លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា មន្រ្តីគណបក្សប្រជាជនកម្ពុជា ខុសពីគណបក្សដទៃ ដែលតែងតែតាំងខ្លួនជាអ្នកស្នេហាជាតិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថាមន្រ្តីគណបក្សប្រជាជន មិនដែលអួតខ្លួនថាស្នេហាជាតិនិងប្រជាជនទេ ប៉ុន្តែចុះធ្វើការងារជាក់ស្តែងដើម្បីជួយប្រជាពលរដ្ឋ។
នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា មន្រ្តីគណបក្សប្រជាជនកម្ពុជា មិនដែលអួតខ្លួនថាស្នេហាជាតិ និងប្រជាជនទេ ប៉ុន្តែចុះធ្វើការងារជាក់ស្តែងដើម្បីជួយដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា មន្រ្តីគណបក្សប្រជាជនកម្ពុជា ខុសពីគណបក្សដទៃ ដែលតែងតែតាំងខ្លួនជាអ្នកស្នេហាជាតិ ស្រឡាញ់ប្រជាជន។ លោកបានលើកទឹកចិត្តក្នុងការជ្រើសរើសមន្រ្ដីរាជការ សម្រាប់បម្រើការងារនៅក្នុងមូលដ្ឋាន គឺជ្រើសរើសមន្រ្ដីចេញពីមូលដ្ឋាននោះតែម្តង ដើម្បីផ្ដល់ភាពងាយស្រួលដល់ការបម្រើការងារ និងការជួបជុំគ្រួសាររបស់មន្រ្ដីផងដែរ។ លោកនាយករដ្ឋមន្ត្រី បានប្រកាសថា លោកនឹងមិនចុះហត្ថលេខាចំពោះការផ្ទេរមន្រ្ដីពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិនោះទេ លើកលែងតែករណីចាំបាច់ និងតម្រូវការជាក់ស្តែងប៉ុណ្ណោះ ៕