ពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសជប៉ុន បង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើទឹកដីជប៉ុន
ពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសជប៉ុន បង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើទឹកដីជប៉ុន
គួរបញ្ជាក់ថាក្រោយពីមានការផ្សព្វផ្សាយជាសាធារណៈអំពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសជប៉ុននាចុងខែឧសភានេះ រួចមក មានបងប្អូនពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសជប៉ុនមកពីគ្រប់មជ្ឈដ្ឋាន បានចេញសារស្វាគមន៍ និងគាំទ្រប្រកបដោយអំណរសាទរ ចំពោះដំណើរទស្សនកិច្ច របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត និងគណៈប្រតិភូកម្ពុជា នៅប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។
បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងប្រកបការងារ សិក្សារៀនសូត្រ និងរស់នៅប្រទេសជប៉ុន បានចេញវីដេអូព្រោងព្រាត បានបង្ហាញពីការគាំទ្រឥតងាករេចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលតែងតែខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងក្នុងការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ជាពិសេសគឺនយោបាយការទូតសេដ្ឋកិច្ច ដែលនាំមកនូវឧត្តមប្រយោជន៍ជូនប្រជាជាតិខ្មែរ។ ជាពិសេសបងប្អូននិស្សិតកម្ពុជា និងបុគ្គលិក ហាត់ការដែលកំពុងរៀន និងធ្វើការនៅប្រទេសជប៉ុន ក៏បានលើកអំពីកិច្ចខិតខំប្រឹងប្រែងដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសគ្រប់បែបយ៉ាងដើម្បីឱ្យបងប្អូនខ្មែរយើង បានទៅបន្តការសិក្សារៀនសូត្រ និងធ្វើការងារដោយស្របច្បាប់នៅប្រទេសជប៉ុន ដែលទទួលបានចំណេះដឹងបន្ថែមទៀត ដើម្បីនឹងយកមកអភិវឌ្ឍប្រទេសជាតិនៅថ្ងៃអនាគតផងដែរ។ ជាការពិត មិនថាតែប្រទេសជប៉ុននោះទេ រាជរដ្ឋាភិបាលតែងតែធ្វើកិច្ចសហការជាមួយបណ្តាប្រទេសដៃគូជាមិត្ត ដើម្បីស្វែងរកឱកាសឱ្យសិស្សនិស្សិតកម្ពុជា បានបន្តការសិក្សារៀនសូត្រអភិវឌ្ឍចំណេះដឹងបន្ថែម ក៏ដោយបានជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលចង់ទៅធ្វើការងារនៅតាមបណ្តាប្រទេសនានា ស្របតាមច្បាប់ការងារ និងទទួលបានការការពារតាមផ្លូវច្បាប់ផងដែរ។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ISHIBA Shigeru នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន។ សម្តេចធិបតី ក៏គ្រោងនឹងមានជំនួបទ្វេភាគីដាច់ដោយឡែក ជាមួយថ្នាក់ដឹកនាំនៃស្ថាប័ននីតិបញ្ញត្តិជប៉ុន និងអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី «អនាគតអាស៊ី»។ លើសពីនេះ សម្តេចធិបតី នឹងអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន។ ក្នុងអំឡុងពេលស្នាក់នៅ ប្រទេសជប៉ុន សម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត នឹងមានជំនួបសំណេះសំណាល ជាមួយសហគមន៍ខ្មែរនៅប្រទេសជប៉ុនផងដែរ។ ដំណើរទស្សនកិច្ចផ្លូវការនេះ នឹងជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ក្នុងឱកាសចូលរួមសន្និសីទស្តីពីអនាគតអាស៊ី រៀបចំដោយក្រុម ហ៊ុន NIKKEI នៅទីក្រុងតូក្យូ ថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០២៥ របស់ប្រមុខដឹកនាំកម្ពុជា ត្រូវបានប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងរស់នៅក្នុងប្រទេសជប៉ុន សម្តែងនូវមោទនភាពយ៉ាងខ្លាំង ហើយពួកគេក៏បានផ្ញើសារជាច្រើន ក្នុងន័យបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅជូនប្រមុខរាជរដ្ឋាភិបាល ដែលក្នុងនោះក៏រួមមានទាំងលោក ហៃ វណ្ណា ដែលគេស្គាល់ថាធ្លាប់ជាអតីតសកម្មជនប្រឆាំងនៅប្រទេសជប៉ុនផងដែរ។
ដំណើរបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនរបស់សម្តេចធិបតី ត្រូវបានរំពឹងថា នឹងទទួលបានលទ្ធផលជាផ្លែផ្កាវិជ្ជមាន រួមមាន៖ ការធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសជប៉ុន និងកម្ពុជា, ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗឱ្យកាន់តែស៊ីជម្រៅ, ការធ្វើពិពិធកម្មសេដ្ឋកិច្ចប្រទេសកម្ពុជា និងការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងតំបន់ និងពិភពលោក។ ផ្លែផ្កាទាំងនោះ នឹងចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិ និងសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕




