្រសិទ្ធភាពអាវុធរបស់លោកខាងលិចបន្ថែមទៀត មុនពេលចាប់ផ្តើមឈ្លានពានកោះតៃវ៉ាន់ តាមរយៈការដឹកជញ្ជូនអាវុធដោយប្រយោលទៅកាន់ប្រទេសរុស្ស៊ី និងបង្ខំឱ្យអាមេរិកនិងរដ្ឋាភិបាលផ្សេងៗទៀត បង្កើនការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។

លោក Xi ក៏បានជួយដល់ការធ្វើសង្រ្គាមរបស់លោកពូទីនរួចទៅហើយ តាមរយៈការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក, ឧបករណ៍រុករក, ឧបករណ៍រំខានរលកសញ្ញា, គ្រឿងបន្លាស់យន្តហោះចម្បាំង និងឧបករណ៍ Semiconductors ដល់ប្រទេសរុស្ស៊ី។

ខណៈដែលប្រទេសលោកខាងលិចមួយចំនួននៅតែជឿជាក់ថា ការចរចាអំពីបទឈប់បាញ់នៅអ៊ុយក្រែនអាចនឹងជម្រុញឱ្យចិនវាយប្រហារកោះតៃវ៉ាន់នោះ លោក Xi ពិតជាមិនត្រូវការឱ្យរុស្ស៊ីបង្ហាញអំពីការឈ្លានពានដ៏មានប្រសិទ្ធភាពនោះទេ ព្រោះគេបានមើលឃើញភស្តុតាងជាក់ស្តែងរួចទៅហើយ តាមរយៈយុទ្ធសាស្រ្តពង្រីកទឹកដីរបស់ចិននៅសមុទ្រចិនខាងត្បូង។

យោងតាមរបាយការណ៍របស់ RAND បានចង្អុលបង្ហាញថា សង្រ្គាមនៅអ៊ុយក្រែនមិនបានផ្តល់ផលប្រយោជន៍ដល់អាមេរិកនោះទេ។ ការអូសបន្លាយការធ្វើសង្រ្គាមនឹងធ្វើឱ្យអាមេរិកត្រូវបង្កើនលំហូរសាច់ប្រាក់ និងអាវុធទៅកាន់អ៊ុយក្រែន ហើយអាចជម្រុញឱ្យមានហានិភ័យនៃជម្លោះរវាងអង្គការ NATO និងរុស្ស៊ី ហើយថែមទាំងអាចបង្អាក់ដល់សមត្ថភាពរបស់អាមេរិកក្នុងការទប់ទល់ជាមួយចិនថែមទៀតផង។

ខណៈដែលលោក Biden បានដឹងរួចទៅហើយថា ការចរចាគឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់សង្រ្គាមនោះ លោកគួរតែធ្វើវានៅពេលនេះទើបប្រសើរ ជាជាងរង់ចាំឱ្យមានការបង្ហូរឈាមគ្នាអស់រយៈពេលជាច្រើនខែឆ្នាំទៅមុខទៀត៕

Project Syndicate

អត្ថបទទាក់ទង