ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រីជប៉ុន Kishida បានបរាជ័យក្នុងការរៀនមេរៀននយោបាយរបស់លោក Abe

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 52
លោកនាយករដ្ឋមន្ត្រីជប៉ុន Kishida បានបរាជ័យក្នុងការរៀនមេរៀននយោបាយរបស់លោក Abe លោកនាយករដ្ឋមន្ត្រីជប៉ុន Kishida បានបរាជ័យក្នុងការរៀនមេរៀននយោបាយរបស់លោក Abe

មតិរិះគន់ដ៏សាមញ្ញរបស់ James Carville «វាគឺជាសេដ្ឋកិច្ច» (It’s the economy, stupid) ដែលបានធ្វើឡើងនៅក្នុងអំឡុងយុទ្ធនាការឃោសនារបស់លោក Bill Clinton នៅក្នុងឆ្នាំ ១៩៩២ អាចមានភាពត្រឹមត្រូវសម្រាប់ប្រទេសភាគច្រើននៅជុំវិញពិភពលោក។ ការលើកឡើងរបស់ Carville ដែលបានសំដៅលើគោលនយោបាយសេដ្ឋកិច្ចដ៏ជោគជ័យ គឺជាប្រភពចម្បងនៃការគាំទ្រ និងជាប្រភពនៃភាពជោគជ័យផ្នែកនយោបាយ។

និយាយមួយបែបទៀត សមិទ្ធិផលនៅក្នុងគោលនយោបាយក្នុងស្រុកដែលយកចិត្តទុកដាក់ជាពិសេសលើបញ្ហាប្រភពហិរញ្ញវត្ថុ នឹងជួយជំរុញភាពយូរអង្វែងផ្នែកនយោបាយសម្រាប់មេដឹកនាំ និងរបបនយោបាយរបស់ពួកគេ។ គំនិតផ្តួចផ្តើមគោលនយោបាយការបរទេសភាគច្រើន បើទោះជាជោគជ័យ ឬបរាជ័យ នឹងជះឥទ្ធិពលតិចតួចប៉ុណ្ណោះលើអាកប្បកិរិយារបស់ពលរដ្ឋចំពោះមេដឹកនាំរបស់ពួកគេ។

វាក៏មិនមានករណីលើកលែងដែរចំពោះប្រទេសជប៉ុន។ អតីតនាយករដ្ឋមន្ត្រី Abe ​​Shinzo បានរងនូវបទពិសោធន៍អាក្រក់ពាក់ព័ន្ធនឹងរឿងនេះនៅក្នុងអំឡុងពេលដែលលោកកំពុងកាន់តំណែងចាប់ពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០០៧ ដែលជាហេតុធ្វើឱ្យលោកយកបទពិសោធន៍ដែលលោកបានរៀនមកអនុវត្តនៅក្នុងអាណត្តិទី២ របស់លោក ចាប់ពីឆ្នាំ ២០១២ ដល់ ២០២០ ហើយលោកក៏បានក្លាយជានាយករដ្ឋមន្ត្រី ដែលបានកាន់តំណែងយូរបំផុតនៅក្នុងប្រវត្តិសាស្ត្រជប៉ុនសម័យទំនើប។

ជាអកុសល វាហាក់ដូចជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន Kishida Fumio កំពុងអនុវត្តតាមវិធីសាស្រ្តនយោបាយរបស់លោក Abe នៅក្នុងអំឡុងអាណត្តិទី១ ជាជាងការត្រាប់តាមអ្វីដែលលោក Abe បានធ្វើនៅក្នុងអាណត្តិទី២។ ប្រសិនបើលោក Kishida បន្តដើរតាមផ្លូវនេះ លោកអាចនឹងទទួលរងនូវជោគវាសនា និងការមាក់ងាយ ដូចអ្វីដែលលោក Abe បានជួបប្រទះនៅក្នុងអាណត្តិដំបូងរបស់លោកក្នុងនាមជានាយករដ្ឋមន្ត្រី។

អាណត្តិទី១ របស់លោក Abe គឺជាអាណត្តិដ៏ខ្លីបំផុតមួយសម្រាប់នាយករដ្ឋមន្ត្រីជប៉ុននៅក្រោយសង្រ្គាម ដែលមានរយៈពេលត្រឹមតែ ៣៦៦ ថ្ងៃប៉ុណ្ណោះ។ តំណែងជានាយករដ្ឋមន្ត្រីរបស់លោក Abe ត្រូវបានបញ្ចប់ យ៉ាងឆាប់រហ័ស បន្ទាប់ពីបានជួបប្រទះនូវរឿងអាស្រូវក្នុងស្រុកជាច្រើន បូករួមនឹងការខ្វែងគំនិតគ្នានៅក្នុងចំណោមរដ្ឋមន្ត្រី។

ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច លោក Abe មិនបានបង្កើតនូវសមិទ្ធិផលអ្វីច្រើនទេនៅក្នុងតំណែងរបស់លោក។ វាមាន​សំណើ​រមួយ​ចំនួន ក៏ប៉ុន្តែ​វា​មិនអាចសម្រេចបានទេ ដោយសារកង្វះការ​គាំទ្រ​ផ្នែក​នយោបាយ​យ៉ាង​ម៉ឺងម៉ាត់​ពីសំណាក់​រដ្ឋបាល។ ប៉ុន្តែលោក Abe មាន​ភាពសកម្ម​ខ្លាំង​នៅក្នុងផ្នែក​កិច្ចការ​បរទេសនិង​ការពារជាតិ បើទោះ​បី​ជា​មានទំនោរឆេវឆាវបន្តិចក៏​ដោយ។

លោកបានបំពេញបេសកកម្មការទូត ដោយជោគជ័យទៅកាន់ប្រទេសចិននិងកូរ៉េខាងត្បូង, ផ្លាស់ប្តូរទីភ្នាក់ងារការពារជាតិឱ្យក្លាយទៅជាក្រសួងការពារជាតិ និងបានអនុម័តច្បាប់ដ៏ចម្រូងចម្រាសមួយស្តីអំពីរបៀបធ្វើប្រជាមតិសម្រាប់ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ។

ថ្វីត្បិតតែទទួលបានសមិទ្ធិផលយ៉ាងសំខាន់នៅក្នុងរឿងទាំងនេះក៏ដោយ ក៏ការមិនពេញចិត្តរបស់សាធារណជនចំពោះរបៀបវារៈក្នុងស្រុករបស់លោក Abe បាននាំមកនូវការបរាជ័យនៅក្នុងការបោះឆ្នោតសម្រាប់រូបលោក។ នៅក្នុងខែសីហា ឆ្នាំ ២០០៧ គណបក្សប្រជាធិបតេយ្យសេរី (Liberal Democratic Party-LDP) របស់លោក Abe បានទទួលរងនូវការបរាជ័យជាប្រវត្តិសាស្ត្រនៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់។

មិនយូរប៉ុន្មាន លោក Abe បានលាលែងពីតំណែងជាផ្លូវការក្រោមហេតុផលសុខភាព ក៏ប៉ុន្តែវាច្បាស់ណាស់ថា «សមត្ថភាពគ្រប់គ្រងរបស់លោកត្រូវបានបំផ្លាញដល់កម្រិតមួយដែលមិនអាចស្តារវិញបាន»។ ភាពផ្ទុយគ្នាដ៏ធំបានកើតមានរវាងការគ្រប់គ្រងលើកទី១ និងទី២ របស់លោក។ លោក Abe បានទទួលជ័យជម្នះដែលមិនគួរឱ្យជឿ និងបានវិលត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីវិញនៅក្នុងឆ្នាំ ២០១២។

លោកបានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីលើគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាចនៅពេលនោះ ដោយសារតែការគ្រប់គ្រងដ៏វឹកវរ និងគ្មានប្រសិទ្ធភាពរបស់ពួកគេ។ ការឈ្នះឆ្នោតអាចសម្រេចបាន ដោយសារសារសេដ្ឋកិច្ចប្រកបដោយការច្នៃប្រឌិតដោយផ្អែកលើគោលនយោបាយរូបិយវត្ថុដ៏ទូលំទូលាយ។

វាបានវិវឌ្ឍយ៉ាងលឿនទៅជា «យុទ្ធសាស្ត្រសេដ្ឋកិច្ចព្រួញ ៣ ដ៏ល្បីរបស់លោក» ដែលត្រូវបានគេហៅថា «Abenomics»។ កំណែទម្រង់របស់លោកបានផ្តល់ឱ្យប្រទេសជប៉ុននូវលទ្ធភាពក្នុងពង្រឹងអំណាចនយោបាយ និងយោធាចេញក្រៅព្រំដែនរបស់ខ្លួនជាលើកដំបូង បើគិតចាប់តាំងពីសង្គ្រាមលោកលើកទី២ តាមរយៈច្បាប់សន្តិសុខការពារសមូហភាពថ្មី។

សូមអាន កេរ្តិ៍ដំណែលពិសេសរបស់លោក Shinzo Abe

ទោះបីជាមានការប្រឆាំងជាសាធារណៈយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរគោលនយោបាយសន្តិសុខ និងការបរទេសរបស់ជប៉ុនក៏ដោយ ក៏លោក Abe នៅតែអាចទប់ទល់នឹងការប្រឆាំងបានហើយអាចបោះជំហានទៅមុខតាមរយៈការ ប្រើប្រាស់គំនិតផ្តួចផ្តើមសេដ្ឋកិច្ចរបស់លោកជាខែល។

លោក Abe យល់ថា «ការគ្រប់គ្រងដែលផ្តោតលើគោលនយោបាយការបរទេសតែមួយមុខ ដូចនៅអាណត្តិដំបូងរបស់លោក គឺជារឿងដែលមិនអាចទទួលយកបានទេសម្រាប់សាធារណជន»។ ជាក់ស្តែង លោក Abe បានប្រើប្រាស់សារសេដ្ឋកិច្ចរបស់លោកយ៉ាងប៉ិនប្រសប់ដើម្បីបិទបាំងគោលនយោបាយសន្តិសុខ ជាពិសេសនៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត។

រដ្ឋបាល Kishida បច្ចុប្បន្ននេះ បាននិងកំពុងជាប់គាំងនៅក្នុងប្រភេទរឿងអាស្រូវដូចគ្នាទៅនឹងអាណត្តិដំបូងរបស់លោក Abe ដែរ។ ការលាលែងពីតំណែងចំនួន ៤ ដែលលោក Kishida បានជួបប្រទះគឺមានលក្ខណៈសឹងតែដូចគ្នានឹងការលាលែងពីតំណែងនៅក្នុងគណៈរដ្ឋមន្ត្រីនៅអាណត្តិដំបូង របស់លោក Abe (៥ នាក់) នៅពេលនោះ។

លោក Kishida និងគណបក្ស LDP បានជាប់គាំងនៅក្នុងរឿងអាស្រូវពាក់ព័ន្ធនឹងទំនាក់ទំនងយ៉ាងស៊ីជម្រៅរបស់គណបក្សជាមួយនឹងអង្គការសាសនា «Unification Church»។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Yamagiwa Daishiro ក៏បានលាលែងពីតំណែងដោយសារទំនាក់ទំនងរបស់លោកជាមួយអង្គការសាសនា «Unification Church» ផងដែរ។

លោក Kishida បានរងនូវផលប៉ះពាល់ផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរ ដោយសារភាពអសមត្ថភាពរបស់លោកក្នុងការដោះស្រាយវិបត្តិទាំងនេះ។ ជាជាង​ការដោះស្រាយ​ឱ្យ​បាន​លឿន​ និង​ប្រកបដោយ​ប្រសិទ្ធភាពលោកបាន​ទុក​ឱ្យ​រឿងអាស្រូវ​វិវឌ្ឍទៅកាន់តែអាក្រក់ និងបានបន្តអនុញ្ញាតឱ្យគណ​បក្សប្រឆាំង​វាយប្រហារ​លោក ទាំងនៅ​ក្នុង​សភា និង​នៅក្នុងប្រព័ន្ធ​ផ្សព្វផ្សាយ។

ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច លោក Kishida មិនទាន់បានចាត់វិធានការគួរឱ្យកត់សម្គាល់ណាមួយលើគោលនយោបាយចម្បងៗរបស់លោកនៅឡើយទេ តួយ៉ាងក្នុង «ការកសាងមូលធននិយមថ្មី» ដោយក្នុងនោះ លោកបានត្រឹមតែអំពាវនាវឱ្យមានការដំឡើងប្រាក់ឈ្នួលសាជីវកម្មដោយស្ម័គ្រចិត្តសម្រាប់បុគ្គលិក។

ទោះបីជាមាន ការលើកឡើងនូវការព្រួយបារម្ភពាក់ព័ន្ធនឹងកំណើនប្រាក់ឈ្នួលនិងបញ្ហាប្រជាសាស្រ្តក៏ដោយ ក៏ព័ត៌មានលម្អិតនៃគោលនយោបាយថ្មីរបស់លោកនៅតែមិនទាន់មានការបកស្រាយ និងមានភាពមិនច្បាស់លាស់។ គោលដៅដែលសំខាន់ជាងនេះ (ការកែសម្រួលភាពមិនស្មើគ្នានៃទ្រព្យសម្បត្តិ និងការដំឡើងប្រាក់ឈ្នួល ជាពិសេសសម្រាប់វណ្ណៈកណ្តាលនិងកម្មករ) បានទទួលនូវការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងចំណោមសាធារណជន។

ប្រាក់ឈ្នួលខ្ពស់នឹងជួយជំរុញតម្រូវការអ្នកប្រើប្រាស់ឱ្យមានភាពរឹងមាំ ហើយរឿងនេះនឹងអាចដោះស្រាយបញ្ហាបរិត្តផរណានៅក្នុងសេដ្ឋកិច្ចរបស់ជប៉ុនដែលមានអាយុកាលប្រមាណ ៣ ទសវត្សរ៍។ ដើម្បីដំឡើងប្រាក់ឈ្នួល លោក Kishida ត្រូវចាត់វិធានការនៅក្នុងវិស័យចំនួន ៤។

សូមអាន តើអ្វីជាគោលនយោបាយ Kishidanomics?

ទី​១ «លោក​ត្រូវ​ធ្វើ​កំណែទម្រង់​ទីផ្សារ​ការងារ​របស់​ប្រទេស»។ ប្រព័ន្ធការងាររបស់ជប៉ុនគឺផ្អែកលើប្រព័ន្ធអតីតភាពការងារ និងកិច្ចសន្យាការងាររយៈពេលវែងដែលបានធ្វើឱ្យសាជីវកម្មមានការពិបាកក្នុងការបណ្តេញបុគ្គលិក។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនសាជីវកម្មបានសម្រេចជួលកម្មករក្រៅម៉ោងជំនួសឱ្យអ្នកធ្វើការពេញម៉ោង។

ជិត ៣៧% នៃកម្លាំងពលកម្មនៅពេលឥឡូវនេះមានលក្ខណៈក្រៅម៉ោង និងមិនស្ថិតស្ថេរ។ ពួកគេទាំងនេះបានទទួលប្រាក់ឈ្នួលខុសគ្នាខ្លាំងពីបុគ្គលិកពេញម៉ោង, មិនបានទទួលការបណ្តុះបណ្តាលគ្រប់គ្រាន់ និងទទួលបានកញ្ចប់អត្ថប្រយោជន៍តិចតួច។

ទី២2 «ការធ្លាក់ចុះ​នៃ​ការងារសហជីព​ចាំបាច់​ត្រូវ​តែធ្វើការដោះស្រាយដើម្បី​ពង្រឹង​ការចរចា និង​អំណាច​នយោបាយ​នៃ​ការងារ»។ លោក Richard Katz បានពន្យល់ថា «ប្រទេស ៣ ក្នុងចំណោម ៤ ប្រទេសដែលការរួមចំណែកនៃការងារនៅក្នុងប្រាក់ចំណូលជាតិ បានធ្លាក់ចុះច្រើនបំផុតគឺប្រទេសជប៉ុន, អាមេរិក និងកូរ៉េ»។

ទី៣ «ការដំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងកម្រិតធំជាងអ្វីដែលច្បាប់បានចែង គួរត្រូវបានលើកយកមកពិភាក្សា»។ ការកើនឡើងតិចតួចត្រូវបានដាក់ឱ្យអនុវត្តរួចហើយ ដោយក្នុងនោះប្រាក់ឈ្នួលអប្បបរមាបានកើនឡើងដល់ ៩៦១ យ៉េន (៧,៤ ដុល្លារ) ក្នុងមួយម៉ោង កាលពីខែសីហាឆ្នាំមុន ក្រោមផែនការបង្កើនប្រាក់ឈ្នួលពី ២% ទៅ ៣% រហូតឈានដល់គោលដៅ ១ ០០០ យ៉េននៅក្នុងពេលណាមួយនៅថ្ងៃអនាគត។

ប៉ុន្តែផែនការនេះគួរតែមានមហិច្ឆតាខ្ពស់ជាងនេះ ជាមួយនឹងការបង្កើនឱ្យបានកាន់តែលឿន និងឱ្យលើសពីគោលដៅ ១ ០០០ យ៉េន។ ប្រាក់ឈ្នួលអប្បបរមាខ្ពស់នឹងជំរុញផលិតភាពកាន់តែច្រើន ទន្ទឹមនឹងការលុបបំបាត់ចោលនូវក្រុមហ៊ុនទាំងឡាយណាដែលគ្មានភាពច្នៃប្រឌិតក្នុងការស្វែងរកប្រាក់មកបង់ថ្លៃប្រាក់ឈ្នួលខ្ពស់ឱ្យកម្មករ។

ចំណុចចុងក្រោយ «លោក Kishida គួរតែបន្តអនុវត្តគោលនយោបាយរបស់លោក Abe ក្នុងការលើកកម្ពស់ស្ត្រីនៅក្នុងសង្គម»។ បញ្ហានេះគឺជាគន្លឹះក្នុងការជួយដោះស្រាយបញ្ហាមិនត្រឹមតែប្រាក់ឈ្នួលទាបប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងការធ្លាក់ចុះនៃចំនួនប្រជាជនផងដែរ។

លោក Abe បានចាត់វិធានការតិចតួចប៉ុណ្ណោះក្នុងការលើកកម្ពស់ឋានៈរបស់ស្ត្រីនៅក្នុងសង្គម ក៏ប៉ុន្តែយ៉ាងហោចណាស់ លោកនៅតែត្រូវបានគេកោតសរសើរចំពោះការផ្តោតអាទិភាពលើការដោះស្រាយគម្លាតយេនឌ័រនៅកន្លែងធ្វើការ និងការធ្វើឱ្យបញ្ហានេះក្លាយជាបញ្ហាដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ។

លោក Kishida បានបោះជំហានតូចមួយកាលពីខែមិថុនាឆ្នាំមុន តាមរយៈការធ្វើឱ្យក្រុមហ៊ុននានា ផ្សព្វផ្សាយទិន្នន័យរបស់ពួកគេស្តីពីវិសមភាពប្រាក់ឈ្នួលយេនឌ័រ ក៏ប៉ុន្តែវានៅមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ។ ស្ត្រីមានចំណែកខ្ពស់នៅក្នុងកម្លាំងពលកម្មក្រៅម៉ោង ដែលជាហេតុធ្វើឱ្យពួកគេទទួលរងគ្រោះ ដោយសារភាពខុសគ្នាដ៏ធំនៃប្រាក់ឈ្នួល បើធៀបនឹងបុរសដែលធ្វើការពេញម៉ោង។

តាមរយៈការដោះស្រាយបញ្ហាការងារក្រៅម៉ោង និងប្រាក់ឈ្នួលទាប ប្រទេសជប៉ុនក៏អាចដោះស្រាយបានទាំងគម្លាតយេនឌ័រ និងបញ្ហាប្រឈមទាក់ទងនឹងចំនួនប្រជាជនរបស់ខ្លួនផងដែរ។ ប្រសិនបើស្ត្រីអាចទទួលបានការងារពេញម៉ោងនិងប្រាក់ចំណូលខ្ពស់ ពួកគេអាចចាប់ផ្តើមមានទស្សនៈវិជ្ជមាន កាន់តែខ្លាំងជាងមុនចំពោះការរៀបការ និងការមានគ្រួសារ។

បច្ចុប្បន្ន ជាមួយនឹងការជាប់គាំងនៅក្នុងការងារដែលមានប្រាក់ឈ្នួលទាប ស្ត្រីមិនមានចំណាប់អារម្មណ៍ក្នុងការបង្កើតគ្រួសារទេ ដោយហេតុថា «ពួកគេគ្មានលទ្ធភាពចិញ្ចឹមគ្រួសារឱ្យបានល្អ»។ ជាក់ស្តែង ការកែលម្អប្រាក់ឈ្នួលរបស់ស្ត្រីតែមួយមុខគឺមិនគ្រប់គ្រាន់ទេ ហើយវាចាំបាច់ត្រូវផ្សារភ្ជាប់ជាមួយគោលនយោបាយគាំទ្រគ្រួសារផ្សេងទៀតដើម្បីឱ្យស្ត្រីអាចធ្វើការពេញម៉ោងបាន។

កាលពីពេលថ្មីៗនេះ លោក Kishida បានប្រកាសអំពីចេតនាក្នុងការដាក់ចេញនូវគោលនយោបាយបែបនេះ។ សម្រាប់ថ្ងៃអនាគត ពាក្យសម្តីនឹងត្រូវមានលក្ខណៈស៊ីគ្នាជាមួយនឹងសកម្មភាពជាក់ស្តែង។ កង្វះវឌ្ឍនភាពលើបញ្ហាប្រឈមក្នុងស្រុងទាំងនេះបាននាំមកនូវការវាយតម្លៃមិនល្អចំពោះគណៈរដ្ឋមន្ត្រី។

គណៈរដ្ឋមន្ត្រីរបស់លោក Kishida ឥឡូវនេះកំពុងស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់ ជាមួយនឹងការវាយតម្លៃអំពីការគាំទ្រមានចំនួនទាបជាង ៣០%។ ការឆ្លើយតបរបស់លោក Kishida គឺមិនខុសគ្នាពីលោក Abe នោះទេ ដែលនោះគឺ «ការព្យាយាមស្វែងយល់អំពីគោលនយោបាយការបរទេសនិងសន្តិសុខ ជាមួយនឹងក្តីសង្ឃឹមថា ភាពជោគជ័យនៅក្នុងគោលនយោបាយនឹងជួយជំរុញជំហររបស់លោក»។

លោក Michael Bosack បានកត់សម្គាល់ថា «យុទ្ធសាស្ត្រដ៏សំខាន់របស់លោក Kishida សម្រាប់ឆ្នាំ ២០២៣ គឺការគូសបញ្ជាក់អំពីអស្ថិរភាពជាសកល និងតម្រូវការសម្រាប់វិស័យការពារជាតិដ៏រឹងមាំ»។ ដំណើរ​ទស្សនកិច្ច​ថ្មីៗ​របស់​លោក​ទៅ​កាន់ប្រទេស G-7 និង​ការ​គ្រោងទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ​គឺមានលក្ខណៈស៊ីគ្នានឹងការលើកឡើងនេះ។

ប៉ុន្តែការសង្កត់ធ្ងន់លើគោលនយោបាយការបរទេសនិងសន្តិសុខ នឹងមិនអាចបញ្ចុះបញ្ចូលចិត្តរបស់អ្នកបោះឆ្នោតបានទេ ដោយសារការព្រួយបារម្ភរបស់ពួកគេនៅតែផ្តោតសំខាន់លើភាពចម្រូងចម្រាសមិនចេះចប់នៅក្នុងកិច្ចការនយោបាយក្នុងស្រុក និងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។

ជំហរ​​របស់លោក Kishida ចំពោះ​កិច្ចការ​បរទេស​ មានលក្ខណៈដូចគ្នា​នឹង​ជំហរ​របស់​លោក Abe នៅក្នុង​អំឡុង​អាណត្តិ​ទី​១ ​របស់​លោក និង​ការ​ចាប់​ផ្តើម​អាណត្តិ​ទី២ ​របស់​លោក។ ជាថ្មីម្តងទៀត លោក Kishida កំពុងរៀន និងត្រាប់តាមកំហុសរបស់លោក Abe។

នៅក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយរបស់លោក គោលនយោបាយការបរទេសរបស់លោក Abe បានវិវឌ្ឍទៅជាកម្មវិធីជាក់ស្តែងនៃការចូលរួម និងការបង្កើតទំនាក់ទំនងការទូតជាមួយចិន ដែលបាននាំមកនូវគម្រោងមកបំពេញទស្សនកិច្ចនៅជប៉ុនដោយប្រធានាធិបតី Xi Jinping ក៏ប៉ុន្តែគម្រោងនេះមិនអាចសម្រេចបាន ដោយសារការមកដល់នៃវីរុសកូវីដ-១៩។

គោលនយោបាយរបស់លោក Kishida បានអនុវត្តតាមគោលនយោបាយការបរទេសដ៏បរាជ័យរបស់លោក Abe និងការគ្រប់គ្រងបច្ចុប្បន្នរបស់រដ្ឋបាល Biden នៅអាមេរិក។ លោក Kishida ប្រហែលជាជឿថា «ការធ្វើបែបនេះនឹងជួយឱ្យលោកឈ្នះឆ្នោត»។ ការគាំទ្រជាសាធារណៈចំពោះគោលនយោបាយមិនមានភាពរឹងមាំនោះទេ ដូចដែលបានបង្ហាញនៅក្នុងប្រតិកម្មរបស់សាធារណជនចំពោះសំណើររបស់លោកក្នុងការបង្កើនពន្ធដើម្បីយកទៅចំណាយលើវិស័យការពារជាតិឱ្យដល់ចំនួន ២% នៃ GDP។

លោក Kishida ត្រូវ​បាន​បង្ខំ​ឱ្យ​ពន្យារពេល​ការ​ដំឡើង​ពន្ធ ដោយ​សារ​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​សំណើរនេះ។ បន្ថែមពីលើនេះ គោលនយោបាយការបរទេសរបស់លោក Kishida គឺមានពោរពេញទៅដោយបញ្ហា។ ជប៉ុនបានបន្តព្យាយាមរក្សាតុល្យភាពរវាងការចូលរួមយ៉ាងខ្លាំងក្លាជាមួយចិន (ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម) និងសម្ព័ន្ធភាពយោធាដ៏រឹងមាំរបស់ខ្លួនជាមួយអាមេរិក ដែលជប៉ុនបានចាត់ទុកថាមានសារៈសំខាន់ក្នុងការធានាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

ភាពតានតឹងក្នុងតំបន់តែងកើតឡើងដោយសារវិធីសាស្រ្តរបស់ជប៉ុនចំពោះចិនជុំវិញការបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការប្រកួតប្រជែងផ្នែកសន្តិសុខនៅក្នុងពេលដំណាលគ្នា។ ប៉ុន្តែរឿងនេះបាននិងកំពុងផ្លាស់ប្តូរឆ្ពោះទៅរកការប្រកួតប្រជែង ឬការប្រឈមមុខ។

ការកែតម្រូវវិធានការគឺជារឿងចាំបាច់ទាំងសម្រាប់លោក Kishida និងរដ្ឋបាល Biden ខណៈពេលដែលបរិបទសន្តិសុខកាន់តែមានភាពតានតឹង ដោយក្នុងនោះ ភាគីទី៣ និងប្រជាជាតិទាំងអស់កំពុងត្រូវបានបង្ខំឱ្យជ្រើសរើសរវាងការចូលរួមជាមួយលទ្ធិប្រជាធិបតេយ្យ ឬលទ្ធិផ្តាច់ការ។ នេះ​មិន​មាន​ន័យ​ថា «ចិន​គ្មាន​កំហុស​ចំពោះ​ភាព​តានតឹង​ទាំង​នេះទេ»។

ចិនមិនមែនជាតួអង្គស្លូតបូតទេ និងបានចូលរួមនៅក្នុងការជ្រៀតជ្រែកផ្នែកសន្តិសុខ និងថែមទាំងបានឈ្លានពានយកបំណែកនៃទឹកដីនៅសមុទ្រចិនខាងត្បូង និងនៅតាមព្រំដែនរបស់ឥណ្ឌាទៀតផង ខណៈពេលដែលចិនបានបដិសេធចំពោះការទទួលខុសត្រូវជាអន្តរជាតិរបស់ខ្លួននៅក្នុងទីក្រុងហុងកុង។

ចិនបានទទួលផលប្រយោជន៍ពីសណ្តាប់ធ្នាប់ពិភពលោក ហើយចិនបាននិងកំពុងព្យាយាមកែប្រែវាឡើងវិញ ជាជាងបំផ្លាញវាចោល។ លើសពីនេះ បញ្ហាប្រឈមដែលចិនកំពុងជួបប្រទះទាំងបនៅផ្នែកសេដ្ឋកិច្ច (កំណើនយឺត), ប្រជាសាស្រ្ត (ចំនួនប្រជាជនធ្លាក់ចុះ) និងនយោបាយផ្ទៃក្នុង (ការធ្លាក់ចូលទៅក្នុងរបបផ្តាច់ការ) បានបង្ហាញថា «ការគំរាមកំហែងរបស់ចិនដូចដែលបានបកស្រាយដោយលោក Kishida និង Biden គឺត្រូវបានបំផ្លើស»។

ការទូតដ៏ឆ្លាតវៃគឺជារឿងសំខាន់ដែលត្រូវធ្វើដើម្បីឱ្យតំបន់អាចមានតុល្យភាពល្អប្រសើរជាងមុន។ ដើម្បីអាចធ្វើដូច្នេះបាន គំនិតរបស់ Yoichi Funabashi ស្តីពីការរារាំងដោយស្ងប់ស្ងាត់ (Quiet Deterrence) និងអំណាចជាតិ (National Power) អាចជារឿងដែលមានប្រយោជន៍សម្រាប់ការពិចារណា។

ការ​រារាំង​ដោយ​ស្ងប់ស្ងាត់មានលក្ខណៈ​ស្រដៀងគ្នាទៅ​នឹង​ការទូត​របស់លោក Theodore Roosevelt ដែល​នោះគឺ «ការនិយាយ​យ៉ាងទន់ភ្លន់ ខណៈ​ពេល​ដែលដៃកំពុងកាន់​ដំបងដ៏​ធំ»។ ជប៉ុនគួរតែបង្កើនសមត្ថភាពការពារជាតិរបស់ខ្លួន ក៏ប៉ុន្តែមិនចាំបាច់ធ្វើវាឱ្យគគ្រឹកគគ្រេងនោះទេ។ គោលដៅ​គួរតែ​ «ទី១ គឺការទប់ទល់​នឹង​យុទ្ធសាស្ត្រ​សម្ងាត់​របស់​ចិន និង​ទី២ គឺការ​ចៀសវាង​សកម្មភាព​ញុះញង់​ចិន»។

ប៉ុន្តែការរារាំងដោយស្ងប់ស្ងាត់មិនត្រឹមតែផ្តោតលើកម្លាំងយោធាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តោតលើអំណាចសេដ្ឋកិច្ច, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផងដែរ។ ទាំងនេះរួមគ្នានឹងបង្កើតបានជាកម្លាំងជាតិដ៏រឹងមាំ ក៏ដូចជាការពង្រឹងកងកម្លាំងការពារជាតិ។ បើគ្មានសេដ្ឋកិច្ចក្នុងស្រុកដ៏រឹងមាំដែលត្រូវបានជំរុញដោយសមត្ថភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទេ ប្រទេសមួយនឹងមិនអាចធានាបាននូវការការពារជាតិរបស់ខ្លួនទេ កុំថាឡើយដល់ការពង្រឹងឥទ្ធិពល។

រដ្ឋបាល Biden បានយល់អំពីរឿងនេះ ដូចដែលត្រូវបានបង្ហាញតាមរយៈ «គោលនយោបាយការបរទេសសម្រាប់វណ្ណៈកណ្តាល» ជាមួយនឹងការចាប់ផ្តើមអនុវត្តទាំងស្រុងនូវគោលនយោបាយឧស្សាហកម្ម និងការ ស្តារឡើងវិញនូវវិស័យបន្ទះឈីបកុំព្យូទ័ររបស់អាមេរិក។

សូមអាន ការហាមឃាត់របស់សហរដ្ឋអាមេរិកលើការនាំចេញបន្ទះឈីបបានបង្កផលប៉ះពាល់ដល់ដំណើរការអភិវឌ្ឍបច្ចេកវិទ្យា AI របស់ចិន

លោក Abe ក៏បានយល់ផងដែរថា «សេដ្ឋកិច្ចដ៏រឹងមាំនឹងផ្តល់ផលនៅក្នុងការបោះឆ្នោត ហើយវានឹងផ្តល់ជាមធ្យោបាយហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់គោលនយោបាយការបរទេសដ៏រឹងមាំរបស់លោក»។ លោក Kishida គួរតែចាប់ផ្តើមអនុវត្តថាមវន្តនេះ បូករួមនឹងការផ្តោតលើការកែទម្រង់សេដ្ឋកិច្ច៕

The Diplomat

អត្ថបទទាក់ទង