ខ្មែរប៉ុស្ដិ៍ Close

កេរ្តិ៍ដំណែលពិសេសរបស់លោក Shinzo Abe

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 53
កេរ្តិ៍ដំណែលពិសេសរបស់លោក Shinzo Abe កេរ្តិ៍ដំណែលពិសេសរបស់លោក Shinzo Abe

មនុស្សជាច្រើនបានសម្តែងនូវការគោរពដឹងគុណជាបន្តបន្ទាប់ចំពោះអតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ដែលត្រូវបានគេធ្វើឃាតកាលពីថ្ងៃទី 08 ខែកក្កដា។ លោកត្រូវបានគេចងចាំ ដោយសាសមិទ្ធិផលគោលនយោបាយជាច្រើនរបស់លោក ទាំងនៅក្នុងនិងក្រៅប្រទេស ជាពិសេសគឺការដឹកនាំជាសកលរបស់លោក និងទំនាក់ទំនងដ៏កក់ក្តៅនិងមិនអាចបំភ្លេចបាន ដែលលោកបានកសាងជាមួយមេដឹកនាំពិភពលោកទាំងកាលពីអតីតកាល និងបច្ចុប្បន្ន ដែលរួមមានទាំងជាមួយលោក Narendra Modi, លោក Malcolm Turnbull, លោក Donald Trump, លោក Joe Biden និងសូម្បីតែជាមួយលោក Xi Jingping។

ឥស្សរជនសំខាន់ៗជាច្រើនរូប ដែលរួមមានទាំងលោក Vladimir Putin ក៏បានចូលរួមសម្តែងការកាន់ទុក្ខជាសាធារណៈចំពោះការស្លាប់របស់លោក Abe ផងដែរ។ លោក Abe ក៏នឹងត្រូវបានគេចងចាំជារៀងរហូតផងដែរ ដោយសារការបំផុសគំនិត និងការអនុវត្តគំនិតផ្តួចផ្តើម ដែលរួមមានគោលនយោបាយដ៏សំខាន់ៗមួយចំនួន ដូចជាគោលនយោបាយ Abenomics, កិច្ចសន្ទនាសន្តិសុខ Quad និងគោលនយោបាយ ស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ។

បេសកកម្មយុទ្ធសាស្ត្ររបស់លោក Abe ក្នុងការធ្វើឱ្យប្រទេសជប៉ុនក្លាយជាប្រទេសធម្មតាឡើងវិញនៅក្នុងពិភពលោក តាមរយៈការធ្វើឱ្យកងកម្លាំងប្រដាប់អាវុធរបស់ជប៉ុនអាចទទួលបានការទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញ នៅតែជាការងារដែលកំពុងស្ថិតនៅក្នុងដំណើរការនៅឡើយ។

អ្វីដែលសំខាន់នោះគឺ «បំណងប្រាថ្នានេះមិនមែនត្រឹមតែជាសមិទ្ធផលជាតិជាប្រវត្តិសាស្ត្ររបស់លោកប៉ុណ្ណោះទេ តែវាក៏ជាតម្រូវការជាក់ស្តែងផ្នែកសន្តិសុខរបស់ជប៉ុនផងដែរ»។ មុនពេលលោក Abe ទទួលមរណភាព លោកបានកសាងរលកនៃការផ្លាស់ប្តូរដ៏ធំនៅក្នុងគោលនយោបាយការពារជាតិរបស់ប្រទេសជប៉ុន ក៏ដូចជាបានស្នើឡើងនូវគោលនយោបាយថ្មីៗយ៉ាងសកម្មនៅក្នុងវិស័យផ្សេងៗទៀត។

លោក Abe ក៏ បានពង្រីកប្រតិបត្តិការរបស់លោកក្នុងនាមជាអ្នកនាំពាក្យឈានមុខគេរបស់ប្រទេសជប៉ុនទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ និងបានបន្តរក្សា និងលើកឡើងអំពីគោលនយោបាយរបស់លោកទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេស។ ទោះបីជាលោកបានបាត់បង់អំណាចផ្លូវការក៏ដោយក៏វត្តមានរបស់លោកទាំងនៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិនៅតែមានការកើនឡើងជាលំដាប់។

អ្វីដែលធ្វើឱ្យលោក Abe មានភាពលេចធ្លោជាងមិត្តភ័ក្តិរួមការងាររបស់លោកគឺ «ទំហំនៃការប្តេជ្ញាចិត្តរបស់លោកចំពោះគោលដៅគោលនយោបាយជាក់លាក់»។ អតីតអ្នកនយោបាយជនជាតិជប៉ុនដែលមកពីគណបក្ស LDP គឺលោក Kensuke Miyazaki បានលើកឡើងអំពីទិដ្ឋភាពនៃរចនាបទនយោបាយរបស់លោក Abe ដោយបានចាត់ទុកវាជា «ការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់លោក ក្នុងការសម្រេចឱ្យបាននូវគោលដៅដែលបានកំណត់ទុកជាយូរមកហើយ បើទោះបីជាការធ្វើបែបនេះអាចបង្កផលប៉ះពាល់ដល់វិធីសាស្រ្តនយោបាយទាំងមូល ក៏ដូចជាដល់ឥរិយាបថជាអ្នកនយោបាយរបស់លោកក៏ដោយ»។

លោក Abe មិនមានការភ័យខ្លាចចំពោះការបង្កើតឱ្យមានចលនាដែលអាចនាំមកនូវការបែកបាក់ ឬប៉ះពាល់ដល់ប្រជាប្រិយភាពរបស់លោកទាំងនៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិនោះទេ ដោយក្នុងនោះលោកផ្តោតតែទៅលើ «ការសម្រេចឱ្យបាននូវគោលដៅរបស់លោក»។ តាមពិតទៅ លោកបានចាត់ទុកឧបសគ្គផ្នែកនយោបាយ និងការប្រឆាំងជា «រឿងមួយដែលមិនអាចជៀសផុតសម្រាប់ការធ្វើនយោបាយក្នុងស្រុក និងការបង្កើតទំនាក់ទំនងនៅលើឆាកអន្តរជាតិ»។

លោកមិនដែលបោះបង់ចោលនូវគោលបំណងរបស់លោកនោះទេ ហើយលោកតែងតែបន្តអនុវត្តវាយ៉ាងជាប់លាប់នៅពេញមួយអាជីពនយោបាយរបស់លោក។ អ្វីដែលជារឿងសំខាន់បំផុតនោះគឺ «ការកែទម្រង់រដ្ឋធម្មនុញ្ញ» ហើយពេលនេះ ប្រទេសជប៉ុនស្ទើរតែអាចសម្រេចរឿងនេះបានទៅហើយ ជាពិសេសបន្ទាប់ពីគណបក្សទាំង ៤ ដែលគាំទ្រការកែប្រែរដ្ឋធម្មនុញ្ញបានទទួលសម្លេងគាំទ្រភាគច្រើន ២/៣ នៅក្នុងសភាជាន់ខ្ពស់នៅក្នុងការបោះ ឆ្នោតកាលពីថ្ងៃទី ១០ ខែកក្កដា។

លោក Abe ក៏បានផ្លាស់ប្តូរដំណើរការគោលនយោបាយ ដើម្បីជួយសម្រួលដល់ការសម្រេចឱ្យបាននូវគោលដៅគោលនយោបាយភ្លាមៗផងដែរ។ ក្នុងនាមជាអ្នកនយោបាយដែលតែងតែផ្តោតទៅលើគោលដៅជាចម្បង លោក Abe បានបង្ហាញអំពីរចនាបទនយោបាយខុសគ្នាពីមិត្តរួមការងារភាគច្រើនរបស់លោក ដែលមានជំនាញក្នុងការដឹកនាំឈានទៅសម្រេចបាននូវភាពជោគជ័យនយោបាយ និងមហិច្ឆតាផ្ទាល់ខ្លួនរយៈពេលខ្លី ជាជាងការសម្រេចបាននូវគោលដៅគោលនយោបាយរយៈពេលវែង។

សរុបមក មនុស្សភាគច្រើនតែងតែផ្តោតជាចម្បងទៅលើភាពជោគជ័យនៅក្នុងអាជីពនយោបាយផ្ទាល់របស់ពួកគេ ខណៈពេលដែលលោក Abe តែងចង់សម្រេចឱ្យបាននូវគោលដៅនិងមហិច្ឆតាគោលនយោបាយជាក់លាក់ណាមួយ។

លោកថែមទាំងបានត្រៀមខ្លួនរំលោភទៅលើបម្រាមផ្នែកគោលនយោបាយទៀតផង តាមរយៈការស្នើឱ្យប្រទេសជប៉ុនចូលរួមនៅក្នុងការពិភាក្សាស្តីពី «ការចែករំលែកនុយក្លេអ៊ែរ» ដើម្បីអាចនាំយកអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកមក ដាក់ពង្រាយ និងដាក់ឱ្យដំណើរការរួមគ្នានៅក្នុងប្រទេសជប៉ុនដើម្បីបញ្ចប់បម្រាមគោលនយោបាយដែលបានដាក់ចេញអស់រយៈពេលជាយូរមកហើយ។

ពាក់ព័ន្ធនឹងកោះតៃវ៉ាន់ លោក Abe បានចាត់ទុកគោលនយោបាយរបស់សហរដ្ឋអាមេរិកជា «យុទ្ធសាស្ត្រដែលមានភាពមិនច្បាស់លាស់ និងមានគ្រោះថ្នាក់» និងបានលើកឡើងថា «ប្រទេសចិនគឺជាប្រទេសដែលជឿលើការប្រើប្រាស់កម្លាំង»។ តួនាទីរបស់លោកក្នុងនាមជាអ្នកនយោបាយទូទៅ ដែលគ្មានការិយាល័យផ្លូវការនៅក្នុងរដ្ឋបាលរបស់លោក Kishida បានផ្តល់ឱ្យលោកនូវសេរីភាពកាន់តែច្រើនក្នុងការ និយាយ បើប្រៀបធៀបទៅនឹងពេលដែលលោកកំពុងកាន់អំណាច។

លោក Miyazaki បានរំលឹកអំពីលោក Abe ដែលធ្លាប់បាននិយាយថា «ការធ្វើនយោបាយមិនមែនគ្រាន់តែជាការធ្វើនយោបាយទៅតាមការចង់បានរបស់ប្រជាជននោះទេ។ សមាជិកសភាត្រូវតែលើកឡើងនូវ បញ្ហាដែលបង្កឱ្យមានការខ្វែងគំនិតគ្នា និងត្រូវជំរុញឱ្យសាធារណជនអោយលើកយកបញ្ហានោះមកពិចារណាហើយត្រូវជំរុញឱ្យមានការ ពិភាក្សាគ្នា»។

លោក Miyazaki បានលើកឡើងនូវសម្តីរបស់លោក Abe ទៀតថា«យើងត្រូវតែធ្វើជាសត្រូវរបស់ប្រជាជន, ជំរុញឱ្យពួកគេបង្កើនការជជែកវែកញែក និងស្វែករកផ្លូវដើម្បីដោះស្រាយបញ្ហា បើទោះបីវាគឺជារឿងដ៏លំបាកនិងដ៏ឈឺចាប់ដែលទាមទារឱ្យមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយក៏ដោយ»។

លោក Abe គឺជាអ្នកនយោបាយមួយរូបក្នុងចំណោមអ្នកនយោបាយមួយចំនួនដែលមានស្មារតីនិងឆន្ទៈខ្ពស់ និងដែលហ៊ានប្រថុយជីវិតផ្ទាល់ខ្លួន ដើម្បីផ្លាស់ប្តូរប្រទេសជាតិ។ ឥឡូវនេះ ប្រទេសជប៉ុននឹងក្លាយទៅជា ប្រទេសដែលគ្មានអ្នកដឹកនាំប្រកប ដោយប្រសិទ្ធភាព ហើយគ្មាននរណាម្នាក់អាចដើរតួជំនួសរូបលោកបានទេ។

មនុស្សជាច្រើននឹងបន្តកាន់ទុក្ខចំពោះរូបលោកទាំងពលរដ្ឋជប៉ុន និងពលរដ្ឋនៅក្នុងប្រទេសផ្សេងៗទៀតដែលតែងតែចាត់ទុកលោកជាគំរូ និងដែលនៅតែនឹករលឹកចំពោះអ្វីដែលលោកបានធ្វើទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក៕

East Asia Forum