ខ្មែរប៉ុស្ដិ៍ Close

តើនាយករដ្ឋមន្ត្រីចិនថ្មី លោក Li Qiang នឹងក្លាយជាមនុស្សធ្វើតាមបង្គាប់ ឬជាអ្នកដែលហ៊ាននិយាយការពិតប្រាប់លោក Xi Jinping?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 102
តើនាយករដ្ឋមន្ត្រីចិនថ្មី លោក Li Qiang នឹងក្លាយជាមនុស្សធ្វើតាមបង្គាប់ ឬជាអ្នកដែលហ៊ាននិយាយការពិតប្រាប់លោក Xi Jinping? ប្រធានាធិបតីចិនលោក Xi Jinping (ស្តាំ) ចាប់ដៃជាមួយនាយករដ្ឋមន្ត្រីទើបជាប់ឆ្នោតថ្មី Li Qiang (ឆ្វេង) ក្នុងសម័យប្រជុំពេញអង្គលើកទី៤ នៃសភាប្រជាជនជាតិ (NPC) នៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៣។ (រូបថត៖ AFP / GREG BAKER / POOL)

ដូចការរំពឹងទុក លោក Li Qiang ដែលត្រូវបានដំឡើងឋានៈទៅជាមនុស្សទី២ នៅក្នុងជួរគណបក្សកុម្មុយនីស្តចិន កាលពីខែតុលា ឆ្នាំ ២០២២ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី ដោយសភាប្រជាជនលើកទី ១៤ នៅថ្ងៃ ទី ១១ ខែមីនានេះ។

លោក Li Qiang នឹងទទួលបន្ទុកដឹកនាំក្រុមប្រឹក្សារដ្ឋដែលជាគណៈរដ្ឋមន្ត្រីរបស់ចិនសម្រាប់រយៈពេល ៥ ឆ្នាំ។ ក្នុងនាមជាមនុស្សជំនិតរបស់ប្រធានាធិបតី Xi Jinping, លោក Li Qiang គឺជាលេខាបក្សទីក្រុងសៀងហៃ ដែលបានមើលការខុសត្រូវទៅលើការបិទខ្ទប់ដ៏តឹងរ៉ឹងរយៈពេល ២ខែ ក្រោមគោលនយោបាយ «Zero Covid» នៅឆ្នាំ ២០២២។

សូមអាន ការព្យាករណ៍ខុសលើលោក Xi និងការរះឡើងរបស់ លោក Li

ការឡើងតំណែងរបស់លោក Li Qiang គឺជាសញ្ញានៃការពង្រឹងអំណាចរបស់លោក Xi ជាមួយមនុស្សដែលមានភក្តីភាព ដោយហេតុថា «លោកLi Qiang មិនធ្លាប់មានបទពិសោធន៍នៅក្នុងរដ្ឋាភិបាលមជ្ឈិមនោះទេ»។ ក្រៅតែពីលោក Zhou Enlai លោក Li Qiang គឺជានាយករដ្ឋមន្ត្រីតែម្នាក់គត់នៅក្នុងប្រវត្តិសាស្ត្ររបស់សាធារណរដ្ឋប្រជាមានិតចិន បើគិតចាប់ពីឆ្នាំ ១៩៤៩ មក ដែលមិនបានកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី មុននឹងឡើងមកកាន់តំណែងជានាយករដ្ឋមន្ត្រី។

ក្នុងនាមជាមនុស្សដែលទទួលខុសត្រូវទៅលើការគ្រប់គ្រងសេដ្ឋកិច្ចធំជាងគេទី ២ ក្នុងពិភពលោក នៅក្នុងបរិយាកាសដែលកំពុងពោរពេញទៅដោយការផ្លាស់ប្តូរយ៉ាងលឿនទាំងនៅក្នុងស្រុកនិងក្រៅស្រុក មនុស្សជាច្រើនបានចោទជាសំណួរថា «តើលោក Li Qiang នឹងក្លាយជាមនុស្សធ្វើតាមបង្គាប់បញ្ជា ឬអាចក្លាយជាអ្នកដែលហ៊ាននិយាយការពិតប្រាប់ដល់លោក Xi Jinping?»

ការរះត្រដែតឡើងរបស់លោក Li Qiang បន្ទាប់ពីលោក Xi បានក្លាយជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិននៅឆ្នាំ ២០១២ គឺមិនត្រឹមតែជាការបង្ហាញអំពីភក្តីភាពផ្នែកនយោបាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានជាប់ពាក់ព័ន្ធនឹងទំនាក់ទំនងបុគ្គលផ្ទាល់របស់លោកជាមួយនឹងលោក Xi ផងដែរ ពោលវាគឺជាទំនាក់ទំនងដែលបានកើត មានរាប់ទសវត្សរ៍មកហើយ។ លោក Li Qiang បានក្លាយជាសមាជិកដ៏សំខាន់ម្នាក់នៅក្នុងជួរថ្នាក់ដឹកនាំរបស់លោក Xi ដែលជាផ្នែកមួយនៃ «ក្រុមដឹកនាំនៅ Zhejiang» ក្រោយបានបម្រើការជាអ្នកគ្រប់គ្រងបុគ្គលិករបស់លោក Xi នៅចន្លោះឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៧។

លោក Li Qiang បានចាប់ផ្តើមអាជីព នយោបាយរបស់លោកនៅក្នុងប្រព័ន្ធសម្ព័ន្ធយុវជននៅក្នុងឆ្នាំ ១៩៨២ និងត្រូវបានដំឡើងឋានៈជាបន្តបន្ទាប់នៅខេត្ត Zhejiang នៅក្នុងរយៈពេលជាង ២ ទសវត្សរ៍ក្រោយ រហូតបានក្លាយជាលេខាបក្សប្រចាំនៅទីក្រុង Wenzhou។ នៅពេលលោក Xi ដែលជាលេខាបក្សនៅខេត្ត Zhejiang ត្រូវការលេខាបក្សសម្រាប់គណៈកម្មាធិការបក្សខេត្ត Zhejiang នៅឆ្នាំ ២០០៤ លោក Li Qiang បានក្លាយជាជម្រើសទី១ របស់លោក។

នៅក្រោយពេលដែលលោក Xi បានក្លាយជាមេដឹកនាំថ្នាក់ជាតិ លោក Li Qiang បានក្លាយជាអភិបាលស្តីទីនៃខេត្ត Zhejiang នៅខែធ្នូ ឆ្នាំ ២០១២ និងក្រោយមកបានក្លាយជាអភិបាលខេត្ត នៅខែមករា ឆ្នាំ ២០១៣ និងបន្តក្លាយជាលេខាបក្សនៅខេត្ត Jiangsu នៅខែធ្នូ ឆ្នាំ ២០១៦ និងជាលេខាបក្សនៃទីក្រុងសៀងហៃនៅខែតុលា ឆ្នាំ ២០១៧។

នៅក្នុងសមាជបក្សចំនួន ៣ លើកចុងក្រោយ លោក Li Qiang បានងើបខ្លួនចេញពីសមាជិកបម្រុងកាល ពីឆ្នាំ ២០១២ មកក្លាយជាសមាជិកការិយាល័យនយោបាយនៅឆ្នាំ ២០១៧ និងបានផ្លោះចូលទៅក្នុងជួរគណៈកម្មាធិការអចិន្ត្រៃយ៍នយោបាយដែលជាបណ្តុំមនុស្សមានអំណាចទាំង ៧ នាក់ ដែលស្ថិតនៅក្រោមតែលោក Xi មួយថ្នាក់ប៉ុណ្ណោះនៅឆ្នាំ ២០២២។

នៅក្នុងពេលកើតមានការរីករាលដាលនៃវីរុសកូវីដ-១៩ ក្នុងរយៈពេល ២ ឆ្នាំដំបូង លោក Li Qiang អាចគ្រប់គ្រងទីក្រុងដ៏ធំបានយ៉ាងល្អ ហើយសេដ្ឋកិច្ចរបស់ទីក្រុងសៀងហៃមិនបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរទេ។ ប៉ុន្តែជាមួយអន្តរាគមន៍ផ្ទាល់របស់លោក Xi នៅរដូវផ្ការីកឆ្នាំ ២០២២ លោក Li Qiang បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ចនៅទីក្រុងនោះ ដោយសារការអនុវត្តតាមគោលនយោបាយ Zero Covid របស់លោក Xi។

ប៉ុន្តែការផ្តល់ទំនុកចិត្តពីសំណាក់លោកXi ក៏អាចមានន័យដែរថា «លោក Li Qiang គឺជាមនុស្សដែលបានផ្តល់ព័ត៌មានពិតដល់ចៅហ្វាយនាយរបស់លោក»។ លោកអាចជាមនុស្សតែម្នាក់គត់ដែលបានបញ្ចុះបញ្ចូលឱ្យលោក Xi បោះបង់ចោលនូវគោលនយោបាយ Zero Covid នៅខែវិច្ឆិកា ឆ្នាំ ២០២២ ដើម្បីអាចឱ្យលោកចាប់ផ្តើមបើកសេដ្ឋកិច្ចចិនឡើងវិញនៅខែមីនា ឆ្នាំ ២០២៣ ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី។

ប្រសិនបើលោក Li Qiang គឺជាមនុស្សដែលទទួលបានការទុកចិត្តយ៉ាងនេះ លោកអាចនឹងទទួលបានស្វ័យភាពកាន់តែច្រើនដើម្បីបំពេញការងាររបស់លោក ជាពិសេសបើប្រៀបធៀបនឹងលោក Li Keqiang ដែលលោក Xi បានចាត់ទុកជាមនុស្សរបស់ក្រុមប្រកួតប្រជែង និងត្រូវបានផាត់ចេញឱ្យនៅឆ្ងាយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជាមួយនឹងស្វ័យភាពទាំងនេះ លោក Li Qiang ទំនងជាអាចទប់ស្កាត់រដ្ឋាភិបាលចិនពីការធ្វើអន្តរាគមន៍នៅក្នុងទីផ្សារជ្រុលហួសហេតុពេក, អាចបង្កើតឱ្យមានជាបណ្តើរៗនូវបរិយាកាសគតិយុត្ត ដែលមានភាពអំណោយផលចំពោះធុរកិច្ច និងបង្កើនទំនុកចិត្តដល់ការវិនិយោគនិងការធ្វើពាណិជ្ជកម្មបរទេស។ លោកអាចនឹងជំរុញឱ្យមានការធ្វើកំណែទម្រង់សេដ្ឋកិច្ចដែលធ្លាប់បានជាប់គាំងក្រោមការដឹកនាំរបស់លោក Li Keqiang។

បើទោះបីជាលោកគ្មានបទពិសោធន៍នៅក្នុងរដ្ឋាភិបាលមជ្ឈិមក៏ដោយ ក៏លោក Li Qiang បានបង្ហាញឱ្យឃើញថា «លោកគឺជាមេដឹកនាំដែលគាំទ្រធុរកិច្ច និងមានចិត្តគំនិតផ្តោតទៅលើបច្ចេកវិទ្យា»។ នៅពេលលោកធ្វើជាអភិបាលខេត្ត Zhejiang លោកបានលើកតម្កើងវិស័យសេដ្ឋកិច្ចព័ត៌មាន និងបណ្តាទីក្រុងតូចៗដែលមានលក្ខណៈពិសេស។

លោកបានផ្តល់ការគាំទ្រយ៉ាងមុតមាំដល់បណ្តាសហគ្រិន និងសហគ្រាសឯកជន ដូចជាក្រុមហ៊ុន Alibaba របស់លោក Jack Ma និងក្រុមហ៊ុន Wahaha Group របស់លោក Zong Qinghou។ នៅខេត្ត Jiangsu លោកបានផ្តោតទៅលើនវានុវត្តន៍បច្ចេកវិទ្យា និងបានលើកឡើងអំពីការអភិវឌ្ឍសហគ្រាសបច្ចេកវិទ្យាកម្រិតខ្ពស់ និងការធ្វើសមាហរណកម្មចូលទៅក្នុងវិស័យការងារឧស្សាហកម្មសកល។

ក្នុងនាមជាមេដឹកនាំទីក្រុងសៀងហៃ លោក Li Qiang បានចាប់អារម្មណ៍ជាខ្លាំងលើការអភិវឌ្ឍទីក្រុងនេះឱ្យទៅជាទីក្រុងចម្រុះពូជសាសន៍លំដាប់អន្តរជាតិ និងបានអភិវឌ្ឍតំបន់ដីសណ្តរទន្លេ Yangtze River ឱ្យក្លាយជាក្បាលម៉ាស៊ីនចម្បងមួយនៃកំណើនសេដ្ឋកិច្ចចិន។ លោក Li Qiang ក៏បានជួយឱ្យលោក Elon Musk អាចបង្កើតរោងចក្រ Tesla ខ្នាតធំជាលើកដំបូងនៅបរទេសផងដែរ។

ប៉ុន្តែគេត្រូវតែមានការប្រុងប្រយ័ត្នចំពោះការមានភាពសុទិដិ្ឋនិយមជ្រុលទៅលើស្វ័យភាព និងសមត្ថភាពរបស់លោក Li Qiang។ ដូចករណីនៅទីក្រុងសៀងហៃនៅ ឆ្នាំ ២០២២ លោក Li Qiang នឹងមិនស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរគោលនយោបាយរបស់លោកភ្លាមៗឡើយ ដើម្បីតែភាពរស់រានផ្នែកនយោបាយផ្ទាល់ខ្លួនរបស់លោក។

ប្រសិនបើលោក Xi ផ្តល់ស្វ័យភាពកាន់តែច្រើនដល់លោក Li Qiang នៅក្នុងបញ្ហាសេដ្ឋកិច្ច ករណីនេះនឹងត្រូវបានគេចាត់ទុកជាដំណឹងល្អអស្ចារ្យសម្រាប់វិនិយោគិនក្នុងស្រុក និងបរទេស។ នៅពេលដែល ប្រទេសចិនងាកមករកការធ្វើធុរកិច្ចក្នុងនាមជាសេដ្ឋកិច្ចដែលផ្តោតទៅលើទីផ្សារ និងមានអំណោយផលដល់ទីផ្សារ លំហូរចេញនៃមូលធនអាចនឹងត្រូវបានបញ្ឈប់ ហើយការវិនិយោគពីបរទេសនឹងវិលត្រឡប់មកវិញ។

បណ្តាប្រទេសនៅអាស៊ីនឹងទទួលបានប្រយោជន៍ ដោយសារប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយ ជាពិសេសសម្រាប់ប្រទេសដែលពឹងផ្អែកខ្លាំងទៅលើខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល។ ជម្លោះអាចនឹងកើតមានឡើងរវាងលោក Xi និងលោក Li Qiang នៅក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ ដោយសារពួកគេបានផ្តោតទៅលើគោលនយោបាយផ្សេងគ្នា។

លោក Xi ទំនងជានឹងបន្តអនុវត្តគោលនយោបាយវិបុលភាពរួមរបស់លោកដែលអាចបង្កឱ្យមានការខាតបង់ចំពោះសេដ្ឋកិច្ចឯកជន ខណៈលោក Li Qiang អាចនឹងបន្តធ្វើតាមគោលនយោបាយរបស់លោក Li Keqiang ក្នុងការគាំទ្រដល់សហគ្រិនឯកជន។

បើទោះបីជាទំនាក់ទំនងរវាងលោក Xi Jinping និងលោក Li Qiang វិវឌ្ឍទៅជាយ៉ាងណាក៏ដោយ រឿងដែលចាំបាច់គឺពួកគេទាំងពីរត្រូវធ្វើរួមគ្នា ដើម្បីដឹកនាំប្រទេសចិនចេញពីអន្ទាក់ប្រាក់ចំណូលមធ្យម តាមរយៈការផ្តល់សន្ទុះដល់សេដ្ឋកិច្ច តាមរយៈការធ្វើកំណែទម្រង់រចនាសម្ព័ន្ធដ៏សមស្រប និងបន្តការបើកចំហចំពោះពិភពលោកដោយផ្អែកលើនីតិរដ្ឋ៕

Channel News Asia