ខ្មែរប៉ុស្ដិ៍ Close

ស្ត្រីត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាឆ្អឹងខ្នងដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 134
ស្ត្រីត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាឆ្អឹងខ្នងដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្ត្រីត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាឆ្អឹងខ្នងដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី » ដែលធ្វើឡើងនៅវិមានសន្តិភាព ។ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» មានព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអនុប្រធានកិត្តិយស។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» ដែល មានលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ជាប្រធាន តែងតែ បើកកិច្ច ប្រជុំជាទៀងទាត់រៀងរាល់មួយឆ្នាំម្តង ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

នៅក្នុងកិច្ចប្រជុំនេះ រៀបចំឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្ត រាល់អនុសាសន៍លើការងារមួយចំនួនរបស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ក្នុង ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព ឋានៈ តួនាទី ពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី។ ស្ត្រីត្រូវបានរាជរដ្ឋាភិបាលចាត់ឆ្អឹងខ្នងដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ជាតិ។ តាមរយៈកិច្ចប្រជុំជាទៀងទាត់របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» គឺបានពិនិត្យ និងដាក់ចេញអនុសាសន៍ជាច្រើន ដើម្បីលើកកម្ពស់សិទ្ធិរបស់ស្ត្រី និងអភិវឌ្ឍន៍សមត្ថភាពរបស់ស្ត្រី ជាពិសេសជំរុញសកម្មភាពរបស់ស្ត្រីទៅក្នុងកិច្ចការ សង្គម ។

ថ្លែងក្នុងកិច្ចប្រជុំនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញដល់ស្ត្រីទាំងអស់ត្រូវខិតខំបង្កើនសមត្ថភាពចំណេះដឹងរបស់ខ្លួន។ លោកថា ការសិក្សាអប់រំ សិស្សស្រីក៏ត្រូវបានលើក ទឹកចិត្ត និងជួយសម្របសម្រួលឲ្យពួកគេទទួលបានការសិក្សា អប់រំកាន់តែខ្ពស់ ស្មើនឹងសិស្សប្រុសផងដែរ។ ដូច្នេះសិស្ស-និស្សិតជាស្រ្តីទាំងអស់ ត្រូវខិតខំបង្កើនសមត្ថភាព របស់ខ្លួនតាមរយៈការប្រឹងប្រែងសិក្សារៀនសូត្រ ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបន្តថា ស្ត្រីមិនត្រឹមតែទទួលបានការអប់រំ និងសិទ្ធិក្នុងការងារប៉ុណ្ណោះទេ ស្ត្រីត្រូវបានគាំពារដោយច្បាប់ផងដែរ ដើម្បីជួយដល់ស្ត្រីដែលរងគ្រោះពីការរំលោភបំពាននានា នៅឆ្នាំ២០១៩កន្លង ទៅ នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចអនុញ្ញាតឱ្យមេធាវីស្ម័គ្រចិត្ត របស់ សម្តេច ចេញការពារក្តីឱ្យស្ត្រីដោយមិនគិតថ្លៃថែមទៀតផង។ សកម្មភាពទាំង អស់ នេះ គឺបានបង្ហាញឱ្យឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយកចិត្តទុកដាក់យ៉ាង ជ្រាល ជ្រៅបំផុតចំពោះស្ត្រី ស្របតាមគោលនយោបាយដែលចាត់ ទុកស្ត្រីជាឆ្អឹងខ្នង របស់ជាតិ ៕



   

អត្ថបទទាក់ទង