លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ នៅអំឡុងពេលចូលវស្សា
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ជនរួមជាតិខ្មែរ ឱ្យមានការកាពារសុខភាពរបស់ខ្លួន កុំឱ្យឆ្លងជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេលចូលវស្សានេះ។
តាមរយៈបណ្តាញសង្គម Facebook លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «សូមបងប្អូនបន្តប្រុងប្រយ័ត្នការពារសុវត្ថិភាពសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹល ហើយពាក់ម៉ាសការពារខ្លួនអោយបានត្រឹមត្រូវ។ មកទល់ពេលនេះ ពិភពនៅមិនទាន់មានថ្នាំព្យាបាលកូវីដ-១៩ នៅឡើយទេ ហើយចំនួនអ្នកឆ្លងរោគរាតត្បាតនេះ គឺបានកើនឡើងគួរអោយព្រួយបារម្ភខ្លាំងណាស់»។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើសេចក្តីនឹករឮកដល់បងប្អូនជនរួមជាតិ និងព្រះសង្ឃគ្រប់ព្រះអង្គដែលកំពុងគង់ចាំព្រះវស្សាចាប់ពីថ្ងៃទី៥ ខែកក្កដា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ ឮ២០២០។ លោកនាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណប្រជាពលរដ្ឋ ឧបាសកឧបាសិកា ដែលបាននាំយកទៀនព្រះវស្សានឹងទ័យទានចង្ហាន់ជាច្រើនទៀតប្រគេនដល់ព្រះសង្ឃនៅតាមវត្តអារាម ជាពិសេសវត្តនៅតាមតំបន់ឆ្ងាយដាច់ស្រយាល។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដី ក៏បានអរគុណសមាជិករាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងមន្រ្តីសមាជិកសមាជិការគណបក្សប្រជាជនដែលបានចូលរួមចែករំលែកនូវអំណោយជាអង្ករ មី ត្រីខ ម៉ាស សាប៊ូ ចឹល ក្រម៉ា និងថ្នាំពេទ្យចែកជូនដល់បងប្អូនក្រីក្រដែលកំពុងខ្វះខាតនៅទូទាំងប្រទេស។
នៅពេលរសៀលនេះ លោកនាយករដ្ឋមន្រ្ដី និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន គ្រោងនឹងនាំទ័យយទានមួយចំនួនទៅប្រគេនព្រះសង្ឃដែលកំពុងគង់ចូលព្រះវស្សានៅវត្តចំពុះក្អែក។ លោក និងភរិយា សូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរប្រជាពលរដ្ឋទូទាំងប្រទេសជាមួយពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩គ្រប់ៗគ្នា ៕