ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ «សីលធម៌ប្រជាធិបតេយ្យត្រូវតែពង្រឹង គោលការណ៍នីតិរដ្ឋត្រូវតែអនុវត្តដើម្បីថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែង»

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 58
ទស្សនៈមិត្តអ្នកអាន៖ «សីលធម៌ប្រជាធិបតេយ្យត្រូវតែពង្រឹង គោលការណ៍នីតិរដ្ឋត្រូវតែអនុវត្តដើម្បីថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែង» ទស្សនៈមិត្តអ្នកអាន៖ «សីលធម៌ប្រជាធិបតេយ្យត្រូវតែពង្រឹង គោលការណ៍នីតិរដ្ឋត្រូវតែអនុវត្តដើម្បីថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែង»

ជារៀងរាល់ពេលឱ្យតែកៀកការបោះឆ្នោតថ្នាក់ជាតិ និងការបោះឆ្នោតថ្នាក់ក្រោមជាតិចូលមកដល់ គេតែងឃើញបុគ្គលបក្សប្រឆាំងនិយាយដោយឡែក និងនិយាយជារួមគឺគណបក្សប្រឆាំង បានបើកយុទ្ធនាការណ៍វាយប្រហារ ជេរប្រមាថ និងលាបពណ៌សព្វគ្រប់បែបយ៉ាងមកលើគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បាននិងកំពុងដឹកនាំរាជរដ្ឋាភិបាល។ ការវាយប្រហារ ជេរប្រមាថ និងលាបពណ៌ទាំងនោះកើតចេញពីមេឧទ្ទាមប្រឆាំងជ្រុលនិយម និងខ្លះទៀតធ្វើតាមខ្សែញាក់របស់បរទេសដើម្បីបង្កចលាចលសង្គម ញុះញង់ឱ្យប្រជាពលរដ្ឋខឹងស្អប់រាជរដ្ឋាភិបាលកម្ពុជា។

បើទោះជាក្រុមប្រឆាំងជ្រុលនិយមដឹងថា ការវាយប្រហារពីដំណើរដើមទងប្រវត្តិរបស់បក្សនយោបាយដទៃ ជាពិសេសប្រវត្តិបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាច មិនមែនជារឿងត្រឹមត្រូវក្តី ក៏ពួកគេនៅតែប្រព្រឹត្តិដើម្បីជាន់ពន្លិចដៃគូយោបាយ និងម្យ៉ាងក៏ដើម្បីប្រែក្លាយខ្លួនទៅជាជនរងគ្រោះនៅពេលដែលមានចំណាត់ការផ្លូវច្បាប់កើតឡើងម្តងៗ។ ពួគេបានបង្កើតនូវព្រឹត្តិការណ៍ជាច្រើន ដើម្បីទាញសមានចិត្តពីប្រជាពលរដ្ឋ និងក៏ដើម្បីទាញចំណាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ ខណៈដែលបក្សប្រឆាំងលែងជាទីចាប់អារម្មណ៍របស់សាធារណមតិជាតិ និងអន្តរជាតិទៅហើយ។

ក្រុមប្រឆាំងចូលចិត្តបង្កើតបញ្ហា និងរុញបញ្ហាទាំងនោះមកលើរាជរដ្ឋាភិបាល ហើយទាញចូលក្នុងរឿងនយោបាយតែម្តង។ ជាក់ស្តែងក្រោយការបោះឆ្នោតម្តងៗពួកគេបានធ្វើការតវ៉ាថា ការបោះឆ្នោតប្រព្រឹត្តិទៅដោយគ្មានតម្លាភាព គ្មានភាពយុត្តិធម៌ មិនសេរី ការលួចសន្លឹកឆ្នោត មិនទទួលយកលទ្ធផលនៃការបោះឆ្នោត និងតាំងខ្លួនជាជនរងគ្រោះដោយអះអាងថា បក្សខ្លួនបានបាត់សន្លឹកឆ្នោត និងចោទថា បក្សកាន់អំណាច ឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ជាអ្នកបន្លំលួចសន្លឹកឆ្នោតជាដើម ដោយមិនបានបង្ហាញភស្តុតាងឡើយ។ អ្វីដែលកាន់តែហួសចិត្តថែមទៀតនោះ ទន្ទឹមនឹងពេលដែលពួកគេតវ៉ាមិនទទួលយកលទ្ធផលនៃការបោះឆ្នោត ប៉ុន្តែពួកគេមិនបានបោះបង់ចោលអសនៈដែលទទួលបានពីការបោះឆ្នោតនោះឡើយ។ តែទោះយ៉ាងណា យុទ្ធសាស្ត្ររបស់ក្រុមប្រឆាំងនេះ ប្រើការលែងមានប្រសិទ្ធភាពហើយ នៅពេលដែលគេដឹងជាទូទៅថា នេះជាល្បិចសាច់កម្ម ដើម្បីទាញចំណាប់អារម្មណ៍ពីសាធារណមតិជាតិ និងអន្តរជាតិ។

នៅក្នុងប្រទេសកម្ពុជា ជាងពីរទសវត្សរ៍មកហើយដែលបក្សប្រឆាំងចាញ់ឆ្នោតរហូតមិនដែលឈ្នះម្តងណាឡើយ។ មូលហេតុដែលធ្វើឲ្យបក្សប្រឆាំងចាញ់ឆ្នោតពីមួយអាណត្តិទៅមួយអាណត្តិ គឺដោយសារតែបក្សនេះគ្មានគុណសម្បត្តិដើម្បីក្លាយជាអ្នកដឹកនាំ អ៊ីចឹងហើយបានជាពួកគេចេះត្រឹមតែបង្អាប់ផលិតផលគេ ជាន់ឈ្លីសមិទ្ធផលរបស់គេ ដើម្បីបង្កើនប្រជាប្រិយភាពរបស់ខ្លួន។ មធ្យោបាយសំខាន់បំផុតដើម្បីកសាងប្រជាប្រិយភាពរបស់ក្រុមប្រឆាំង គឺការវាយប្រហារទៅលើបក្សកាន់អំណាច ជាពិសេសទៅលើបុគ្គលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាបុរសខ្លាំងនៅកម្ពុជា។

រយៈពេលជាងពីរទសវត្សរ៍នៃដំណើរនយោបាយរបស់បក្សប្រឆាំង ពួកគេគិតតែពីវាយប្រហារទៅលើបុគ្គល បង្កបញ្ហាច្របូកច្របល់ក្នុងសង្គម ដើម្បីធ្វើយ៉ាងណាឲ្យមហាជនអស់ជំនឿទៅលើរដ្ឋាភិបាលបក្សកាន់អំណាច។ នយោបាយវាយប្រហារ ញុះញង់បង្កអសន្តិសុខ ធ្វើឲ្យប្រជាជនមានគំនុំលើមេដឹកនាំរដ្ឋាភិបាល បានបង្កើតឲ្យមានការបែកបាក់ជាតិយ៉ាងធ្ងន់ធ្ងរ។ ការជេរប្រមាថ មួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះ កាត់តរូបភាព លាបពណ៌ ប្រឌិតរឿង ជាពិសេសសាបព្រួសពាក្យចចារអារាម បានក្លាយជាវប្បធម៌របស់ក្រុមប្រឆាំង។បើនិយាយពីគោលនយោបាយរបស់បក្សប្រឆាំងវិញ ក៏គ្មានអ្វីប្លែកក្រៅពីការសន្យាខ្យល់ និងប្រជាភិថុតដោយមិនបានគិតពីលទ្ធភាពដែលអាចធ្វើបាននោះដែរ។ ពួកគេមិនដែលបានកសាងសមិទ្ធផលអ្វីបន្តិចបន្តួច ដើម្បីជាផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជនឡើយ។

ក៏ប៉ុន្តែចាប់ពីពេលនេះតទៅ វប្បធម៌ជេរប្រមាថ មួលបង្កាច់ បង្ខួចកេរ្តិ៍ឈ្មោះ លាបពណ៌ ប្រឌិតរឿង និងការសាបព្រួសពាក្យចចាមអារាមជាដើម នឹងត្រូវបិទបញ្ចប់ ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានព្រមានថា នឹងប្រើវិធានការច្បាប់ទៅលើអ្នកដែលជេរប្រមាថមកលើបក្សកាន់អំណាច។ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បើបក្សប្រឆាំងមិនបញ្ឈប់នោះទេ បក្សប្រជាជនកម្ពុជា នឹងបញ្ចប់បក្សប្រឆាំងដោយប្រើវិធានការច្បាប់។

លោកនាយករដ្ឋមន្ត្រី ក៏បានផ្តល់ជាយោបល់ឱ្យក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ រិះរកយុទ្ធសាស្ត្រឃោសនារកសម្លេងគាំទ្រពីប្រជាពលរដ្ឋដោយផ្អែកតែទៅលើគុណតម្លៃ ទៅលើគោលនយោបាយ ទៅលើចក្ខុវិស័យរបស់បក្សខ្លួន ជាជាងវាយប្រហារទៅលើបក្សដទៃ តែត្រូវផ្សព្វផ្សាយតែពីគោលនយោបាយរបស់ខ្លួនបានហើយ ពោលគឺផ្សព្វផ្សាយតែពីគុណតម្លៃរបស់ផលិតផលខ្លួន កុំទៅបន្ទាប់បន្ថោក បន្តុះបង្អាប់ផលិតផលរបស់អ្នកដទៃ។ជារួមមកវិញ បក្សប្រឆាំងគួរមានភាពចាស់ទុំខាងផ្នែកនយោបាយ ដោយបញ្ឈប់ជាបន្ទាន់នូវវប្បធម៌ជេរប្រមាថ វាយប្រហារ និងលាបពណ៌ទៅលើបក្សដទៃ ជាពិសេសការវាយប្រហារមកលើបក្សប្រជាជនកម្ពុជា ដើម្បីកេងចំណេញនយោបាយ ប៉ុន្តែត្រូវជំនួសមកវិញនូវការផ្សព្វផ្សាយតែពីគោលនយោបាយរបស់ខ្លួន ឬចំណុចល្អរបស់ខ្លួន ដើម្បីចៀសវាងមានបណ្តឹងតាមផ្លូវច្បាប់។ ការអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្ដបទល្មើស មិនមែនជាការរឹតត្បិតសេរីភាពក្នុងសង្គមប្រជាធិបតេយ្យឡើយ តែការអនុវត្តច្បាប់ គឺដើម្បីចូលរួមចំណែកក្នុងការថែរក្សាប្រជាធិបតេយ្យប្រកបទៅដោយការទទួលខុសត្រូវ និងការទុកចិត្តគ្នាទៅវិញទៅមក។ ទាំងអស់នេះ គឺសុទ្ធសឹងតែជាគោលដៅដើម្បីធ្វើឱ្យវប្បធម៌នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែល្អផូផង់ រឹងមាំក្នុងគោលដៅរួមចំណែកថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងរបស់ប្រទេសកម្ពុជា។ ដើម្បីសម្រេចបាននូវគោលដៅនេះ វិធានការដ៏ល្អបំផុត គឺការពង្រឹងការអនុវត្តគោលការណ៍នីតិដ្ឋសម្រាប់គ្រប់បក្សនយោបាយទាំងអស់ដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងចូលរួមការបោះឆ្នោតនៅកម្ពុជា៕

ដោយ៖ សុខ សុវណ្ណ

អត្ថបទទាក់ទង