លម្អិតអំពីច្បាប់ស្ដីពីបញ្ញសិប្បនិម្មិតរបស់សហភាពអឺរ៉ុប
សហភាពអឺរ៉ុបកំពុងពិចារណាលើក្របខណ្ឌច្បាប់ថ្មីមួយដែលមានគោលបំណងសំខាន់ក្នុងការជំរុញឱ្យមានបទប្បញ្ញត្តិនានា ស្តីពីការអភិវឌ្ឍ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត។
ច្បាប់ស្ដីពីបញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) ដែលបានស្នើឡើងនេះ ផ្តោតជាចម្បងទៅលើការពង្រឹងវិធានការជាច្រើនជុំវិញគុណភាព, តម្លាភាព, ការត្រួតពិនិត្យពីលើដោយមនុស្ស និងគណនេយ្យភាពនៃទិន្នន័យ។ ច្បាប់នេះក៏មានគោលបំណងឆ្លើយតបទៅនឹងសំណួរខាងក្រមសីលធម៌ និងបញ្ហាប្រឈមក្នុងការអនុវត្តនៅក្នុងវិស័យផ្សេងៗ រាប់ចាប់ពីការថែទាំសុខភាពនិងការអប់រំ រហូតដល់វិស័យហិរញ្ញវត្ថុ និងថាមពល។
លោក Thierry Breton ស្នងការអឺរ៉ុបទទួលបន្ទុកទីផ្សារផ្ទៃក្នុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «[AI] មានអត្ថិភាពអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែសមត្ថភាពរបស់វាបានឈានកម្រិតថ្មីមួយ ដែលជំរុញដោយអំណាចនៃម៉ាស៊ីនកុំព្យូទ័រ»។ ច្បាប់ AI នេះ មានគោលបំណង «ពង្រឹងជំហររបស់អឺរ៉ុបក្នុងការដើរតួជាមជ្ឈមណ្ឌលសកលមួយដែលមានឧត្តមភាពខាង AI និងដែលនាំយកពីមន្ទីរពិសោធន៍ទៅកាន់ទីផ្សារផ្ទាល់, ធានាថា AI នៅអឺរ៉ុបតែងតែគោរពនូវគុណតម្លៃនិងច្បាប់របស់យើង និងទាញយកសក្តានុពលនៃ AI សម្រាប់ការប្រើប្រាស់នៅក្នុងវិស័យឧស្សាហកម្ម»។
មូលដ្ឋានគ្រឹះនៃច្បាប់ស្ដីពី AI នេះ គឺជាប្រព័ន្ធចាត់ថ្នាក់មួយ ដែលកំណត់ពីកម្រិតនៃហានិភ័យដែលបច្ចេកវិទ្យា AI អាចបង្កឱ្យប៉ះពាល់ដល់សុខភាពនិងសុវត្ថិភាព ឬដល់សិទ្ធិជាមូលដ្ឋានរបស់មនុស្ស។ ក្របខណ្ឌច្បាប់មួយនេះរួមបញ្ចូលនូវកម្រិតហានិភ័យចំនួន ៤ គឺ៖ កម្រិតមិនអាចទទួលយកបាន, កម្រិតខ្ពស់, កម្រិតតិចតួច និងកម្រិតតិចតួចបំផុត។
ប្រព័ន្ធ AI ដែលមានហានិភ័យកម្រិតទាប និងតិចតួចបំផុត ដូចជាប្រព័ន្ធច្រោះសារឥតបានការ (Spam) ឬហ្គេមវីដេអូជាដើម ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាមួយនឹងតម្រូវការតិចតួច ដែលមិនតម្រូវឱ្យបំពេញកាតព្វកិច្ចបង្ហាញតម្លាភាពនៃទិន្នន័យ។ ដោយឡែកប្រព័ន្ធដែលត្រូវបានគេចាត់ទុកថាបង្កហានិភ័យ និងដែលមិនអាចទទួលយកបាន ដូចជាប្រព័ន្ធកំណត់ចំណាត់ថ្នាក់ស្ថាប័នរដ្ឋាភិបាល (Government Social Scoring) និងប្រព័ន្ធកំណត់អត្តសញ្ញាណភ្លាមៗនៅតាមទីសាធារណៈ (Real-Time Biometric Identification Systems) ត្រូវបានហាមឃាត់ ជាមួយនឹងករណីលើកលែងតិចតួច។
ប្រព័ន្ធ AI ដែលមានហានិភ័យខ្ពស់ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដែរ ប៉ុន្តែអ្នកអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ត្រូវតែប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិជាច្រើន ដែលតម្រូវឱ្យមានការធ្វើតេស្តយ៉ាងម៉ត់ចត់, តម្រូវឱ្យមានឯកសារណែនាំត្រឹមត្រូវអំពីគុណភាពនៃទិន្នន័យ និងអំពីក្របខណ្ឌគណនេយ្យភាពមួយ ដែលរៀបរាប់លម្អិតអំពីការត្រួតពិនិត្យរបស់មនុស្ស។ AI ដែលគេចាត់ទុកថាមានហានិភ័យខ្ពស់ រួមមាន៖ យានយន្តស្វ័យប្រវត្តិ, ឧបករណ៍វេជ្ជសាស្ត្រ និងគ្រឿងម៉ាស៊ីនវៃឆ្លាតនានាដែលបម្រើឱ្យវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យមួយចំនួនទៀត។
ច្បាប់ដែលបានស្នើឡើងនេះ ក៏រៀបរាប់អំពីបទប្បញ្ញត្តិនានាជុំវិញអ្វីដែលគេហៅថា AI បម្រើឱ្យគោលបំណងទូទៅ ពោលវាគឺជាប្រព័ន្ធ AI ទាំងឡាយណាដែលអាចត្រូវបានគេប្រើប្រាស់ក្នុងគោលបំណងផ្សេងៗគ្នា ជាមួយនឹងកម្រិតនៃហានិភ័យផ្សេងៗគ្នា។ ជាឧទាហរណ៍: ប្រព័ន្ធ AI ដែលអាចឆ្លើយតបទៅនឹងគ្រប់សំណួរបាន (Large Language Model) ដូចជា ChatGPT ជាដើម។
លោក Kay Firth-Butterfield ប្រធានផ្នែក AI នៅវេទិកាសេដ្ឋកិច្ចពិភពលោក បាននិយាយថា «ជាមួយនឹងច្បាប់នេះ EU កំពុងនាំមុខគេក្នុងការប៉ុនប៉ងធ្វើឱ្យប្រព័ន្ធ AI អាចឆ្លើយតបទៅនឹងអ្វីដែលមនុស្សលោកចង់បាននាពេលអនាគត»។
ច្បាប់ AI នេះ ស្នើឱ្យមានការពិន័យយ៉ាងធ្ងន់ធ្ងរទៅលើអ្នកដែលមិនគោរពតាម។ សម្រាប់ក្រុមហ៊ុននានា ការផាកពិន័យអាចឈានដល់ទំហំ ៣០ លានអឺរ៉ូ ឬ ៦% នៃប្រាក់ចំណូលសកល។ ការក្លែងបន្លំឯកសារទៅកាន់និយតករ ក៏អាចនឹងរងការផាកពិន័យផងដែរ។
លោកស្រី Margrethe Vestager អនុប្រធានប្រតិបត្តិទទួលបន្ទុកការធ្វើឱ្យអឺរ៉ុបដើរទាន់យុគសម័យឌីជីថលបានបន្ថែមថា «ជាមួយនឹងច្បាប់នេះ EU កំពុងដឹកនាំការបង្កើតបទដ្ឋានសកលថ្មីៗ ដើម្បីធ្វើឱ្យប្រាកដថា AI អាចជឿទុកចិត្តបាន។ ការបង្កើតសម្រាប់ពេលអនាគត និងប្រកបដោយនវានុវត្តន៍ នឹងជួយឱ្យច្បាប់របស់យើងអាចអន្តរាគមន៍នៅត្រង់ចំណុចដែលចាំបាច់ឱ្យមានភាពតឹងរ៉ឹង ពោលគឺនៅពេលដែលសុវត្ថិភាព និងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋអឺរ៉ុប ជួបការគំរាមកំហែង»។
ច្បាប់ដែលបានស្នើឡើងនេះ ក៏មានគោលបំណងបង្កើតក្រុមប្រឹក្សា AI របស់អឺរ៉ុប ដែលនឹងត្រួតពិនិត្យការអនុវត្តបទប្បញ្ញត្តិ និងធានាបាននូវស្តង់ដារនៃការអនុវត្តនៅទូទាំងសហភាពអឺរ៉ុបផងដែរ។ ស្ថាប័ននេះនឹងមានភារកិច្ចបញ្ចេញមតិ និងផ្ដល់អនុសាសន៍លើបញ្ហាដែលនឹងកើតឡើង ក៏ដូចជាផ្តល់នូវការណែនាំដល់បណ្ដាអាជ្ញាធរជាតិទៀតផង។
ច្បាប់ដែលបានស្នើឡើងនេះ បានចែងថា «ក្រុមប្រឹក្សាភិបាលនេះគួរតែឆ្លុះបញ្ចាំងពីផលប្រយោជន៍ផ្សេងៗនៃប្រព័ន្ធអេកូ AI ហើយសមាជិកនីមួយៗត្រូវតែជាអ្នកតំណាងដែលមកពីរដ្ឋសមាជិក»។
ច្បាប់ AI នេះ ដំបូងឡើយត្រូវបានស្នើឡើងដោយគណៈកម្មការអឺរ៉ុបកាលពីខែមេសា ឆ្នាំ ២០២១។ ចំណុច «ជំហរនៃអភិក្រមទូទៅ» មួយនៅលើច្បាប់នេះ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអឺរ៉ុបនៅចុងឆ្នាំ ២០២២ ហើយច្បាប់នេះកំពុងស្ថិតនៅក្រោមការពិភាក្សានៅក្នុងសភាអឺរ៉ុប។
លោក Ivan Bartoš ឧបនាយករដ្ឋមន្រ្ដីរបស់ឆែក ទទួលបន្ទុកកិច្ចការឌីជីថលូបនីយកម្ម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីការអនុម័តរបស់ក្រុមប្រឹក្សាអឺរ៉ុបថា «បញ្ញាសិប្បនិម្មិតមានសារៈសំខាន់ជាទីបំផុតសម្រាប់អនាគតរបស់យើងរាល់គ្នា។ យើងបានព្យាយាមធ្វើយ៉ាងណាសម្រេចឱ្យបាននូវតុល្យភាពដ៏វិសេសវិសាលមួយ ដែលនឹងជំរុញឱ្យមាននវានុវត្តន៍ និងការទទួលយកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះ នៅទូទាំងទ្វីបអឺរ៉ុប»។
នៅពេលដែលសភាអ៊ឺរ៉ុបអនុម័តគោលជំហររបស់ខ្លួនលើច្បាប់នេះ ការចរចាអន្តរស្ថាប័នរបស់អឺរ៉ុប (កិច្ចពិភាក្សាត្រីភាគី – Trilogues) នឹងចាប់ផ្តើមបង្ហើយការងារដែលសេសសល់ និងដាក់ឱ្យប្រើប្រាស់តែម្ដង។
-រយៈពេលនៃកិច្ចពិភាក្សានេះ អាចខុសគ្នាច្រើន ដោយសារសមាជិកសភាធ្វើការចរចាលើចំណុចជាប់គាំងមួយចំនួន និងពិនិត្យឡើងវិញនូវសំណើដែលបានស្នើមក។
បណ្ដាមន្ត្រីសហភាពអឺរ៉ុបបាននិយាយថា នៅពេលគេដោះស្រាយចំណុចស្មុគស្មាញមួយចំនួននៃច្បាប់ តួយ៉ាងដូចជាច្បាប់ AI នេះជាដើម ជារឿយៗកិច្ចពិភាក្សាត្រីភាគី តែងចំណាយពេលវេលាដ៏យូរ៕
World Economic Forum