ខ្មែរប៉ុស្ដិ៍ Close

តើតំបន់អាស៊ីអាគ្នេយ៍បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការដួលរលំរបស់ប្រទេសចិនហើយឬនៅ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 29
តើតំបន់អាស៊ីអាគ្នេយ៍បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការដួលរលំរបស់ប្រទេសចិនហើយឬនៅ? តើតំបន់អាស៊ីអាគ្នេយ៍បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការដួលរលំរបស់ប្រទេសចិនហើយឬនៅ?

ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី២ នៅក្នុងពិភពលោកកំពុងតែងើបឡើងវិញពីការជាប់គាំងដែលបានអូសបន្លាយអស់រយៈពេលជាយូរ។ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតយុទ្ធសាស្ត្រ «Zero -Covid» របស់ប្រទេសចិនបានជះផលវិបាកអវិជ្ជមានមកលើសេដ្ឋកិច្ចរបស់ខ្លួន។

បទប្បញ្ញត្តិសុខភាពសាធារណៈដ៏តឹងរ៉ឹងបំផុតនៅក្នុងប្រទេសនេះលែងមានជាធរមានទៀតហើយ ប៉ុន្តែសញ្ញាប្រកាសអាសន្ននៃសេដ្ឋកិច្ចរបស់ចិននៅតែកំពុងបន្ត។

ទោះជាយ៉ាងណាក៏ដោយ អ្វីដែលបានកើតឡើងនៅក្នុងប្រទេសចិន មិនមែនស្ថិតតែនៅក្នុងប្រទេសចិននោះទេ ដោយសារទីក្រុងប៉េកាំងមានទំនាក់ទំនងជាមួយពិភពលោកទាំងមូលនៅក្នុងកម្រិតដ៏អស្ចារ្យមួយ។ តំបន់អាស៊ីអាគ្នេយ៍បានធ្វើពាណិជ្ជកម្មយ៉ាងធំសម្បើមជាមួយប្រទេសចិន ដូចនេះបើប្រទេសចិននៅតែបន្តការធ្លាក់ចុះទៀត តើវានឹងជះឥទ្ធិពលយ៉ាងណាដល់តំបន់អាស៊ីអាគ្នេយ៍?

សេដ្ឋកិច្ចចិនដែលបានកើនឡើងនៅក្នុងរង្វង់ ២ ខ្ទង់នៅក្នុងសតវត្សទី២១ កំពុងតែបាត់បង់សន្ទុះ ដោយនៅក្នុងឆ្នាំ ២០២០ វាបានកើនឡើងត្រឹមតែ ២,២% តែប៉ុណ្ណោះ ខណៈផលប៉ះពាល់ទាំងស្រុងនៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយនោះទេ។ ការកើនឡើងនៃតម្លៃអចលនវត្ថុដ៏គួរឱ្យរន្ធត់របស់ប្រទេសចិនកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ដែលអាចនឹងផ្ទុះឡើងគ្រប់ពេលវេលា ហើយប្រទេសចិនក៏កំពុងតែមានវិបត្តិភាពអត់ការងារធ្វើនៅក្នុងចំណោមយុវជននៅក្នុងទីក្រុងធំៗរបស់ខ្លួនថែមទៀតផង។

កម្លាំងពលកម្មដែលទទួលបានប្រាក់ខែតិចកំពុងតែប្រឹងប្រែងដើម្បីរក្សាឱ្យបាននូវតម្រូវការរបស់អតិថិជន ខណៈឥទ្ធិពលនៃគោលនយោបាយកូនតែ ១ មកលើប្រជាសាស្ត្រទើបតែបានចាប់ផ្តើមតែប៉ុណ្ណោះ។

គន្លងសេដ្ឋកិច្ចរបស់ប្រទេសដែលមានប្រជាជនច្រើនជាងគេពិតជាមានឥទ្ធិពលយ៉ាងសំខាន់ទៅលើដៃគូពាណិជ្ជកម្មរបស់ពួកគេ។ ប្រទេសដែលពឹងផ្អែកទៅលើប្រទេសចិនសម្រាប់ការនាំចេញអាចនឹងជួបប្រទះនឹងការគំរាមកំហែងនៅក្នុងឧស្សាហកម្មសំខាន់ៗមួយចំនួន ដោយសារកំណើនរបស់ប្រទេសចិននឹងបន្តថយចុះកាន់តែច្រើនបន្ថែមទៀត នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

បើទោះបីជាទទួលបានការគាំទ្រពីសំណាក់លោកស្រី Nancy Pelosi កាលពីឆ្នាំមុនក៏ពិតមែន ក៏កោះតៃវ៉ាន់បានពឹងផ្អែកខ្លាំងទៅលើប្រទេសចិន ជាងសហរដ្ឋអាមេរិកសម្រាប់ការធ្វើពាណិជ្ជកម្ម។ សហរដ្ឋអាមេរិកបានរួមចំណែកត្រឹមតែ ១៥% នៃការនាំចេញរបស់កោះតៃវ៉ាន់ប៉ុណ្ណោះនៅក្នុងឆ្នាំ ២០២១ ខណៈដែលចិនដីគោកនិងហុងកុងបានរួមចំណែករហូតដល់ ៤២%។

ជាថ្មីម្តងទៀត ចិនដីគោកនិងហុងកុង គឺជាអ្នកផ្គត់ផ្គង់ការនាំចូលកំពូលទាំង២ របស់កោះតៃវ៉ាន់ ដែលបានរួមចំណែកស្មើនឹង ២២% នៃការនាំចូលសរុប។ សហរដ្ឋអាមេរិកបានចូលមកក្រោយគេដោយបានរួមចំណែកត្រឹមតែ ១០% ប៉ុណ្ណោះ។

និន្នាការនេះត្រូវបានគេមើលឃើញថា មានការកើនឡើងនៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះនៅពេលដែលការពឹងផ្អែករបស់តៃវ៉ាន់ទៅលើប្រទេសចិននៅតែបន្តកើនឡើង។

ប្រទេសទី២ ដែលពឹងផ្អែកខ្លាំងទៅលើការធ្វើពាណិជ្ជកម្មរបស់ចិន គឺកូរ៉េខាងត្បូង។ ជាមួយនឹងការរួមចំណែករហូតដល់ ២៥% នៃការធ្វើពាណិជ្ជកម្មសរុបកាលពីឆ្នាំមុន ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កូរ៉េខាងត្បូង។

កាលពីឆ្នាំមុន ២២,៨% នៃការនាំចេញទាំងអស់របស់កូរ៉េខាងត្បូង ត្រូវបាននាំចេញទៅកាន់ប្រទេសចិន ហើយការនាំចូលទំនិញជាង ២ ០០០ មុខរបស់ពួកគេដែលរួមមានទាំងវត្ថុធាតុដើមផងនោះ គឺត្រូវបាននាំមកពីប្រទេសចិន។

នៅក្នុងតារាងខាងលើ អ្នកអាចមើលឃើញយ៉ាងច្បាស់អំពីការពឹងផ្អែករបស់បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ទៅលើការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន។ សូម្បីតែប្រទេសដែលមានសេដ្ឋកិច្ចធំមួយដូចជាជប៉ុនក៏ត្រូវពឹងផ្អែកខ្លាំងទៅលើប្រទេសចិនផងដែរ។

សេដ្ឋកិច្ចរបស់ពួកគេអាចនឹងមានភាពចលាចល ប្រសិនបើសេដ្ឋកិច្ចរបស់ប្រទេសចិនមានការប្រែប្រួល ហើយការនាំចូលបន្ទះឈីបពីប្រទេសចិនគឺជាចំណុចដ៏សំខាន់មួយទៀតនៃការធ្វើពាណិជ្ជកម្ម។

វាដល់ពេលដែលប្រទេសទាំងនេះចាប់ផ្តើមមើលទៅឱ្យបានឆ្ងាយហួសពីប្រទេសចិនហើយ។ ប្រទេសចិនបានដាក់ទុន និងបានរំលោភមកលើអធិបតេយ្យភាពរបស់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ម្តងហើយម្តងទៀត ដោយសារតែផលប្រយោជន៍ពាណិជ្ជកម្មដែលខ្លួនបានទទួលពីប្រទេសទាំងនោះ។

ប្រទេសទាំងនេះត្រូវចេញពីការពឹងផ្អែកទៅលើការនាំចូលនិងការនាំចេញរបស់ចិន ហើយគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលនិងផ្នែកអាជីវកម្មត្រូវតែបង្កើនល្បឿន។

ពួកគេត្រូវការបង្កើតសម្ព័ន្ធភាពខ្សែច្រវ៉ាក់ផ្គត់ផ្គង់ថ្មី ហើយពួកគេត្រូវតែអនុវត្តការងាកទៅរកប្រទេសឥណ្ឌា ក៏ដូចជាប្រទេសនៅតំបន់អាស៊ាន និងមជ្ឈិមបូព៌ាផ្សេងទៀត។ មុនពេលមានការដួលរលំរបស់ចិន តំបន់អាស៊ីអាគ្នេយ៍ត្រូវតែស្វែងរកមូលដ្ឋានដែលមានសុវត្ថិភាពជាមុនសិន៕

TFI Global