ខ្មែរប៉ុស្ដិ៍ Close

វិភាគ៖ តើវាសនាអ្នកចូលដៃជាមួយបរទេស ប៉ុនប៉ងបំផ្លាញជាតិខ្លួនឯង នឹងទៅជាយ៉ាងណា?

ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 55
វិភាគ៖ តើវាសនាអ្នកចូលដៃជាមួយបរទេស ប៉ុនប៉ងបំផ្លាញជាតិខ្លួនឯង នឹងទៅជាយ៉ាងណា? វិភាគ៖ តើវាសនាអ្នកចូលដៃជាមួយបរទេស ប៉ុនប៉ងបំផ្លាញជាតិខ្លួនឯង នឹងទៅជាយ៉ាងណា?

អតីតមេដឹកនាំគណបក្សប្រឆាំង ដែលកំពុងជាប់បណ្តឹងក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស (ក្បត់ជាតិ) កឹម សុខា គឺជាអ្នកនឹកនាំដោយផ្ទាល់ក្នុងការអនុវត្តផែនការដបិវត្តពណ៌នៅកម្ពុជា ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយមានការបណ្តុះបណ្តាលយ៉ាងច្បាស់លាស់ និងរៀបចំពីបរទេស។ ការពិតនេះ ត្រូវបានបែកធ្លាយបន្ទាប់ពីបុគ្គល កឹម សុខា ខ្លួនឯងបាននិយាយតាមវីដេអូមួយ ទម្លាយថាខ្លួន ទទួលបានការជួយពីបរទេស តាំងពីឆ្នាំ១៩៩៣មក ទាំងការបណ្តុះបណ្តាល និងរៀបចំផែនការឱ្យគ្រប់យ៉ាង ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដោយយកតាមគម្រូបដិវត្តពណ៌នៅប្រទេសយូហ្គោស្លាវី នៅស៊ែប៊ី ដែលគេប្តូរមេដឹកនាំប្រទេសនោះ បានជោគជ័យតាមរយៈបដិវត្តពណ៌នេះ។

ក្រោយវីដេអូរបស់ កឹម សុខា ត្រូវបានចែកចាយលើបណ្តាញសង្គមនៅឆ្នាំ២០១៧ ជននេះ ក៏ត្រូវបានចាប់ខ្លួន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧តែម្តង។ បើសិន កឹម សុខា ខ្លួនឯង មិនបានទម្លាយពីផែនការទុច្ចរិតនេះទេ ប្រហែលជារហូតមកដល់ពេលនេះ មិនមាននរណាបានដឹងពីគោលដៅពិតរបស់ក្រុមប្រឆាំងនោះឡើយ។ ពួកគេយកលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្សមកបាំងមុខ ពួកប្រឆាំង តែងអះអាងថា ធ្វើនយោបាយដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យរីកចំរើន ទាំងដែលការពិតត្រូវបានលាតត្រដាង គឺពួកគេរៀបចំផែនការសង្ងាត់ ដោយមានបរទេសនៅពីក្រោយខ្នង រៀបចំយុទ្ធសាស្ត្រ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមទំរង់បដិវត្តពណ៌ទៅវិញ ។

សួរថាកន្លងមកនេះ តើ កឹម សុខា ធ្វើបក្សប្រឆាំងដើម្បីអភិវឌ្ឍជាតិ ឬប្រឆាំងដើម្បីបំផ្លាញជាតិ? សូមបែងចែកឱ្យដាច់ពីគ្នា រវាងការប្រឆាំងដើម្បីផ្លាស់ប្តូរទៅរកភាពរីកចំរើន អភិវឌ្ឍជឿនលឿន ទៅមុខ និងការប្រឆាំងដោយបំផ្លាញជាតិ ផ្តួលរំលំដើម្បីដណ្តើមអំណាចតែម្តង។ ជាក់ស្តែងណាស់ ដែលកម្ពុជាពិតជាត្រូវបានក្រុមប្រឆាំង ដែលមានបរទេសនៅពីក្រោយខ្នង បានអនុវត្តផែនការបដិវត្តពណ៌ ប៉ុនប៉ងដណ្តើមអំណាចពីរដ្ឋាភិបាលស្របច្បាប់។

យើងអាចសិក្សាបានពី មេរៀនបដិវត្តពណ៌ដែលកើតឡើងនៅប្រទេសមួយចំនួនរួចមកហើយ ដូចជាប្រទេសស៊ែបប៊ី ហ្សកហ្ស៊ី អ៊ុយក្រែន និងគួកស៊ីស្ថាន នៅអំឡុងឆ្នាំ ២០០១ ដល់ ២០០៥ និងនៅប្រទេសក្នុងតំបន់អារ៉ាប់ មានប្រទេសទុយណេស៊ី លីប៊ី ឈីលី ស៊ីរីនៅដើមឆ្នាំ ២០១០។ ទំរង់ស្រដៀងគ្នានៃបដិវត្តពណ៌ ក៏ត្រូវបានយកមកអនុវត្តនៅកម្ពុជាផងដែរ។ ជាក់ស្តែងគឺនៅក្នុងកំឡុងក្រោយការបោះឆ្នោតម្តងៗ ពួកប្រឆាំងតែងបង្កព្យុះភ្លៀង មិនព្រមទទួលយកលទ្ធផលបោះឆ្នោតផ្លូវការ បង្កចលាចលតាមរយៈ សកម្មភាពបាតុកម្ម និងហិង្សាផ្សេងៗ។

គិតៗទៅ វាជារឿងដ៏គួរឱ្យសោកស្តាយដែរ ក្នុងនាមជាអ្នកនយោបាយដែលតែងនិយាយពេញៗមាត់ ថាស្រលាញ់ជាតិ តែបែរជាអាចក្បត់ជាតិខ្លួនឯងដើរតាមការរៀបចំរបស់បរទេស ហ៊ានបំផ្លាញប្រទេសខ្លួនឯងដោយមិនញញើតទៅវិញ។ សម្រាប់កម្ពុជា ដែលធ្លាប់ឆ្លងកាត់ដំណាក់កាលជូរចត់ក្នុងអតីតកាលជាង៥០០ឆ្នាំមកហើយ កម្ពុជារកក្តីសុខយូរអង្វែងមិនឃើញ។ អតីតកាលកម្ពុជា គឺមេដឹកនាំកម្ពុជាឡើងមកដឹកនាំមិនទាន់បានប៉ុន្មានឆ្នាំផង ក៏ជួបតែបញ្ហា ទាំងជម្លោះផ្ទៃក្នុង និងជាមួយប្រទេសជិតខាង។ ប្រទេសជាតិស្គាល់តែការបែកបាក់ សង្គ្រាមហែកហួរ រហូតដល់ត្រូវធ្លាក់ក្នុងស្ថានភាពដ៏លំបាកវេទនា ក្នុងសម័យរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ទើបតែក្រោយឆ្នាំ១៩៧៩ ពេលដែលរបបខ្មែរក្រហមត្រូវបានដួលរលំក្រោមការខិតខំប្រឹងប្រែងលះបង់ ប្រយុទ្ធតស៊ូ យកជីវិតទៅប្តូរ របស់មេដឹកនាំគណបក្សប្រជាជនកម្ពុជា ទើបប្រទេសដ៏កំសត់របស់យើង ប្រែមុខមាត់ថ្មី បានសុខសន្តិភាពតមកជាង៤០ឆ្នាំមកនេះ។ ប្រជាជនកម្ពុជាសុខកាយសប្បាយចិត្ត រីកមុខ រីកមាត់ រស់នៅ ប្រកបរបររកស៊ីធូរធា រីកចំរើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ប៉ុន្តែគួរឱ្យសោកស្តាយណាស់ ខណៈដែលរកបានសន្តិភាពពេញលេញហើយ បែរជាក្រុមប្រឆាំងហ៊ាន ប៉ុនប៉ងបំផ្លាញចោលនូវសុខសន្តិភាព រៀបផែនការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដើម្បីដណ្តើមអំណាច តាមវីធីកំទេចហើយចំារៀបចំឡើងវិញ។ ពោលគឺពួកគេហ៊ានពឹងពរបរទេស ប្រើដៃបរទេស ដើម្បីកំទេចប្រទេសជាតិខ្លួនឯង តាមយុទ្ធសាស្របដិវត្តពណ៌។ បងប្អូនប្រជាពលរដ្ឋ ដឹងទេថាលទ្ធផលនៃបដិវត្តពណ៌នេះ គឺវាគ្រោះថ្នាក់ខ្លាំងប៉ុណ្ណាដល់ប្រទេសជាតិ និងប្រជាជន។ យើងឃើញឧទាហរណ៍ជាក់ស្តែងហើយនៅតាមបណ្តាប្រទេសមួយចំនួន ដែលការអនុវត្តបដិវត្តពណ៌បានជោគជ័យ គឺប្រទេសទាំងនោះ កំពុងតែស្ថិតនៅក្នុងស្ថានភាពមិននឹងនរ ធ្លាក់ក្នុងសង្គ្រាម និងមិនមានឱកាសបានរស់សុខសាន្តនោះទេ។

ទោះជាយ៉ាងណា វាសនានៃជនក្បត់ជាតិ នឹងដឹងច្បាស់ថាទៅជាយ៉ាងណា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ព្រោះតុលាការ នឹងធ្វើការប្រកាសសាលក្រមវិនិច័្ឆយ សេចក្តីក្នុងសំណុំរឿងរបស់បុគ្គលនេះ។ ដោយក្នុងនោះតាមដំណឹងលេចលឺមកខាងក្រៅ តុលាការអាចផ្តន្ទាទោស ដាក់ពន្ធនាគារចន្លោះពី១៥ឆ្នាំ ទៅ៣០ឆ្នាំ ហើយដោយសារទោសឧក្រិដ្ឋនេះ មានរយៈពេលលើសពី៥ឆ្នាំ តុលាការមិនអាចសម្រេចធ្វើការព្យួរទោសសម្រាប់ទោសបែបនេះបានទេ។

មួយវិញទៀតដោយសារបទល្មើសនេះ ជាបទល្មើសក្បត់ជាតិទាក់ទងនឹងការធ្វើសកម្មភាពនយោបាយឃុបឃិតគ្នាជាមួយបរទេស ដើម្បីធ្វើបដិវត្តផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ក្រោមលេសនៃសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដូចនេះ ជាទូទៅ តុលាការអាចប្រកាសដាក់ទោសដាក់ពន្ធនាគារផង និងប្រកាសទោសបន្ថែមដកសិទ្ធិពលរដ្ឋ និងសិទ្ធិធ្វើនយោបាយ រយៈពេល ៥ឆ្នាំ ឬជាស្ថាពរផង។ ដោយសារបទល្មើសនេះ ជាបទល្មើសក្បត់ជាតិទាក់ទងនឹងការធ្វើសកម្មភាពនយោបាយផង និងជាបទល្មើសឧក្រិដ្ឋផង ដូចនេះ បន្ថែមពីការផ្តន្តាទោសដាក់ពន្ធនាគារ និងការប្រកាសទោសបន្ថែមដកសិទ្ធិពលរដ្ឋ និងសិទ្ធិធ្វើនយោបាយ តុលាការមានលទ្ធភាពខ្ពស់ក្នុងការចេញដីកាបង្គាប់ឱ្យឃុំខ្លួន កឹម សុខា នៅក្នុងសវនាការតែម្តង ឬក៏អាចថាមិនប្រើវិធានការឃុំខ្លួននៅថ្ងៃសវនាការ អាចប្រើវិធានការផ្សេងមកជំនួសវិញ ៕

ដោយ៖ ពៅ វណ្ណធីតា

អត្ថបទទាក់ទង