ខ្មែរប៉ុស្ដិ៍ Close

នៅពេលអ្នកនយោបាយចិនត្រូវជួបប្រជុំគ្នានៅកិច្ចប្រជុំ Two Sessions គោលនយោបាយ Zero-Covid នៅតែបន្តត្រូវបានអនុវត្ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 143

សភាជាតិប្រជាជនរបស់ប្រទេសចិន (NPC) ដែលជាស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេស បានជួបប្រជុំគ្នានៅទីក្រុងប៉េកាំងនៅក្នុងពេលវេលាដដែលៗជារៀងរាល់ឆ្នាំ។ ប៉ុន្តែនៅរដូវផ្ការីកនេះ ការជួបជុំខាងលើត្រូវបានធ្វើឡើងនៅក្នុងពេលវេលាដ៏ល្អឥតខ្ចោះ។ វាគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ដំបូងគេ បន្ទាប់ពីការបញ្ចប់វិធានការរឹតបន្តឹងកូវីដ-១៩ កាលពីខែធ្នូ ឆ្នាំ ២០២២ និងជាពេលវេលានៃការបើកដំណើរការប្រទេសឡើងវិញ។

ទោះជាយ៉ាងណាក៏ដោយ កិច្ចប្រជុំនេះក៏បានបន្តរក្សាគោលនយោបាយ Zero-Covid មួយចំនួន ដោយសារតែអ្នកសារព័ត៌មានដែលចូលរួមនៅក្នុងសន្និសីទសារព័ត៌មាននេះនឹងតម្រូវឱ្យធ្វើចត្តាឡីស័កជាមុនសិន។ នៅក្នុងព្រឹត្តិការណ៍មួយដែលត្រូវបានចាត់ទុកជានិមិត្តរូបរបស់គណបក្សកុម្មុយនីស្តចិន ការប្រយុទ្ធប្រឆាំងនឹងវីរុសនឹងមិនអាចត្រូវបានបោះបង់ចោលភ្លាមៗដូចនៅក្នុងកម្មវិធីផ្សេងៗឡើយ។

វាអាចមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេដែលវិធានការកូវីដ-១៩ ត្រូវបានបន្តអនុវត្ត ខណៈពេលដែលវិធានការរឹតបន្តឹងលើជំងឺរាតត្បាត កំពុងតែគ្របដណ្តប់លើការសម្រេចចិត្តផ្នែកនយោបាយនៅក្នុងប្រទេសចិន។ នៅក្នុងតំបន់ជាច្រើន ការបិទខ្ទប់បានក្លាយជាកត្តាកំណត់ដ៏សំខាន់សម្រាប់ការដំឡើងតំណែងដល់មន្ត្រី។

លោក Li Qiang ដែលជាមន្ត្រីដែលមើលការខុសត្រូវទៅលើការបិទខ្ទប់រយៈពេល ២ ខែនៅក្នុងទីក្រុងសៀងហៃ ឥឡូវនេះនឹងត្រូវបានដំឡើងឋានៈទៅកាន់តួនាទីដ៏មានឥទ្ធិពលបំផុតលំដាប់ទី២ របស់ប្រទេសចិន។ តម្រូវការនៃការធ្វើចត្តាឡីស័កនៅមុនកិច្ចប្រជុំ NPC ក៏ត្រូវបានដាក់អនុវត្តផងដែរនៅកិច្ចប្រជុំសភាថ្នាក់តំបន់ដែលសកម្មភាពនេះពិតជាមានលក្ខណៈផ្ទុយគ្នាពីការបោះបង់ចោលទាំងស្រុងនៃវិធានការរឹតបន្តឹងនៅ ទីកន្លែងផ្សេងៗទៀត ដោយរាប់ចាប់ពីព្រលានយន្តហោះរហូតដល់ការិយាល័យធ្វើការ។

នៅពាក់កណ្តាលខែមករា ខណៈពេលដែលមនុស្សភាគច្រើនបានជាសះស្បើយពីជំងឺឆ្លង ខ្ញុំបានបញ្ចប់ការធ្វើចត្តាឡីស័កលើកទី ៤ ដែលមានរយៈពេលខ្លីបំផុតត្រឹមតែ ២៤ ម៉ោងនៅសណ្ឋាគារមួយកន្លែងនៅក្នុងទីក្រុងសៀងហៃ។ គេតម្រូវឱ្យមានការធ្វើតេស្ត PCR ចំនួន ៣ ដង សម្រាប់រយៈពេល ៣ ថ្ងៃជាប់ៗគ្នា ហើយគេក៏មានតារាងត្រួតពិនិត្យសីតុណ្ហភាពរាងកាយជាប្រចាំនៅរាល់ព្រឹក និងរាល់រសៀលសម្រាប់រយៈពេល ៧ ថ្ងៃផងដែរ។

ខ្ញុំបានទៅកាន់ស្តង់មួយនៅលើផ្លូវ Nanjing នៅម៉ោងប្រហែល ២ រសៀល។ ខ្ញុំបានសួរថា «តើខ្ញុំជាមនុស្សដំបូងនៅទីនេះមែនទេ?» បុគ្គលិកពេទ្យបានតបថា «ទេ! អ្នកគឺជាមនុស្សទី៣» ហើយការធ្វើតេស្ត នេះ មិនមែនឥតគិតថ្លៃទៀតទេ វាមានតម្លៃ ១៦ យ័ន ឬ ២,៣ ដុល្លារ។

សម្រាប់ការធ្វើតេស្ត ២ ដងទៀត ខ្ញុំបានជិះកង់ឆ្លងកាត់ផ្លូវជាច្រើន និងបានរកឃើញស្តង់ធ្វើតេស្តមួយនៅផ្លូវ Wulumuqi ដែលជាតំបន់ធ្លាប់មានប្រជាជនធ្វើបាតុកម្មប្រឆាំងនឹងវិធានការ Zero Covid។ បុគ្គលិកពេទ្យបានភ្ជាប់ WeChat ជាមួយខ្ញុដើម្បីប្រមូលព័ត៌មានលម្អិតរបស់ខ្ញុំ។

នាងបានសួរខ្ញុំថា «តើលោកចង់ទៅចក្រភពអង់គ្លេសឬ?» ដោយនាងបានសន្មតថា «ខ្ញុំត្រូវធ្វើតេស្តដើម្បីការធ្វើដំណើរទៅអន្តរជាតិ»។ ខ្ញុំបាននិយាយថា «វាជាការធ្វើតេស្តសម្រាប់កិច្ចប្រជុំ Two Sessions» ហើយនាងបានពន្យល់ថា «ការធ្វើតេស្តសម្រាប់កិច្ចប្រជុំ Two Sessions គឺមិនគិតថ្លៃនោះទេ» ប៉ុន្តែជាក់ស្តែង ខ្ញុំបានបង់ថ្លៃសម្រាប់ការធ្វើតេស្តលើកទី ១ រួចអស់ហើយ។

ពួកយើងត្រូវបានគេដឹកតាមឡានក្រុងទៅសណ្ឋាគារមួយនៅរសៀលថ្ងៃសៅរ៍ គឺនៅមុនសន្និសីទកាសែត ដែលនឹងត្រូវរៀបចំឡើងនៅរសៀលថ្ងៃអាទិត្យ។ ដំណើរការនៃការត្រួតពិនិត្យមុនចូលទៅទីកន្លែងនោះគឺ មានលក្ខណៈដូចគ្នានឹង «ការអនុវត្តគោលនយោបាយ Zero-Covid»។

ខ្ញុំត្រូវធ្វើការ Check-in ជាមួយនឹងកម្មវិធីពិសេសមួយដែលភ្ជាប់ទៅនឹងលទ្ធផលតេស្តរបស់ខ្ញុំ ក៏ប៉ុន្តែវាមិនស្គាល់លេខលិខិតឆ្លងដែនរបស់ខ្ញុំទេ ដូច្នេះមនុស្សម្នាក់បានស្នើឱ្យខ្ញុំធ្វើតេស្តអង់ទីហ្សែន ជំនួសវិញនៅព្រឹកថ្ងៃបន្ទាប់។ ការដាក់ខ្លួនឱ្យនៅដាច់ដោយឡែកបានធ្វើឱ្យខ្ញុំមានអារម្មណ៍ពិសេសមួយដែលនោះគឺ «ភាពស្ងៀមស្ងាត់ពី ពិភពខាងក្រៅ»។

បន្ទាប់ពីការធ្វើចត្តាឡីស័កនៅយប់ចុងក្រោយនោះ វត្តមាននៃគោលនយោបាយ Zero-Covid បានរលាយបាត់ បើទោះបីជាមនុស្សនៅតាមដងផ្លូវនៅតែបន្តការពាក់ម៉ាស់ក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលប្រទេសចិនចាប់ផ្តើមបើកដំណើរការឡើងវិញ ស្រមោលអតីតកាលទាក់ទងនឹងវីរុសនេះនឹងនៅតែបន្តអន្ទោលតាមប្រាណ៕

Channel News Asia

អត្ថបទទាក់ទង