ខ្មែរប៉ុស្ដិ៍ Close

ទីក្រុងប៉េកាំងប្រាប់សិង្ហបុរីថា ប្រទេសចិនឲ្យតម្លៃទៅលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង និងតួនាទីរបស់អាស៊ាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 7
ទីក្រុងប៉េកាំងប្រាប់សិង្ហបុរីថា ប្រទេសចិនឲ្យតម្លៃទៅលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង និងតួនាទីរបស់អាស៊ាន រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang (ស្តាំ) ជួបជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan នៅទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ។ លោក Qin បានប្រាប់លោក Balakrishnan ថា: ប្រទេសចិនគាំទ្រយ៉ាងមុតមាំនូវតួនាទីដឹកនាំរបស់អាស៊ាននៅក្នុងតំបន់។ រូបថត៖ Xinhua

រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បាននិយាយនៅចំពេលកំពុងមានការកើនឡើងនៃភាពតានតឹងនៅសមុទ្រចិនខាងត្បូងថា «ប្រទេសចិននឹងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការជាមួយតំបន់អាស៊ីអាគ្នេយ៍»។ លោក Qin បានធ្វើការអត្ថាធិប្បាយបែបនេះកាលពីថ្ងៃចន្ទ ខណៈពេលដែលលោកកំពុងធ្វើជាម្ចាស់ផ្ទះទទួលសមភាគីសិង្ហបុរីលោក Vivian Balakrishnan នៅទីក្រុងប៉េកាំង។

យោងតាមការក្រសួងការបរទេសចិនបានឱ្យដឹងថា លោក Qin បានប្រាប់ដល់លោក Balakrishnan ថា «ប្រទេសចិនបានគាំទ្រយ៉ាងមុតមាំចំពោះតួនាទីនាំមុខរបស់អាស៊ាននៅក្នុងតំបន់ដែល កំពុងតែដឹកនាំកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ានៅក្នុងទិសដៅដ៏ត្រឹមត្រូវ»។

គេបានធ្វើការដកស្រង់សម្តីរបស់លោកដែលបាននិយាយថា «ចិនមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងបង្កើតឱកាសបន្ថែមទៀតក្នុងការធ្វើការជាមួយគ្នាដើម្បីលើកកម្ពស់សន្តិភាពភាពស្ងប់ស្ងាត់ វិបុលភាព សោភ័ណភាព និងមិត្តភាព»។

លោកបាននិយាយទៀតថា «ចិនក៏មានឆន្ទៈក្នុងការធ្វើការជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីអនុវត្តឱ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង ដើម្បីរួមគ្នារក្សាសន្តិភាពនិងស្ថិរភាពនៅតំបន់នោះ»។

សេចក្តីថ្លែងការណ៍ដែលពុំមានជាប់ចំណងផ្លូវច្បាប់ និងដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ ២០០២ ដោយប្រទេសចិន និងប្រទេសជាសមាជិកអាស៊ាន មានគោលបំណងដើម្បីកាត់បន្ថយហានិភ័យនៃជម្លោះនៅក្នុងដែនទឹកហើយគោលដៅដ៏ធំនោះគឺការអនុវត្តតាមអ្វីដែលមានចែងនៅក្នុងក្រមប្រតិបត្តិ។

ក្រមប្រតិបត្តិនោះមានគោលបំណងគ្រប់គ្រងភាពតានតឹងនៅសមុទ្រចិនខាងត្បូងដែលជាផ្លូវទឹកសម្បូរទៅដោយធនធាន ហើយក៏ជាច្រកយុទ្ធសាស្ត្រដែលស្ថិតនៅក្រោមការទាមទារដែលមានភាពត្រួតស៊ីគ្នារវាងប្រទេសចិននិងបណ្តាប្រទេសជាសមាជិកអាស៊ានមួយចំនួន ដូចជា ហ្វីលីពីន វៀតណាម និងម៉ាឡេស៊ី។

ទីក្រុងប៉េកាំងបានទាមទារអធិបតេយ្យភាពស្ទើរតែទាំងស្រុងនៅលើសមុទ្រចិនខាងត្បូងទាំងមូល ហើយពួកគេបានព្រងើយកន្តើយចំពោះសេចក្តីសម្រេចរបស់តុលាការអន្តរជាតិដែលបានសម្រេចថា ការទាមទាររបស់ពួកគេមិនមានមូលដ្ឋានផ្លូវច្បាប់។

នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ព្រឹត្តិការណ៍នៃការធ្វើសមយុទ្ធយោធារួមគ្នារវាងហ្វីលីពីននិងសហរដ្ឋអាមេរិក បូកផ្សំនឹងសកម្មភាពរបស់ឆ្មាំឆ្នេរសមុទ្រចិន ដែលបានប្រើប្រាស់កាំរស្មីឡាស៊ែរប្រឆាំងនឹងនាវាហ្វីលីពីន បានធ្វើឱ្យភាពតានតឹងនៅក្នុងដែនទឹកក្នុងតំបន់កាន់តែមានសភាពធ្ងន់ធ្ងរឡើង។

ហ្វីលីពីនក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយជប៉ុននៅក្នុងខែនេះ ដើម្បីសហការគ្នាលើការជួយសង្គ្រោះពេលមានគ្រោះមហន្តរាយដែលសកម្មភាពនេះគឺជាវិធានការដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាជំហានឆ្ពោះទៅរកការបង្កើតសន្ធិសញ្ញាការពារជាតិ។

ក្រសួងការបរទេសសិង្ហបុរីបានលើកឡើងថា លោក Balakrishnan បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ប្រទេសចិនក្នុងការបន្តពង្រីក និងធ្វើឱ្យទំនាក់ទំនងជាមួយអាស៊ានកាន់តែមានភាពស៊ីជម្រៅ។ នៅក្នុងជំនួបនោះ ប្រទេសទាំងពីរបានអះអាងជាថ្មីម្តងទៀតថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅតែមានភាពរឹងមាំ បើទោះបីជាមានការរាតត្បាតជម្ងឺកូវីដ-១៩ ក៏ដោយ។

លោក Qin បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់របស់ប្រទេសសិង្ហបុរីក្នុងនាមជាដៃគូសហប្រតិបត្តិការសម្រាប់ប្រទេសចិន និងបាននិយាយថា «ចិនបានចាត់ទុកតួនាទីយ៉ាងពិសេសរបស់សិង្ហបុរីទាំងនៅក្នុងកិច្ចការតំបន់ និងកិច្ចការអន្តរជាតិថាពិតជាមានសារៈសំខាន់ខ្លាំងណាស់»។

ទាំងចិននិងអាមេរិកកំពុងតែខិតខំបង្កើនទំនាក់ទំនងជាមួយតំបន់អាស៊ីអាគ្នេយ៍។ អាមេរិកបានចោទប្រកាន់ចិនថា បានធ្វើសកម្មភាពយ៉ាងគឃ្លើននៅក្នុងសមុទ្រចិនខាងត្បូងជាមួយនឹងការដាក់ពង្រាយនាវាយោធា ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់នាវាអាមេរិក ខណៈទីក្រុងប៉េកាំងបាននិយាយថា ការដាក់ពង្រាយយោធារបស់អាមេរិកនៅក្នុងតំបន់គឺជាការបង្កហេតុ។

លោក Qin នឹងបន្តធ្វើទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ីដែលជាប្រធានអាស៊ាននៅពេលបច្ចុប្បន្នចាប់ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ តាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi។

លោកស្រី Marsudi បាននិយាយនៅដើមខែនេះថា «ឥណ្ឌូនេស៊ីគ្រោងនឹងបង្កើនកិច្ចពិភាក្សាជាមួយប្រទេសចិន និងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត ដើម្បីបញ្ចប់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដោយជុំដំបូងនៃការចរចានឹងត្រូវធ្វើឡើងនៅក្នុងខែមីនា»។

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Qin ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីលោកបានក្លាយជារដ្ឋមន្ត្រីការបរទេស។ យោងតាមការឱ្យដឹងពីសំណាក់ក្រសួងការបរទេសឥណ្ឌូនេស៊ី លោក Qin ក៏នឹងចូលជួបសម្តែងការគួរសមជាមួយប្រធានាធិបតី Joko Widodo នៅទីក្រុង Jakarta នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកផងដែរ៕

South China Morning Post

អត្ថបទទាក់ទង