ខ្មែរប៉ុស្ដិ៍ Close

ពីអ្នកដែលទទួលយកវិធានច្បាប់ក្លាយទៅជាអ្នកកំណត់វិធានច្បាប់៖ សារៈសំខាន់នៃច្បាប់ UNCLOS ចំពោះប្រទេសចិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 62
ពីអ្នកដែលទទួលយកវិធានច្បាប់ក្លាយទៅជាអ្នកកំណត់វិធានច្បាប់៖ សារៈសំខាន់នៃច្បាប់ UNCLOS ចំពោះប្រទេសចិន ពីអ្នកដែលទទួលយកវិធានច្បាប់ក្លាយទៅជាអ្នកកំណត់វិធានច្បាប់៖ សារៈសំខាន់នៃច្បាប់ UNCLOS ចំពោះប្រទេសចិន

ឆ្នាំ ២០២២ គឺជាខួបទី ៤០ នៃការបើកឱ្យមានការចុះហត្ថលេខាលើអនុញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ ការត្រួតពិនិត្យមើលឡើងវិញលើទំនាក់ទំនងរបស់ប្រទេសចិនជាមួយច្បាប់ UNCLOS បានផ្តល់នូវករណីសិក្សាដ៏គួរឱ្យទាក់ទាញអំពីតួនាទីរបស់ប្រទេសចិន នៅក្នុងប្រព័ន្ធអន្តរជាតិនៅក្រោយសង្គ្រាមលោកលើកទី២។

ក្នុងនាមជាប្រទេសដែលមកក្រោយគេបន្តិច ប្រទេសចិនបានចាប់ផ្តើមក្នុងនាមជាអ្នករៀនសូត្រ និងអ្នកសម្របខ្លួនតាមរយៈការចូលរួមដែលបានផ្តល់ឱ្យចិននូវភាពស្របច្បាប់ និងបទពិសោធន៍ក្នុងការចូលរួមនៅក្នុងប្រព័ន្ធអន្តរជាតិនោះ។ ប្រទេសចិនបានបន្តបង្កើនសមត្ថភាព និងផលប្រយោជន៍របស់ខ្លួនក្នុងតួនាទីជាអ្នកដឹកនាំលើការកំណត់, ការបកស្រាយឡើងវិញ និងថែមទាំងបានប្រឆាំងជាមួយស្ថាប័នអន្តរជាតិខ្លះ នៅពេលថ្មីៗនេះ ដើម្បីបង្ហាញនូវទស្សនៈអំពីអភិបាលកិច្ចសកលរបស់ខ្លួនថែមទៀតផង។

ការចូលរួមរបស់ប្រទេសចិននៅក្នុងដំណើរការចរចា និងដំណើការរព្រាងច្បាប់ UNCLOS នៅមុនឆ្នាំ ១៩៨២ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ភាពស្របច្បាប់របស់ចិននៅក្នុងប្រព័ន្ធអន្តរជាតិក្រោយសង្គ្រាម លោកលើកទី២។

នៅឆ្នាំ ១៩៧១ ប្រទេសចិនបានទទួលនូវអាសនៈស្របច្បាប់របស់ខ្លួននៅក្នុងអង្គការសហប្រជាជាតិ ដែលអាចធ្វើឱ្យពួកគេចាប់ផ្តើមចូលរួមជាមួយប្រព័ន្ធពហុភាគីនិយមស្ថិតក្រោមក្របខណ្ឌអង្គការសហប្រជាជាតិវិញបាន។ នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ១៩៧១ ប្រទេសចិនត្រូវបានគេបញ្ចូលជាសមាជិករបស់គណៈគម្មាធិការខ្ពង់រាបបាតសមុទ្រ (UN Seabed Committee)។

ប្រទេសចិនបានចូលរួមនៅក្នុងដំណើរការរៀបចំទាំងស្រុងរបស់សន្និសីទអង្គការសហប្រជាជាតិលើកទី៣ ស្តីអំពីច្បាប់សមុទ្រ ចាប់ពីឆ្នាំ ១៩៧៣ ដល់ ១៩៨២ និងស្ថិតក្នុងចំណោមប្រទេសដំបូងៗដែលបានចុះហត្ថលេខាទៅលើអនុសញ្ញានោះ។

ប្រទេសចិន ក៏បានស្វះស្វែងដើរតួនាទីជាអ្នកដឹកនាំនៅក្នុងនយោបាយអន្តរជាតិក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍដ៏ធំបំផុតមួយផងដែរ។ នៅក្នុងដំណើរការចរចាសម្រាប់ច្បាប់ UNCLOS នោះ ប្រទេសចិនបានផ្តល់ការគាំទ្រទាំងស្រុងដល់សមាសភាព «ក្រុម ៧៧» សម្រាប់ការអភិវឌ្ឍ និងការគ្រប់គ្រងរួមដោយអាជ្ញាធរខ្ពង់រាបបាតសមុទ្រអន្តរជាតិ (International Seabed Authority) និងប្រឆាំងយ៉ាងពេញទំហឹងចំពោះការរឹតត្បិតដែលបានដាក់ចេញដោយបណ្តាប្រទេសអភិវឌ្ឍ។

នៅក្នុងការអនុវត្តច្បាប់ UNCLOS នោះ ប្រទេសចិនជារឿយៗ តែងតែបានបង្ហាញជំហររបស់ខ្លួនជាអ្នកតំណាងឱ្យផលប្រយោជន៍របស់បណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុងការបង្កើតសណ្តាប់ធ្នាប់ដែនសមុទ្រដោយស្មើភាព និងសមហេតុផលមួយ ដែលគាំទ្រសិទ្ធិ និងយុត្តាធិការដែនសមុទ្ររបស់បណ្តារដ្ឋជាប់ឆ្នេរ។ ការប្រកាន់ជំហរបែបនេះក៏ត្រូវបានគេប្រើប្រាស់ដើម្បីរិះគន់ដល់ «អនុត្តរភាពដែនសមុទ្រ» ដែលអនុវត្តដោយមហាអំណាចដែនសមុទ្រលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិក ក្រោមរូបភាព «សេរីភាពនៃការធ្វើនាវារចរណ៍» របស់ខ្លួនផងដែរ។

ទោះជាបែបនោះក្តី ដូចអ្វីដែលលោក Yang Zongze បានលើកជាទឡ្ហីករណ៍អញ្ចឹងថា ប្រទេសចិនកំពុងក្លាយទៅជាអ្នកទទួលខុសត្រូវអន្តរជាតិកាន់តែធំមួយដែលមានន័យថា បណ្តាអនុសញ្ញាអន្តរជាតិ ដូចជាច្បាប់ UNCLOS នឹងកាន់តែមានសារៈសំខាន់សម្រាប់ប្រទេសចិននៅថ្ងៃអនាគត។

ទី១៖ ប្រទេសចិនបានបង្កើនការទទួលខុសត្រូវនៅលើឆាកអន្តរជាតិរបស់ខ្លួន តាមរយៈការរួមចំណែកក្នុងនាមជាសមាជិករបស់អង្គការសហប្រជាជាតិ និងប្រតិបត្តិការថែរក្សាសន្តិភាព។

ទី២៖ នៅពេលនេះ ប្រទេសចិនបានរួមចំណែកចំពោះកត្តាប្រឈម និងផលប្រយោជន៍នៃដែនសមុទ្រអន្តរជាតិកាន់តែច្រើនជាមួយនិងប្រទេសផ្សេងៗទៀត ដែលរួមមានទាំងការប្រឆាំងនឹងក្រុមចោរសមុទ្រ, ការកើនឡើងនៃកម្រិតទឹកសមុទ្រ, ការទាញយកធនធានសមុទ្រជ្រុលហួស, និងការការពារនូវផលប្រយោជន៍ខ្លួន នៅឯនាយសមុទ្រ។

ទស្សនៈរបស់ចិនចំពោះ «សហគមន៍ដែនសមុទ្រដែលមានអនាគតរួមគ្នាមួយ» ច្រើនផ្តោតទៅលើការដោះស្រាយជម្លោះ តាមរយៈការចរចានិងការពិគ្រោះយោបល់គ្នាស្របតាមស្មារតីនៃច្បាប់ UNCLOS ដែលប្រទេសចិនបានដើរតួនាទីប្រកបដោយស្ថាបនា និងបុរេសកម្មលើការកែទម្រង់សណ្ដាប់ធ្នាប់ដែនសមុទ្រដោយផ្អែកលើវិធានច្បាប់។

ការផ្តល់សច្ចាប័នរបស់ចិនលើច្បាប់ UNCLOS មិនត្រឹមតែបានជួយទីក្រុងប៉េកាំងឱ្យសម្របខ្លួនជាមួយអភិបាលកិច្ចសមុទ្រជាសកលប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលកាន់តែសំខាន់នោះ វាថែមទាំងបានផ្តល់សារៈសំខាន់ដល់ប្រទេសចិនក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រដែនសមុទ្រមួយដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួនទៀតផង។

ច្បាប់ UNCLOS នោះមានបច្ច័យដ៏ធំធេងលើបញ្ញត្តិច្បាប់ដែនសមុទ្ររបស់ចិន ជាពិសេសទៅលើការបង្កើតបញ្ញត្តិច្បាប់របស់អាជ្ញាធរខ្ពង់រាបបាតសមុទ្រអន្តរជាតិ និងដំណើរការបង្កើតបញ្ញត្តិច្បាប់របស់ «ក្រមរុករករ៉ែ» ដូចជាការអនុម័ត «ច្បាប់របស់ចិនស្តីពីការរុករក និងការអភិវឌ្ឍធនធាននៅតំបន់ខ្ពង់រាបបាតសមុទ្រជ្រៅៗ» កាលពីឆ្នាំ ២០១៦ ជាដើម។

ប្រទេសចិនបានបង្ហាញនូវបំណងប្រាថ្នាចង់ឃើញអភិបាលកិច្ចដែនសមុទ្រសកល ត្រូវបានគេធ្វើកំណែទម្រង់តាមរយៈការផ្តួចផ្តើមគំនិតដូចជាការចេញផ្សាយនូវ «ចក្ខុវិស័យអំពីកិច្ចសហប្រតិបត្តិការដែនសមុទ្ររបស់ ផ្លូវមួយខ្សែក្រវាត់មួយ» កាលពីឆ្នាំ ២០១៧ ដែលបានស្នើឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការដែនសមុទ្រ និងការប្តេជ្ញាចិត្តដល់ការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិដើម្បីការអភិវឌ្ឍដោយចីរភាព។

លើសពីនេះទៅទៀត ប្រទេសចិនបានចូលរួមនៅក្នុង «វិធានការច្បាប់» ជាមួយមហាអំណាចដែនសមុទ្រផ្សេងទៀត តាមរយៈការបកស្រាយឡើងវិញនូវច្បាប់សមុទ្រថ្មី ដើម្បីជាការបង្ហាញអំពីអំណាចរបស់ខ្លួន ក្នុងការកំណត់របៀបវារៈនៅក្នុងនយោបាយអន្តរជាតិ។

ប្រទេសចិនបានប្រកាន់យកនូវអភិក្រមមួយដែលបានធ្វើការផ្លាស់ប្តូរប្រព័ន្ធនោះ ក្នុងនាមជាអ្នកចូលរួមជាជាងស្វះស្វែងដើម្បីផ្តួលរំលំប្រព័ន្ធនោះចេញ។

ទោះបីជាប្រទេសចិនបានប្រឆាំងចំពោះរឿងក្តីកាលពីឆ្នាំ ២០១៦ ដែលតុលាការមជ្ឈត្តកម្មបានសម្រេចឱ្យប្រទេសហ្វីលីពីនឈ្នះប្រទេសចិនលើរឿងក្តីនៅសមុទ្រចិនខាងត្បូងក៏ពិតមែនក្តី ក៏ប្រទេសនៅតែយោងទៅលើច្បាប់ UNCLOS ក្នុងការពន្យល់អំពីការសម្រេចចិត្តរបស់ខ្លួនផងដែរ។ ទីក្រុងប៉េកាំងបានអះអាងថាពួកគេមាន «សិទ្ធិជាប្រវត្តិសាស្ត្រចំពោះដែនទឹកនោះ ហើយមានទំហំហួសពីទំហំនៃអនុសញ្ញានោះទៅទៀត» និងបានលើកទឡ្ហីករណ៍ថា «ការសម្រេចក្តីរបស់តុលាការមជ្ឈត្តកម្មអន្តរជាតិនោះ មិនពាក់ព័ន្ធនឹងការបកស្រាយ ឬការអនុវត្តរបស់អនុញ្ញានោះឡើយ»។

ទោះជាបែបនោះក្តី សិទ្ធិប្រវត្តិសាស្ត្រដែលទាមទារដោយប្រទេសចិននោះ ត្រូវបានច្រានចោលដោយតុលាការមជ្ឈត្តកម្មនោះ។ នៅឯសន្និសីទឆ្នាំ ២០២២ ក្រោមប្រធានបទ «ច្បាប់ UNCLOS ខួបលើកទី៤០៖ ប្រតិសកម្ម និងការប្រមើលមើលទៅមុខ» អនុរដ្ឋមន្ត្រីការបរទេសចិន លោក Xie Feng បានគូសបញ្ជាក់សារជាថ្មីនូវគោលជំហររបស់ប្រទេសចិនថា «យើង (ប្រទេសចិន) ចាំបាច់ត្រូវតែអនុវត្តយន្តការដោះស្រាយជម្លោះរបស់ច្បាប់ UNCLOS ដោយសុចរិតត្រឹមត្រូវ»។

ការលើកឡើងខាងលើ គឺជាឧទាហរណ៍នៃរបៀបដែលប្រទេសចិនបានស្វះស្វែងកំណត់របៀបវារៈអន្តរជាតិ ដោយផ្តល់ប្រយោជន៍ដល់ខ្លួនតាមរយៈការបកស្រាយច្បាប់អន្តរជាតិឡើងវិញ។

ប្រទេសចិនមិនអាចបោះបង់ច្បាប់ UNCLOS ចោលបានទេ ដោយសារតែពួកគេព្រួយបារម្ភថា សហរដ្ឋអាមេរិកអាចគាំទ្រប្រទេសជាប់ជម្លោះមួយទៀតនៅសមុទ្រចិនខាងត្បូង ដូចជាវៀតណាមឱ្យផ្តួចផ្តើមគំនិតប្តឹងទៅតុលាការមជ្ឈត្តកម្ម ដោយប្រើប្រាស់ឧបសម្ព័ន្ធទី៧ របស់ UNCLOS ទៅប្រឆាំងនឹងប្រទេសចិន។

នៅក្នុងសេណារីយ៉ូដែលត្រូវបានលើកឡើងដោយលោក Xheng Zhihua នោះ ប្រទេសចិនអាចបន្តប្រកាន់ខ្ជាប់នូវ «៣ មិន» គឺការមិនទទួលយក, ការមិនចូលរួម និងការមិនទទួលស្គាល់ ដូចក្នុងករណីរបស់ប្រទេសហ្វីលីពីនអញ្ចឹងដែរ ប៉ុន្តែពួកគេក៏អាចផ្លាស់ប្តូរយុទ្ធសាស្ត្រ ហើយប្រហែលជាអាចនឹងងាកមកចូលរួមនៅក្នុងដំណើរការមជ្ឈត្តកម្មនោះទៀតផង។

ជាឧទាហរណ៍ លោក Zheng បានគូសបញ្ជាក់ថា ប្រទេសចិនអាចធ្វើតាមអភិក្រមរបស់អាមេរិក ចំពោះករណីរបស់ប្រទេស Nicaragua Case (ICJ 1986)។ ការចូលរួមនៅក្នុងការបង្កើតតុលាការ និងនីតិវិធី ពាក់ព័ន្ធនឹងយុត្តាធិការ និងការបង្ហាញភស្តុតាង អាចផ្តល់ឱ្យប្រទេសចិននូវអត្ថប្រយោជន៍ដ៏រឹងមាំ។

នៅលើផ្នែកសន្តិសុខវិញ សេរីភាពនៃការធ្វើនាវារចរណ៍របស់អាមេរិកជាញឹកញាប់នៅសមុទ្រចិនខាងត្បូង បានធ្វើឱ្យប្រទេសចិនមានការខ្វល់ខ្វាយចិត្ត ដោយសារតែទីក្រុងប៉េកាំងជឿជាក់ថា សកម្មភាពទាំងនោះគឺជា «ប្រតិបត្តិការយោធាដ៏ប្រទាក់ក្រឡាស្ថិតក្រោមលេសនៃសេរីភាពនៃការធ្វើនាវាចរណ៍» ដើម្បីធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ចិន និងបង្កការគំរាមដល់សន្តិសុខជាតិរបស់ខ្លួន។

ប្រទេសចិនបានគូសបញ្ជាក់ថា សេរីភាពបែបនេះមិនមែនជារឿងផ្តាច់មុខនោះទេ ហើយគួរតែអនុវត្តដោយមានការគោរពពេញលេញចំពោះ «សន្តិភាព, សណ្តាប់ធ្នាប់ ឬសន្តិសុខរបស់ប្រទេសជាប់ឆ្នេរសមុទ្រ»។

លើសពីនេះ ជារឿយៗទីក្រុងប៉េកាំងបានគូសបញ្ជាក់ថា ជំហរនិងសកម្មភាពរបស់អាមេរិកនៅសមុទ្រចិនខាងត្បូងមានលក្ខណៈហួងហែងជ្រុល និងមិនស្របច្បាប់ ដោយសារសហរដ្ឋអាមេរិកមានឋានៈជារដ្ឋមួយដែលមិនបានផ្តល់សច្ចាប័នដល់ច្បាប់ UNCLOS នោះទេ។ ដូច្នេះ ច្បាប់ UNCLOS អាចនឹងក្លាយទៅជាឧបករណ៍នៃជម្លោះនយោបាយសម្រាប់ការប្រកួតប្រជែងមហាអំណាចរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន៕

Fulcrum