ខ្មែរប៉ុស្ដិ៍ Close

ក្រុមប្រឹក្សាយុវជនកម្ពុជា រាជធានីភ្នំពេញ ធ្វើទស្សនកិច្ចសិក្សានៅតំបន់រមណីយដ្ឋានអង្គរ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 78
ក្រុមប្រឹក្សាយុវជនកម្ពុជា រាជធានីភ្នំពេញ ធ្វើទស្សនកិច្ចសិក្សានៅតំបន់រមណីយដ្ឋានអង្គរ ក្រុមប្រឹក្សាយុវជនកម្ពុជា រាជធានីភ្នំពេញ ធ្វើទស្សនកិច្ចសិក្សានៅតំបន់រមណីយដ្ឋានអង្គរ

ក្រោមការជួយសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា ប្រតិភូក្រុមប្រឹក្សាកុមារយុវជន ចំនួនប្រមាណ២៥០នាក់មកពីគ្រឹះស្ថានសិក្សាធារណៈចំនួន៦៧សាលា ក្នុងរាជធានីភ្នំពេញ។ បានមកធ្វើទស្សនកិច្ចសិក្សា នៅតំបន់រមណីយដ្ឋានអង្គរ ក្រោមប្រធានបទ«យុវជន និងសម្បត្តិវប្បធម៌ជាតិ»។ ដើម្បីឱ្យយុវជន និងកុមារបានសិក្សាស្វែងយល់ អំពីសម្បត្តិវប្បធម៌ជាតិ ជាពិសេសប្រាសាទអង្គរវត្ត ដែលជាមរតកមិនអាចកាត់ថ្លៃបានបន្សល់ទុកពីបុព្វបុរសខ្មែរ។

លោកង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ និងជាប្រធានប្រតិភូដឹកនាំប្រតិភូក្រុមប្រឹក្សាកុមារយុវជន មកធ្វើទស្សនកិច្ចសិក្សានៅប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា គោលបំណងសំខាន់របស់គណៈប្រតិភូ មិនត្រឹមតែចង់ឱ្យយុវជន និងកុមារ បានសិក្សាស្វែងយល់ អំពីសម្បត្តិវប្បធម៌ជាតិប៉ុណ្ណោះទេ ក៏ដើម្បីឆ្លុះបញ្ចាំងឱ្យកុមារ និងយុវជនជំនាន់ក្រោយបានយល់ដឹងថា កម្ពុជា ជាមាតុភូមិមួយដែលមានវប្បធម៌ អរិយធម៌ខ្ពង់ខ្ពស់រុងរឿង។ ជាមាតុភូមិមានដើមកំណើត និងមានបុព្វបុរសពិតប្រាកដ មិនមែនគ្មានវប្បធម៌ច្បាស់លាស់នោះឡើយ។

បន្ទាប់ពីបានចូលទស្សនកិច្ចសិក្សានៅប្រាសាទអង្គរជាកន្លែងមួយចំនួនទៀត លោកង៉ែត ចាន់សុខ ប្រធានប្រតិភូដឹកនាំប្រតិភូក្រុមប្រឹក្សាកុមារយុវជន មានសេចក្តីរំពឹងថា ប្អូនៗក្មួយៗនឹងទទួលបានចំណេះដឹងអំពីវប្បធម៌កាន់តែទូលំទូលាយ។ ពួកគាត់នឹងចងចាំថា ប្រជាជាតិកម្ពុជាពិតជាជាតិសាសន៍មួយ ដែលបរិបូរណ៍ទៅដោយវប្បធម៌និងអរិយធម៌ដ៏ខ្ពង់ខ្ពស់។ ជាពិសេសការបណ្តុះស្មារតីស្នេហាជាតិ ស្រឡាញ់វប្បធម៌ ដើម្បីបន្តថែរក្សាមរតកវប្បធម៌ទាំងនេះ។
ប្រធានប្រតិភូដឹកនាំប្រតិភូក្រុមប្រឹក្សាកុមារយុវជន បានថ្លែងអំណរគុណដល់ អាជ្ញាធរជាតិអប្សរា ដែលបានយកចិត្តទុកដាក់ សម្របសម្រួលដល់ក្រុមប្រឹក្សាកុមារ យុវជន មកធ្វើទស្សនកិច្ចនៅក្នុងរមណីយអង្គរ។

ដំណើរទស្សនកិច្ចរបស់ក្រុមប្រឹក្សាយុវជនកម្ពុជា រាជធានីភ្នំពេញ មានរយៈ៣ថ្ងៃចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងដំណើរទស្សនកិច្ចសិក្សា៣ថ្ងៃនេះ ក្រុមប្រឹក្សាយុវជនកម្ពុជា នឹងចូលទស្សនាប្រាសាទបន្ទាយស្រី និងសួនរុក្ខជាតិអង្គរ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី។ និងការចូលជួបអ្នកជំនាញអាជ្ញាធរជាតិអប្សរា ដើម្បីស្តាប់បទបង្ហាញអំពីសារៈសំខាន់នៃការអភិរក្ស និងអភិវឌ្ឍប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ៕

អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក ភោក ជា

អត្ថបទទាក់ទង